លទ្ធផលស្រាវជ្រាវរបស់អេកូណូមីស អីុនថេលីជេនយូនីត (EIU) បានបង្ហាញថា ប្រទេសស្វ៊ីសជាដែនដីដ៏ល្អបំផុតសម្រាប់ការផ្តល់កំណើតទារកនៅក្នុងឆ្នាំ២០១៣ ។ លទ្ធផលស្រាវជ្រាវចុងក្រោយរបស់ EIU ដែលចុះផ្សាយកាលពីថ្ងៃទី១៦ ធ្នូ បញ្ជាក់ថាស្វ៊ីសជាជើងឯកក្នុងនាមជាដែនដីល្អបំផុតសម្រាប់ការផ្តល់កំណើតនៅឆ្នាំ២០១៣ ដោយស្វ៊ីសជាប្រទេសមានប្រជាជនត្រឹម៨លាននាក់ និងមានសេដ្ឋកិច្ចធំស្ថិតនៅលំដាប់ទី១៩ នៅលើពិភពលោកដោយ GDP មានពិន្ទុសរុប៨,២២ពិន្ទុ ពីពិន្ទុពេញចំនួន១០ បន្ទាប់មកគឺប្រទេសអូស្ត្រាលីមាន៨,១២ពិន្ទុ ណ័រវែស៨,០៩ពិន្ទុ ស៊ុយអែត៨,០២ និងដាណឺម៉ាកមាន៨,០១ពិន្ទុ ស្ថិតក្នុងចំណោម៥លំដាប់ថ្នាក់ដំបូងនៅលើពិភពលោក ។
ចំណែកប្រទេសសិង្ហបុរី នូវែលសេឡង់ ហូឡង់ កាណាដា និងតំបន់គ្រប់គ្រងពិសេសហុងកុងស្ថិតក្នុងចំណាត់ថ្នាក់ពី៦ទៅ១០ដោយមានពិន្ទុធ្លាក់ចុះជាបន្ទាប់ក្នុងពី៨,០០ដល់៧,៨០ពិន្ទុ ។ដោយឡែកសហរដ្ឋអាមេរិក ជាប្រទេសមហាអំណាចលំដាប់ទី១នៅលើពិភពលោក ស្ថិតក្នុងលំដាប់ទី១៦និងអាល្លឺម៉ង់ ជាដែនដីសេដ្ឋកិច្ចធំនៅអឺរ៉ុបដោយប្រទេសទាំង២មានពិន្ទុ៧,៣៨ដូចគ្នា ។ ចំណែកប្រទេសស៊ីរី ស្ថិតក្នុងចំណាត់ថ្នាក់ទី៨០ត្រូវបានកំណត់ថា ជាដែនដីសមស្របដល់ការចាប់កំណើតតិចបំផុតនៅលើពិភពលោក មាន៤,៧៤ពិន្ទុ បន្ទាប់មកគឺប្រទេសកេនយ៉ា អ៊ុយក្រែន បង់ក្លាដែស អង់ហ្គោឡា ប៉ាគីស្ថាន កាហ្សាក់ស្ថាន រុស្សុី និងឥណ្ឌូណេស៊ី តាមលំដាប់ ។
ប្រសិនបើគិតតែលើទ្វីបអាស៊ីឃើញថា សិង្ហបុរីស្ថិតនៅលំដាប់ទី៦ នៅលើពិភពលោក បានក្លាយជាដែនដីសម្រាប់ចាប់កំណើតល្អបំផុតនៅអាស៊ី និងលំដាប់ទី២ដល់១១នៅអាស៊ី គឺតំបន់គ្រប់គ្រងពិសេសហុងកុង ស្ថិតនៅលំដាប់ទី១០ នៅលើពិភពលោក អេមីរ៉ាត អារ៉ាប់រួម ស្ថិតនៅលំដាប់ទី១៨នៅលើលោក កូរ៉េខាងត្បូង ស្ថិតនៅលំដាប់ទី១៩ នៅលើលោក គុយវ៉ែត ស្ថិតក្នុងលំដាប់ទី២២ ជប៉ុន លំដាប់ទី២៥នៅលើលោក ម៉ាឡេស៊ីស្ថិតក្នុងលំដាប់ទី៣៦ អារ៉ាប៊ីសាអូឌីត លំដាប់ទី៣៨នៅលើពិភពលោក ចិនស្ថិតនៅលំដាប់ទី៤៩ និងថៃស្ថិតក្នុងលំដាប់ទី៥០នៅលើពិភពលោក រួមទាំងស្ថិតក្នុងលំដាប់ទី១១នៅអាស៊ី ។ កត្តាដែលរុញច្រានថៃឱ្យធ្លាក់ចុះគឺបញ្ហាទំនាស់ផ្នែកនយោបាយ ដែលប៉ះពាល់ជាបន្ទាប់ដល់ការមានស្ថិរភាពផ្នែកសេដ្ឋកិច្ច និងគុណភាពជីវភាពរស់នៅរបស់ប្រជាជន ៕
ចែករំលែកព័តមាននេះ