ទីភ្នាក់ងារសារព័ត៌មានជប៉ុនក្យូដូ រាយការណ៍ថា កម្រិតវិទ្យុសកម្មនៅរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា បានធ្លាក់ចុះវិញគួរឱ្យកត់សម្គាល់ចាប់តាំងពីព្រឹកថ្ងៃទី១៨ មីនា ទៅ ។ កម្រិតនៃការសាយភាយវិទ្យុសកម្មនេះត្រូវបានវាស់ដោយទីភ្នាក់ងារសុវត្ថិភាពឧស្សាហកម្មនុយក្លេអ៊ែរនៅម៉ាស៊ីនរេអាក់ទ័រលេខ១ និងម៉ាស៊ីនរេអាក់ទ័រលេខ២ ។ ទីភ្នាក់ងារសុវត្ថិភាពឧស្សាហកម្មនុយក្លេអ៊ែរឱ្យដឹងថា កម្រិតវិទ្យុសកម្មបានធ្លាក់ចុះវិញ ក្រោយពីកងទ័ពស្វ័យការពារជាតិជប៉ុនបានទម្លាក់ទឹកបញ្ចុះកំដៅម៉ាស៊ីនរេអាក់ទ័រ ដែលមានការផ្ទុះឆេះដែលការទម្លាក់ទឹកនេះធ្វើឡើងដោយការប្រើឧទ្ធម្ភាគចក្រ ។
នៅថ្ងៃទី១៨ មីនា កងទ័ពស្វ័យការពារជាតិជប៉ុនបន្តបេសកកម្មជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចៀសការលេចធ្លាយវិទ្យុសកម្មទៅលើអាកាស និងលើដី ខណៈកិច្ចខិតខំប្រឹងប្រែងស្តារប្រព័ន្ធត្រជាក់ដែលបាត់បង់នៅម៉ាស៊ីនរេអាក់ទ័រទាំងនោះ ដោយការតភ្ជាប់ថាមពលអគ្គិសនីទៅរោងចក្រនុយក្លេអ៊ែរនោះតាមរយៈបណ្តាញចរន្តអគ្គីសនីពីខាងក្រៅត្រូវបានបង្កើន ។ ក្នុងចំណោមម៉ាស៊ីនរេអាក់ទ័រទាំង៦ នៅរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ម៉ាស៊ីនរេអាក់ទ័រលេខ១ លេខ២ និងលេខ៣ ដែលកំពុងដំណើរការចំពេលការរញ្ជួយដីកើតឡើងត្រូវបញ្ឈប់ដំណើរការដោយស្វ័យប្រវត្តិ ហើយអគារដែលផ្ទុកម៉ាស៊ីនរេអាក់ទ័រទាំងនេះរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដោយការផ្ទុះដែលកើតឡើងព្រោះការរញ្ជួយដី ។
- IAEA ៖ ស្ថានការណ៍នៅរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ារបស់ជប៉ុនពុំធ្ងន់ធ្ងរពេកទេ
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA និយាយថា ស្ថានការណ៍នៅរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ារបស់ប្រទេសជប៉ុននៅតែមានសភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែហាក់ដូចជាស្ថិតក្នុងកម្រិតមានស្ថិរភាព ។ ថ្លែងនៅក្នុងសន្និសីទកាសែតមួយស្តីអំពីបញ្ហានៅរោងចក្រនុយក្លេអ៊ែរជប៉ុនដែលរងផលប៉ះពាល់ដោយសារការរញ្ជួយដីដ៏ខ្លាំងកម្រិត៩រីស្ទ័រ លោក Graham Andrew ជាជំនួយការជាន់ខ្ពស់របស់ប្រធាន IAEA ថ្លែងថា ស្ថានការណ៍នៅរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ារបស់ជប៉ុន កាលពីថ្ងៃម្សិលមិញពុំមានភាពធ្ងន់ធ្ងរនោះទេ ។
លោក Andrews ថ្លែងទៀតថា ម៉ាស៊ីនរេអាក់ទ័រលេខ១ លេខ២ និងលេខ៣ នៅរោងចក្រនុយក្លេអ៊ែរនោះស្ថិតក្នុងលក្ខខណ្ឌអស្ថិរភាព ហើយគេកំពុងចាក់ទឹកលើចង្ក្រានរេអាក់ទ័រទាំង៣ ដើម្បីបញ្ចុះកំដៅរេអាក់ទ័រទាំងនោះ ពីព្រោះចង្ក្រានរេអាក់ទ័រទាំង៣នេះមិនមានប្រព័ន្ធត្រជាក់ទេ ។ ប៉ុន្តែលោក Andrews គូសបញ្ជាក់ថា ស្ថានការណ៍នៅម៉ាស៊ីនរេអាក់ទ័រលេខ៤ របស់រោងចក្រនោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ហើយលោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ។
- វិស្វករជប៉ុនចាប់ផ្តើមជួសជុល និងតខ្សែភ្លើងនៅរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា
វិស្វករជប៉ុនកាលពីថ្ងៃទី១៨ មីនា បានប្រញាប់ប្រញាល់ជួសជុល និងដំឡើងឡើងវិញ នូវខ្សែភ្លើងអគ្គិសនីនៅរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីក្នុងក្តីសង្ឃឹមចាប់ផ្តើមដំណើរការបូមទឹកឡើងវិញ ដើម្បីបាញ់ឱ្យត្រជាក់លើរេអាក់ទ័រ ដែលក្តៅខ្លាំង ដើម្បីបញ្ចៀសការបញ្ចេញវិទ្យុសកម្មដែលបង្កគ្រោះថ្នាក់ដល់មនុស្ស ។
មន្ត្រីនានានិយាយថា ពួកគេសង្ឃឹមថា នឹងជួសជុលដំឡើងខ្សែភ្លើងនៅម៉ាស៊ីនរេអាក់ទ័រទី២ឡើងវិញនៅត្រឹមថ្ងៃទី១៨ មីនា និងរេអាក់ទ័រ២ទៀតនៅត្រឹមថ្ងៃទី២០ មីនា ប៉ុន្តែថា ដំណើរការជួសជុលនេះនឹងឈប់នៅពេលព្រឹកដើម្បីឱ្យឧទ្ធម្ភាគចក្រ និងរថយន្តពន្លត់អគ្គីភ័យបន្តបាញ់ទឹកដាក់រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលមានចម្ងាយប្រហែល២៤០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងតូក្យូ ។ ប៉ុន្តែទោះបីជាបែបណា មន្ត្រីផ្នែកប្រតិបត្តិការមួយរូបនៅរោងចក្រនុយក្លេអ៊ែរនោះនិយាយថា ដំណើរការជួសជុលនៅរោងចក្រនេះមិនទាន់មានភាពល្អប្រសើរដូចការរំពឹងទុកនៅឡើយទេ ។ ពេលនេះបណ្តាវិស្វករកំពុងត្រួតពិនិត្យ និងតាមដានកម្រិតវិទ្យុសកម្មដែលលេចធ្លាយ ។ ក្រុងវ៉ាស៊ីនតោន និងប្រទេសដទៃទៀតបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិទ្យុសកម្មដែលលេចធ្លាយចេញពីរោងចក្រនុយក្លេអ៊ែរនោះ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការរញ្ជួយដីដ៏ខ្លាំងកម្រិត៩រីស្ទ័រ វាយប្រហារភាគឦសានជប៉ុនកាលពីថ្ងៃទី១១ មីនា កន្លងមក ។ សេណារីយ៉ូដ៏អាក្រក់នៃការលេចធ្លាយវិទ្យុសកម្មនេះអាចប៉ះពាល់ដល់ពលរដ្ឋជប៉ុនជាច្រើនលាននាក់ ។
- ចំនួនអ្នករងគ្រោះដល់ជីវិត និងបាត់ខ្លួននៅជប៉ុនកើនឡើងដល់ទៅ១៦.៦០០នាក់ ពីហេតុការណ៍រញ្ជួយដី និងស៊ូណាមី
តាមប្រភព AFP បានផ្សាយថា តួលេខអ្នកស្លាប់បាត់បង់ជីវិត និងបាត់ខ្លួនជាផ្លូវការពីគ្រោះវិបត្តិរញ្ជួយដី និងរលកយក្សស៊ូណាមី ដែលវាយប្រហារនៅតាមឆ្នេរសមុទ្រខាងកើតឆៀងខាងជើងប្រទេសជប៉ុន បានកើនឡើងលើស១៦.៦០០នាក់ តាមការបង្ហើបឱ្យដឹងរបស់ប៉ូលិស កាលពីថ្ងៃទី១៨ មីនា ។
នាយកដ្ឋានប៉ូលិសជាតិប្រទេសជប៉ុន បង្ហើបឱ្យដឹងពីទិន្នន័យចុងក្រោយថា ចំនួនអ្នកស្លាប់បាត់បង់ជីវិតបានកើនឡើងដល់ទៅទ្វេដងពីថ្ងៃសុក្រ ទី១១ មីនា ដោយមានចំនួន៦.៤០៥នាក់។ ចំណែកចំនួនអ្នកបាត់ខ្លួនក៏កើនឡើងដល់ទៅ១០.២៥៩នាក់ ខណៈពេលអ្នករងរបួសសរុបមាន២.៤០៩នាក់ ។ ទោះបីជាយ៉ាងណាក៏នៅមានទិន្នន័យផ្សេងៗបញ្ជាក់ឱ្យដឹងថា ចំនួនអ្នកស្លាប់ និងបាត់ខ្លួនអាចកើនខ្ពស់ជាងនេះ ។
ដោយឡែកតាមទីភ្នាក់ងារក្យូដូ ញូវ បានផ្សាយដោយយោងលើទិន្នន័យរបស់ចៅហ្វាយក្រុងអ៊ីស៊ីណូម៉ាគី នៅក្នុងខេត្តមីយ៉ាងី កាលពីថ្ងៃទី១៦ មីនា បញ្ជាក់ថា ចំនួនអ្នកបាត់ខ្លួនអាចកើនខ្ពស់ដល់ទៅ១០.០០០នាក់ ។ ខណៈពេលមុននេះនៅថ្ងៃទី១២ មីនា ស្ថានីយទូរទស្សន៍ NHK ផ្សាយថា តែនៅក្នុងទី ក្រុងកំពុងផែមីណាមី សាងរីគូ នៅក្នុងខេត្តមីយា៉ងី មួយកន្លែង មានអ្នកបាត់ខ្លួនដល់ទៅ១០.០០០នាក់ ។
ក្នុងកិច្ចខំប្រឹងប្រែងជួយសង្គ្រោះដ៏ធំធេងក៏មានការផ្សព្វផ្សាយយ៉ាងជាក់ច្បាស់ពីចំនួនអ្នកស្លាប់យ៉ាងច្រើននៅតាមឆ្នេរភាគខាងកើតកោះហុនស៊ូ ជាចំណុចដែលរលកយក្សស៊ូណាមីវាយប្រហារ និងបង្កើតការខូចខាតដល់ផ្ទះសំបែង និងអគារជាង៥៥.៣៨០ខ្នង ។
គួរបញ្ជាក់ថា សម្រាប់អ្នករងគ្រោះដល់ជីវិតក្នុងទីក្រុងមីយ៉ាងី មានចំនួន៣.១៥៨នាក់ បាត់ខ្លួន២.១៥៧នាក់ នៅទីក្រុងអ៊ីវ៉ាតា មានអ្នកស្លាប់ចំនួន១.៩០៥នាក់ បាត់ខ្លួន៣.៨៥៣នាក់ ក្រុងហ្វូគូឈីម៉ា មានអ្នកស្លាប់៥៧៤នាក់ បាត់ខ្លួន៣.៤៩១នាក់ ចំណែកចំនួនអ្នកភៀសខ្លួនមានចំនួន៣០៥.០០០នាក់ នៅមជ្ឈមណ្ឌលសុវត្ថិភាពចំនួន២.២៦០កន្លែង ។
- រញ្ជួយដីនៅជប៉ុន ៖ ការផ្គត់ផ្គង់ភ្លើងធ្លាក់ចុះបារម្ភពីរោងចក្រខ្វះថាមពល
រងការប៉ះពាល់ដោយការដាច់អគ្គិសនីថ្មីៗកាលពីថ្ងៃទី១៧ មីនា ក្រុងតូក្យូត្រូវប្រឈមមុខនឹងការខ្វះអគ្គិសនីយ៉ាងតិច៦ខែទៀត ខណៈពេលមានការខូចខាតក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរទាំងឡាយដោយសារការរញ្ជួយដី និងស៊ូណាមី កាលពីថ្ងៃទី១១ មីនា កន្លងមកញ៉ាំងឱ្យមានការភ័យខ្លាចដល់ការលែងដំណើរការនៃរោងចក្រជាច្រើនជាឈ្នាន់សេដ្ឋកិច្ចដ៏សំខាន់។
ការរញ្ជួយដីមានកម្លាំង៩រីស្ទ័រ និងរលកយក្សស៊ូណាមីដែលបំផ្លាញភាគឥសានជប៉ុនបង្ខំឱ្យមានការកាត់បន្ថយការផ្គត់ផ្គង់អគ្គិសនីក្នុងរាជធានីជប៉ុនចំនួន១ភាគ៤។ ភ្លើងក្នុងតំបន់មួយចំនួន ក្នុងនោះមានទីក្រុងតូក្យូផងដែរ ហើយតំណាងឱ្យ៤០%នៃផលិតកម្មជប៉ុនត្រូវដាច់ភ្លើង៣ម៉ោងក្នុងមួយថ្ងៃដែលធ្វើឱ្យស្ទះដល់ការធ្វើដំណើរតាមរថភ្លើងលឿន និងបណ្តាលឱ្យដាច់ភ្លើងស្តុប និងភ្លើងផ្តល់សញ្ញាទាំងឡាយ។
ការខ្វះភ្លើងនេះតំណាងឱ្យការប្រឈមជាគន្លឹះមួយក្នុងការជំរុញសេដ្ឋកិច្ចជប៉ុនឡើងវិញ ក្រោយគ្រោះមហន្តរាយដែលតម្លៃនៃការខូចខាតអាចមានដល់២០០ពាន់លានដុល្លារ។ ការខ្វះភ្លើងប្រើនឹងមានពេលយ៉ាងហោចណាស់៦ខែរង់ចាំការជួសជុល ឬការជំនួសដោយប្រភពថាមពលដទៃៗទៀតដោយប្រការនេះនឹងធ្វើឱ្យប៉ះពាល់ដល់បណ្តាសហគ្រាសដែលជាឈ្នាន់គន្លឹះក្នុងផលិតកម្ម និងពាណិជ្ជកម្មជប៉ុន។ ជាមួយនឹងរេអាក់ទ័រនុយក្លេអ៊ែរ៤លែងដំណើរការប្រហែលជាអចិន្ត្រៃយ៍ សេចក្តីត្រូវការប្រេង និងឧស្ម័នរបស់ជប៉ុនប្រើប្រាស់សំរាប់ផលិតកម្មអគ្គិសនីត្រូវបង្កើន ហើយជំរុញឱ្យតម្លៃថាមពលទាំងនេះឡើងថ្លៃកាន់តែខ្ពស់។
ផលប៉ះពាល់ខាងសេដ្ឋកិច្ចដោយសារការរញ្ជួយដីនោះវាជារឿងមួយជាមួយនឹងវិបត្តិបង្កឡើងដោយការខូចខាតបណ្តាលមកពីស៊ូណាមីក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដាយអ៊ី ជី។ ក៏ប៉ុន្តែផលវិបាកទាំងឡាយនឹងអាចមានធំធេងបំផុតនៅពេលមានការដាច់ភ្លើងអគ្គិសនីដែលប៉ះពាល់ដល់បណ្តាសហគ្រាសជប៉ុនដែលមានក្នុងតំបន់ទាំងឡាយរហូតដល់ឧស្សាហកម្មរថយន្ត។ ក្រុមហ៊ុនតូយ៉ូតាបានវាយតម្លៃពីការខូចខាតនៃផលិតកម្មរបស់ខ្លនថា មានយ៉ាងតិចរថយន្ត៩៥.០០០គ្រឿង។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនដទៃៗទៀតព្យាករណ៍ពីការខូចខាតប្រហាក់ប្រហែលគ្នានេះ។
ក្រុមហ៊ុន TOKYO ELECTRIC POWER ដែលធ្វើអាជីវកម្មលើមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ថ្លែងថា ការខូចខាតទាក់ទិនដល់ការរញ្ជួយដីគឺញ៉ាំងឱ្យមានការកាត់បន្ថយសមត្ថភាពផលិតកម្មអគ្គិសនីដល់ទៅ៣៣,៥លានគីឡូវ៉ាត់ក្នុងមួយថ្ងៃគឺ២៥%ក្រោមសេចក្តីត្រូវការ។ ប្រទេសជប៉ុនបានបិទរេអាក់ទ័រចំនួន១១ក្នុងចំណោមរេអាក់ទ័រនុយក្លេអ៊ែរទាំង៥៤របស់ខ្លួនក្រោយការរញ្ជួយដីដែលធ្វើឱ្យប៉ះពាល់ធ្ងន់បំផុតដល់សេដ្ឋកិច្ចដែលពឹងផ្អែកលើថាមពលនុយក្លេអ៊ែរសំរាប់៣០%នៃផលិតកម្មអគ្គិសនីរបស់ខ្លួន។ គេមិនទាន់ដឹងពីទំហំនៃការខូចខាតដែលកើតចំពោះបណ្តាញចែកចាយ និងបណ្តាហ្សេនេរ៉ាទ័រដែលប្រើធ្យូងថ្ម និងឧស្ម័ន។ សំរាប់ពេលនេះជប៉ុនត្រូវបំពេញការខ្វះខាតអគ្គិសនីដោយប្រើបណ្តាហ្សេនេរ៉ាទ័រដើរដោយឧស្ម័ន ប្រេងម៉ាស៊ូត ឬធ្យូងថ្ម។ សេចក្តីត្រូវការថាមពលនឹងត្រូវបង្កើនផងដែរជាមួយការងារកសាងឡើងវិញ។
បណ្តាសហគ្រាសជប៉ុនប៉ុនប៉ងទិញក្នុងចំនួនច្រើនទៀតនូវប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ។
- រញ្ជួយដីកើតឡើងចំនួន២លើកនៅកណ្តាលសមុទ្រដោយគ្មានរបាយការណ៍បញ្ជាក់លើការខូចខាត
ទីភ្នាក់ងារព័ត៌មានបរទេសបានផ្សាយកាលពីថ្ងៃទី១៨ មីនា កន្លងមក ដោយយោងលើរបាយការណ៍ពីការិយាល័យស្រាវជ្រាវធរណីវិទ្យាសហរដ្ឋអាមេរិក (USGS) ថា មានកើតរញ្ជួយដីនៅក្រោមសមុទ្រចំនួន២លើកនៅបរិវេណខាងក្រៅឆ្នេរនៃកោះហុងស៊ូ ប្រទេសជប៉ុន ក្នុងកំរិត៥,៤ និង៤,៨រិចស្ទ័រ។
តាមរបាយការណ៍របស់ USGS បញ្ជាក់ថា ការរញ្ជួយដីជាលើកដំបូងក្នុងកំរិត៥,៤រិចស្ទ័រស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងជម្រៅប្រហែល៤៥,៨គីឡូម៉ែត្រ ខាងកើតក្រុងមីតូ នៅលើកោះហុងស៊ូប្រហែល១២៣គីឡូម៉ែត្រ និងខាងកើតក្រុងតូក្យូប្រហែល១៧៧គីឡូម៉ែត្រ ។ ឯការរញ្ជួយដីក្រោមសមុទ្រម្តងទៀត មានកំរិត៤,៨រិចស្ទ័រ តាម USGS បញ្ជាក់ឱ្យដឹងថា ស្ថិតក្នុងជម្រៅនៅបាតសមុទ្រប្រហែល៣១,៣គីឡូម៉ែត្រ និងស្ថិតនៅខាងកើតក្រុងតូក្យូប្រហែល១៤៥គីឡូម៉ែត្រ ។
ទោះបីជាបែបណាក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍បញ្ជាក់ពីការខូចខាតដោយសារការរញ្ជួយដីទាំង២លើកទេ ។ ហេតុការណ៍រញ្ជួយដីនៅក្រោមសមុទ្រទាំង២លើកនេះ កើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកម៉ាសាអាគី ស៊ីរ៉ាកាវ៉ា ទេសាភិបាលធនាគារជប៉ុន (BOJ) ប្រកាសផ្តល់ប្រាក់ជំរុញសេដ្ឋកិច្ចជាថ្មីបន្ថែមជាង៣លានលានយេន ដើម្បីរក្សាស្ថិរភាពផ្នែកហិរញ្ញវត្ថុរបស់ប្រទេស ក្រោយពីជួបនឹងវិបត្តិរញ្ជួយដីកំរិត៨,៩រិចស្ទ័រ និងមានស៊ូណាមីវាយប្រហារកាលពីថ្ងៃទី១១ មីនា កន្លងទៅ ៕



ចែករំលែកព័តមាននេះ