ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​៖ អ្នក​ប្រើ Android ស្មោះស្ម័គ្រ​ជាង​អ្នក​ប្រើ iOS

6 ឆ្នាំ មុន

អ្នកគាំទ្រ Apple ជា​អ្នក​ដែល​ស្មោះស្ម័គ្រ​នឹង​យីហោ​ទូរស័ព្ទ​យ៉ាង​ខ្លាំង ប៉ុន្តែ​ការ​សិក្សា​ក្នុង​ពេល​ថ្មី​ៗ​នេះ​ដោយ​ស្ថាប័ន Consumer Intelligence Research Partners (CIRP) បាន​បង្ហាញ​ថា…

អ្នកគាំទ្រ Apple ជា​អ្នក​ដែល​ស្មោះស្ម័គ្រ​នឹង​យីហោ​ទូរស័ព្ទ​យ៉ាង​ខ្លាំង ប៉ុន្តែ​ការ​សិក្សា​ក្នុង​ពេល​ថ្មី​ៗ​នេះ​ដោយ​ស្ថាប័ន Consumer Intelligence Research Partners (CIRP) បាន​បង្ហាញ​ថា អ្នកគាំទ្រ Android បែរជា​មាន​ភាព​ស្មោះស្ម័គ្រ​ច្រើន​ជាង​វិញ ។

ការ​សិក្សា​នេះ​បាន​ឲ្យ​ដឹង​ថា ភាព​ស្មោះ ស្ម័គ្រ​ចំពោះ Android បាន​កើនឡើង​តាំងពី​ឆ្នាំ ២០១៦​មក​ម្ល៉េះ ហើយ​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ទៀតផង ។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ អត្រា​ភាព​ស្មោះស្ម័គ្រ​នៃ​អ្នក​ប្រើប្រាស់ Android ស្មើ​ប្រមាណ​៩១% ខណៈ​អត្រា​នេះ​ស្មើ​តែ​៨៦%​ប៉ុណ្ណោះ​សម្រាប់ iOS របស់ Apple ។ ដើម្បី​វាស់វែង​លើ​ភាព​ស្មោះ​ត្រង់នេះ CIRP មើលទៅ​លើ​អត្រា​អតិថិជន​ដែល​បន្ត​ប្រើប្រាស់​ទូរស័ព្ទ​មាន​ប្រព័ន្ធ​ដំណើរការ​ដដែល បន្ទាប់​ពី​ផ្លាស់​ប្តូរ​ទូរស័ព្ទ ។

លោក Mike Levin មក​ពី​ស្ថាប័ន CIRP បាន​ប្រាប់​ថា ព្រោះតែ​ពេល​នេះ​មាន​ប្រព័ន្ធ​ដំណើរការ​ទូរស័ព្ទ​តែ​ពីរ អតិថិជន​ពេល​នេះ​ជ្រើស​មួយ​រៀន​ប្រើ​វា វិនិយោគ​លើ​កម្មវិធី​ទូរស័ព្ទ និង​ការ​ស្តុក​ឯកសារ ហើយ​បន្ត​ប្រើប្រាស់​វា​បន្ត​ទៀត ។

លោក​ថា ៖« ពេល​នេះ Apple និង Google ត្រូវ​តែ​ស្វែងរក​វិធី​ក្នុង​ការ​លក់​ផលិតផល និង​សេវាកម្ម​ដល់​អតិថិជន​ដែល​ស្មោះស្ម័គ្រ​ទាំងនេះ » ។ ដោយហេតុ​ដូច្នេះ​ហើយ​ទើប Google និង Apple ប្រៀប​ដូច​ជា​វិនិយោគ​បន្ថែម​ឡើង​លើ​សេវាកម្ម​មួយ​ចំនួន​ដូច​ជា កម្មវិធី​ទូរស័ព្ទ​, បទ​ចម្រៀង និង​ការ​ស្តុក​ឯកសារ ។

ជាមួយ​គ្នា​នេះ បើ​ទោះជា​អត្រា​នៃ​ភាព​ស្មោះស្ម័គ្រ​មាន​ទាប​ជាង Android ក្តី ប្រាក់​ចំណូល​ពី​សេវាកម្ម​របស់ Apple ក្នុង​ខែវិច្ឆិកា ឆ្នាំ​មុន បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​ទៀត​ផង ។ វា​បង្ហាញ​ថា ក្រុមហ៊ុន​កំពុង​តែ​រក​ប្រាក់​ចំណូល​ជា​ច្រើន​ពី​អតិថិជន​ស្មោះស្ម័គ្រ​ទាំងនោះ ។

មូលហេតុ​ដែល Android មើលឃើញ​អតិថិជន​ខ្លួន​មាន​ភាព​ស្មោះស្ម័គ្រ​ជាង Apple គឺ​អាច​មក​ពី​ទូរស័ព្ទ​ដែល​ប្រើប្រាស់ Android ជា​ប្រព័ន្ធ​ដំណើរការ​ផ្តល់​ជម្រើស​ច្រើន​ជាង Apple​។ កត្តា​មួយទៀត​គួរ​ឲ្យ​កត់សម្គាល់​គឺ បើ​ទោះជា​ការ​សិក្សា​បាន​បង្ហាញ​ថា Android មាន​អត្រា​នេះ​ខ្ពស់​ជាង iOS ពិតមែន ប៉ុន្តែ​ចំនួន​អ្នក​ប្រើប្រាស់ Android ដែល​ផ្លាស់​ទៅ​ប្រើ iOS មាន​ច្រើន​ជាង​ការ​ផ្លាស់​ពី iOS មក​កាន់ Android ទៅ​វិញ ។

លោក Levin បាន​ប្រាប់​ថា ៖« ពួក​យើង​ដឹង​ថា Android មាន​អ្នក​ប្រើប្រាស់​ច្រើន​ជាង​iOS ហើយ​ព្រោះតែ​ចំនួន​ច្រើន​ជាង​នេះ វា​ធ្វើ​ឲ្យ​ចំនួន​អ្នក​ប្រើប្រាស់​ដែល​ប្តូរ​ពី​ប្រើ Android ទៅ​កាន់ iOS ក៏​ច្រើន​ជាង​ចំនួន​អ្នក​ដែល​ប្តូរ​ពី iOS មក Android ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ