ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស្លាក​លេខ​ខេមរភូមិន្ទ បែរជា​បម្រើ​ការ​រកស៊ី​លក្ខណៈ​ឯកជន​ទៅ​វិញ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​នៅ​ក្រុង​បា​វិត​បាន​រិះគន់​ដល់​អាជ្ញាធរ​ក្រុង​និង​មន្ទីរ​ជំនាញ​ថា បាន​បណ្តោយ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ចំនួន​០៤​ប្រើប្រាស់​រថយន្ត​ស្លាក​លេខ​ខេមរភូមិន្ទ និង​អេ​ស្កា​វ័​រ​ទ័​រ ជីក​យក​អាចម៍ដី​ជ្រៅ​ដល់​ក្បាល​ប្រេត ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ដល់​សត្វពាហនៈ និង​កូនចៅ​លង់ទឹក​ស្លាប់ ព្រមទាំង​បាក់​ដីស្រែ​របស់​ពួក​គាត់​នៅ​ក្បែរ​កន្លែង​រណ្តៅ​នោះ ដែល​ប្រជាពលរដ្ឋ​ហៅ​ថា​រណ្តៅ​មរណៈ​។…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​នៅ​ក្រុង​បា​វិត​បាន​រិះគន់​ដល់​អាជ្ញាធរ​ក្រុង​និង​មន្ទីរ​ជំនាញ​ថា បាន​បណ្តោយ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ចំនួន​០៤​ប្រើប្រាស់​រថយន្ត​ស្លាក​លេខ​ខេមរភូមិន្ទ និង​អេ​ស្កា​វ័​រ​ទ័​រ ជីក​យក​អាចម៍ដី​ជ្រៅ​ដល់​ក្បាល​ប្រេត ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ដល់​សត្វពាហនៈ និង​កូនចៅ​លង់ទឹក​ស្លាប់ ព្រមទាំង​បាក់​ដីស្រែ​របស់​ពួក​គាត់​នៅ​ក្បែរ​កន្លែង​រណ្តៅ​នោះ ដែល​ប្រជាពលរដ្ឋ​ហៅ​ថា​រណ្តៅ​មរណៈ​។ ការ​ព្រួយបារម្ភ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​មួយ​ចំនួន​បាន​ថ្លែងប្រាប់ អ្នក​សារព័ត៌មាន កាលពីរ​រសៀល​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨​នេះ ដោយ​រិះគន់​ថា មិន​មានការ​អើពើ​ពី​អាជ្ញាធរ និង​មន្ទីរ​ជំនាញ​។ ពលរដ្ឋ​បាន​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា សព្វថ្ងៃ​នៅ​សង្កាត់​បា​វិត​មាន​ថៅកែ​ដឹក​អាចម៍ដី ចំនួន​០៤​នាក់​កំពុង​បានដៃ​ខ្លាំង​ណាស់​ហាក់បីដូច​មិនសូវ​ក្រែង​រអា​អាជ្ញាធរ​បន្តិច​សោះ គឺ​ពួក​គេ​ដឹក​ដី​នៅ ចំណុច​ខាងលិច​វត្ត​ព្រៃ​យាយ ស្ថិត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​បា​វិត ក្រុង​បា​វិត ដែល​មាន​រណ្តៅ​ដី​ជា​ច្រើន កន្លែង​ដោយ​កន្លែង​ខ្លះ​ជ្រៅ​ដល់​ក្បាល​ប្រេត​ទៅ​ហើយ​មិន​ដែល​ឃើញ​អាជ្ញាធរ​ក្រុង ឬ​មន្ត្រី​ជំនាញ​ចុះ​មក ធ្វើការ​ហាមឃាត់​នោះ​ទេ គឺ​បណ្តោយ​ឲ្យ​ក្រុម​រថយន្ត​ដឹក​ដី​នេះ​ធ្វើ​អ្វី​ស្រេច​តែ​ក្បាលចិត្ត​។

ពលរដ្ឋ​បាន​លើក ឡើង​ទៀត​ថា មិនដឹង​ថា​ថៅកែ​ដឹក​ដី​នេះ​គាត់​ធ្វើ​ការងារ​អី​នោះ​ទេ បានជា​ហ៊ាន​ប្រើប្រាស់​ស្លាក​លេខ​សុទ្ធតែ ខ​.​ម​(​ខេមរៈភូមិន្ទ​)​យក​មក​រកស៊ី​ជា​លក្ខណៈ​ឯកជន​យ៉ាង​ដូច្នេះ​។ មិនតែប៉ុណ្ណោះ​រថយន្ត​ដឹក​ដី បើក​លឿន​ៗ​ណាស់ បើក​បង្ហុយដី​ដាក់​ផ្ទះ​ពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​ស្ទើ​តែ​ថប់ដង្ហើម​ម្តង​ៗ​។ បើ​តាម​មន្ត្រី​ម្នាក់​បាន​លួច​បង្ហើប​ឲ្យ​ដឹង​ថា ក្រុម​រថយន្ត​ដឹក​ដី​នេះ​បាន​មក​រកស៊ី​នៅ​ក្នុង​ក្រុង​បា​វិត ជា​យូ​យា​ណាស់​មក​ហើយ​មិន​ដែល​ឃើញ​អាជ្ញាធរ ឬ​មន្ទីរ​រ៉ែ និង​ថាមពល​ចុះ​មក​ហាមឃាត់​មិន​ឲ្យ ជីក​ជ្រៅ​ៗ​នោះ​ដែរ​គឺ​កន្លែង​ខ្លះ​ជីក​ជម្រៅ​ទៅ​ក្រោម​មិន​ក្រោម​១០​ម៉ែត្រ​នោះ​ទេ ហើយ​ពុំ​បាន​ទប់​ទំនប់​ការពារ​បាក់​ដី និង​សត្វ​គោក្របី ឬ​មនុស្ស​ធ្លាក់​ចូល​នោះ​ឡើយ​។ ការ​ជីក​យក​អាចម៍ដី​នេះ​ក៏​នៅ​មិន​ឆ្ងាយ​ពី​ទីប្រជុំជន​ឡើយ មាន​ប្រមាណ​តែ​ជាង​២​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​តំបន់​ទីប្រជុំ​ក្រុង​បា​វិត​។

ហើយ​អាចម៍ដី​ដែល​ត្រូវ​ចាក់​នោះ​គឺ​ចាក់​ដី​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ដែល​មាន គោលបំណង​ចង់​កសាង​អាគារ​មាន​កម្ពស់​ជា​ច្រើន​ជាន់​នៅ​ទីតាំង​ដី​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​បា​វិត​តាម​ផ្លូវ​ចូល​ទៅ​វត្ត​ព្រៃ​យាយ​។ ទោះបី​យ៉ាងណា​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​មួយ​ចំនួន​នៅ​ក្រុង​បា​វិត បាន​សំណូមពរ​ទៅ​លោក​អភិបាល​ខេត្តស្វាយរៀង និង​មន្ទីរ​ជំនាញ​មេត្តា​ចុះ​ពិនិត្យ​រណ្តៅ​ដី​ដែល​ក្រុម​រថយន្ត​ដឹក​ដី​ជីក​ដល់​ជម្រៅ​ក្បាល​ប្រេត​ផង ពីព្រោះ​ពួក​គាត់​មានការ​ព្រួយបារម្ភ​អំពី​គ្រោះថ្នាក់​ដែល​កើតឡើង​ជាយថាហេតុ​ដល់​កូនចៅ សត្វពាហនៈ និង​បាក់​ដីស្រែ​។​ល​។ ជា​ពិសេស​ក្រសួងការពារជាតិ​សូម​ជួយ​ពិនិត្យ​មើល​រថយន្ត​ដឹក​ដី ដែល​ប្រើប្រាស់ ស្លាក​លេខ​(​ខ​.​ម​) មក​រកស៊ី​ជា​លក្ខណៈ​ឯកជន​មិន​បម្រើ​ដល់​ការងារ​រដ្ឋ តែ​បែរមក​រកស៊ី​បម្រើ​ឲ្យ​ក្រុមហ៊ុន ទៅ​វិញ សូម​មាន​វិធានការ​ចំពោះ​រថយន្ត​ទាំងនេះ​ផង​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ លោក ប៉ុក តក ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​ខេត្តស្វាយរៀង​បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា រយៈកាល​កន្លង​មក​លោក​បាន​ឲ្យ​មន្ត្រី របស់​លោក​ចុះ​ទៅ​ណែនាំ​ដល់​ក្រុមហ៊ុន​រថយន្ត​ដឹក​ដី​នៅ​សង្កាត់​បា​វិត​ហ្នឹង​ដែរ ហើយ​ឲ្យ​មក​ចុះបញ្ជី​ការ ច្បាប់​អាជីវកម្ម​ឲ្យ​ត្រឹមត្រូវ​ផង​ដែរ​។ ដោយ​ពីរ​ខែ​ចុះ​ទៅ​ពិនិត្យ​រណ្តៅ​ដី​ម្តង​ទៅ​ពី​ដង​។ លោក​បាន​បញ្ជាក់​ថា រណ្តៅ​ដី​ដែល​អាច​ជីក​បាន​អាស្រ័យ​ទៅ​លើ​សណ្ឋាន​ដី​នៅ​តំបន់​នោះ​ថា​វា​ប៉ះពាល់​ដល់​ដីស្រែ​ប្រជាពលរដ្ឋ​ឬ​យ៉ាងណា​ហើយ​បើ​អាច​ជីក​បាន​ត្រឹមតែ​៥​ឬ​៦​ម៉ែត្រ​ទៅ​ក្រោម​ប៉ុណ្ណោះ​។ ចំពោះ​បញ្ហា​នេះ​លោក​នឹង​ចុះ​ទៅ ពិនិត្យ​មើល​តែ​ម្តង​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ រីឯ​លោក​អភិបាលក្រុង​បា​វិត​មិន​អាច​ទំនាក់ទំនង​រក​ការ​បំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨​នេះ​៕
https://youtu.be/dHTif_f5W64

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ