ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ភាសា​បារាំង​នឹង​បាត់បង់​ពី​កម្ពុជា ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែមីនា ឆ្នាំ​២០១៨​នេះ ការ​សិក្សា​ភាសា​បារាំង​នៅ​កម្ពុជា​មានការ​ធ្លាក់​ចុះ​ច្រើន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែមីនា ឆ្នាំ​២០១៨​នេះ ការ​សិក្សា​ភាសា​បារាំង​នៅ​កម្ពុជា​មានការ​ធ្លាក់​ចុះ​ច្រើន ខណៈ​ដែល​ក្មេង​សម័យ​បច្ចុប្បន្ន​មាន​ទំនោរ​សិក្សា​ភាសា​អង់គ្លេស និង​ភាសា​ចិន​ទៅ​វិញ ។ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ឆ្នាំ​២០១៦-២០១៧ ចំនួន​១,៦៣០​នាក់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សួរ​រក​មូលហេតុ​អ្វី​បានជា​មិន​មាន​អ្នក​បញ្ចប់​ការ​សិក្សា​ភាសា​បារាំង​មក​ទទួល​សញ្ញាបត្រ​នៅ​កម្មវិធី​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «​បើ​ឲ្យ​ខ្ញុំ​និទានរឿង​ភាសា​បារាំង​ធ្លាក់​ចុះ ។ រឿង​មិន​ចាំបាច់​ទៅ​បន្ទោស​អ្នក​ណា​ទេ​» ។

សម្តេច​បាន​រម្លឹក​ថា ពេល​សម្តេច​អញ្ជើញ​ទៅ​ប្រទេស​បារាំង​១៩៨២ កាល​ពេល​នោះ សម្តេច​បាន​ប្រាប់​សមាជិក​សភា​បារាំង​មក​ពី​គណបក្ស​នយោបាយ​ច្រើន​ដូច​ជា បក្ស RPR , សង្គមនិយម និង​បក្ស​ក​ម្មុ​យ​នី​ស​ជាដើម ពិសា​បាយ​រួម​គ្នា ដែល​ពេល​នោះ​សម្តេច​បាន​ជម្រាប​ជូន​ទៅ​សមាជិក​សភា​បារាំង​ថា ៖ « ខ្ញុំ​បាន​ប្រាប់​ភាសា​បារាំង​មានការ​ថមថយ​ចុះ​ហើយ ដូច្នេះ​បារាំង​គួរតែ​គិត​អំពី​អតីត​ប្រទេស​ដែល​ជា​អាណានិគម​របស់​ខ្លួន ដែល​បាន​ប្រើប្រាស់​ភាសា​បារាំង បន្ទាប់​ពី​ភាសាជាតិ​របស់​ខ្លួន​» ។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា គ្រានោះ​សម្តេច​បាន​លើក​គំនិត​បើក​មជ្ឈមណ្ឌល​វប្បធម៌​របស់​បារាំង ឬ​សាលា​អា​ឡឺ​យ៉ង់​ហ្វ្រ​ង់​ស៊ែរ នៅ​កម្ពុជា​ស្រាប់ តែ​សាលា​មាន​អ្នកតំណាង​រាស្ត្រ​មួយ​រូប​នៃ​បក្ស RPR បាន​ឆ្លើយ​តប​ថា បារាំង​ឥត​ទទួលស្គាល់​រដ្ឋាភិបាល​ឯកឧត្តម​ទេ មិន​បើក​ទេ ។

សម្តេច​មាន​ប្រសាសន៍​បន្ថែម​ថា ពេល​នោះ គឺ​សម្តេច​បាន​តប​ថា ការ​ឆ្លើយ​តប​បែប​នោះ «​បាន​ខ្ញុំ​ក្តៅស្លឹកត្រចៀក​ដែរ ខ្ញុំ​ថា ឲ្យ​ត្រង់​ៗ​ហ្មង ។ ខ្ញុំ​ថា នេះ​ជា​ផលប្រយោជន៍​របស់​បារាំង​ទេ ។ អ្នក​មិន​ត្រូវ​ភ្លេច​ថា ប្រទេស​របស់ខ្ញុំ គឺ​មាន​ភាសាជាតិ​របស់ខ្ញុំ​មួយ​ដោយឡែក ។ នឹង​ទី​មួយ ។ ទី​២ បច្ចុប្បន្ន​នេះ​ខ្ញុំ កំពុង​តែ​ប​ញ្ជួ​ន​និស្សិត ទៅ​សហភាព​សូ​វៀត និង​អឺ​រ៉ុ​ប​ខាងកើត ។ ឯ​ទី​៣ ខ្ញុំ​មាន​ជម្រើស​ផ្សេង​ទៅ​ទៀត ជា​ភាសា​អង់គ្លេស ដទៃ​ទៀត​តាម​គេ​ចង់​» ។ សម្តេច​តេ​ជោ ហ៊ុន សែន សង្កត់ធ្ងន់​ថា​៖ «​ឥឡូវ​ទី​ចុង​បំផុត​ភាសា​បារាំង​នៅឯណា?​» ។ ឆ្នាំ​១៩៩០ ហើយ​ទើប​បារាំង​មក​បើក​មជ្ឈមណ្ឌល​ភាសា​បារាំង​នៅ​កម្ពុជា ។ អ​ញ្ចឹ​ង​ហើយ​បានជា ចំនួន​អ្នក​និយាយ​បារាំង​តិច​ណាស់ ខ្ញុំ​នឹង​បន្ត​ខិតខំ ពង្រឹង​កិច្ច​សហប្រតិបត្តិការ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖ «​ក្មេង​ៗ​សម័យនេះ ក្រៅពី​ភាសា​អង់គ្លេស​ដែល​ជា​ភាសា​គោល​គេ​ចាប់​យក គេ​ទៅ​រៀន​ភាសា​ចិន​ឯណោះ​ទៅ​វិញ ។ អ​ញ្ចឹ​ង​ភាសា​បារាំង​មិនដឹង​ថា អនាគត​ទៅ​ជា​យ៉ាងម៉េច​ទេ​» ។ តែ​ភាសា​រៀន​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ និង​ច្បាប់​នៅ​ប្រើ​ភាសា​បារាំង តែ​ធ្វើ​ម៉េច​កុំ​ឲ្យ​ដំណើរការ​នេះ​ធ្លាក់​ចុះ​បន្ថែម​ទៀត តែ​យើង​មិន​អាច​ដាក់​បង្ខំ​ថា ត្រូវ​រៀន​ភាសា​នេះ ឬ​ភាសា​នោះ​ឲ្យ​និស្សិត​យើង​បាន​ទេ ខណៈ​មនុស្ស​ចាស់​ចេះ​ភាសា​បារាំង​បាន​លាចាក​លោក​បន្តិច​ម្តង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ