ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ក្រុង​កំពត​ធ្វើ​ពិធី​អបអរសាទរ​ជ័យ​លា​ភី​ផ្ការំដួល​៣​ទង​លើក​ទី​២

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រដ្ឋបាល​ក្រុង​កំពត​ប្រារព្ធ​ពិធី​ទទួល​ពានរង្វាន់​រំដួល​បី​ទង​ទីក្រុង​ស្អាត​លើក​ទី​២ ដែល​ប្រមុខ ដឹកនាំ​រាជរដ្ឋាភិបាល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រគល់​ជ័យ​លា​ភី រំដួល​បី​ទង លើក​ទី​២​នា​ពេល​ថ្មី​ៗ​នេះ…

ខេត្តកំពត ៖ រដ្ឋបាល​ក្រុង​កំពត​ប្រារព្ធ​ពិធី​ទទួល​ពានរង្វាន់​រំដួល​បី​ទង​ទីក្រុង​ស្អាត​លើក​ទី​២ ដែល​ប្រមុខ ដឹកនាំ​រាជរដ្ឋាភិបាល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រគល់​ជ័យ​លា​ភី រំដួល​បី​ទង លើក​ទី​២​នា​ពេល​ថ្មី​ៗ​នេះ ហើយ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​៣​កើត ខែចេត្រ ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ក្រុង​កំពត​បាន​ធ្វើ​ពិធី​ដង្ហែរ​ជ័យ​លា​ភី​ផ្ការំដួល​បី​ទង​នៅ​ជុំវិញ​ក្រុង ក្រោម​អធិបតី ភាព ឯកឧត្ដម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្ដម អ៊ឹ​ង ម៉េ​ង​ហ៊ួ​រ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម អភិបាលរង​ខេត្ត អភិបាល អភិបាលរង​ក្រុង មេឃុំ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត ប្រធាន​មន្ទីរ​អង្គភាព​នានា ជុំវិញ​ខេត្ត រួម​នឹង​មន្ត្រីរាជការ​គ្រប់​អង្គភាព​ជុំវិញ​ខេត្ត​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​នា​ព្រឹក​នេះ​ផង​ដែរ​។ លោក លាង រឿ​ន​សុធី អភិបាលក្រុង​កំពត បាន​ថ្លែង​ថា​៖ ក្រុង​កំពត គឺជា​ទីក្រុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​មាន​ប្រជាពលរដ្ឋ​ច្រើន​ប្រភេទ​មក​រស់នៅ និង​ឆ្លងកាត់​ព្រមទាំង​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ មក​ស្នាក់​នៅ​កម្សាន្ត និង​ធ្វើ​អាជីវកម្ម​ទៀត​ផង​។ ពិសេស​ជា​គោលដៅ​ទេសចរណ៍​ទាំង​ធម្មជាតិ និង​វប្បធម៌ ដែល​មាន​សក្ដានុពល​ជា​ច្រើន​ផង​ដែរ​។

លោក លាង រឿ​ន​សុធី​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ ការ​ប្រឡងប្រណាំង ទីក្រុង​ស្អាត ថ្នាក់​ជាតិ​លើក​ទី​១ ឆ្នាំ​(២០១៥-២០១៨) ក្រុង​កំពត​ទទួល​បាន​ជ័យ​លា​ភី រំដួល​៣​ទង ហើយ​បន្ត​ជា​ក្រុង​បេក្ខភាព ក្រុង​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ​ដែល​ទទួល​បាន ជ័យ​លា​ភី​ស្នាមញញឹម​២​ផង​ដែរ​។ ដោយឡែក​ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ថ្នាក់​ជាតិ​លើក​ទី​២ ឆ្នាំ​(២០១៩-២០២១) ក្រុង​កំពត​ទទួល​បាន​ជ័យ​លា​ភី​រំដួល​៣​ទង បន្ត​ទៀត ដែល​មានកម្ម​វិធី​នា​ថ្ងៃនេះ​។​ទន្ទឹម​នឹង​នោះ​ក្រុង​កំពត​បាន​ជាប់​ជា​បេក្ខភាព​មួយ​ក្នុង​ការ​ប្រឡងប្រណាំង​ទីក្រុង​កម្រិត​ស្អាត​អាស៊ាន​ថែម​ទៀត​ផង​ដែរ​។ ឯកឧត្ដម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បន្ទាប់​ពី​អាន​សារ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៦ នៅ​ក្នុង​ឱកាស​នោះ​រួច​មក ជាមួយនឹង​លទ្ធផល​ល្អ​ប្រសើរ​នេះ ឯកឧត្ដម អភិបាលខេត្ត​បាន​មាន​ប្រសាសន៍ ថ្លែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ ក្រុង សង្កាត់ និង​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត ព្រមទាំង​មានការ​ចូលរួម​របស់​ប្រជាពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​ការ​ខិតខំ​នេះ​ទទួល​ជោគជ័យ​ទាំងអស់​គ្នា​ដូច​មាន​នា​ថ្ងៃនេះ​។

ឯកឧត្ដម​ជាវ តា​យ អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ដល់​មន្ត្រីរាជការ កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ បងប្អូន​ប្រជាពលរដ្ឋ និង​យុវជន​បន្ត​ចូលរួម​ថែរក្សា អនាម័យ បរិស្ថាន ក្នុង​ក្រុង​កំពត​ទាំងអស់​គ្នា​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ដើម្បី​ឲ្យ​ក្រុង​កំពត​នៅ​តែ​រក្សា​បាន​ជ័យ​លា​ភី​ក្នុង​ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​លើក​ទី​៣​ផ្ការំដួល​៣​ទង​នា​ពេល​ខាង​មុខ​បន្ត​ទៀត​។ ដោយ​រួម​គ្នា​ធ្វើ រួម​គ្នា​ដោះស្រាយ ឲ្យ​ស័ក្តិសម​ជាទី​ក្រុង​ជាប់ ឆ្នេរសមុទ្រ ដែល​ជា​គោលដៅ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​បាន​កាន់តែ​ច្រើន និង​ប្រសើរ​ឡើង​ថែម​ទៀត​ទៅ​ថ្ងៃ​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ