រាជធានីភ្នំពេញ ៖ បុរសម្នាក់ខណៈកំពុងឡើងដើមត្នោត ស្រាប់តែមេឃងងឹតរកកល់ភ្លៀង លុះខ្យល់បក់កួចមួយវឹបតោងមិនជាប់បណ្តាលឱ្យធ្លាក់មកដីបាក់ភ្លៅខាងស្តាំ និងរយះដាច់សាច់ដៃទាំងសងខាង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៨ មីនា នៅភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
បុរសដែលធ្លាក់ពីលើដើមត្នោតនេះឈ្មោះលុច ជា អាយុ៥៥ឆ្នាំ មានទីលំនៅក្នុងភូមិខាងលើបានឱ្យដឹងថា នារសៀលនោះពេលគាត់ឡើងយកទឹករួចហើយបំរុងចុះមកក្រោមវិញ ស្រាប់តែមេឃងងឹតហើយមានខ្យល់កួចបក់មួយវឹប ទោះបីគាត់ប្រវេប្រវាតោងចាប់ធាងត្នោតដែរ ក៏ចាប់មិនជាប់ ព្រោះខ្យល់បក់ខ្លាំងពេក បណ្តាល ឱ្យធ្លាក់មកមុតដៃនឹងធាងត្នោតរយះដាច់សាច់ទាំងសងខាង និងបាក់ភ្លៅខាងស្តាំ។
តាមស្ត្រីជាប្រពន្ធឈ្មោះទុំ ធួក អាយុ៤៩ឆ្នាំ បានឱ្យដឹងថា គ្រួសារគាត់ធ្វើស្រែចំការមិនធ្លាប់ឡើងត្នោតទេ ទើបតែរយៈពេលជាងមួយឆ្នាំនេះ ប្តីគាត់រៀនឡើងត្នោតដើម្បីយកទឹកត្នោតរំងាស់ធ្វើស្ករលក់នឹងគេ ព្រោះធ្វើស្រែបានតិចពេកហូបមិនគ្រប់។ គាត់និយាយថា របរឡើងត្នោតនេះក្នុងមួយថ្ងៃគាត់រំងាស់ស្ករបាន៣គីឡូក្រាម។ នៅថ្ងៃកើតហេតុនោះមេឃងងឹតធ្លាក់ខ្យល់ខ្លាំងរកកល់ចង់ភ្លៀង តែមិនមានភ្លៀងទេ ស្រាប់តែមានគេមកប្រាប់ថា ប្តីធ្លាក់ពីលើដើមត្នោត ពេលទៅដល់ឃើញប្តីបាក់ភ្លៅ និងរបួសហូរឈាមច្រើន ក៏រករថយន្តដឹកគាត់ទៅមន្ទីរពេទ្យព្រះកុសុមៈតែម្តង ដែលពេលនេះគ្រូពេទ្យបានវះកាត់រួចហើយ។ នេះជាមេរៀនមួយសម្រាប់បងប្អូនអ្នកឡើងត្នោត ពេលមេឃងងឹតចង់ភ្លៀង ឬមានខ្យល់បក់ខ្លាំងមិនគួរប្រថុយប្រថានឡើងទេ៕
ចែករំលែកព័តមាននេះ