ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយកែវ​រមៀត​ធ្លាក់​ថ្លៃ ខណៈ​រដូវ​ប្រមូល​ផល​ចាប់ផ្ដើម

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កសិករ​ដាំ​ស្វាយកែវ​រមៀត​បាន​ត្អូញត្អែរ​ថា រយៈពេល​ជាង​១​ខែ​នេះ ហាងឆេង​ស្វាយកែវ​រមៀត​បាន​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង ខណៈ​ឈ្មួញកណ្ដាល​ថា​ អ្នក​ទទួល​ទិញ​បាន​ទម្លាក់​តម្លៃនៅលើទីផ្សារ ស្រប​ពេល​កំពុង​ដល់​រដូវ​ប្រមូល​ផល ។ កសិករ​ដាំ​ដុះ​ស្វាយកែវ​រមៀត​នៅ​ក្នុង​ខេត្តកណ្ដាល​បាន​និយាយ​ថា…

ខេត្តកណ្តាល ៖ កសិករ​ដាំ​ស្វាយកែវ​រមៀត​បាន​ត្អូញត្អែរ​ថា រយៈពេល​ជាង​១​ខែ​នេះ ហាងឆេង​ស្វាយកែវ​រមៀត​បាន​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង ខណៈ​ឈ្មួញកណ្ដាល​ថា​ អ្នក​ទទួល​ទិញ​បាន​ទម្លាក់​តម្លៃនៅលើទីផ្សារ ស្រប​ពេល​កំពុង​ដល់​រដូវ​ប្រមូល​ផល ។

កសិករ​ដាំ​ដុះ​ស្វាយកែវ​រមៀត​នៅ​ក្នុង​ខេត្តកណ្ដាល​បាន​និយាយ​ថា ចាប់តាំងពី​ពាក់កណ្ដាល​ខែកុម្ភៈ រហូត​មក​ដល់​ពេល​នេះ តម្លៃ​បាន​ធ្លាក់​យ៉ាង​គំហុក​គឺ​ក្នុង​១​គីឡូក្រាម​តម្លៃ​ត្រឹមតែ​ពី ៣០០​ទៅ​៥០០​រៀល​ប៉ុណ្ណោះ​សម្រាប់​ហាងឆេង​នៅ​តាម​ចម្ការ ។

បើ​តាម​កសិករ​ម្នាក់​ឈ្មោះ​ភាព នៅ​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៥ មីនា ថា ហាងឆេង​ផ្លែស្វាយ​កែវ​រមៀត​ពេល​នេះ ​គឺ​ត្រឹមតែ​៤០០​រៀល​ប៉ុណ្ណោះ ជា​តម្លៃ​ដែល​ឈ្មួញ​មក​ទិញ​ដល់​ចម្ការ ​។ តម្លៃ​នេះ​វា​ថោក​ជ្រុល​ពេក តែបើ​លោក​មិន​បេះ​លក់​ទេ ផ្លែ​វា​ទុំ​ស្អុយ​ជ្រុះ​ចោល រឹតតែ​ខាត​ថែម​ទៀត​ ។ អីចឹង​បើ​ទោះបីជា​ថោក ក៏​ត្រូវ​តែ​បង្ខំចិត្ត​បេះ​លក់​ដែរ ។

កសិករ​រូប​នេះ​បន្ត​ថា ៖« នៅ​ឆ្នាំ​នេះ កសិករ​ដាំ​ស្វាយកែវ​រមៀត​ខាត​ស្ទើរ​គ្រប់​គ្នា ដោយសារ​តែ​តម្លៃ​ថោក​ពេក ហើយ​ការ​ចំណាយ​លើ​ការ​ថែទាំ​តាំងពី​បូមទឹក ដាក់​ជី និង​បាញ់ថ្នាំ ទម្រាំ​ទទួល​បាន​ផល គឺ​ប្រើ​រយៈពេល​យូរ និង​ចំណាយ​លុយ​អស់​ច្រើន ។ បើ​តម្លៃ​ផ្លែស្វាយ​ចាប់ពី​១.០០០​រៀល​ឡើង​ទៅ ទើប​អាច​ទប់ទល់​បាន » ។

ម្ចាស់​ចម្ការ​ស្វាយ​នៅ​ខេត្តកំពង់ធំ ទំហំ​៧​ហិ​កតា​ដែល​ទើប​ប្រមូល​ផល​ក៏​បាន​ត្អូញត្អែរ​ផង​ដែរ​ថា លោក​ទើបនឹង​លក់​ស្វាយ​ប្រមាណ​ជិត​១០​តោន ​កាលពី​ពេល​ថ្មី​ៗ​ដោយ​ក្នុង​១​គីឡូក្រាម តម្លៃ​ត្រឹមតែ​៣០០​រៀល​ប៉ុណ្ណោះ​សម្រាប់​គេ​មក​បេះ​ដល់​ចម្ការ  ។

ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១៩ មីនា ម្សិលមិញ លោក កង ខេមរា បាន​ឲ្យ​ដឹង​ថា ៖« តម្លៃ​នេះ បើ​ធៀប​នឹង​ការ​ប្រមូល​ផលកាល​ពី​៣​ខែ​មុន គឺ​ខុស​គ្នា​ពាក់កណ្ដាល ដោយ​កាលនោះ ខ្ញុំ​លក់​បាន​តម្លៃ​៦០០​ទៅ​៧០០​រៀល​ក្នុង​១​គីឡូក្រាម និង​សម្រាប់​ស្វាយ​ខ្ចប់​ផ្លែ​ត្រឹមត្រូវ​តម្លៃ​៣.០០០​រៀល​ក្នុង​១​គីឡូក្រាម​ឯណោះ »​។
ទោះបី​យ៉ាងណា លោក​ថា​វា​មិនសូវ​ជា​ខាត​ធ្ងន់ធ្ងរ​នោះ​ទេ ដោយសារ​តែ​វា​ចម្ការ​របស់​លោក​ផ្ទាល់ និង​មើលថែ​ដោយ​ជី និង​ថ្នាំ​ធម្មជាតិ ប៉ុន្ដែ​បើ​សម្រាប់​អ្នក​ដើរ​ម៉ៅ​ចម្ការ​វិញ នឹង​ខាត​ធ្ងន់ធ្ងរ​យ៉ាង​ពិតប្រាកដ ។
លោក​ក៏​បាន​សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ ជួយ​រក​ទីផ្សារ​ផង​ដែរ ដើម្បី​ឲ្យ​មាន​តម្លៃ​ថេរ ក៏​ដូច​ជា​ចូលរួម​លើកកម្ពស់​ជីវភាព​របស់​កសិករ ។

ឈ្មួញ​វៀតណាម​ដែល​ជា​អ្នក​ប្រមូល​ទិញ​ស្វាយ​បាន​ឲ្យ​ដឹង​ដែរ​ថា មួយ​រយៈ​កន្លង​ទៅ​នេះ ស្វាយកែវ​រមៀត​បាន​ធ្លាក់​ថ្លៃ​មែន ដោយសារ​អ្នកបញ្ជា​ទិញ​សម្រាប់​នាំ​ទៅ​ប្រទេស​វៀតណាម ថៃ និង​ចិន បាន​ទម្លាក់​ថ្លៃ ហើយ​ផ្លែស្វាយ​សម្បូរ​ច្រើន​ហួស​ពី​តម្រូវការ​នៅ​លើ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស ។ ដូចនេះ ការ​ប្រមូល​ទិញ​ស្វាយ​ពី​កសិករ ក៏​ត្រូវ​ទម្លាក់​ថ្លៃ​ដែរ ។

ឈ្មួញ​រូប​នេះ​បន្ត​ថា ស្វាយ​មាន​ពណ៌​ល្អ​សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ចិន មិនសូវ​ធ្លាក់​ថ្លៃ​ខ្លាំង​ពេក​ទេ គឺ​ទិញ​ចូល​១​គីឡូក្រាម​តម្លៃ​១​ពាន់ ទៅ​១.២០០​រៀល ។ ចំណែក​ស្វាយ​មិនសូវ​ល្អ​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម និង​លក់​ក្នុងស្រុក គឺ​១​គីឡូក្រាម​តម្លៃ​ត្រឹមតែ​៤០០ ទៅ​៥០០​រៀល​ប៉ុណ្ណោះ ។
តម្លៃ​ផ្លែស្វាយ​របស់​កម្ពុជា​ឡើងថ្លៃ ឬ​ចុះថោក គឺ​អាស្រ័យ​លើ​តម្រូវការ​ទីផ្សារ​ប្រទេស​ជិតខាង រួម​មាន ប្រទេស​វៀតណាម ថៃ និង​ចិន ជាដើម​។ ដូចនេះ តម្លៃ​ឡើង​ចុះ​មិន​ទៀងទាត់ បាន​ធ្វើ​ឲ្យ​កសិករ​អ្នក​ដាំ​ផ្លែស្វាយ​ប្រឈម​នឹង​ផលវិបាក​យ៉ាង​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ