ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស៊ី ជី​ន​ពីង គំរាម​តៃវ៉ាន់​ពី​ការ​ដាក់ទោស​របស់​ប្រវត្តិសាស្ត្រ ក្នុង​ករណី​បំបែក​ខ្លួន

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ មាន​អំណាច​ខ្លាំង​ជាង​ពេល​ណា​ទាំងអស់ ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង កាលពី​ថ្ងៃ​ទី​២០ មីនា ពេល​បិទ​សម័យប្រជុំ​ប្រចាំឆ្នាំ​របស់​សភា​ប្រជាជន​ចិន ដែល​ផ្តល់​ឱ្យ​លោក​ស្ថិត​នៅ​ជា​ប្រធានាធិបតី​អស់​មួយជីវិត​នោះ​បាន​ធ្វើការ​ព្រមាន​យ៉ាង​ចាស់ដៃ​ដល់​កោះ​តៃវ៉ាន់…

ប្រទេស​ចិន ៖ មាន​អំណាច​ខ្លាំង​ជាង​ពេល​ណា​ទាំងអស់ ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង កាលពី​ថ្ងៃ​ទី​២០ មីនា ពេល​បិទ​សម័យប្រជុំ​ប្រចាំឆ្នាំ​របស់​សភា​ប្រជាជន​ចិន ដែល​ផ្តល់​ឱ្យ​លោក​ស្ថិត​នៅ​ជា​ប្រធានាធិបតី​អស់​មួយជីវិត​នោះ​បាន​ធ្វើការ​ព្រមាន​យ៉ាង​ចាស់ដៃ​ដល់​កោះ​តៃវ៉ាន់ ។

ប្រធានាធិបតី​ចិន​សង្ស័យ​កោះ​តៃវ៉ាន់​ចង់​ប្រកាស​ពី​ឯករាជ្យ ខណៈ​ទំនាក់ទំនង​ក្រៅ​ផ្លូវ​ការ​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​ត្រូវ​បាន​ពង្រឹង ។ លោក​ស៊ី បាន​សន្យា​ថា រាល់​អំពើ និង​រាល់​យុទ្ធសាស្ត្រ​ដែល​សំដៅ​ពុះ​បំបែក​ចិន​ត្រូវ​វាយ​ឱ្យ​បរាជ័យ ហើយនឹង​រង​ការ​ថ្កោល​ទោស​របស់​ប្រជាជន និង​ការ​ដាក់ទោស​របស់​ប្រវត្តិសាស្ត្រ ។ លោក​ថ្លែង​បែប​នេះ​ញ៉ាំង​ឱ្យ​មានការ​ទះដៃ​យ៉ាង​កងរំពង​របស់​សមាជិក​សភា​ចិន​ប្រមាណ​ជា​៣.០០០​រូប ។ លោក​ថា សកម្មភាព​បំបែក​ខ្លួន​ណាមួយ​នឹង​ត្រូវ​កម្ទេច ។

ក្រុង​ប៉េ​កាំ​ង​ដែល​ពុំ​អនុញ្ញាត​ឱ្យ​មាន​ទំនាក់ទំនង​ការទូត​រវាង​ក្រុង​តៃប៉ិ និង​បណ្តា​ប្រទេស​ទាំងឡាយ​នោះ​ពុំ​សប្បាយចិត្ត​ឡើយ ចំពោះ​ច្បាប់​មួយ​ដែល​សហរដ្ឋ​អា​មេ​រិ​ក ទើប​អនុ​ម័ត ហើយ​ដែល​លើកទឹកចិត្ត​ឱ្យ​បណ្តា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អា​មេ​រិ​កមក​កាន់​តៃវ៉ាន់ និង​ឱ្យ​បណ្តា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​តៃវ៉ាន់​មក​កាន់​អា​មេ​រិ​ក ។ ក្រុង​វ៉ា​ស៊ី​ន​តោន​ពុំ​មាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ឡើយ ក៏​ប៉ុន្តែ​មានការ​ប្រាស្រ័យ​ទាក់ទង​ក្រៅផ្លូវការ​ដោយ​លក់​ជា​ពិសេស​នូវ​អាវុធ​ឱ្យ​តៃវ៉ាន់ ។

កោះ​តៃវ៉ាន់​ដែល​មេដឹកនាំ​ជាតិនិយម​ជៀង​កៃ​ចៀក​រត់​ភៀសខ្លួន​មក​កាន់​ទីនោះ​កាលពី​ឆ្នាំ១៩៤៩ ក្រោយ​ជ័យជម្នះ​របស់​កងកម្លាំង​កុំ​មុ​យនី​ស្ត​នោះ តាម​ពិត​ទៅ​ប្រកាន់​នយោ​បាយ​ឯករាជ្យ​មួយ ។ ក៏​ប៉ុន្តែ​ក្រុង​ប៉េ​កាំ​ង​តែង​ចាត់​ទុក​ដែនដី​កោះ​នោះ​ថា​ជា​ផ្នែក​មួយ​នៃ​ដែនដី​ខ្លួន ។ ទំនាក់ទំនង​រវាង​ផ្នែក​ទាំង​២​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​មានភាព​តានតឹង​ខ្លាំង​ពី​ដើមឆ្នាំ​២០១៦​មក ពេល​ប្រ​ធានា​ធិ​បតី​តៃវ៉ាន់ លោកស្រី TSAI ING WEN ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ចំពោះ​ក្រុង​ប៉េ​កាំ​ង ហើយ​ដឹកនាំ​គណបក្ស​ចម្រើន​ជឿនលឿន ប្រជា​ធិ​បតេ​យ្យ​​ជា​គណបក្ស​ស្និទ្ធ​ឯករាជ្យ​ភាព ។

ចិន​សង្ស័យ​មេដឹកនាំ​តៃវ៉ាន់​ចង់​ប្រកាស​ឯករាជ្យ​ជា​ផ្លូវការ​របស់​ដែន​កោះ​នេះ ។ ទោះបី​យ៉ាងណា ប្រធានាធិបតី​រូប​នេះ​អះអាង​ថា ចង់​រក្សា​ទុក​ស្ថានភាព​ដដែល ។

លោក​ស៊ី ជី​ន​ពីង អះអាង​ម្យ៉ាងទៀត​ថា គឺ​ដើម្បី​ផលប្រយោជន៍​ជា​សារ​វ័​ន្ត​របស់​ប្រជាជន​ចិន​ដែល​ត្រូវ​ថែរក្សា​បូរណភាព​ដែនដី​ចិន ហើយ​ធ្វើ​ឱ្យ​សម្រេចការ​បង្រួបបង្រួម​ដែនដី​ចិន​ទាំងមូល ។ លោក​ព្រមាន​ថា ប្រទេស​លោក​នឹង​មិនទទួលយក​ដាច់ខាត​ការ​បំបែក​ដែនដី ទោះ​មួយ​ចំអាម​ណា​ក្តី ។

ទោះបី​យ៉ាងណា លោក​ស៊ី ជី​ន​ពីង ពោលថា ការ​ពង្រឹង​ខ្លួន​ឱ្យ​កាន់តែ​ខ្លាំង​របស់​មហា
អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​២​នេះ​ពុំ​មែន​ជាការ​គំរាមកំហែង​ដល់​ពិភពលោក​ឡើយ ។ មាន​តែ​ពួក​អ្នកមាន​ទម្លាប់​គំរាមកំហែង​អ្នក​ដទៃ​ៗ​ទេ ដែល​ចាត់​ទុក​អ្នក​ឯទៀត​ថា​ជា​ការគំរាមកំហែង​មួយ ។ ចិន​ដាច់ខាត​នឹង​មិន​ដណ្តើមផលប្រយោជន៍​របស់​ប្រទេស​ឯទៀត​ៗ ដើម្បី​យកមក​ធ្វើការ​អភិវឌ្ឍន៍​របស់​ខ្លួន​ផ្ទាល់​ឡើយ ។ លោកថ្លែង​បែប​នេះ ខណៈ​សម​ភាគី​អា​មេ​រិ​ក​លោក​ដូណា​ល់ ត្រាំ ត្រៀម​ដាក់​របាំង​ពន្ធ​ប្រឆាំង​មហាអំណាច​អាស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ