ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​ខេត្តសៀមរាប​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​ខេត្តសៀមរាប បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ហើយ បើ​ទោះបី​ការ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​SCA​បាន​និង​កំពុង​ដំណើរការ​មិន​ទាន់​បញ្ចប់​ក្តី ។ នេះ​បើ​យោង​តាម​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​កម្ពុជា ។ លោក…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​ខេត្តសៀមរាប បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ហើយ បើ​ទោះបី​ការ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​SCA​បាន​និង​កំពុង​ដំណើរការ​មិន​ទាន់​បញ្ចប់​ក្តី ។ នេះ​បើ​យោង​តាម​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​កម្ពុជា ។

លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា មន្ត្រី​អ្នកនាំពាក្យ​រូប​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​១៩ មីនា ថា ក្រុម​អ្នក​អភិវឌ្ឍន៍​ព្រ​លាន​យន្តហោះ​នេះ​បាន​កៀងគរ​ក្រុម​កម្មករ​របស់​ខ្លួន ឧបករណ៍ និង​ធនធាន កំពុង​ពង្រាប និង​ការ​ឈូស​ឆាយដី​នៅ​ទីតាំង​គម្រោង​នោះ ។ បន្ថែម​ពី​នេះ ក្រុមការងារ​នឹង​ធ្វើការ​សាងសង់​ផ្លូវ​ចូល​អគារ​ស្ថានីយ បំពាក់​អំ​ពូ​ល​បំភ្លឺ និង​គ្រឿង​បរិក្ខារ​ផ្សេង​ៗ​ទៀត​ដែល​ចាំបាច់​នឹង​ធ្វើ​ទៅ​តាម​គម្រោង ។

ព្រ​លាន​យន្តហោះ​ថ្មី​ដែល​គ្រោង​សាងសង់​នៅ​ក្នុង​ទឹកដី​ខេត្តសៀមរាប​នេះ នឹង​ចំណាយ​ថវិកា​ប្រមាណ​៨៨០​លាន​ដុល្លារ និង​សាងសង់​លើ​ផ្ទៃដី​ទំហំ​៧៥០​ហិ​កតា នៅ​ក្នុងស្រុក​សូត្រ​និគម ។ តាម​គម្រោង​នឹង​ត្រូវ​ប្រើ​ពេល​យ៉ាង​ហោច​ណាស់​៣​ឆ្នាំ ទៅ​៥​ឆ្នាំ ទើប​សាងសង់​បញ្ចប់ ។

លោក​បន្ត​ថា ៖« ការ​បើក​ការដ្ឋាន​សាងសង់​បាន​ចាប់ផ្តើម​ហើយ ខណៈ​ក្រុម​ចរចា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ព្រ​លាន​យន្តហោះ​នៅ​កម្ពុជា​(SCA)​បាន​និង​កំពុង​ចរចា​បញ្ចប់ » ។
គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​នេះ​នឹង​ត្រូវ​បាន​សាងសង់​ជា​៣​ដំណាក់កាល ។ ដំណាក់កាល​ទី​១ ក្រុមហ៊ុន​នឹង​វិនិយោគ​៥០០​លាន​ដុល្លារ​ក្នុង​ការ​ឈូស​ឆាយ​សាងសង់​ស្ថានីយ និង​បំពាក់​គ្រឿង ។ ដំណាក់កាល​ទី​២ សាងសង់​ផ្លូវ ដែល​អាច​អនុញ្ញាត​ឱ្យ​យន្តហោះ​ដឹក​អ្នកដំណើរ​ខ្នាត​មធ្យម ដូច​ជា យន្តហោះ​ប្រភេទ Boeing 737 និង Airbus A320 ចុះ​ចត​បាន និង​ដំណាក់កាល​ទី​៣ មាន​ទឹកប្រាក់​៣០០​លាន​ដុល្លារ​ផ្សេង​ទៀត ត្រូវ​បាន​ត្រៀម​ទុក​ក្នុង​ការ​ពង្រីក​ព្រ​លាន ។

កាលពី​ខែតុលា ឆ្នាំ​២០១៧ កិច្ចព្រមព្រៀង​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​នេះ ត្រូវ​បាន​ចុះហត្ថលេខា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន Yunnan Investment Holdings Ltd ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន ។ កិច្ចព្រមព្រៀង​នេះ​បាន​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ចិន​គ្រប់គ្រង​អស់​រយៈពេល​៥៥​ឆ្នាំ ក្រោម​យន្តការ (BOT) ។
កិច្ចព្រមព្រៀង​ថ្មី​នេះ គឺ​ជំនួស​ឲ្យ​កិច្ចព្រមព្រៀង​ផ្តាច់មុខ​ជាមួយ​អាកាសយានដ្ឋាន​កម្ពុជា ដែល​ជា​ប្រតិបត្តិ​ករ​អាកាសយានដ្ឋាន​អន្តរជាតិ នា​ពេល​បច្ចុប្បន្ន ។ អាកាសយានដ្ឋាន​កម្ពុជា ជា​ផ្នែក​មួយ​នៃ​ការ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Vinci Group របស់​បារាំង ដែល​កំពុង​ដំណើរការ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​ដែល​មាន​ស្រាប់ ហើយ​ថ្មី​ៗ​នេះ​បាន​វិនិយោគ​ទឹកប្រាក់​ចំនួន​១០០​លាន​ដុល្លារ​ដើម្បី​ធ្វើ​ឱ្យ​ព្រ​លាន​យន្តហោះ​នៅ​រាជធានី​ភ្នំពេញ និង​សៀមរាប​កាន់តែ​ប្រសើរ​ឡើង ។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា បាន​ថ្លែង​ថា អាកាសយានដ្ឋាន​ថ្មី​នៅ​សៀមរាប​នឹង​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍ ហើយ​ប្រាកដ​ណាស់ វា​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​មុន ហើយនឹង​អាច​ស្វាគមន៍​យន្តហោះ​ដែល​មាន​ទំហំ​ធំ ។
អាកាសយានដ្ឋាន​សៀមរាប គឺជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ព្រ​លាន​យន្តហោះ​ធំ​ៗ​ចំនួន​៣ នៅ​ក្នុង​ប្រទេស​កម្ពុជា ។

បន្ថែម​ពី​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​គ្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​មួយទៀត​នៅ​ក្នុង​ទឹកដី​ខេត្តកណ្តាល ដែល​នឹង​ក្លាយទៅជា​ព្រ​លាន​យន្តហោះ​ទី​៥ ដែល​ធំ​បំផុត​របស់​ពិភពលោក ។
ខេត្តកោះកុង ក៏​នឹង​ចាប់ផ្តើម​ការ​សាងសង់ ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយ​នៅ​ឆ្នាំ​នេះ ដែល​មាន​តម្លៃ​៥០០​លាន​ដុល្លារ​លើ​ផ្ទៃដី​ទំហំ​៧៥០​ហិ​កតា ស្ថិត​នៅ​ក្នុងស្រុក​បទុម​សាគរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ