ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ថ្មី​ត្អូញត្អែរ​ពី​ជីវិត​នៅ​ក្នុង​ពិភព​សិល្បៈ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពីក្រោយ​ខ្នង​អ្នកសិល្បៈ គឺ​រមែង​ជួប​រឿងរ៉ាវ​បន្តបន្ទាប់​មុន​នឹង​បាន​ជោគជ័យ ។ ជា​ពិសេស​តារា​ថ្មី​ត្រូវ​ឆ្លងកាត់​ការ​លំបាក​ច្រើន ។ អ្នកសិល្បៈ​មុន​នឹង​ក្លាយជា​ជន​ដែល​សង្គម​ចាប់អារម្មណ៍ គឺ​ត្រូវ​ប្រកួត​នឹង​គ្រប់​ស្ថានភាព​ដូច​ជា​ការ​ប្រើប្រាស់​គ្រឿងអលង្ការ​លម្អ​ខ្លួន ការ​ប្រើ​ឈុត​សម្លៀក​បំពាក់​ម៉ាក…

រាជធានី​ភ្នំពេញ ៖ នៅ​ពីក្រោយ​ខ្នង​អ្នកសិល្បៈ គឺ​រមែង​ជួប​រឿងរ៉ាវ​បន្តបន្ទាប់​មុន​នឹង​បាន​ជោគជ័យ ។ ជា​ពិសេស​តារា​ថ្មី​ត្រូវ​ឆ្លងកាត់​ការ​លំបាក​ច្រើន ។

អ្នកសិល្បៈ​មុន​នឹង​ក្លាយជា​ជន​ដែល​សង្គម​ចាប់អារម្មណ៍ គឺ​ត្រូវ​ប្រកួត​នឹង​គ្រប់​ស្ថានភាព​ដូច​ជា​ការ​ប្រើប្រាស់​គ្រឿងអលង្ការ​លម្អ​ខ្លួន ការ​ប្រើ​ឈុត​សម្លៀក​បំពាក់​ម៉ាក ប្រេ​ន​ៗ​ទើប​ដើរ​ទាន់​សង្គម​មួយ​នេះ ។ តារា​សិល្បៈ​ដែល​ល្បី​គឺ​មិនសូវ​ជា​ចោទ​ពេក​ទេ ព្រោះ​មានការ​ទទួលស្គាល់​គ្រប់​ទិស​ចង់បាន​របស់​តែងខ្លួន​កម្រិត​ណា​ក៏​មិន​ជាប់​គាំង ហើយ​រឹតតែ​ហក់​ឡើង ប្រជាប្រិយភាព​។ យ៉ាងណាមិញ​បើ​ក្រឡេក​មើល​ពន្លក​សិល្បៈ​ទាំង​ប្រុស​ទាំងស្រី​មួយ​ចំនួន​សុខចិត្ត​បោះ​ដើមទុន​ផ្ទាល់ខ្លួន ខ្លះ​លក់​របស់ទ្រព្យ​យក​មក​ប្រើ​ឱ្យ​គេ​មើល​ដើម្បី​តែ​ឱ្យ​ផលិតករ ឬ​អ្នកដឹកនាំ​រឿង​ទាក់ចិត្ត​យក​ទៅ​សម្តែង​ឲ្យ​ផលិតកម្ម​ភាពយន្ត ។

កញ្ញា​នី ម៉ា​លី​ណា ដែល​ទើប​បោះ​ជំហាន​ក្នុង​ពិភព​សិល្បៈ​ច្រៀង និង​សម្តែង កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បានឱ្យ​ដឹង​ថា​ប្រឡូក​សិល្បៈ​ជា​ច្រើន​ខែ​មក​ដឹង​ថា​ពិភព​នេះ​មិនមែន​បាន​ល្បី​ដោយ​ស្រួល​ឡើយ ទាល់តែ​មាន​ខ្សែ ឬ​ស្គាល់​គេ​ឱ្យ​ច្រើន ។ ពេល​ខ្លះ​ចេញ​ថត​រឿង ឬ​ស្ប៉ត​នានា​ប្រាក់​កម្រៃ​បាន​មិន​ដូច​ចិត្ត​ឡើយ រឿង​ខ្លះ​បើក​ជា​ថ្ងៃ​ខ្លះ បើក​ជា​អាទិត្យ ។ បើ​រឿង​ចំណាយ​គឺ​ប្រើ​របស់ ថ្លៃ​ៗ ហើយ​ជាតា​រា​ស្រី​ទៀត​រឹតតែ​អស់​រាប់រយ​ចូល​ដល់​ពាន់​ដុល្លារ​ក៏​មាន នេះ​មិន​និយាយ​រឿង​ជប់លៀង ខួបកំណើត​ឬ​អាពាហ៍ពិពាហ៍​ផង ។ បើ​ប្រើ​របស់​តែង​កាយ​ជាប់​ខ្លួន អន់​ៗ គេ​មិន​មើល​ទេ ទាល់តែ​ស្អាត​កាលី​ប ។ ម្ល៉ោះហើយ​ទើប​កាន់តែ​យល់​ថា ពិភព​សិល្បៈ​ប្រដេញ​គ្នា​របស់​ប្រើ​ណាស់ បើ​យើង​តួ​ថ្មី​ដឹង​តែ​យ៉ាប់។ ជា​ការ​យល់​ឃើញ​របស់​នាង​បើ​អាច​កុំ​តាម​គ្នា ។

តារា​សម្តែង​ប្រុស​ចំណូល​ថ្មី​ម្នាក់​ទៀត​លោក​វុ​ទ្ធី ស័ក បាន​ត្អូញត្អែរ​ដែរ​ថា​រូប​លោក​ប្រឡូក​សិល្បៈ​២​ទៅ​៣​ឆ្នាំ​នេះ បើ​និយាយ​ពី​មិត្តភក្តិ​សិល្បៈ គឺ​មិន​អត់​ទេ ច្រើន​នាក់​ដែរ ។ ជា​ពិសេស​កាន់តែ​ឆ្ងាយ​ភាព​លេចធ្លោ​អ្នក​ថ្មី និង​អ្នក​ចាស់ ហើយ​ការ​រាប់អាន​រើសអើង បែងចែក​ថ្មី ចាស់​។ លោក​មិន​មាន​ខ្សែ​ស្គាល់​គេ​ច្រើន​ទើប​សិល្បៈ​ពេល​ខ្លះ​ចង់​នៅ​ទ្រឹង ។
លោក​វ​ទ្ធី ស័ក និយាយ​ថា​«​យើង​ជា​តួ​ប្រុស​ត្រូវ​ប្រឹង​ឱ្យ​ល្អ​ដូច​ជា​ការ​ប្រមូល​ស្ទីល​សម្តែង​ឱ្យ​ល្អ ឱ្យ​លេចធ្លោ​ក្នុង​ន័យ​ឱ្យ​គេ​ស្គាល់ បើ​មិន​ដូចនេះ​ទៅ​មិន​ទាន់​គេ បូក​ទាំង​ម៉ូ​ដ​ខោអាវ​ផង បើ​មិន​ដូចនេះ​ទៅ​មិន​ទាន់​គេ ។ អ៊ីចឹ​ង​ហើយ​ទើប​តារា​មួយ​ចំនួន​រាប់អាន​សម្លៀក​បំពាក់​ជជុះ​ក្បាល​គីប​ណាស់ ព្រោះ​ធូរ​ថ្លៃ បើ​អង្គុយតែ​ហាង ល្អ​ៗ​គឺ​ច្បាស់​ជា​មិន​គ្រប់​ឡើយ បើ​តម្លៃ​ថត​គឺ​តិចតួច​ពេក »​។

លោក​លី ណូ​រ៉ា​តារា តារា​សម្តែង​ដែល​ភាគច្រើន​ថត​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម​ថោ​ន​បាន​លើក​ឡើង​ថា មួយ​រយៈ​នេះ​លោក​ងាក​មក​រក​សុ​ី​វិញ ព្រោះ​តារា​ប្រុស​មិន​ដូច​តារា​ស្រី បើ​មិន​ខំ​ខាងក្រៅ​ទេ​មិន​អាច​សេសសល់​ឡើយ ព្រោះ​ភាព​ល្បី​មិន​បាន​យូរ​ឡើយ ។ ព្យា​យាម​ប្រយុទ្ធ​សិល្បៈ​ច្រើន​ដំណាក់កាល​ហើយ​ក៏​ចាត់​ទុក​ថា​ជា​សំណាង​ដែរ​អាច​ឆក់​បាន​ភាព​ទាក់ទាញ ។ លោក​មិន​ចោល​សិល្បៈ​ទាំងស្រុង​ឡើយ គឺ​ត្រូវ​ប្រឡូក​ជា​បន្ត​ទៀត​ដើម្បី​​បង្កើន​ស្នាដៃ ហើយ​អាជីព​មុខរបរ​ខាងក្រៅ​គឺ​មិន​ចោល​ដែរ ។

តារាភាពយន្ត​ជើង​ចាស់​អ្នកស្រី​ឌី សា​វ៉េ​ត បាន​លើក​ឡើង​ថា​«​យើង​ជា​ត្រកូល​អ្នកសិល្បៈ​តាំងពី​សម័យ​អង្គរ យើង​មាន​ដូនតា​តស៊ូ​ធ្វើ​អង្គរវត្ត​បន្សល់​ដាន​ដល់​បច្ចុប្បន្ន​ធ្វើ​ឱ្យ​គេ​ស្ងើច​សរសើរ ។ គ្មាន​អ្វី​យើង​ត្រូវ​ចុះចាញ់​ឡើយ​។ បើ​ស្រឡាញ់​សិល្បៈ​ត្រូវ​តែ​តស៊ូ​ព្យាយាម​ធ្វើ​ឱ្យ​ល្អ​។ ពេល​នេះ​ភាពយន្ត​យើង​កំពុង​តែ​បោះ​ជំហាន អ្នក​សម្តែង​ថ្មី​ចាស់​យើង​រួម​គ្នា​រៀនសូត្រ​ទៅ​វិញ​ទៅ​មក ។ សិល្បៈ​តស៊ូ​ណាស់​បើ​មិន​ទ្រាំ​មិន​អាច​ជោគជ័យ​បាន​ឡើយ » ។

លោក​ស៊ិ​ន ចន្ទ​សា​យ៉ា ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សមាគម​ភាពយន្ត​កម្ពុជា​បាន​ថ្លែង​ថា «​យើង​មាន​រោងកុន​ទាំង​ថ្មី​ទាំង​ចាស់​កើន​ឡើងជា​បន្តបន្ទាប់​ដើម្បី​ពង្រីក​ទីផ្សារ​ភាពយន្ត ។ ដូចនេះ​អ្វី​ដែល​ចង់​សង្កត់ធ្ងន់​តួអង្គ​សម្តែង​មិន​ថា ថ្មី ឬ​ចាស់ ត្រូវ​រួមចិត្ត​គ្នា​ខំ​សម្តែង​ឱ្យ​ល្អ រៀនសូត្រ ដកស្រង់ ។ បើ​យើង​​ជា​តួ​ថ្មី​ត្រូវ​ប្រឹង​ព្យាយាម​ដើម្បី​ចាប់​ភាព​ល្បីល្បាញ ។​ជា​ពិសេស​ផលិតករ​ភាពយន្ត​ត្រូវ​ប្រឹង​ព្យាយាម​ធ្វើ​ភាពយន្ត​ឱ្យ​មានគុណ​ភាព ទាក់ទាញ​ទស្សនិកជន​កម្ពុជា​ឱ្យ​មានចិត្ត​មើល​កុន​ខ្មែរ​តទៅ​ទៀត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ