ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​ជំងឺ​រលាក​ប្រហោង​ឆ្អឹង​នៅ​មុខ

6 ឆ្នាំ មុន

ជំងឺ​រលាក​ប្រហោង​ឆ្អឹង​នៅ​មុខ​ធ្ងន់​ធ្វើ​ឲ្យ​ប្រហោង​ទាំងនេះ​មានការ​រលាក​ផង និង​ហើម​ផង ។ រឿង​នេះ​នឹង​រំខាន​ដល់​លំហូរ​ទឹក និង​បង្ក​ជា​ការ​កើត​ស្លេស្ម​ច្រើន​ផង​ដែរ ។ ករណី​ជំងឺ​នេះ អាច​ពិបាក​នឹង​ធ្វើ​ឲ្យ​អ្នក​ដកដង្ហើម​តាម​ច្រមុះ​ដែរ ។ តំបន់​នៅ​ជុំវិញ​ភ្នែក…

ជំងឺ​រលាក​ប្រហោង​ឆ្អឹង​នៅ​មុខ​ធ្ងន់​ធ្វើ​ឲ្យ​ប្រហោង​ទាំងនេះ​មានការ​រលាក​ផង និង​ហើម​ផង ។ រឿង​នេះ​នឹង​រំខាន​ដល់​លំហូរ​ទឹក និង​បង្ក​ជា​ការ​កើត​ស្លេស្ម​ច្រើន​ផង​ដែរ ។ ករណី​ជំងឺ​នេះ អាច​ពិបាក​នឹង​ធ្វើ​ឲ្យ​អ្នក​ដកដង្ហើម​តាម​ច្រមុះ​ដែរ ។ តំបន់​នៅ​ជុំវិញ​ភ្នែក និង​មុខ​អាច​នឹង​មាន​អារម្មណ៍​ថា ហើម​ៗ និង​ឈឺ​ក្នុង​មុខ ខ្ទោ​ក​ៗ​ទៀត ។

ការ​រលាក​ប្រហោង​ឆ្អឹង​នៅ​មុខ ភាគច្រើន​បង្ក​ឡើង​ដោយ​ជំងឺ​ផ្តាសាយ ។ បើសិនជា​រឿង​នេះ​មិន​បង្ក​ឡើង​ដោយ​ការ​បង្ក​រោគ​ពី​បាក់តេរី​ទេ ភាគច្រើន​នឹង​ស្រួលបួល​ទៅ​វិញ​ក្នុង​រយៈពេល មួ​យស​ប្តា​ហ៍​ទៅ​១០​ថ្ងៃ ។ សម្រាប់​ករណី​រ៉ាំរ៉ៃ​វិញ អាច​នាំ​ឲ្យ​មានការ​បង្ក​រោគ​ធ្ងន់ និង​ផលវិបាក​ផ្សេង​ៗ​ទៀត​បាន ។

រោគ​សញ្ញា
រោគ​សញ្ញា​នៃ​ការ​រលាក​ប្រហោង​ឆ្អឹង​នៅ​មុខ​ធ្ងន់​ច្រើន​តែ​មាន​ដូច​ជា​៖
•​ហូរ​ទឹករំអិល ខាប់​ៗ ពណ៌​លឿង ឬ​បៃតង​ចេញពី​ច្រមុះ ហើយ​ហូរ​ចូល​បំពង់ក​ទៀត
•​តឹង​ច្រមុះ​ដែល​ធ្វើ​ឲ្យ​ពិបាក​ដកដង្ហើម​តាម​ច្រមុះ​ដែរ
•​ឈឺចាប់ ហើម​តឹង ហើម​ឈឺ និង​មាន​សម្ពាធ​នៅ​ជុំវិញ​ភ្នែក ថ្ពាល់ ច្រមុះ ឬ​ថ្ងាស ដែល​អាការ​ទាំងនេះ​កាន់តែ​ធ្ងន់​ទៀត​នៅ​ពេល​អោន
អាការ ផ្សេង​ៗ​ទៀត​មាន​ដូច​ជា​៖

•​មាន​សម្ពាធ​ក្នុង​ត្រចៀក •​ឈឺក្បាល •​ឈឺចាប់​នៅ​ថ្គាម និង​ធ្មេញ​ខាងលើ •​បន្ថយ​ការ​ស្រង់ក្លិន និង​រសជាតិ •​ក្អក​ដែល​កាន់តែ ធ្ងន់​ទៅ​ៗ​នៅ​ពេល​យប់ •​ក្លិន​មាត់អាក្រក់ •​អស់កម្លាំង •​ក្តៅខ្លួន

ពេល​ដែល​ត្រូវ​ជួប​ពេទ្យ
មនុស្ស​ភាគច្រើន​តែ​មាន​ជំងឺ​រលាក​ប្រហោង​ឆ្អឹង​នៅ​មុខ​ធ្ងន់​មិនបាច់​ទៅ​ជួប​ពេទ្យ​ព្យាបាល​ទេ ។ ប៉ុន្តែ​ចូរ​ទៅ​ជួប​ពេទ្យ​បើសិនជា​អ្នក​មានរឿង​ដូច​ខាងក្រោម​នេះ​៖
•​រោគ​សញ្ញា​មិន​បាន​ស្រាកស្រាន្ត​ទៅ​វិញ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ
•​ក្តៅខ្លួន​ជាប់

•​មាន​ប្រវត្តិ​កើត​ជំងឺ​នេះ​ម្តង​ហើយ​ម្តងទៀត ឬ​កើតជា​លក្ខណៈ​រ៉ាំរ៉ៃ
មូលហេតុ

ជំងឺ​រលាក​ប្រហោង​ឆ្អឹង​នៅ​ច្រមុះ​ខ្លាំង​ភាគច្រើន​បង្ក​ឡើង​ដោយ​ជំងឺ​ផ្តាសាយ ដែល​វា​ជា​ការ​បង្ក​រោគ​ដោយ​វីរុស ។ ករណី​ខ្លះ​ក៏​អាច​បង្ក​ឡើង​ដោយ​បាក់តេរី​ដែរ ។

កត្តា​ប្រឈម​មុខ
អ្នក​ប្រហែលជា​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការ​រលាក​ប្រហោង​ឆ្អ​ង​នៅ​មុខ​បើសិនជា​អ្នកមាន​៖

•​ប្រតិកម្ម​អាលែកហ្ស៊ី ដែល​ប៉ះពាល់​ដល់​ប្រហោង​ឆ្អឹង
•​ផ្លូវដង្ហើម​ក្នុង​ច្រមុះ​ខុសធម្មតា​ដូច​ជា វៀច​ក្តោ​ច​ច្រមុះ ឬ​មាន​ជំងឺ​ឫសដូងច្រមុះ​ជាដើម
•​ជំងឺ​ណាមួយ​ដូច​ជា Cystic Fibrosis ឬ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​មិនល្អ​ដូច​ជា​ជំងឺអេដស៍​ជាដើម ។

ផលវិបាក
ផលវិបាក​នៃ​ជំងឺ​រលាក​ប្រហោង​ឆ្អឹង​នៅ​មុខ​ធ្ងន់​ច្រើន​តែ​មិនសូវ​ញឹកញាប់​ទេ ។ បើសិនជា​វា​កើតឡើង វា​អាច​មាន​បញ្ហា​ដូច​ជា​៖

•​រលាក​ប្រហោង​ឆ្អឹង​នៅ​មុខ​រ៉ាំរ៉ៃ •​រលាក​ស្រោមខួរ​ក្បាល •​ការ​បង្ក​រោគ ផ្សេង​ៗ​ទៀត​ដូច​ជា​៖ ការ​រលាក​ឆ្អឹង ឬ​ស្បែក •​បាត់បង់​ការ​ស្រង់ក្លិន​តិចតួច ឬ​ទាំងស្រុង •​មាន​បញ្ហា​ក្នុង​ការ​មើលឃើញ

ការ​បង្ការ
យក​ល្អ​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ការ​រលាក​ប្រហោង​ឆ្អឹង​នៅ​មុខ​ខ្លាំង​៖

•​ចៀសវាង​ការ​បង្ក​រោគ​នៅ​ផ្លូវដង្ហើម​ខាងលើ ជា​ពិសេស​ជំងឺ​ផ្តាសាយ •​គ្រប់គ្រង​បញ្ហា​អាលែកហ្ស៊ី •​ចៀសវាង​ផ្សែង​បារី និង​អាកាសធាតុ​បំពុល •​ប្រើប្រាស់​ឧបករណ៍​ផ្តល់​សំណើម​ក្នុងផ្ទះ ឬ​បន្ទប់​គេង ។

ការ​កំណត់​រោគវិនិច្ឆ័យ
គ្រូពេទ្យ​នឹង​មាន​អារម្មណ៍​ថា មាន​អ្វី តឹង​ៗ​នៅ​ក្នុង​ច្រមុះ និង​មុខ និង​ពិនិត្យ​មើលទៅ​ក្នុង​ច្រមុះ​បន្ថែម​ទៀត ។ វិធីសាស្ត្រ ផ្សេង​ៗ​ទៀត​ដែល​អាច​ប្រើ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ការ​រលាក​ប្រហោង​ឆ្អឹង​នៅ​មុខ​ធ្ងន់ និង​ទាត់​ចោល​ជំងឺ ផ្សេង​ៗ​ទៀត​នោះ​មាន​ដូច​ជា​៖
•​ការ​ប្រើ​បំពុង​ឆ្លុះ​ក្នុង​ច្រមុះ ដែល​វា​មាន​កាមេរ៉ា​នៅ​ខាង​ចុង​ដើម្បី​អាច​មើលឃើញ អ្វី​ៗ​នៅ​ក្នុង​នោះ​បាន

•​ការ​ថតរូប​ភាព​វេជ្ជសាស្ត្រ​ដូច​ជា CT ស្គេ​ន និង MRI ដើម្បី​អាច​មើលរូប​ភាព​យ៉ាង​ច្បាស់​នៅ​ក្នុង​តំបន់​ច្រមុះ និង​ប្រហោង​ឆ្អឹង​នៅ​មុខ​បាន ។

•​ការ​បណ្តោះ​សារធាតុ​រំអិល​ចេញពី​ក្នុង​ច្រមុះ និង​ប្រហោង​ឆ្អឹង​នៅ​មុខ ។ រឿង​នេះ​គឺ​ធ្វើ​ឡើយ​ក្រោយ​ពី​ព្យាបាល​មិនជា ឬ​កាន់តែ​ធ្ងន់​ទៀត ហើយ​វា​ក៏​អាច​កំណត់​ដឹង​អំពី​មូលហេតុ​ផង​ដែរ​។

•​តេស្ត​អាលែកហ្ស៊ី​៖ បើសិនជា​គ្រូពេទ្យ​សង្ស័យ​ថា ប្រតិកម្ម​អាលែកហ្ស៊ី​បង្ក​ជា​ការ​រលាក​ប្រហោង​ឆ្អឹង​នៅ​ច្រមុះ គាត់​នឹង​ណែនាំ​ឲ្យ​ធ្វើតេស្ត​អាលែកហ្ស៊ី​នៅ​ស្បែក​បន្ថែម ។

ការ​ព្យាបាល
ករណី​រលាក​ប្រហោង​ឆ្អឹង​នៅ​ច្រមុះ​ខ្លាំង ភាគច្រើន​បង្ក​ឡើង​ដោយ​វីរុស ហើយ​វា​ក៏​ជា​វិញ​ដោយ​ខ្លួនឯង​ដែរ ។ ការ​ថែរក្សា​សុខភាព​ដោយ​ខ្លួនឯង​ច្រើន​តែ​អាច​បំបាត់រោគ​សញ្ញា​ជំងឺ​នេះ​បាន ។

ការ​ព្យាបាល​ដើម្បី​បំបាត់រោគ​សញ្ញា
គ្រូពេទ្យ​ប្រហែលជា​ណែនាំ​ការ​ព្យាបាល​ជា​ច្រើន ដើម្បី​ជួយ​បំបាត់រោគ​សញ្ញា​នៃ​ការ​រលាក​ប្រហោង​ឆ្អឹង​នៅ​មុខ​បាន​ដូច​ជា​៖
•​ស្ព្រា​យ​ទឹក​សេរ៉ូម​សម្រាប់​បាញ់​ក្នុង​ច្រមុះ ដើម្បី​លាង​សម្អាត​ផ្លូវដង្ហើម​នៅ​ច្រមុះ
•​ស្ព្រា​យ​បាញ់​ច្រមុះ​មាន​ជាតិ​ថ្នាំ Corticosteroids ដែល​វា​អាច​ជួយ​បង្ការ និង​ព្យាបាល​ការ​រលាក​បាន ។

•​ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ​ដែល​អ្នក​អាច​ទិញ​បាន​ដោយ​មិនបាច់​មាន​វេជ្ជបញ្ជា​ទេ ហើយ​វា​មាន​លក្ខណៈ​ជា​ថ្នាំ​គ្រាប់ ទឹក និង​ស្រៃ​្ប៉​បាញ់​ច្រមុះ ។ យក​ល្អ​គួរតែ​ប្រើប្រាស់​ត្រឹមតែ​ពីរ​បី​ថ្ងៃ​បាន​ហើយ ។

•​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដូច​ជា Acetaminophen (Tylenol) និង Ibuprofen (Advil, Motrin)

ថ្នាំ​ផ្សះ
ថ្នាំ​ផ្សះ​ច្រើន​តែ​មិន​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ព្យាបាល​ការ​រលាក​ប្រហោង​ឆ្អឹង​ក្នុង​មុខ​ធ្ងន់​ទេ ។ ទោះបីជា​វា​បង្ក​ឡើង​ដោយ​បាក់តេរី​ក៏​ដោយ វា​ប្រហែលជា​ជា​វិញ​ដោយ​ខ្លួនឯង​ដោយ​មិនបាច់​ព្យាបាល​ដែរ ។ គ្រូពេទ្យ​អាច​នឹង​រង់ចាំ និង​តាមដាន​ថា​អាការ​ជំងឺ​នេះ នឹង​កាន់តែ​ធ្ងន់​ទៀត​ឬ​អត់ ។ យ៉ាងណាមិញ បើសិនជា​រោគ​សញ្ញា​កើតឡើង​ធ្ងន់ និង​ជាប់​រហូត ប្រហែលជា​ត្រូវការ​ប្រើ​ថ្នាំ​ផ្សះ​ហើយ ។ បើសិនជា​គ្រូពេទ្យ​ចេញ​ជា​ថ្នាំ​ផ្សះ​ឲ្យ​ប្រើ ចូរ​ប្រាកដ​ថា​ប្រើប្រាស់​ឲ្យ​បាន​គ្រប់​ចំនួន ទោះបីជា​ធូរស្រាល​ហើយ​ក៏​ដោយ ។

ការ​ព្យាបាល​ដោយ​ប្រព័ន្ធ​ភាពស៊ាំ
បើសិនជា​ការ​អាលែកហ្ស៊ី​ធ្វើ​ឲ្យ​កើតការ​រលាក​ប្រហោង​ឆ្អឹង​ក្នុង​មុខ ការ​ដែល​ចាក់​វ៉ាក់​សាំង​អាច​ជួយ​ការពារ​រាង​កាយ​កុំ​ឲ្យ​មាន​ប្រតិកម្ម​នឹង​សារធាតុ​បង្ក​អាលែកហ្ស៊ី​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ