ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាការិនីមួយ​ចំនួន​ដែល​​មាន​ទីផ្សារ​ប្រដាល់​ដាក់​ទ្រុង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រង្វង់​២​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​កត់​សម្គាល់ថា ព្រឹត្តិការណ៍​ប្រដាល់ ដាក់​ទ្រុង​បាន​ក្លាយជា​ទីផ្សារ​របស់​កីឡាករ​-​កីឡាការិនី​កម្ពុជា​យ៉ាង​ខ្លាំង ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ​គេឃើញ​កីឡាករ​-​កីឡាការិនី​ខ្មែរ​ច្រើន​នាក់​ត្រូវ​បាន​បញ្ជូន​ឱ្យ​ចេញ​ប្រកួត​នៅ​ក្រៅ​ប្រទេស​យ៉ាង​ញឹកញាប់ ខណៈ​ដែល​នៅ​កម្ពុជា​ក៏​មាន​ក្លិប​ទទួល​បណ្ដុះបណ្ដាល និង​បញ្ជូន​​កីឡាករ​-​កីឡាការិនី​ទាំងនោះ​ឱ្យ​ចេញ​ប្រកួត​ស្ទើរ​គ្មាន​លោះ​ពេល​នោះ​ទេ ។ ស្របគ្នា​ដែល​ប្រដាល់​ដាក់​ទ្រុង…

រាជធានី​ភ្នំពេញ ៖ ក្នុង​រង្វង់​២​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​កត់​សម្គាល់ថា ព្រឹត្តិការណ៍​ប្រដាល់
ដាក់​ទ្រុង​បាន​ក្លាយជា​ទីផ្សារ​របស់​កីឡាករ​-​កីឡាការិនី​កម្ពុជា​យ៉ាង​ខ្លាំង ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ​គេឃើញ​កីឡាករ​-​កីឡាការិនី​ខ្មែរ​ច្រើន​នាក់​ត្រូវ​បាន​បញ្ជូន​ឱ្យ​ចេញ​ប្រកួត​នៅ​ក្រៅ​ប្រទេស​យ៉ាង​ញឹកញាប់ ខណៈ​ដែល​នៅ​កម្ពុជា​ក៏​មាន​ក្លិប​ទទួល​បណ្ដុះបណ្ដាល និង​បញ្ជូន​​កីឡាករ​-​កីឡាការិនី​ទាំងនោះ​ឱ្យ​ចេញ​ប្រកួត​ស្ទើរ​គ្មាន​លោះ​ពេល​នោះ​ទេ ។

ស្របគ្នា​ដែល​ប្រដាល់​ដាក់​ទ្រុង ក៏​មានកា​រវិ​វត្ត​ទៅ​ជា​ប្រដាល់​ក្បាច់គុន​ចម្រុះ​ក្រោម​ការ​រៀប​ចំ​របស់​ថៃ និង​ប្រទេស​ផ្សេង​ទៀត​នោះ​ផង ទើប​កីឡាករ​កម្ពុជា​ច្រើន​ឡើង​មាន​ឱកាស​បាន​ចេញ​ប្រកួត ។ យ៉ាងណា​ក៏​ដោយ គេ​កត់​សម្គាល់ថា មាន​តែ​កីឡាការិនី​កម្ពុជា​៤​រូប​ប៉ុណ្ណោះ ដែល​មានសំណាង​បាន​ឡើង​ប្រកួត​ដាក់​ទ្រុង​ញឹកញាប់​ជាងគេ ដោយ​អ្នក​ទាំង​៤ ថែម​ទាំង​មានមុខ​ឡើង​ប្រកួត​នៅ​ក្នុង​ព្រឹ​ត្តឹ​ការណ៍​ធំ​ៗ​ដែល​រៀបចំ​នៅ​កម្ពុជា និង​នៅ​ប្រទេស​ផ្សេង​ៗ​ជា​ពិសេស​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។

កីឡាការិនី​កម្ពុជា​ដែល​មានសំណាង​បានប្រកួត​ប្រដាល់​ដាក់​ទ្រុង​នោះ រួម​មាន កីឡា​ការិនី អេ យ៉ា​នុ​ត កីឡាការិនី​សម ថា​រ័​ត្ន កីឡាការិនី​វី ស្រី​ខួច និង​កីឡាការិនី​វី ស្រី​ឆាយ ។ អ្នក​ទាំង​៤​ត្រូវ​គេ​ទទួលស្គាល់​ថា ​បាន​ក្លាយជា​កីឡាការិនី​ប្រដាល់​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​នា​ពេល​ចុងក្រោយ ទោះបី​មាន​ប្រភព​ដោយឡែក​ពី​គ្នា ប៉ុន្តែ​ចុង​ក្រោយ​ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឡើងប្រកួត​ដាក់​ទ្រុង​ជាមួយ​គ្នា ។ អ្នកខ្លះ​ចេញពី​ប្រភព​ប្រដាល់សេរី ខ្លះ​ចេញពី​ក្បាច់គុន​ល្បុ​ក្កតោ និង​ខ្លះ​ទៀត​ចេញពី​ប្រដាល់​សាកល ហើយ​ទោះបី​ស្រី​ស្អាត​ទាំង​៤​នៅ​តែ​លេចធ្លោ​ក្នុង​ប្រដាល់ដាក់​ទ្រុង​មែន ក៏​នៅ​តែ​បាន​ចូលរួម​ក្នុង​សហព័ន្ធ​កីឡា​កម្ពុជា​ក្នុង​ទម្រង់​មួយ​ផ្សេង​ពី​គ្នា​ដដែល​។

– អេ យ៉ា​នុ​ត ៖ គឺជា​កូនស្រី​សំណព្វចិត្ត​តែ​មួយ​គត់​របស់​អតីត​កីឡាករ​ល្បីឈ្មោះ លោក អេ ភូ​ថង ។ នាង​ជា​កីឡាការិនី​ដែល​បាន​ប្រឡូក​ការ​ប្រដាល់​តាម​ឪពុក​តាំងពី​វ័យ​១០​ឆ្នាំ​ម្ល៉េះ ដើម្បី​រក​លុយ​ជួយ​ម្ដាយចិញ្ចឹម​ក្រពះ ប៉ុន្តែ​ក្រោយមក​ក៏​ចាប់​យក​ជា​អាជីព ហើយ​បាន​ល្បី​ឈ្មោះ​មិន​ចាញ់​ឪពុក​ដល់​បច្ចុប្បន្ន ។ នាង​បាន​ឡើង​ប្រដាល់​ដំបូង​បំផុត​នៅ​លើ​​សង្វៀន​​ទូរទស្សន៍​បាយ័ន ក្នុង​ពេល​ដែល​ស្ថាប័ន​នេះ​បើក​ការ​ប្រដាល់​ផ្នែក​នារី ប៉ុន្តែ​នៅ​ក្នុង​ពេល​នោះ នាង​ទទួល​បាន​ឱកាស​ឈ្នះ​ការ​ប្រកួត​តិច​ណាស់ ដោយសារ​តែ​នាង​នៅ​ក្មេង​មិន​សូវ​​មាំមួន តែ​ខំ​ដំឡើង​អាយុ​ដើម្បី​ឱ្យ​មានការ​ផ្គូផ្គង​គ្រាន់​បាន​លុយ ។ បន្តបន្ទាប់​មក​ការ​ប្រដាល់សេរី​ផ្នែក​នារី​ក៏​ត្រូវ​បាន​រំសាយ​ចោល ទើប​ធ្វើ​ឱ្យ​ឪពុក​នាង​យក​នាង​ទៅ​បណ្ដុះ​ខាង​ផ្នែក​ប្រដាល់​សាកល ហើយ​បាន​ដាក់​នាង​នៅ​ក្នុង​សហព័ន្ធ​ប្រដាល់​សាកល​ដើម្បី​ឱ្យ​នាង​បាន​តំណាង​ប្រទេស​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស ។

មក​ទល់​ពេល​នេះ អេ យ៉ា​នុ​ត បាន​ចេញ​ប្រកួត​ក្រៅ​ស្រុក​ជា​ច្រើន​លើក​ក្នុង​នាម​ជា​កីឡា​ការិនី​ជម្រើសជាតិ​ខាង​ផ្នែក​ប្រដាល់​សាកល បើ​ទោះជា​នាង​មិន​ទាន់​ទទួល​បាន​មេដាយ​មាស និង​ប្រាក់​ពី​ព្រឹត្តិការណ៍​អន្តរជាតិ​ធំ​ៗ​ណាមួយ​ក្ដី ។ ក្រៅពី​បាន​ក្លាយ​ខ្លួន​ជា​កីឡា​ការិនី​ជម្រើសជាតិ​ក្នុង​អាជីព​ប្រដាល់​សាកល​ហើយ នាង​ក៏​បាន​ហ្វឹកហាត់​ចំបាប់ និង​ក្បាច់គុន​ប្រដាល់​ដាក់​ទ្រុង​ផង​ដែរ​ក្រោម​ការ​ជ្រោមជ្រែង​របស់​ឪពុក ទើប​ក្នុង​រយៈពេល​ចុង​ក្រោយ អេ យ៉ា​នុ​ត បាន​ឡើង​ប្រកួត​តំណាង​ឱ្យ​កម្ពុជា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដាក់​ទ្រុង​ជា​ហូរហែ​មិនសូវ​បាត់​ព្រោះតែ​នៅ​កម្ពុជា​មិនសូវ​សំបូរ​អ្នក​ខ្លាំង​ខាង​ផ្នែក​ប្រដាល់​ដាក់​ទ្រុង ។ នាង​បាន​ចេញ​ប្រកួត​ជា​ញឹកញយ ដោយ​ភាគច្រើន​ប៉ះ​ជាមួយ​កីឡាការិនី​បារាំង និង​ប្រទេស​ផ្សេង​មួយ​ចំនួន​តែ​ក៏​មាន​ឈ្នះ​ខ្លះ ចាញ់​ខ្លះ មិនសូវ​បាន​ផ្លែផ្កា​តាម​ការ​ចង់បាន​១០០​ភាគរយ​នោះ​ដែរ​។

– វី ស្រី​ខួច ៖ នាង​គឺជា​កីឡាការិនី​ដែល​ធ្លាប់​ហែល​ឆ្លង​ការងារ​ជា​កម្មការិនី​រោងចក្រ និង​ការងារ​សំណង់​ជាមួយ​ឪពុក ហើយដោយ​សារតែ​ចង់បាន​លុយ ក៏​សុំ​ឪពុក​ចូល​ហាត់​ប្រដាល់​នៅ​ជិត​ផ្ទះ​ក្នុងស្រុក​កណ្ដាលស្ទឹង រួច​ក៏​មានឱកាស​ឡើង​ប្រដាល់​នៅ​ទូរទស្សន៍​បាយ័ន​តែ​ម្ដង ។ នាង​ឡើង​ប្រដាល់​បើក​ឆាក​ដំបូង​ទទួល​បានការ​ចាប់អារម្មណ៍​តែ​ម្ដង ដោយសារ​តែ​នាង​គឺជា​នារី​ក្មេង​វ័យ​ស្រស់​ស្អាត មុខមាត់​មិនសូវ​សមជា​អ្នក​ប្រដាល់ ហើយ​​បើ​និយាយ​ពី​លទ្ធផល​ដំបូង​គឺ​នាង​ធ្វើ​បាន​ល្អ​នឹក​ស្មាន​មិន​ដល់ ។ នាង​ឡើង​សង្វៀន​ទូរទស្សន៍​បាយ័ន​ញឹកញាប់​ជាងគេ ដោយ​បាន​វាយ​ផ្ដួល​កីឡាការិនី​រួម​ជំនាន់​មិន​ឱ្យ​អ្នក​ណា​ងើបមុខ​រួច​ទេ ។ នាង​បាន​វាយ​ឈ្នះ​ពាន​ជើងឯក​របស់​ទូរទស្សន៍​បាយ័ន និង​ត្រូវ​បាន​បញ្ជូន​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​បារាំង​ដោយ​ទទួល​បាន​ខ្សែក្រវាត់​មួយ ក្រោយ​ពី​ឈ្នះ​កីឡាការិនី​បារាំង​នោះ​ផង ។

នាង​គឺជា​កីឡាការិនី​មួយ​រូប​ដែល​គេ​ចាត់​ទុក​ថា​ល្បីល្បាញ​ដោយ​អត់​ប្រើ​ខ្សែ​ទុយោ​នោះ​ទេ ហើយ​ភាព​ខ្លាំង​របស់​នាង​គឺជា​កត្តា​តែ​មួយ​មុខ​ដែល​ធ្វើ​ឱ្យ​នាង​ល្បីឈ្មោះ ។ មក​ទល់​ពេល​នេះ នាង​គឺជា​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​វ៉ូ​វី​ណា​ម ហើយ​យូរ​ៗ​ម្ដង​នាង​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដាក់​ទ្រុង​ទាំង​ក្នុង និង​ក្រៅប្រទេស​ស្ទើរ​តែ​រាប់​ភ្លេច ។ ស្ទើរ​មិន​មាន​ដៃគូ​ណាមួយ​ដែល​នាង​ប៉ះ​ប្រកួត​ជាមួយ​ហើយ​មិន​ទ្រម​ខ្លួន និង​មិន​វេទនា​នោះ​ទេ ដោយសារ​តែ​នាង​គឺជា​កីឡាការិនី​ល្អ​ម្នាក់ ដែល​មាន​កណ្ដាប់ដៃ​ខ្លាំង ។

យ៉ាងណាមិញ នៅ​លើ​សង្វៀន​ប្រដាល់​ដាក់​ទ្រុង នាង​ក៏​មិន​សុទ្ធតែ​ឈ្នះ​នោះ​ដែរ តែ​គេ​ចាត់​ទុក​ថា​នាង​ឈ្នះ​ដោយ​កិត្តិយស ហើយ​បើ​ចាញ់​ក៏​ចាញ់​ដោយ​ឱ្យ​អ្នកគាំទ្រ​ពេញចិត្ត ដោយ​អាច​និយាយ​បាន​ថា អ្នក​ឡើង​ប្រកួត​ជាមួយ​នាង គឺ​ទោះបី​ឈ្នះ ឬ​ចាញ់ សុទ្ធតែ​មាន​លទ្ធផល​មិន​ស្រួលខ្លួន​ដូច​គ្នា​។

– សម ថា​រ័​ត្ន ៖ នាង​ជា​កីឡាការិនី​ផ្នែក​ល្បុក្កតោ ដែល​ក្រោយមក​ក៏​បាន​ហក់​ចូល​ប្រដាល់​ដាក់​ទ្រុង​ដោយសារ​តែ​កាយសម្បទា​ល្អ និង​មានចិត្ត​ក្លាហាន ។ នាង​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ញឹកញាប់​ជាងគេ​នោះ​ផង ដោយសារ​តែ​នាង​ល្បី​ក្នុង​ការ​ប្រើប្រាស់​ក្បាច់​គុន​បាន​ល្អ ។ មក​ទល់​ពេល​នេះ នាង​ស្ងាត់​មិនសូវ​ឡើង​រេញ គឺ​ដោយសារ​តែ​ខ្វះ​គូប្រកួត ក្នុង​ពេល​ដែល​នាង​ឡើង​រេញ​ប្រដាល់​ដាក់​ទ្រុង ស្ទើរតែ​ដល់​ថ្នាក់​កំណត់​លែងឱ្យ​ឡើង​រេញ​ទៀត​ទៅ​ហើយ ។

នាង​ក៏​ជា​តារា​សម្ដែង​មួយ​រូប​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ផង​ដែរ ដោយ​នាង​ប្រកាស​ថា​នៅ​ទទួល​ប្រកួត​តែ​ការ​ប្រដាល់​អន្តរជាតិ​ធំ​ៗ​ប៉ុណ្ណោះ ទើប​ក្នុង​រយៈពេល​ចុង​ក្រោយ​គេ​ឃើញ​នាង​ស្ងាត់​ការ​ប្រកួត​។

– វី ស្រី​ឆាយ ៖ នាង​ក៏​ជា​អតីត​អ្នក​ប្រដាល់សេរី​ដូច​គ្នា​នឹង អេ យ៉ា​នុ​ត ផង​ដែរ ប៉ុន្តែ​ក្រោយ​ការ​រំសាយ​ការ​ប្រកួត​នេះ នាង​ក៏​ងាក​ទៅ​ប្រឡូក​ការ​ប្រដាល់​សាកល ហើយ​ចុង​ក្រោយ​នាង​ក៏​ជា​កីឡាការិនី​ដែល​មាន​ទីផ្សារ​ប្រដាល់​ដាក់​ទ្រុង​មិន​គួរ​ឱ្យ​ជឿ ។ នាង​ត្រូវ​បាន​​គណៈ​កម្មការ​ប្រដាល់​ដាក់​ទ្រុង​យក​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ច្រើន ដោយសារ​តែ​នាង​ក្មេង​ហើយ​ត្រូវ​គីឡូ​នឹង​កីឡាការិនីផ្នែក​នេះ​ច្រើន​ជាងគេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ