ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​ច្បារ​អំពៅ​មាន​ក្ដី​ត្រេកអរ ចំពោះ​ការ​ឧត្ដម​ពី​សំណាក់​សម្ដេច​តេ​ជោ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួយ​សាងសង់​ដំបូល​ស​ង្ក័​សី​ដ៏​ធំ​គ្រប​ហ៊ុំ​ព័ទ្ធ​ផ្ទៃ​បរិវេណ​ផ្សារ​ច្បារ​អំពៅ​ទាំងមូល និង​ជួយ​ស្ថាបនា​ផ្លូវ​ចំនួន​២​ខ្សែ នៅ​ជាប់​ផ្សារ ជូន​បងប្អូន​អាជីវករ​ទាំងអស់…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួយ​សាងសង់​ដំបូល​ស​ង្ក័​សី​ដ៏​ធំ​គ្រប​ហ៊ុំ​ព័ទ្ធ​ផ្ទៃ​បរិវេណ​ផ្សារ​ច្បារ​អំពៅ​ទាំងមូល និង​ជួយ​ស្ថាបនា​ផ្លូវ​ចំនួន​២​ខ្សែ នៅ​ជាប់​ផ្សារ ជូន​បងប្អូន​អាជីវករ​ទាំងអស់ ពិសេស​បងប្អូន​អាជីវករ​ដែល​រង​គ្រោះ​ក្នុង​មហន្តរាយ​អគ្គី​ភ័យ​ឆាបឆេះ​បំផ្លាញ តូប​លក់ដូរ របស់​បងប្អូន​អស់​៥៨៨​តូប លើ​១៤៤៧​តូប កាលពី​យប់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មី​ៗ​នេះ​។ ថ្លែងប្រាប់​ចំពោះ​មុខ​បងប្អូន​អាជីវករ​ផ្សារ​ជា​ច្រើន ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​វេលា​រសៀល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨​នេះ ឲ្យ​ដឹង​ថា ដោយ​មើលឃើញ​នូវ​ការ​លំបាក​របស់​បងប្អូន​អាជីវករ ដែល​រង​គ្រោះ ក្នុង​មហន្តរាយ​អគ្គិភ័យ​ដ៏​កំណាច​ដែល​បាន​ឆាបឆេះ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រកស៊ី​របស់​បងប្អូន​នោះ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួយ​សាងសង់​ដំបូល​ស​ង្ក័​សី​ដ៏​ធំ​មួយ ដោយ​សង់​ឡើង​ក្នុង​កម្ពស់​ខ្ពស់​គួរសម បង្ក​លក្ខណៈ​ជា​ម្លប់​ត្រជាក់​អាច​មាន​ខ្យល់អាកាស​បក់​ចេញចូល​ទៅ​មក​បាន​ស្រួល​សម្រាប់​បងប្អូន​អាជីវករ​អាច​លក់ដូរ មិន​ពិបាក​រង​កម្តៅ​ដូច​មុន​។

លោក​អភិបាល​រាជធានី បាន​បន្ត​ថា លើស​ពី​នេះ សម្តេច​នឹង​ជួយ​ស្ថាបនា​ជួសជុល​ផ្លូវ ចំនួន​២​ខ្សែ នៅ​ជាប់​ផ្សារ​ដែល​រង​ការ​ខូចខាត គឺ​ផ្លូវ​លេខ​៣៦៣ (​ខាងកើត​) និង​ផ្លូវ​លេខ​៦២០ (​ខាងជើង​) ជូន​បងប្អូន​អាជីវករ ក៏​ដូច​ជា​សម្រាប់​ពលរដ្ឋ​ទូទៅ​អាច​ធ្វើ​ដំណើរ​ទៅ​មក​បាន​ងាយស្រួល​ផង​ដែរ​។ អភិបាល​រាជធានី បន្ត​ថា ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​បងប្អូន​អាជីវករ​នៅ​ពេល​នេះ ថ្វី​ត្បិត​មិន​អាច​បំពេញ​គ្រប់គ្រាន់ លើ​អ្វី​ដែល​បងប្អូន​បាន​បង់​រលាយ​អស់​ក្នុង​ភ្នក់ភ្លើង​ដ៏​កំណាច​ក៏​ដោយ តែ​នេះ គឺជា​ការ​គិតគូរ​ខ្ពស់ ក៏​ដូច​ជា​ការ​មើលឃើញ​សុខទុក្ខ​លំបាក​របស់​ពលរដ្ឋ ក្នុង​ការ​ចូលរួម​ចំណែក រំលែក​នូវ​ការ​លំបាក​ជូន​របស់​បងប្អូន​អោយ​ធូរស្រាល​ក្នុង​កម្រិត​មួយ​ផង​ដែរ​។ លោក​បន្ថែម​ថា នា​ពេល​បច្ចុប្បន្ន​នេះ អាជ្ញាធរ​ទាំងអស់ ទាំង​គណៈ​ក​ម្មា​ការ​ផ្សារ អាជ្ញាធរ​ថ្នាក់​សង្កាត់ ខណ្ឌ និង​រាជធានី​ភ្នំពេញ រួម​ជាមួយ​ក្រុម​ជំនាញ បាន​នឹង​កំពុង​ព្យាយាម​យ៉ាង​ខ្លាំង ក្នុង​ការ​ខិតខំ​កាយ​យក​កាក​សំណល់ និង​គ្រោងឆ្អឹង​សំណង់​ផ្សេង​ៗ ដែល​សេស់សល់​ពី​មហន្តរាយ​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​។

ក្រោយ​ការ​កើប​នូវ​កាក​សំណល់​ទាំងនោះ​ចេញ ពី​បរិវេណ​ខាងលើ​អស់​រួចរាល់​ហើយ​នោះ អាជ្ញាធរ​នឹង​ចាក់សាប នៃ​ផ្ទៃ​បាត​ផ្សារ​ឡើង​លើ​ថែម​១​តឹក​បន្ថែម​ទៀត ទើប​សម្រេច​សាងសង់​ដំបូល​ដែក​ប្រក់ស​ង្ក័​សី​ជូន​បងប្អូន​តាម​ក្រោយ​តែ​ម្តង​។ សូម​បញ្ជាក់​ថា ក្រោយ​ការ​ជួល​ជុល និង​សាងសង់​ដំបូល​ជូន​បងប្អូន​រួចរាល់​ហើយ​នោះ អាជ្ញាធរ​នឹង​សម្រេច​ឲ្យ​បងប្អូន​អាជីវករ​ចូល​លក់ដូរ​តាម​តូប​នីមួយ​ៗ របស់​ខ្លួន​ដូច​ធម្មតា​វិញ​។ ប៉ុន្តែ​ក្នុង​នោះ ចំពោះ​ទីតាំង​តូប​លក់ដូរ​បងប្អូន​ត្រូវ​សាងសង់​ដោយ​ខ្លួនឯង​។ ហើយ​ចំពោះ​ទីតាំង​តូប​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​នោះ បងប្អូន​មិន​ចាំបាច់​ខ្លាច​មានការ​បាត់បង់​ឡើយ ព្រោះ​អាជ្ញាធរ​បាន​ស្រង់​ស្ថិតិ​ច្បាស់លាស់​អស់ហើយ នៃ​តួលេខ​តូប​នីមួយ​ៗ​របស់​បងប្អូន មាន​ទាំង​អត្តសញ្ញាណ​ម្ចាស់​តូប​ទាំង​៥៨៨​ដែល​រង​ការ​ឆាបឆេះ​នោះ​។

គួរ​បញ្ជាក់​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨​នេះ បងប្អូន​ជា​អាជីវករ​មួយ​ចំនួន​ធំ​ទាំង​ក្នុង​ផ្សារ និង​ក្រៅ​ផ្សារ បាន​មក​លក់ដូរ​ដូច​សព្វដង​ធម្មតា ហើយ​ក៏​មាន​បងប្អូន​ពលរដ្ឋ​ចូល​មក​ទិញ​ទំនិញ​ធម្មតា​ផង​ដែរ នៅឡើយ​តែ​បងប្អូន​ដែល​រង​គ្រោះ​ក្នុង​មហន្តរាយ​អគ្គិភ័យ ប៉ុណ្ណោះ ដែល​មិន​ទាន់​មាន​ទីតាំង​សម្រាប់​លក់ដូរ​ត្រឹមត្រូវ​ដូច​អាជីវករ​ទូទៅ​ដទៃ​។ ជុំវិញ​ការ​គិតគូរ​ពី​សំណាក់​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា បងប្អូន​អាជីវករ​ក្នុង​ផ្សារ​ទាំងមូល បាន​សម្តែង​អារម្មណ៍​ត្រេកអរ និង​សប្បាយចិត្ត​ចំពោះ ការ​ជួយ​ជ្រោមជ្រែង​គិតគូរ​ពី​សុខទុក្ខ​របស់​ពួក​គាត់​។ ពួក​គាត់​លើក​ឡើង​ថា គាត់​ពិតជា​មានការ​សោកស្តាយ​ណាស់ ចំពោះ​ការ​បាត់បង់​ទ្រព្យសម្បត្តិ​ជា​ទំនិញ​លក់ដូរ ដែល​ជា​មុខរបរ​ស្នូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ពួក​គាត់​បច្ចុប្បន្ន ប៉ុន្តែ​ទោះបីជា​យ៉ាងណា ទ្រព្យ​ទាំងនោះ​វា​បាន​បាត់បង់​អស់​ទៅ​ហើយ​ដែរ ដោយសារ​គ្រោះ​មហន្តរាយ​ដែល​មើល​មិនឃើញ និង​អាច​កើតឡើង​ជាយថាហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ