ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រើប្រាស់​ប្រាក់រៀល​ក្នុង​ចរន្ដ​សេដ្ឋកិច្ច​កំពុង​មាន​កំណើន​ជា​លំដាប់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន ការ​ចាយ​រូបិយប័ណ្ណ​បរទេស​នៅ​លើ​ទីផ្សារ​កម្ពុជា ជា​ពិសេស ប្រាក់​ដុល្លារ គឺ​ស្ទើរតែ​ស្មើនឹង​៩០%​ក្នុង​ការ​ទូទាត់​ទំនិញ​ទាំង​លក់ដុំ និង​រាយ​ទៅ​ហើយ​។ ចំណែក​នៅ​តាម​ព្រំដែន​ថៃ គេ​និយម​ចាយ​លុយ​បាត…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន ការ​ចាយ​រូបិយប័ណ្ណ​បរទេស​នៅ​លើ​ទីផ្សារ​កម្ពុជា ជា​ពិសេស ប្រាក់​ដុល្លារ គឺ​ស្ទើរតែ​ស្មើនឹង​៩០%​ក្នុង​ការ​ទូទាត់​ទំនិញ​ទាំង​លក់ដុំ និង​រាយ​ទៅ​ហើយ​។ ចំណែក​នៅ​តាម​ព្រំដែន​ថៃ គេ​និយម​ចាយ​លុយ​បាត ហើយ​នៅ​តាម​ព្រំដែន​វៀតណាម គេ​និយម​ចាយ​លុយ​ដុ​ង ដែល​ធ្វើ​ឱ្យប្រាក់​រៀល​ខ្មែរ​មិន​មាន​ឥទ្ធិពល ។ ទោះបី​យ៉ាងណា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ធ្វើ​យុទ្ធនាការ​មួយ​ចំនួន​ដើម្បី​ជំរុញ​ឱ្យ​មានការ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ ឃើញ​ថា​ការ​ចាយប្រាក់​រៀល​ខ្មែរ​មាន​កំណើន​ជា​លំដាប់ ។

ថ្លែង​ក្នុង​ទិវា​ប្រារព្ធ​ខួប​លើក​ទី​៣៨ នៃ​ការ​ដាក់​ឱ្យ​ចរាចរណ៍​ប្រាក់​រៀល​ឡើង​វិញ កាលពី​ថ្ងៃ​ទី​២០ មីនា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ច មានការ​កើន​ឡើងជា​លំដាប់ ដោយសារ​តែ​ការ​យល់​ដឹង​ពី​ការ​ប្រើប្រាស់​ប្រាក់​រៀល ក៏​ដូច​ជា​អត្ថប្រយោជន៍​នៅ​ក្នុង​សង្គម​មាន​ច្រើន​ជាង​មុន ។

លោក​ជំទាវ​ថ្លែង​ថា ៖« កំណើន​នេះ​ក៏​ជា​មោទនភាព​មួយ​ដែរ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​យើង​ក៏​កំពុង​សហការ​ជាមួយ​ស្ថាប័ន​ទាំងអស់ ពិសេស​ពី​វិស័យ​ឯកជន​ឱ្យ​គាត់​ចូលរួម​ប្រើប្រាស់​ប្រាក់​រៀល » ។
លោក​ជំទាវ​លើក​ឡើង​ថា ៖« តាម​ការ​អង្កេត​របស់​យើង ការ​ប្រើប្រាស់​ប្រាក់​រៀល​ច្រើន​ជាងគេ គឺ​នៅ​តាម​តំបន់​ជនបទ​ភូមិភាគ​កណ្តាល​ដែល​ជា​ខេត្ត​មិន​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​ជិតខាង ដូច​ជា ខេត្តកំពង់ធំ​, កំពង់ចាម​, បាត់ដំបង និង​ខេត្ត​តំបន់​ទេសចរណ៍ » ។

លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​មីក្រូហិរញ្ញវត្ថុ មាន​ប្រសាសន៍​ថា ៖«​បន្ទាប់​ពី​ធនាគារជាតិ​ជំរុញ​ឱ្យ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​កន្លង​មក យើង​សង្កេត​ឃើញ​ថា ប្រជាជន​យើង​មានការ​ប្រើប្រាស់​ប្រាក់​រៀល​ច្រើន​ជាង​មុន ។ សូ​ម្បី​តែ​ប្រាក់​សន្សំ​ដែល​ខាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​អឹ​ម​ខេ ក៏​មានការ​កើន​ឡើងជា​ប្រាក់​រៀល​ច្រើន​ដែរ ពិសេស​ប្រជាជន​ដែល​គាត់​មាន​ចំណូល​ទាប គាត់​ត្រូវការ​ប្រាក់​រៀល​ច្រើន​ជាង​ប្រាក់​ដុល្លារ » ។

លោក​ជំទាវ អ៊ុ​ក ម៉ា​លី ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​ការ​ប្រើប្រាស់​ប្រាក់​រៀល​កាន់តែ​ច្រើន នឹង​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​ចំណេញ​ចម្បង​ៗ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម ។

លោក​ជំទាវ​ថ្លែង​ថា ៖« ការ​ប្រើប្រាស់​ប្រាក់​រៀល​ជា​ផ្នែក​មួយ​នៃ​ការ​បង្ហាញ​ពី​អត្តសញ្ញាណ​ប្រទេស​, បង្កើន​ទុនបម្រុង​ជាតិ​របស់​កម្ពុជា ដែល​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច និង​វិស័យ​ហិរញ្ញវត្ថុ​, ពង្រឹង​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយ​វត្ថុ ដែល​នឹង​រួមចំណែក​រក្សា​ស្ថិរភាព​ថ្លៃ​និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, ពង្រឹង​ប្រសិទ្ធភាព​គោលនយោបាយ​អត្រា​ប្តូរ​ប្រាក់ ដែល​នឹង​រួមចំណែក​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម ទេសចរណ៍ ក៏​ដូច​ជា​រួមចំណែក​ជួយ​សេដ្ឋកិច្ច​នៅ​ពេល​មានការ​ប៉ះទង្គិច​ជាយថាហេតុ ។ ជាមួយ​គ្នា​នេះ បាន​បង្កើន​ចំណូល​ពី​ការ​បោះពុម្ព​ក្រដាសប្រាក់​ដែល​នឹង​រួមចំណែក​បង្កើន​ចំណូល​ជូន​រាជរដ្ឋាភិបាល ដើម្បី​យក​ទៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ដូច​ជា ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ចំណាយ​សាធារណៈ​ជាដើម និង​ពង្រឹង​អធិបតេយ្យភាព​រូបិយ​វត្ថុ ដោយ​កាត់​បន្ថយ​ភាព​ងាយ​រង​ឥទ្ធិពល​ពី​ការ​ប្រែប្រួល​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ » ។

លោក​ជំទាវ អ៊ុ​ក ម៉ា​លី លើក​ឡើង​ថា ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​និង​រឹង​មាំ ក្នុង​អត្រា​មធ្យម​ប្រមាណ​៨% ជាមួយ​អតិផរណា​ទាប​ប្រមាណ​៣% ។

បើ​តាម​លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​យល់​ឃើញ​ថា ដើម្បី​ជំរុញ​ឱ្យ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​កាន់តែ​ច្រើន​ឡើង ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ព្យាយាម​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ទូទៅ ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បាន​ផ្តល់​អនុសាសន៍​ថា ដើម្បី​ឱ្យ​ការ​ចាយ​លុយ​រៀល​មាន​សន្ទុះ​ជាង​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​ត្រូវ​តម្រូវ​ឱ្យ​បើក​ប្រាក់ខែ​គ្រប់​វិស័យ​តាម​ប្រព័ន្ធ​ធនាគារ និង​បើក​ជា​ប្រាក់​រៀល ។ លោក​ថា ធ្វើ​ដូចនេះ រាជរដ្ឋាភិបាល​អាច​គ្រប់គ្រង​រូបិយ​វត្ថុ​បាន​ផង ក៏​ដូច​ជា​លើកទឹកចិត្ត​ឱ្យ​ចាយប្រាក់​រៀល​ផង​ដែរ​។ វិធានការ​មួយទៀត លើកទឹកចិត្ត​ឱ្យ​មានការ​ដាក់​សន្សំ​ជា​ប្រាក់​រៀល​ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​ប្រាក់​ដុល្លារ ។ ចំណែក​ការ​ទិញ​ទំនិញ​ត្រូវ​គិត​ជា​លុយ​រៀល តែ​កុំ​គិត​តាម​អត្រា​ប្រាក់​ដុល្លារ ។

ទោះជា​បែប​នេះ​ក្តី លោក គី សេរី​វឌ្ឍន៍ លើក​ឡើង​ថា ការ​ប្រើប្រាស់​ប្រាក់​រៀល និង​ប្រាក់​ដុល្លារ មាន​ផលប្រយោជន៍​ដូច​គ្នា​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា ។ លោក​បន្ត​ថា ៖« ប៉ុន្តែ​ជា​ទូទៅ នៅ​ក្នុង​ប្រទេស​នីមួយ​ៗ កាលណា​ជា​ប្រទេស​សម្រាប់​នាំ​ចេញ គឺ​ចង់ឱ្យ​ចរន្ត​នៃ​ការ​ចាយវាយ​នេះ​ជា​លុយ​នៅ​ក្នុងស្រុក ដើម្បី​ឱ្យ​រាជរដ្ឋាភិបាល​អាច​គ្រប់គ្រង​ថ្លៃដើម​ផលិតកម្ម​បាន​ស្រួល​ជាង​យើង​ចាយ​ជា​លុយ​ដុល្លារ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ