ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដាប់​រឿង​ចម្រូងចម្រាស​ក្រៅ​សង្វៀន​ក្រោយ​ជើង​ខ្លាំង​ថៃចាញ់​ក្រោម​ដៃ​ឃុន ឌី​ម៉ា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​រិះគន់​យ៉ាង​ពេញទំហឹង​ក្នុង​ពេល​ដែល​កីឡាករ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ម្នាក់​មក​ពី​ប្រទេស​ថៃ Phlay Noy ទទួល​ការ​បរាជ័យ​ជា​ថ្មី​ម្ដងទៀត​នៅ​លើ​សង្វៀន​ប្រទេស​កម្ពុជា បន្ទាប់​ពី​កីឡាករ​រូប​នេះ​ធ្លាប់តែ​ផ្ដួល និង​បំបាក់​កីឡាករ​ខ្លាំង​ៗ​របស់​កម្ពុ​ជានា​ពេល​កន្លង​មក ។ ធៀប​នឹង​ការ​ប្រកួត​ច្រើន​លើក​របស់​លោក…

រាជធានី​ភ្នំពេញ ៖ មានការ​រិះគន់​យ៉ាង​ពេញទំហឹង​ក្នុង​ពេល​ដែល​កីឡាករ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ម្នាក់​មក​ពី​ប្រទេស​ថៃ Phlay Noy ទទួល​ការ​បរាជ័យ​ជា​ថ្មី​ម្ដងទៀត​នៅ​លើ​សង្វៀន​ប្រទេស​កម្ពុជា បន្ទាប់​ពី​កីឡាករ​រូប​នេះ​ធ្លាប់តែ​ផ្ដួល និង​បំបាក់​កីឡាករ​ខ្លាំង​ៗ​របស់​កម្ពុ​ជានា​ពេល​កន្លង​មក ។ ធៀប​នឹង​ការ​ប្រកួត​ច្រើន​លើក​របស់​លោក គេ​កត់​សម្គាល់ថា​សមត្ថភាព​ខ្លាំងក្លា​របស់​កីឡាករ​ថៃ​រូប​នេះ​ចុះ​ខ្សោយ​ជាង​មុន ដោយ​កាល​ពីមុន​សូ​ម្បី​តែ​អ្នក​ខ្លាំង​ជាង​ឃុន ឌី​ម៉ា ក៏​ពិបាក​ទប់​ជាប់ ប៉ុន្តែ​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​១៨ មីនា គឺ​ត្រូវ​កីឡាករ​ឃុន ឌី​ម៉ា វាយ​ឡើង​ខ្ចប់​តែ​ម្ដង បើ​ទោះជា​ជ័យជម្នះ​នេះ​ដណ្ដើម​បាន​ក្នុង​សភាព​តឹងតែងបន្តិច​ក្ដី​។

គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា Phlay Noy គឺជា​កីឡាករ​ល្អ​ម្នាក់​ដែល​ពិបាក​នឹង​ដាក់​ដៃគូ​ឱ្យ​យកឈ្នះ​ដោយ​ស្រួល ចាប់តាំងពី​កីឡាករ​រូប​នេះ​បាន​បង្ហាញខ្លួន​នៅ​លើ​សង្វៀន​ប្រទេស​កម្ពុជា ជា​ពិសេស​គឺ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ​តែ​ម្ដង ។ ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដែល​មានការ​ផ្សាយ​ផ្ទាល់​ចាប់ពី​ម៉ោង​៨​រហូត​ដល់​ម៉ោង​១០​កន្លះ​ព្រឹក​នោះ បាន​បង្ហាញ​លទ្ធផល​ធ្វើ​ឱ្យ​គេ​មើល​ដឹង​ថា​កីឡាករ​ថៃ​រូប​នេះ​មិនមែន​ឡើង​មក​ប្រកួត​ចេះ​តែ​ឈ្នះ​កីឡាករ​កម្ពុជា​ដូច​មុន​នោះ​ទេ ប៉ុន្តែ​ក៏​ទទួល​រង​ការ​វាយបក​យ៉ាង​ចាស់ដៃ​ពី​កីឡាករ​កម្ពុជា​ដូច​គ្នា​នឹង​កីឡាករ​កម្ពុជា​ដែល​ធ្លាប់​ទទួលលទ្ធផល​ទក់​សាច់​ពីកីឡាករ​​ថៃ​រូប​នេះ​នា​ពេល​កន្លង​មក​ដែរ​។

អ្នកគាំទ្រ​ដែល​ធ្លាប់តែ​ឃើញ Phlay Noy ស៊ី​កីឡាករ​កម្ពុជា​ផុយ​ៗ បែរជា​ឃើញ​កីឡាករ ឃុន ឌី​ម៉ា វាយបក​យ៉ាង​ចាស់ដៃ​វិញ ស្របគ្នា​ដែល​អ្នក​ទស្សនា​មានការ​បុក​ពោះ​ខ្លាច​តែ​ខ្លាចឃុន ឌី​ម៉ា បាក់មុខ​ក្នុង​នាម​ជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេ​ម​ផង​ដែរ ។ អ្នកគាំទ្រ និង​គណៈកម្មការ​ប្រកួត​ទើបតែ​បាន​ប្រកាស​ថា កីឡាករ​ថៃ​ម្នាក់​នេះ គឺជា​ជើង​ខ្លាំង​តំណាង​ឱ្យ​ប្រទេស​ថៃ​មិន​ទាំង​រួចពីមាត់​ផង កីឡាករ​កម្ពុជា ឃុន ឌី​ម៉ា ក៏​បាន​បើក​ការ​ប្រយុទ្ធ​ធ្វើ​ឱ្យ​លោក​ទ័ល​ទី​ដោយ​អន្លើបាត់​ទៅ​ហើយ ថ្វី​ដ្បិ​តែ​ការ​វាយបក​របស់​កីឡាករថៃ​មួយ​លើក​ៗ​ធ្វើ​ឱ្យ​ម្នាក់​ៗ​បុក​ពោះ​ម្ដង​ៗ​ដែរ​។

ការ​យល់​ឃើញ​នេះ​គឺ​ដោយសារ​តែ​Phlay Noy ភាគ​ច្រើន​វាយ​សម្រុក​កម្រ​ឱ្យ​កីឡាករ​កម្ពុជា​មានឱកាស​តដៃ និង​ដកដង្ហើម​បាន​ស្រួល ប៉ុន្តែ​សម្រាប់​ជំនួប​ជាមួយ​ឃុន ឌី​ម៉ា លើក​នេះ គឺ​ឃុន ឌី​ម៉ា មាន​សន្ទុះ​ល្អ​ជាង ។ ការ​ប្រកួត​ក្នុង​ទឹក​ទី​២​គ្រាន់​ឃើញ​កីឡាករ​ថៃ​មានឱកាស​ទប់​ជាប់​កណ្ដាប់ដៃ​របស់​កីឡាករ​កម្ពុជា​ខ្លះ ប៉ុន្តែ​ឈាន​ដល់​ទឹក​ទី​៣ ស្រាប់​តែ​កីឡាករ​កម្ពុជា​វាយកីឡាករ​ថៃ​ស្ទើរ​ទប់ទល់​មិន​ជាប់ ។ មានការ​លើក​ឡើង​ថា កីឡាករ Phlay Noy មិនសូវ​រឹងប៉ឹង​ជំហរ​ដូច​មុន​នោះ​ទេ ទើប​ការ​ប៉ះ​គ្នា​ជាមួយ​កីឡាករ​កម្ពុជា​លើក​នេះ ធ្វើ​មិនសូវ​បាន​ល្អ​ដែល​គេ​មើលឃើញ​ថា​ធ្លាក់ដៃ ។

ទោះជា​កីឡាករ​ថៃ​ប្រឹង​ទាត់​ផង ម៉ាត់​ផង ប៉ុន្តែ​គេ​ឃើញ​កីឡាករ​កម្ពុជា​នៅ​តែ​រក្សា​ក្រេ​ឌី​ត​បាន​ល្អ​ក្នុង​ការ​វាយ​ចូល​ដាច់​ឆ្ងាយ ។ តាំងពី​ចាប់ផ្ដើម​បើក​ឆាក កីឡាករ​កម្ពុជា​ស្ទុះ​ទាត់​ជើង​ក្រោម​ធ្វើ​ឱ្យ​កីឡាករ​ថៃ​រក​ស្នៀត​ទប់ទល់​មិន​ជាប់​នោះ​ទេ ។ ទោះបី​កីឡាករ​ថៃ​វាយ​សម្រុក​តបត​វិញ​ដោយ​ប្រើ​កណ្ដាប់ដៃ​ម៉ាត់ និង​កែង ក៏​ចូល​មិន​ចុះ​ជាមួយ​ឃុន ឌី​ម៉ា ។ ក្នុង​ទឹក​ទី​៣​កាន់តែ​ធ្វើ​ឱ្យ​កីឡាករ​ថៃ ដែល​គេ​ស្គាល់​ថា​ល្អ​មិន​សល់​សូ​ម្បី​តែ​ស្នៀត​ដៃ កែង ជង្គង់ ទទួល​រង​ការ​ចាញ់​ប្រៀប បន្ទាប់​ពី​ឃុន ឌី​ម៉ា វាយ​ត្រូវ​ច្រើន​អន្លើ ហើយ​វាយ​ឱ្យ​គេ​ចូល​មិន​ចុះ​សូ​ម្បី​តែ​គេ​ប្រឹង​វាយ​ប្ដូរ​ម្ដងម្កាល​ក្ដី​ក៏​ទៅ​មិន​រួច​ដដែល ។

ថ្វី​ដ្បិតតែ​ទឹក​ទី​៤ និង​ទី​៥​គេ​ប្រឹងប្រែង​វាយ​ខ្លាំង​ដល់​កម្រិត ក៏​លទ្ធផល​ដែល​បាន​ស្ដែង​ឡើង​បង្ហាញ​ថា កម្រិត​វាយលុក​របស់​គេ​នៅ​មិន​ទាន់​បាន​ល្អ​នោះ​ទេ ។ ទោះបី​យ៉ាងណា កីឡាករ​ថៃរូប​នេះ​មិន​បាន​ទទួលស្គាល់​ថា​កម្រិត​វាយ​ចេញរបស់​ខ្លួន​គឺ​មិន​បាន​ល្អ​នោះ​ទេ តែ​បាន​បន្ទោស​អាជ្ញាកណ្ដាល​ថា ចាប់​គេ​មិន​ឱ្យ​មានឱកាស​វាយ​ជង្គង់​នៅ​ពេល​កីឡាករ​ទាំង​ពីរ​ឱប​គ្នា ទើប​ធ្វើ​ឱ្យ​ឃុន ឌី​ម៉ា ក្ដាប់​ភាព​ជោគជ័យ​ច្រើន​ជាង​។

តំណាង​កីឡាករ​ថៃ បាន​បញ្ជាក់​ជំនួស Phay Noy ជា​ភាសា​ខ្មែរ​ថា តាំងពី​ទឹក​ទី​២ រូបគេ​វាយ​មិន​ចូល​កីឡាករ​កម្ពុជា​តែ​ម្ដង ដោយសារ​តែ​ពេល​ចូល​កៀក ឬ​ស្ទុះ​ឱប​គ្រោង​ឡើង​ជង្គង់​ក៏​ត្រូវ​អាជ្ញាកណ្ដាល​បំបែក ។ លោក​ថា បើ​កីឡាករ​កម្ពុជា​វាយ​សម្រុក​លើ​កីឡាករ​ថៃ មិនសូវ​មានការ​ឃាត់ឃាំង​នោះ​ទេ ប៉ុន្តែ​បើ​កីឡាករ​ថៃ​វាយ​សម្រុក​វិញ​គឺ​មានការ​ខ្ទាស់​ដោយ​ស្នៀត​របស់​លោក​អាជ្ញាកណ្ដាល​តែ​ម្ដង ទើប​កីឡាករ​ថៃ​មិន​ចង់វាយ ។ ភាគី​ថៃ​បាន​ចាត់​ទុក​ថា ការ​បរាជ័យ​ដែល​បាន​កើតឡើង គឺ​ដោយសារ​តែ​កីឡាករ​កម្ពុជា​មាន​ប្រៀប​ល្អ​ជាង​ក្នុង​នាម​ជា​កីឡាករ​ក្នុងស្រុក​ស្រាប់ និង​ដោយសារ​អាជ្ញាកណ្ដាល​កម្ពុជា​រាងលម្អៀង​បន្តិច​ផង ។

លោក​និយាយ​យ៉ាង​ខ្លី​ថា បើ​ការ​ប្រកួត​នោះ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ គឺ​មិន​អាច​ទៅ​រួច​ជាមួយ​ជាមួយ​កីឡាករ​ថៃ​នោះ​ទេ ។

តំណាង​កីឡាករ​ថៃ​នៅ​តែ​អះអាង​ថា Phlay Noy អត់​មាន​ធ្លាក់ដៃ​ទេ ប៉ុន្តែ​អាច​បណ្ដាល​មក​ពី​គេ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​មិនសូវ​ស្រួលខ្លួន​ក្នុង​ពេល​ឡើង​រេញ និង​បណ្ដាល​មក​ពី​គេ​អន់ចិត្ត​រឿង​ពេល​គេ​ចូល​ឱប​ប្រុង​ឡើង​ជង្គង់​លោក​អាជ្ញាកណ្ដាល​ខ្ទាស់​ផង ទើប​លែង​ចង់វាយ​តែ​ម្ដង ។

ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​នេះ លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា បើ​ទោះជា​ការ​ប្រកួត​មួយ​នេះ គឺជា​ការ​ប្រកួត​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា និង​បរទេស​ក៏​ដោយ ក៏​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ មិន​បាន​ប្រកាន់​ថា កីឡាករ​បរទេស​ត្រូវ​ប្រើ​បច្ចេកទេស​គាប​ដោយ​លោក​អាជ្ញាកណ្ដាល​នោះដែរ ដោយ​បញ្ហា​នេះ​ប្រ​សិន​មាន​មែន គឺ​អ្នក​កាន់ជើង​កីឡាករ​ថៃ​ពិតជា​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​មិន​ខាន ។ លោក​ថា កីឡាករ​ថៃ​ទទួល​បរាជ័យ​ដោយ​មិន​អស់ចិត្ត ឬ​មិន​ទទួលស្គាល់​ការ​ធ្លាក់ដៃ​របស់​ខ្លួន ទើប​ធ្វើ​ឱ្យ​មានការ​ចោទប្រកាន់​លើ​លោក​អាជ្ញាកណ្ដាល​នេះ​ឡើង ។ លោក​ថា​កីឡាករ Phlay Noy ធ្លាប់តែ​ប្រកួត​ស៊ី​ផុយ​លើ​កីឡាករ​កម្ពុជា ទើប​ចាញ់​លើក​នេះ​គេ​មិន​ទទួលស្គាល់​ពី​ភាព​កម្សោយ​របស់​ខ្លួន​នា​ពេល​ចុង​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ