ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ ជួប​គ្នា​ជំរុញ​បើក​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដី

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨​នេះ គណៈប្រតិភូ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ និង​អភិបាលខេត្ត​បាត់ដំបង ប្រទេស​កម្ពុជា បាន​ជួប​ប្រជុំ​គ្នា​នៅ​សាលាខេត្ត​បាត់ដំបង…

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨​នេះ គណៈប្រតិភូ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ និង​អភិបាលខេត្ត​បាត់ដំបង ប្រទេស​កម្ពុជា បាន​ជួប​ប្រជុំ​គ្នា​នៅ​សាលាខេត្ត​បាត់ដំបង ដើម្បី​បន្ត​ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ រវាង​គ្នា​ឲ្យ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត លើ​បញ្ហា​ព្រំដែន​រវាង​ខេត្ត​ទាំង​ពីរ និង​គ្រោង​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ នូវ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដី ស្ថិត​នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ជាមួយ​ច្រក​ខៅ​ឌិន ស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​។ កិច្ច​ពិភាក្សា​នេះ​ភាគី​ថៃ​ដឹកនាំ​ដោយ​លោក ផុ​ន​ផុត ភេ​ន​ផាស អភិបាលខេត្ត​ស្រះ​កែវ ដឹកនាំ​ចូលរួម​ពី​ប្រតិភូ​ថៃ​ចំនួន​៤៨​រូប និង​ភាគី​កម្ពុជា​មាន​លោក ងួ​ន រតនៈ គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​មន្ត្រី​យោធភូមិ​ភាគ​ទី​៥ កងរាជអាវុធហត្ថ ស្នងការ​នគរបាល​ខេត្ត មន្ត្រី​រដ្ឋបាល​ខេត្តបាត់ដំបង មាន​ថ្នាក់​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មក​ពី​មន្ទីរ ស្ថាប័នរដ្ឋ​នានា​ជុំវិញ​ខេត្ត កងកម្លាំង មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត​ជា​ច្រើន​រូប​ទៀត​។

ក្នុង​ជំនួប​នេះ​ដែរ​លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែង​ការ​ស្វាគមន៍ និង​រាក់ទាក់​បំផុត​ព្រមទាំង​បាន​ឧទ្ទេសនាម សមាសភាព​រដ្ឋបាល​ខេត្តបាត់ដំបង ជម្រាប​ជូន​ដល់​ប្រតិភូ​ថៃ នៅ​ក្នុង​កិច្ចប្រជុំ​រវាង​រដ្ឋបាល​ខេត្តបាត់ដំបង ជាមួយ​គណៈប្រតិភូ​ខេត្ត​ស្រះ​កែវ ក្នុង​បំណង​ដើម្បី​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​អំពី​ការងារ​រៀបចំ ពិធី​ប្រកាស​ដំឡើង​កម្រិត​ច្រក​ទ្វារ​តំបន់​ព្រំដែន ច្រក​ភ្នំ​ដី (​គីឡូ​១៣) ស្ថិត​ក្នុងស្រុក​សំពៅ​លូន ទៅ​ជា​ច្រក​អន្តរជាតិ​គីឡូ​១៣​វិញ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ ក្នុង​ឱកាស​នោះ​លោក ផុ​ន​ផុត ភេ​ន​ផាស អភិបាលខេត្ត​ស្រះ​កែវ បាន​មាន​មតិ​ស្វាគមន៍ និង​បាន​បង្ហាញ​សមាសភាព មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជូន​រដ្ឋបាល​ខេត្តបាត់ដំបង វិញ​ផង​ដែរ​។

ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែរ ភាគី​ទាំង​២​បាន​ផ្តោត​ឯកភាព​គ្នា ទៅ​លើ​ចំណុច​សំខាន់​ៗ​មាន​ដូច​ជា ការ​ពង្រឹង​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​រួម​គ្នា និង​ដោះស្រាយ​បញ្ហា​នានា តាម​តំបន់​ព្រំដែន​បាត់ដំបង និង​ខេត្ត​ស្រះ​កែវ ក្នុង​ការ​ចេញចូល​សម្រាប់​ពលករ​ឲ្យ​មាន​ភាព​ស្របច្បាប់ ដោយ​អាច​ឲ្យ​មាន​សិទ្ធ​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន​(Border Pass)​ថ្នាក់​ខេត្ត​នៃ​ប្រទេស​ទាំង​ពីរ ចៀសវាង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ចាញ់បោក​មេខ្យល់​ជាដើម​។ ហើយ​លើក​តម្លៃ​ប្រាក់​ការងារ ពលកម្ម​ប្រចាំ​ថ្ងៃ​ដល់​ពលករ​កម្ពុជា​ដែល​អាច​ទទួល​បាន​ចំនួន​៣០៥​បាត​ក្នុង​មួយ​ថ្ងៃ​ដូច​ប្រជាជន​ថៃ​ដែរ ហើយ​បន្ត​ជំរុញ​បើក​ឲ្យ​ទូលំទូលាយ​លើ​វិស័យ​សុខមាលភាព​សម្រាប់​អ្នកជំងឺ​ទៅ​ព្យាបាល​ដោយ​ស្របច្បាប់​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​បន្ថែម​ទៀត និង​បន្ត​ការ​ត្រៀម​រៀបចំ​ពិធី​ប្រកាស​ដាក់ ឲ្យ​ដំណើរការ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដី (​គីឡូ​១៣)​ឲ្យ​ទៅ​ជា​ច្រក​អន្តរជាតិ​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ