ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ… ទៅស្គាល់បុគ្គល«ម៉ារី»ឱ្យកាន់​តែ​ច្បាស់

6 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត ៖ ស្នងការ​នគរបាល​ខេត្តកំពត លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​ប្រាប់​បណ្តាញ​សារ​ព័ត៌​មាន​ថា  កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ​មីនា ឆ្នាំ​២០១៨…

​ខេត្តកំពត ៖ ស្នងការ​នគរបាល​ខេត្តកំពត លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​ប្រាប់​បណ្តាញ​សារ​ព័ត៌​មាន​ថា  កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ​មីនា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​របស់​លោកបាន​ឃាត់ខ្លួន​បុគ្គលឈ្មោះ
«​ម៉ា​រី​» បាន​ហើយ​ នៅ​ភូមិ​ព្រែក​គ្រឹះ ឃុំ​ព្រែក​គ្រឹះ ស្រុក​កំពង់ត្រាច ខេត្តកំពត ។ លោក​ថា បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​តាម​រក​បុគ្គល​រូប​នេះ ទើប​សមត្ថកិច្ច​របស់​លោក​ដឹង​ពី​កន្លែង​ស្នាក់​នៅ​ ក៏​ចាប់​ភ្លាម​តែ​ម្តង ។

ការ​តាម​ឃាត់ខ្លួន​បុគ្គល​ឈ្មោះ ម៉ា រី នេះ ដោយសារ​តែ​គាត់​បាន​ទៅ​ដើរ​ភូត​កុហក​ប្រជាពលរដ្ឋ​លើ​បញ្ហា​ប្រទេស​ជាតិនៅ​តាម​ខេត្ត ក្នុង​នោះ​ មាន​ខេត្ត​កែប ខេត្តកំពត​ជាដើម ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​
តេ​ជោ ហ៊ុន សែន ទៅ​ប្រទេស​អូស្ត្រាលី ដោយ​និយាយ​ថា ទទួល​ភាព​បរាជ័យ​ទាំងស្រុង​ ។ លោក​ឧត្តម​សេ​នីយ៍​ស្នងការ​បាន​បញ្ជាក់​ថា នៅ​ពេល​នេះ​ កម្លាំង​សមត្ថកិច្ច​កំពុង​នាំ​ខ្លួន​ជន​នេះ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​ការ​សួរនាំ​ចាត់វិធានការ​បន្ត​ទៀត ។

តាម​ឯកសារ​នានា​របស់​សមត្ថកិច្ច​បញ្ជាក់​ថា ឈ្មោះ ម៉ា រី អាយុ​៧៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​កោះ​ចំការ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត និង​មាន​លំនៅ​បច្ចុប្បន្ន​ ក្នុងភូមិ​អូរ​ដូង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ឪពុក​ឈ្មោះ សុខ សៀន (​ស្លាប់​) និង​ម្ដាយ​ឈ្មោះ សុខ ខាត់ (​ស្លាប់​) ។ តាម​ឯកសារ​នគរបាល​បញ្ជាក់​ទៀត​ថា លោកតា ម៉ា រី មាន​ប្រពន្ធ​ឈ្មោះ គង់ លាន បច្ចុប្បន្ន​បួស​ជា​ដូនជី ស្នាក់​អាស្រ័យ​នៅ​វត្ត​ព្រៃ​តា​កុយ មានស្រុក​កំណើត​នៅ​ភូមិ​អូរ​ដូង ឃុំ​ភ្នំ​លាវ ស្រុក​កំពង់ត្រាច ខេត្តកំពត ។ លោកតា ម៉ា រី មានកូន​៥​នាក់ ក្នុង​នោះ​ស្រី​៣​នាក់ ១-​ឈ្មោះម៉ា អាន ភេទ​ស្រី អាយុ​៤៦ មុខរបរ​បម្រើ​ការងារ​តាម​ផ្ទះ​ប្រទេស​ថៃ ២-​ឈ្មោះ ម៉ា អេ​ង ភេទ​ស្រី អាយុ​៣៨ ជា​កសិករ រស់នៅ​ក្នុងភូមិ​ឃុំ​ជាមួយ​ឪពុក ៣-​ឈ្មោះ ម៉ា ទិ​ត្យ ភេទ​ប្រុស អាយុ ៣៦ ជា​កម្មករ​នេសាទ​នៅ​ខេត្ត​ព្រះ​សីហ​នុ ៤-​ឈ្មោះ ម៉ា ចាន់ ភេទ​ប្រុស អាយ​២៩ ជា​កម្មករ​នេសាទ​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​៥-​ឈ្មោះ ម៉ា ពៅ ភេទ​ស្រី អាយុ​២៨ ជា​កសិករ ។

ប្រភព​ព័ត៌មាន​ខ្លះ​បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​១៩៩៣ លោកម៉ា​រី ជា​សមាជិក​គណបក្ស​ហ៊ុន​ស៊ិ​ន​ប៉ិច លុះដល់​ឆ្នាំ​២០០៣ លោកម៉ា​រី បាន​ចូល​ជា​សមាជិក​សកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​លោក ឈូក រី​ន អតីត​មេ​ខ្មែរក្រហម​ភ្នំ​វល្លិ ។ លោក ម៉ា រី បួស​ជា​ព្រះសង្ឃ​នៅ​ថ្ងៃ​ទី​១៣ មេ​សា ២០១៥ នៅ​ក្នុង​វត្ត​មនោ​រម្យ​ទួល​សា​ងាំ ស្ថិត​ក្នុងស្រុក​ដំណាច់​ចង្អើរ ខេត្ត​កែប ។ លោកតា ម៉ា រី បាន​សឹក​ពី​ព្រះសង្ឃ​កាលពី​មួយ​ខែ​មុន​នេះ ។

ព័ត៌មាន​ចុង​ក្រោយ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​នាំ​ខ្លួន​មក​ដល់​ស្នងការដ្ឋាន ​ក៏​បាន​សួរ​ចម្លើយ​នៅ​ក្នុង​បន្ទប់ ។ ចំណែក​អ្នកកាសែត​នៅ​ចាំ​ថត​ឱ្យ​រហង់​នៅ​ខាងក្រៅ ។ នគរបាល​ប្រាប់​ថា តាម​បញ្ជា​ពីលើ​សូមអ្នក​កាសែត​យោគយល់​ផង មិន​ឱ្យ​ថតរូប​ទេ និង​ក៏​មិន​ឱ្យ​សម្ភាសន៍​ដែរ មិន​ចិត្តអាក្រក់​ទេ​ ធ្វើ​ម៉េច​បញ្ជា​ពី​ភ្នំពេញ ។

ចុង​ក្រោយ​ទៀត​បាន​និយាយ​ថា លោកតា​ម៉ា រី មិន​ត្រូវ​បាន​ផ្តន្ទាទោស​ណាមួយ​ទេ ព្រោះ​គាត់​សារភាព​កំហុស​ដឹង​ថា ​ធ្វើ​ខុស ព្រមទាំង​សន្យា​ថា​រាង​ហើយ ឈប់​ប្រព្រឹត្ត​អាក្រក់​ទៀត​ហើយ ។ ដោយ​គាត់​ទទួល​ស្គាល់​​កំហុស ត្រូវ​បានឱ្យ​គាត់​ធ្វើ​កិច្ចសន្យា​ផ្តិត​មេដៃ រួច​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​ហើយ ៕ ​

អត្ថបទសរសេរ ដោយ