ខេត្តពោធិ៍សាត់ ៖ កាលពីព្រឹកថ្ងៃទី១៨ មីនា កងរាជអាវុធហត្ថក្រុងពោធិ៍សាត់ បានធ្វើពិធីប្រគល់រថយន្តកាមរីពណ៌សំបកឪឡឹក ស៊េរី៩៣ ពាក់ស្លាកលេខភ្នំពេញ 2E-6558 មួយគ្រឿង និងឈើគ្រញូងចំនួន៤១ដុំ ស្មើនឹង០,៦៧២ម៉ែត្រគូប ឱ្យទៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីរក្សាទុកជាសម្បត្តិរដ្ឋ បន្ទាប់ពីចាប់ឃាត់បានពីឈ្មួញទុច្ចរិតរកស៊ីខុសច្បាប់ ។
តាមប្រភពពីលោកអនុសេនីយ៍ឯក សំ ថា មេបញ្ជាការកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ ដែលដឹកនាំបង្ក្រាបផ្ទាល់បានឱ្យដឹងថា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រតិកម្មខ្លាំងៗចំពោះរថយន្តដឹកឈើ និងកុងត្រូលជជុះឡើងវិញភ្លាម លោកមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការខេត្តបានដាក់វិធានការពង្រឹងកម្លាំងបន្ថែមទៀតក្នុងការបង្ក្រាបបទល្មើស ។ ជាក់ស្តែង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៧ មីនា ឆ្នាំ២០១១ កម្លាំងកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ បានធ្វើការចាប់ឃាត់រថយន្តដឹកឈើមួយគ្រឿងនៅចំណុចចំការដើមអាកាស្យា ស្ថិតក្នុងភូមិទួលគ្រួស សង្កាត់ចំរើនផល យកមកប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើនាពេលនេះ ។
លោកបន្តថា នៅយប់នោះភ្នាក់ងារបានផ្តល់ព័ត៌មានមកថា មានរថយន្តម៉ាកកាមរី៤ គ្រឿងផ្ទុកឈើប្រណីត ក្នុងនោះធុនឆ្លាមមួយគ្រឿង អាហើមចង្កូតស្តាំ២គ្រឿង ចង្កូតឆ្វេង១គ្រឿង ដោយមានអាបាឡែនបិទគូថពីក្រោយកំពុងធ្វើដំណើរពីស្រុកភ្នំក្រវាញ សំដៅទៅផ្លូវជាតិលេខ៥។ ពេលនោះលោកបានចាត់វិធានការឱ្យកម្លាំងរបស់លោកចាំស្ទាក់ ។ លុះមួយសន្ទុះក្រោយមកឃើញមានរថយន្តកាមរីពណ៌សំបកឪឡឹក ចង្កូតឆ្វេងស៊េរី៩៣ ពាក់ស្លាកលេខភ្នំពេញ 2E-6558 មួយគ្រឿង ពេលបើកមកដល់ខាងមុខទីបញ្ជាការភូមិស្ទឹងតូច ឃើញកម្លាំងរបស់លោកច្រើនក៏ត្រឡប់ក្រោយវិញយ៉ាងលឿន ។ ឃើញដូច្នោះដោយមានការសង្ស័យកម្លាំងរបស់លោកបានបើករថយន្តប្រដេញតាមក្រោយជាប់រហូត ។ លុះទៅដល់ភូមិទួលគ្រួស រថយន្តនោះបានចូលក្នុងចំការដើមអាកាស្យា រួចឈប់រថយន្តទុកទីនោះ អ្នកបើកបរមិនស្គាល់ឈ្មោះរត់គេចខ្លួនបាត់ ។ នៅពេលពិនិត្យក្នុងរថយន្តឃើញមានផ្ទុកឈើគ្រញូងខុសច្បាប់ហើយក៏បានយកមករក្សាទុកនៅក្នុងទីបញ្ជាការបណ្តោះអាសន្នសិន ។ លុះព្រឹកឡើងទើបប្រគល់ឱ្យខាងមេព្រៃចាត់ចែងតាមនីតិវិធី ។
ប្រភពព័ត៌មាននិយាយថា នៅគល់ស្ពានខាងមុខផ្លូវចូលមណ្ឌលពុទ្ធិកសិក្សាមណីរ័ត្ន ភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ជារៀងរាល់យប់តាំងពីដើមមក គេតែងឃើញមនុស្សមួយក្រុមមានរថយន្ត២ទៅ៣គ្រឿង ដេកចាំយកលុយពីរថយន្តដឹកឈើ ដឹកត្រី ផ្លែឈើ ជង្គង់មាន់ សត្វព្រៃ ដឹកជ្រូក ដឹកគោ និងដឹកសាច់ កំណាត់ជាដើម មិនដឹងសមត្ថកិច្ចខាងណាទេ ។ ប៉ុន្តែមានការអះអាងថា ជាប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ លួចដាក់កុងត្រូលជជុះយ៉ាងព្រហើនបំផុត ៕


ចែករំលែកព័តមាននេះ