ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពវិជ្ជមាន និងអវិជ្ជមាននៃដុល្លាររូបនីយកម្មនៅក្នុងប្រទេសកម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ធនាគារជាតិ​រៀបចំ​ទិវា​ស្រឡាញ់​ប្រាក់​រៀល ការ​ធ្វើ​ប​ដិ​ដុល្លារ​នី​យ​កម្ម​នៅ​តែ​មាន​ភាព​ប្រទាំង​ប្រទើស ប៉ុន្តែ​ដុល្លា​រូប​នី​យ​កម្ម​នៅ​តែ​មាន​សញ្ញា​វិជ្ជមាន ដោយ​វា​បាន​រួមចំណែក​៨,៥% ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ។ យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា ស្តី​ពី…

រាជធានី​ភ្នំពេញ ៖ ខណៈ​ធនាគារជាតិ​រៀបចំ​ទិវា​ស្រឡាញ់​ប្រាក់​រៀល ការ​ធ្វើ​ប​ដិ​ដុល្លារ​នី​យ​កម្ម​នៅ​តែ​មាន​ភាព​ប្រទាំង​ប្រទើស ប៉ុន្តែ​ដុល្លា​រូប​នី​យ​កម្ម​នៅ​តែ​មាន​សញ្ញា​វិជ្ជមាន ដោយ​វា​បាន​រួមចំណែក​៨,៥% ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ។

យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា ស្តី​ពី សារសំខាន់​នៃ​ប្រាក់​រៀល​សម្រាប់​កម្ពុជា​បាន​បង្ហាញ​ថា មក​ដល់​បច្ចុប្បន្ន ដុល្លា​រូប​នី​យ​កម្ម​បាន​ចូលរួម​ចំណែក​ជា​វិជ្ជមាន​ដល់​ការ​រីក​ចម្រើន​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា ដែល​មាន​កម្រិត​មធ្យម​ប្រមាណ​៨,៥% នៅ​ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ក្នុង​នោះ​ល្បឿន​កំណើន​ដែល​គួរ​ឲ្យ​កត់សម្គាល់​នេះ ត្រូវ​បាន​ជំរុញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ការ​នាំ​ចេញ និង​សមាហរណកម្ម​យ៉ាង​ឆាប់រហ័ស​ទៅ​ក្នុង​តំបន់ និង​ពិភពលោក ។

របាយការណ៍​នេះ​បាន​បង្ហាញ​ថា ខណៈ​កម្ពុជា​កំពុង​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ដុល្លា​រូប​នី​យ​កម្ម​ខ្ពស់ បាន​ធ្វើ​ឲ្យ​កម្ពុជា​រង​នូវ​ឥទ្ធិពល​ពី​ខាងក្រៅ ហើយ​ប្រឈម​នឹង​ហានិភ័យ​ជា​ចម្បង​ៗ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ ។
របាយការណ៍​ដដែល​បាន​សង្កត់ធ្ងន់​ថា កម្ពុជា​ចាំបាច់​ត្រូវ​បង្កើន​ភាព​ឯករាជ្យ​ពី​ការ​ប្រើប្រាស់​រូបិយប័ណ្ណ ដើម្បី​ធ្វើ​ឲ្យ​លទ្ធភាព​នៃ​ការ​គ្រប់គ្រង​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​នោះ​ដោយ​យល់​ឃើញ​ពីសារ​សំខាន់​នៃ​តួនាទី​រូបិយប័ណ្ណ​ជាតិ​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល

ដូច​បាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ និង​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ។ ជាក់ស្តែង រាជរដ្ឋាភិបាល​បាន​ជំរុញ​ការ​បង់ពន្ធ បង់ថ្លៃ​ទឹក​-​ភ្លើង ត្រូវធ្វើ​ឡើងជា​ប្រាក់​រៀល រួម​នឹង​ការ​រក្សា​តម្លៃ​ប្រាក់​រៀល​តាម​រយៈ​ការ​ធ្វើ​ឲ្យ​អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរភាព ជាដើម ។

ទោះជា​យ៉ាងណា មាន​ប្រតិកម្ម​ចម្រុះ​ទាក់ទង​នឹង​ភាព​វិជ្ជមាន និង​អវិជ្ជមាន​លើ​ដុល្លារ​រូប​នី​យ​កម្ម​នៅ​កម្ពុជា ។
លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​នៅ​កម្ពុជា​មាន​ទាំង​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន ប៉ុន្តែ​ភាព​អវិជ្ជមាន​អាច​មាន​ច្រើន ដោយសារ​កម្ពុជា​នាំ​ចេញ​ដោយ​ប្រើប្រាស់​ប្រាក់​ដុល្លារ ហេតុនេះ នៅ​ពេល​ប្រាក់​ដុល្លារ​ឡើងថ្លៃ នឹង​ធ្វើ​ឲ្យ​ទំនិញ​កម្ពុជា​មាន​តម្លៃ​ថ្លៃ និង​ពិបាក​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ដទៃ​ទៀត ។
លោក​បន្ត​ថា ៖« ទោះជា​ការ​ចរាចរ​ប្រាក់​ដុល្លារ​នៅ​កម្ពុជា​មាន​ចំណុច​អវិជ្ជមាន​ច្រើន​ក្តី ប៉ុន្តែ​ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​មានការ​ធ្វើ​ប​ដិ​ដុល្លារ​នី​យ​កម្ម​បន្តិច​ម្តង​ៗ ដើម្បី​ឲ្យ​ប្រាក់​របស់​ជាតិ​មាន​ស្ថិរភាព និង​ជា​ការ​លើកកម្ពស់​មោទនភាព​ជាតិ » ។

ទោះជា​យ៉ាងណា អ្នក​វិនិយោគ​តៃវ៉ាន់ ដែល​បាន​វិនិយោគ​គម្រោង TK Royal One នៅ​កម្ពុជា លោក Chenyi Liu បាន​ថ្លែង​ថា ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​យ៉ាង​ទូលំទូលាយ​នៅ​កម្ពុជា ជា​ចំណុច​វិជ្ជមាន ដោយសារ​យើង​មាន​ភាព​កក់ក្តៅ និង​មាន​ទំនុកចិត្ត​នូវ​ការ​ចរាចរ​ប្រាក់​ដុល្លារ​នៅ​កម្ពុជា ប៉ុន្តែ​យ៉ាងណា វា​មិនមែន​ជា​ផ្នែក​តែ​មួយ ដែល​បាន​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា​នោះ​ទេ ។
លោក​បន្ត​ថា ៖« ការ​ចរាចរ​ប្រាក់​ដុល្លារ​យ៉ាង​សកម្ម និង​ទូលំទូលាយ​នៅ​ក្នុង​ទីផ្សារ​នៅ​ទី​នេះ ពិតជា​ល្អ​ប្រសើរ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​កាន់តែ​មាន​ទំនុកចិត្ត » ។

អគ្គនាយក​ក្រុមហ៊ុន WTC Phnom Penh លោក KAZUYA URATA បាន​យល់​ស្រប​នឹង​ការ​វិនិយោគ​របស់​ជនជាតិ​តៃវ៉ាន់ ដោយ​លោក​បាន​ថ្លែង​ថា ការ​អនុញ្ញាត​ឲ្យ​មានការ​ចរាចរ​ប្រាក់​ដុល្លារ​យ៉ាង​ទូលំទូលាយ​នៅ​កម្ពុជា ពិតជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ឲ្យ​អ្នក​វិនិយោគ​មាន​ទំនុកចិត្ត និង​មាន​ភាព​កក់ក្តៅ​នៅ​ក្នុង​ទីផ្សារ​នេះ ប៉ុន្តែ​ការ​មានច្បាប់​វិនិយោគ​ដ៏​ល្អ កំណើនសេដ្ឋកិច្ច​ល្អ និង​ការ​អនុញ្ញាត​ឲ្យ​ជនបរទេស​មាន​សិទ្ធិ​បោះទុន​វិនិយោគ​១០០% ក៏​ជា​ផ្នែក​ដ៏​សំខាន់​ដែល​បាន​និង​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​ជា​ច្រើន​មក​កម្ពុជា​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ