ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជលផល​ចុះ​ពិនិត្យ​ផ្ទៃដី​ព្រៃ​លិច​ទឹក​ដែល​ត្រូវ​ជនខិលខូច​លួច​ឈូស

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មានការ​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​សេះ​ស្លាប់ សិ្ថ​ត​នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ កាលពី​ពេល​កន្លង​ទៅ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ នេះ…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មានការ​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​សេះ​ស្លាប់ សិ្ថ​ត​នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ កាលពី​ពេល​កន្លង​ទៅ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ នេះ លោក សោម ភិ​រុណ នាយ​ខណ្ឌរ​រដ្ឋបាល​ជលផល បាន​ដឹកនាំ​មន្ត្រី​ជំនាញ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ដើម្បី​វាស់វែង​រក​ទំហំ​ផ្ទៃដី​ព្រៃ​លិច​ទឹក ដែល​រង​កា​រក​ឈូស​ឆាយ​បំផ្លាញ កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ កន្លង​ទៅ ដែល​ប្រព្រឹត្ត​ដោយ​ជនខិលខូច​បាន​យក​ត្រាក់ទ័រ​ចំនួន​ពីរ​គ្រឿង​ទៅ​ឈូស​ឆាយ​នៅ​តំបន់​នោះ ហើយ​ត្រូវ​បាន​កងរាជអាវុធហត្ថ​ប្រចាំ​ឃុំ​ឆ្នុកទ្រូ រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​ចាប់​យក​បញ្ជូន​ខ្លួន និង​រក្សា​ទុក​នៅ​កងរាជអាវុធហត្ថ​ស្រុក​បរិបូរ​ណ៌ ស្រាប់តែ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បរិបូរ​ណ៌ បាន​ដោះ​លែង​ត្រាក់ទ័រ​ទាំង​២​គ្រឿង​នោះ​ត្រលប់​ទៅ​វិញ ដោយ​ប្រាប់​ថា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ជា​អ្នក​ឲ្យ​ដោះ​លែង ធ្វើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ និង​ស្រុក​បាន​ប្រតិកម្ម​ជា​ខ្លាំង​ជុំវិញ​ការ​ដោះ​លែង​ត្រាក់ទ័រ​ទាំង​ពីរ​គ្រឿង​នេះ ។

លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​និយាយ​ដឹង​ថា ជុំវិញ​ការ​លួច​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​នៅ​តំបន់​នេះ លោក​បាន​ស្នើ​សុំ​គោល​ការ​ព្រះរាជអាជ្ញា​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​គោល​ការ​យ៉ាងណា​នៅឡើយ​ទេ ពេល​នេះ​លោក​បាន​ចុះ​មក​ពិនិត្យ​វាស់វែង​លើ​ផ្ទៃដី​ដែល​បាន​ខូចខាត ដើម្បី​ធ្វើ​កំណត់ហេតុ និង​ស្រាវជ្រាវ​រក​ជន​ដៃដល់ ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់ ។ ជាមួយ​គ្នា​នេះ យើង​បាន​ដាក់​ស្លាក​សញ្ញា​ហាមឃាត់​ការ​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​នៅ​តំបន់​នេះ​បន្ថែម​ទៀត ។ ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​បាន​អំពាវនាវ​ដល់​បងប្អូន​ប្អូន​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ ត្រូវ​យល់​ដឹង​ពី​សារៈ​ប្រយោជន៍​នៃ​ព្រៃ​លិច​ទឹក ដោយ​ត្រួ​វ​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា ដោយ​ត្រូវ​ទប់ស្កាត់​ការ​រុករាន​កាប់​ឆ្កា​ព្រៃ​លិច​ទឹក ព្រោះ​ព្រៃ​លិច​ទឹក ជា​ប្រភព​ធនធាន​យ៉ាង​សំខាន់​ខ្លាំង​ណាស់ សម្រាប់​ត្រី​ពង​កូន និង​ម្យ៉ាងវិញទៀត​វា​ជា​ទ្រព្យសម្បត្តិ​ជាតិ វា​មិនមែន​របស់​នរណា​ម្នាក់​នោះ​ទេ ។

ជាមួយ​គ្នា​នេះ​ដែរ លោក ភី ចាន់​ណា ប្រជា​ការពារ​ឃុំ​ខុន​រ៉​ង ដែល​បាន​ចូលរួម ក្នុង​ការ​ដាក់​ស្លាក​ការពារ​ព្រៃ​លិច​ទឹក​នៅ​តំបន់​នោះ លោក​បាន​សម្ដែង​ការ​សោកស្តាយ​ថា អ្នកមាន​លុយ មាន​បក្ខពួក ខ្នងបង្អែក​ទើប​មាន​ល​ទ្ឋ​ភាព​ជួល​ត្រាក់ទ័រ​មក​ឈូស​ឆាយ​យក​ដី​ព្រៃ​លិច​ទឹកបាន ដូច​ឃើញ​ស្រាប់​មក​ឈួ​ស​ឆាយ​យក​ដី​ព្រៃ​លិច​ទឹក ពេល​ចាប់​បាន​មិន​បាន​មួយ​ថ្ងៃ​ផង ដោះ​លែង​បាត់​សួរ​ថា ការ​ដោះ​លែង​នេះ អ្នក​ណា​ជា​អ្នក​ប្រឈម គឺ​ប្រជា​ការពារ​សមត្ថកិច្ច​មូលដ្ឋាន រួម​និង​អាជ្ញាធរ​មូលដ្ឋាន ដែល​ប្រឈម​នឹង​ការ​សើចចំអក​ឡក​លើ​យ​ពី​អ្នក​ប្រព្រឹត្ត​បទល្មើស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ