ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះទាយ!!! ​កីឡាករ​ណាខ្លះ​​ប្រកួត​ជាមួយ​បរទេស​ច្រើន​ជាងគេ​លើ​សង្វៀន​?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ មិន​ទាន់​មាន​មន្ត្រី​ណា​ម្នាក់ ឬ​សហព័ន្ធ​ណាមួយ ចេញ​​មុខ​បញ្ជាក់​ថា កីឡាករ​កម្ពុជា​រូប​ណា​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ច្រើន​ជាង គេ​នោះ​ទេ បន្ទាប់​ពី​សង្វៀន​ក្នុងស្រុក​រៀបចំ​ការ​ប្រកួត​អន្តរជាតិ​យ៉ាង​ផុសផុល​នោះ ប៉ុន្តែ​ចម្លើយ​មួយ​ខ្លី…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ មិន​ទាន់​មាន​មន្ត្រី​ណា​ម្នាក់ ឬ​សហព័ន្ធ​ណាមួយ ចេញ​​មុខ​បញ្ជាក់​ថា កីឡាករ​កម្ពុជា​រូប​ណា​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ច្រើន​ជាង
គេ​នោះ​ទេ បន្ទាប់​ពី​សង្វៀន​ក្នុងស្រុក​រៀបចំ​ការ​ប្រកួត​អន្តរជាតិ​យ៉ាង​ផុសផុល​នោះ ប៉ុន្តែ​ចម្លើយ​មួយ​ខ្លី គឺ​មាន​កីឡាករ​ច្រើន​នាក់​មាន​ទីផ្សារ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ ។

ក្នុង​នោះ​កីឡាករ​ដែល​មាន​ទីផ្សារ​ក៏​អាស្រ័យ​លើ​ប្រភេទ​ទម្ងន់​នីមួយ​ៗ​ផង​ដែរ ដោយ​កីឡាករ​ដែល​មាន​ទម្ងន់ស្ថិត​ក្នុង​ចន្លោះ​ពី​៦៣,៥​ដល់​៦៩​គីឡូក្រាម គឺ​មានឱកាស​ទទួល​បានការ​ផ្គូផ្គង​ជាមួយ​កីឡាករ​បរទេស​បំផុត ដោយ​អាច​និយាយ​បាន​ថា ដើម្បីបាន​​ពួក​គេ​ឡើង​ប្រកួត​ម្ដង​ៗ គឺ​ត្រូវ​កក់​ទុក​មុន​យូរ​មិន​ខុស​ពី​តារាចម្រៀង Super Star នោះ​ទេ​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ថ្លែង​បញ្ជាក់​ថា សម្រាប់​កីឡាករ​នៅ​លើ​សង្វៀន​អន្តរជាតិ មិន​អាច​កំណត់​ថា អ្នក​ណា​ឡើង​ប្រកួត​ច្រើន​ជាង​អ្នក​ណា​បាន​ទេ​នា​ពេល​ចុង​ក្រោយ ដោយសារ​តែ​កីឡាករ​ទាំងនោះ​គឺ​ប្រកួត​ស្ទើរ​មិន​មាន​ពេល​សម្រាក ហើយ​បើ​និយាយ​ពី​តួលេខ​ដែល​ដាក់​នៅ​ក្នុង​ឯកសារ​ទៀត​សោត​ក៏​ត្រូវ​បានគេ​បន្ថយ​ដើម្បី​កុំឱ្យ​ឃើញ​ប្រកួត​ច្រើន ។

លោក​ថា កីឡាករ​ខ្លះ​ឡើង​ប្រកួត​ចង់​រាប់រយ​ដង ប៉ុន្តែ​បាន​ដាក់​ត្រឹមតែ​ជាង​១០០ ឬ​ក្រោម​១០០​ដងប៉ុណ្ណោះ ដើម្បី​ការពារ​កុំឱ្យ​ពេល​ចាញ់​រង​ការ​អាម៉ាស់​ខ្លាំង ព្រោះតែ​មាន​ការ​ប្រកាស​ថា​ប្រកួត​បាន​ច្រើន តែ​បែរជា​បរាជ័យ ។ ស្របគ្នា​ដែល​កីឡាករ​ខ្លះ​ក៏​ត្រូវ​បាន​ទូរទស្សន៍ CTN និង Bayon ផ្ដល់​ប្រាក់ខែ​ជា​ប្រចាំ ហើយ​មិន​ឱ្យ​ទទួល​ប្រកួត​នៅ​តាម​បណ្ដា​ប៉ុស្ដិ៍​ផ្សេង ទើប​មិន​អាច​កំណត់​បាន​ថា កីឡាករ​រូប​ណា​ប្រកួត​អន្តរជាតិ​ច្រើន​ជាង​គេ​នោះ ។ លោក​និយាយ​ថា​៖«​បើ​ឱ្យ​មើល​ប្រវត្តិ​ប្រកួត​ក្នុង​ឯកសារ​យក​ជា​ការ​បាន​តិច​ណាស់ ព្រោះ​កីឡាករ​ខ្លះ​ប្រកួត​អន្តរជាតិ​តាំងពី​ណា​ពី​ណី តែ​ដល់​មើលឃើញ​តែ​ជាង​១០០​លើក​រាប់​ទាំង​ប្រកួត​ជាមួយ​កីឡាករ​ក្នុងស្រុក​ទើប​ថា​យក​ជា​ការ​មិន​បាន ប៉ុន្តែ​បើ​និយាយ​ថា កីឡាករ​ណាខ្លះ​មាន​ទីផ្សារ​ខ្លាំង មាន​គេ​ចូល​ចិត្ត​មើល​ច្រើន​សម្រាប់​ការ​ប្រកួត​អន្តរជាតិ គឺ​អាច​កំណត់​បាន ។

លោក​បន្ត​ថា សម្រាប់​កីឡាករ​ដែល​មាន​ទីផ្សារ​អន្តរជាតិ ដោយ​គេ​ចូល​ចិត្ត​ផ្គូផ្គង​ឱ្យ​ឡើង​ប្រកួត​ច្រើន​ជាង​រួម​មាន កីឡាករ ឃុន ឌី​ម៉ា កីឡាករ រឿង សោ​ភ័​ណ្ឌ កីឡាករ មាស ច័ន្ទ​មាន កីឡាករ ឡៅ ច​ន្ទ្រា កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន កីឡាករ ផា​ន់ គ្រាន់ និង​កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី ជាដើម ។ លោក​ថា កីឡាករ​ដែល​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​សង្វៀន​អន្តរជាតិ​ទាំងនេះ មិន​ត្រូវ​បាន​ប្រកួត​ឆ្លង​ប៉ុស្ដិ៍​នោះ​ផង ដោយ​កីឡាករ​ខ្លះ​ប្រកួត​បាន​តែ​ទូរទស្សន៍​បាយ័ន ខ្លះ​បាន​តែ CTN ប៉ុន្តែ​សម្រាប់​សង្វៀន​របស់​លោក គឺ​អត់​មាន​បំបិទ
កីឡាករ​មិន​ឱ្យ​ឡើង​ប្រកួត​ប៉ុស្ដិ៍​ផ្សេង​នោះ​ទេ សូ​ម្បី​តែ​ម្ចាស់​ខ្សែក្រវាត់​ដែល​លោក​ជម្រើស​បាន ក៏​លោក​បើក​សិទ្ធិ​ឱ្យ​ឡើង​ប្រកួត​ប៉ុស្ដិ៍​ផ្សេង ដើម្បី​ឱ្យ​រក​ចំណូល​ផង​ដែរ ដោយសារ​តែ​យល់ថា បើ​ទោះជា​ផ្ដល់​ប្រាក់ខែ​ឱ្យ​ក៏​ពិតជា​ពិបាក​ក្នុង​ការ​បំបិទ​កីឡាករ​មិន​ឱ្យ​ប្រដាល់​ប៉ុស្ដិ៍​ផ្សេង​។

លោក​ថា កីឡាករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បែងចែក​ជា​២​ប្រភេទ គឺ​កីឡាករ​ពេញ​និយម​សម្រាប់​ការ​ឡើង​រេញ​អន្តរជាតិ​ជា​លក្ខណៈ​ទូទៅ និង​កីឡាករ​ដែល​ពេញ​និយម​ក្នុង​ការ​ប្រកួត​ប្រដាល់​ជាមួយ​បរទេស​ជា​លក្ខណៈ​ប្រចាំ​ប៉ុស្ដិ៍​។

ក្នុង​នោះ​ក៏​ត្រូវ​បែងចែក​កីឡាករ​ទៅ​តាម​ប្រភេទ​ទម្ងន់​ផង​ដែរ ដោយ​លោក​អាច​និយាយ​បាន​ថា​កីឡាករ​ក្នុង​ប្រភេទ​ទម្ងន់​នីមួយ​ៗ​គឺជា​Super Star​សម្រាប់​ការ​ផ្គូផ្គង​នៅ​លើ​សង្វៀន​តែ​ម្ដង​។

លោក ញាណ សុធី បន្ត​ថា សម្រាប់​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​គឺ​មាន​កីឡាករ ឃុន ឌី​ម៉ា កីឡាករ ផា​ន់ គ្រាន់ និង​កីឡាករ ឌុ​ម កែវ​ដា ។ ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម មាន​កីឡា​ករ មឿ​ន សុខ​ហ៊ុ​ច ។ ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​មាន​កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី និង​កីឡាករ រឿង សោ​ភ័​ណ្ឌ និង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​មាន​កីឡាករ ឡុ​ង សុ​ភី និង​កីឡាករ​អ៊ុ ចំរើន ។ លោក​ថា កីឡាករ​ដែល​បាន​រៀបរាប់​នេះ​បាន​ក្លាយជា​ទីផ្សារ​ប្រកួតអន្តរ​ជាតិ​ស្ទើរ​មិន​មាន​ពេល​សម្រាក​តែ​ម្ដង បើចង់​ផ្គូផ្គង​ឱ្យ​ប្រកួត​ម្ដង​ៗ គឺ​លុះត្រា​ទាក់ទង​ជា​មុន​យូរ​ៗ​ទើប​អាចយ​កមក​ប្រកួត​បាន ។

យ៉ាងណា​មិ​ញ សម្រាប់​កីឡាករ​ដែល​មាន​ទីផ្សារ​ចម្រុះគ្រប់​ប៉ុស្ដិ៍​គឺ​មាន ឃុន ឌី​ម៉ា​, ឡុ​ង​សុ​ភី​,រឿង សោ​ភ័​ណ្ឌ​, ពុទ្ធ ឆាយ​រិ​ទ្ធី​, ផា​ន់ គ្រាន់​, ផល សោ​ភ័​ណ្ឌ​, ឡៅ ច​ន្ទ្រា​, វង្ស ណ​យ​,
ម៉ឺន សុភា ប៉ុន្តែ​សម្រាប់​កីឡាករ​ខ្លាំង​ៗ៤​រូប​រួម​មាន កីឡាករ ផល សោ​ភ័​ណ្ឌ ឡៅ ច​ន្ទ្រា វង្ស ណាយ និង​ម៉ឺន សុភា មិន​អាច​ទទួល​ប្រកួត​ប៉ុស្ដិ៍​ផ្សេង​ក្រៅពី​ទូរទស្សន៍​បាយ័ន​នោះ​ទេ ដោយសារ​តែ​អ្នក​ទាំង​៤​គឺជា​កីឡាករ​ក្នុង​ក្របខ័ណ្ឌ​ទាហាន ហើយ​ត្រូវ​បាន​កុងត្រា​ឱ្យ​ប្រកួត​ផ្ដាច់មុខ​ប្រចាំ​នៅ​ប៉ុស្ដិ៍​បាយ័ន ដោយ​មិន​អាច​ទទួល​ប្រកួត​បាន​ដូច​មុន ។

លោក​ថា កីឡាករ​ដែល​បាន​រៀបរាប់​គឺ​មាន​ទីផ្សារ​ឡើង​ប្រកួត​វិល​ជុំ​ចុះឡើង​ៗ មិន​ថា​កីឡា​ករ​ដែល​ឡើង​ប្រកួត​ទូទៅ​ដោយ​មិន​ប្រកាន់​ប៉ុស្ដិ៍ និង​កីឡាករ​ដែល​ប្រកួត​ប្រចាំ​ប៉ុស្ដិ៍​សុទ្ធតែ​មានការ​ប្រកួត​សឹងតែ​១​ឬ​២​ស​ប្ដា​ហ៍​ម្ដង​ស្មើគ្នា ដោយសារ​តែ​ការ​ប្រកួត​អន្តរជាតិ​មាន​ចំនួន​ច្រើន​សង្វៀន​គ្រប់​ប៉ុស្ដិ៍​ទូរទស្សន៍ ។ កីឡាករ​ទាំងនោះ​ក៏​ទទួល​បាន​តម្លៃ​ខ្លួន​កើនឡើង​ចាប់ពី​ចន្លោះ​៣៥០​ដុល្លារ​ដល់​ជិត​៦០០​ដុល្លារ​ក្នុង​មួយ​លើក​នោះ​ផង ទើប​លោក​​និយាយ​ថា កីឡាករ​ឡើង​ប្រកួត​អន្តរជាតិ​នៅ​កម្ពុជា​កាន់តែ​មាន​ក្រេ​ឌី​ត បើ​ទោះជា​មិន​ទាន់​អាច​ប្រៀបប្រដូច​នឹង​កីឡាករ​នៅ​ក្រៅប្រទេស​បាន​នៅឡើយ​ក្ដី​។

មិន​ខុស​គ្នា​ដែរ លោក នាង ស៊ី​វត្ថា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​សង្វៀន​ទូរទស្សន៍​បាយ័ន បាន​អះអាង​ថា កីឡាករ​ល្បី​ៗ​សព្វថ្ងៃ​មានការ​ផ្គូផ្គង​ឱ្យ​ប្រកួត​ស្ទើរតែ​មិន​ទំនេរ​នោះ​ទេ ទើប​តម្រូវ​ឱ្យ​ស្ថាប័ន​របស់​លោក​សម្រេចចិត្ត​ផ្ដល់​ជា​ប្រាក់ខែ ហើយ​ចងជើង​មិន​ឱ្យ​ដើរ​ប្រកួត​ប៉ុស្ដិ៍​ផ្សេង​តែ​ម្ដង តែ​បាន​តម្រូវ​ឱ្យ​ពួក​គេ​ឡើង​ប្រកួត​យ៉ាង​ហោច​ម្ដង​ក្នុង​មួយ​ខែ បន្ថែម​ពីលើ​ទឹកប្រាក់​តម្លៃ​ខ្លួន ។ លោក​ថា កីឡាករ​ដែល​អ្នក​ទស្សនា​ចូល​ចិត្តការ​ប្រកួត​របស់​ពួក​គេ​នឹង​ត្រូវ​ជ្រើសរើស​ឱ្យ​ចុះ​កុងត្រា ប៉ុន្តែ​ការ​ចុះ​កុងត្រា​ក៏​មាន​កំណត់​រយៈពេល​ដើម្បី​ផ្លាស់​ប្ដូរ​សមាសភាព​ផង​ដែរ ដើម្បី​កុំឱ្យ​កីឡាករ​ទាំងនោះ​សំអាង​ថា​ទទួល​បាន​ប្រាក់ខែ​ហើយ​ប្រហែស​ខ្លួន ។

លោក​ថា កីឡាករ វង់ ណ​យ​, ម៉ឺន សុភា​, ឡៅ ច​ន្ទ្រា និង​ផល សោ​ភ័​ណ្ឌ មាន​អ្នក​ចូល​ចិត្ត​មើល​ការ​ប្រកួត​ច្រើន ទើប​សម្រេច​ដាក់​ឱ្យ​ប្រកួត​ញឹកញាប់ ដោយ​ឡើង​ប្រកួត​លើក​ណា​ក៏​មាន​អ្នក​ទស្សនា​កកកុញ​ពេល​ហ្នឹង ។ លោក​ថា ការប្រកួត​អន្តរជាតិ​ត្រូវ​តែ​មើល​សន្ទុះ​គាំទ្រ​របស់​មហាជន អ៊ីចឹង​ហើយ​ទើប​លោក​សប្បាយចិត្ត​ក្នុង​ការ​កុងត្រា​យក​កីឡាករ​ទាំង​នោះ ប៉ុន្តែ​មិន​មាន​ន័យ​ថា ក្រៅពី​កីឡាករ​កុងត្រា មិន​ដាក់​កីឡាករ​កម្ពុជា​ដែល​មាន​ទីផ្សារ​ផ្សេង​ទៀត​នោះ​ទេ គឺ​ដាក់​ជា​ប្រចាំ គឺ​គ្រាន់តែ​ក្នុង​ព្រឹ​តិ្ត​ការណ៍​ធំ​ៗ​លោក​ដាក់​តែ​កីឡាករ​ដែល​ជាប់​កុងត្រា​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ