ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​នៅ​ក្រោម​អាវ​របស់​ទឹម វ​ត្តី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​បង្ហាញ​ម៉ូ​ដ និង​សម្តែង​កញ្ញា​ទឹម វ​ត្តី បាន​បង្ហាញ​ស្នាម​ខ្មៅ​ធំ​មួយ​នៅ​លើ​ខ្នង វា​ជា​ភាព​អៀនខ្មាស​របស់​នាង​ដែល​តែងតែ​លាក់បាំង​រហូត​មក និង​ធ្វើ​ឲ្យ​នាង​មាន​បញ្ហា​នៅ​ក្នុង​ចិត្ត ។ ស្នាម​ខ្មៅ​ពី​កំណើត​នោះ​ត្រូវ​ទឹម…

រាជធានី​ភ្នំពេញ ៖ តារា​បង្ហាញ​ម៉ូ​ដ និង​សម្តែង​កញ្ញា​ទឹម វ​ត្តី បាន​បង្ហាញ​ស្នាម​ខ្មៅ​ធំ​មួយ​នៅ​លើ​ខ្នង វា​ជា​ភាព​អៀនខ្មាស​របស់​នាង​ដែល​តែងតែ​លាក់បាំង​រហូត​មក និង​ធ្វើ​ឲ្យ​នាង​មាន​បញ្ហា​នៅ​ក្នុង​ចិត្ត ។

ស្នាម​ខ្មៅ​ពី​កំណើត​នោះ​ត្រូវ​ទឹម វ​តី ថត​បង្ហាញ​ជា​សាធារណៈ​តាម​ហ្វេ​ស​ប៊ុ​ក ជាមួយនឹង​ការ​បង្ហាញ​សារ​មិន​សប្បាយចិត្ត ព្រោះ​វា​នាំ​ឲ្យ​នាង​គ្មាន​ឱកាស​ពាក់អាវ​វាល​បង្ហាញ​សាច់ ដូច​ជា​បងស្រី​របស់​នាង​ទឹម រ​ដ្ឋា នោះ​ឡើយ ។

កញ្ញា​ទឹម វ​ត្តី បញ្ជាក់​ថា «​មាន​មនុស្ស​មិន​តិច​ទេ​ដែល​តែងតែ​លើកទឹកចិត្ត​ខ្ញុំ​ចំពោះ​រឿង​ស្នាម​ដៅ​មួយ​នេះ ។ គេ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ពិតជា​មានសំណាង​ណាស់ ខ្ញុំ​ឡូយ​ណាស់ ខ្ញុំ​ប្លែក​ណាស់ ដែល​មាន​ស្នាម​មួយ​នេះ ដែរ​អ្នក​ទាំងអស់​គ្នា​មិន​អាច​មាន​ដូច​ខ្ញុំ ព្រោះ​ខ្លះ​គ្នា​សំណាងអាក្រក់​ណាស់ ព្រោះតែ​ដៅ​នេះ​ទៅ​កើត​ចំ​លើ​មុខ​គ្នា​មួយ​ចំហៀង ឯ​អ្នកខ្លះ​ទៀត​ក៏​ពេញ​ផ្ទៃ​មុខតែ​ម្ដង​ក៏​មាន ។ តែ​ខ្ញុំ​ក៏​បាន​និយាយ​តប​ទៅ​ពួក​គេ​វិញ​ថា បើសិនជា​អាច​ខ្ញុំ​សុំ​មិន​មាន​វា​ចុះ តែ​ខ្ញុំ​ដឹង​ថា​វា​មិន​អាច ហើយ​ពេល​ខ្លះ​ខ្ញុំ​សឹងតែ​ភ្លេច​ទៅ​ហើយ​ថា​នៅ​លើ​ខ្នង​របស់ខ្ញុំ​មាន​វា ព្រោះតែ​ពាក់អាវ​ជិត​ៗ​រហូត ។ ប៉ុន្តែ​ទោះបី​មានការ​លើក​ទឹក​ចិត្ត​ពី​ពួក​គាត់​មក​លើ​រូប​ខ្ញុំ​ច្រើន​ប៉ុនណា​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មិន​មាន​ភាព​ក្លាហាន​សម្រាប់​បញ្ចេញ​វា​នៅ​ខាងក្រៅ​ជា​សាធារណៈ​ដែរ សរុប​ទៅ​គឺ​ខ្ញុំ​នៅ​តែ​មិន​អាច​យកឈ្នះ​វា​បាន ព្រោះតែ​ស្នាម​ដៅ​មួយ​នេះ​ជា​ចំណុចខ្សោយ​ដ៏​ធំ​បំផុត​សម្រាប់​ជីវិត​ខ្ញុំ តែ​នេះ​ក៏​ជា​លើក​ទី​មួយ​ហើយ​ដែរ​ខ្ញុំ​អាច​បញ្ចេញ​វា​នៅ​លើ​ទំព័រ​ហ្វ៊​ស​ប៊ុ​ក​បែប​នេះ ហើយ​ក៏​ជា​ជំហាន​នៃ​ការ​យកឈ្នះ​វា​លើក​ទី​មួយ​របស់ខ្ញុំ​ដែរ ។

តើ​អ្នក​ទាំងអស់​គ្នា​ដឹង​ទេ​ថា​ខ្ញុំ​គិត​យូរ​ប៉ុនណា​ទើប​ហ៊ាន​សម្រេចចិត្ត​ថា​នឹង​ផុស​រូប​មួយ​នេះ គឺ​ជិត​មួយ​ឆ្នាំ​ឯណោះ ផុស​ហើយ​លុប ផុស​ហើយ​លុប​រហូត តើ​អ្នក​ទាំងអស់​គ្នា​មាន​យោបល់​យ៉ាងម៉េច​ដែរ ? »​។

បន្ទាប់​ពី​ទឹម វ​ត្តី បាន​បង្ហោះ​រូបភាព​មួយ​នេះ​មក​ក៏​មាន​អ្នកសិល្បៈ និង​មិត្តភក្តិ​របស់​នាង​មួយ​ចំនួន​នាំ​គ្នា​លើកទឹកចិត្ត​ដល់​រូប​នាង​កុំ​ឲ្យ​ពិបាកចិត្ត​ចំពោះ​បញ្ហា​នេះ ព្រោះ​វា​ជា​ធម្មជាតិ ហើយ​វា​ក៏​ជា​ការ​នាំ​សំណាង​ដល់​រូប​នាង​ផង​ដែរ ។

ជា​ការ​កត់សម្គាល់​មួយ​រយៈ​វែង​ចុង​ក្រោយ​នេះ ទឹម វ​ត្តី ហាក់​ស្ងប់ស្ងាត់​ពី​វិស័យ​សិល្បៈ ដែល​ខុស​ប្លែក​ពី​បងស្រី​របស់​នាង​ទឹម រ​ដ្ឋា មានការ​ងារ​សិល្បៈ​ជា​បន្តបន្ទាប់ ។ វ​តី​ត្រូវ​គេ​ដឹង​ថា គឺជា​អ្នកដឹកនាំ​ក្រុម​បង្ហាញ​ម៉ូ​ដ​ជាមួយ​បងស្រី​របស់​នាង ។ កន្លង​មក​ក្រុម​របស់​នាង​តែងតែ​ចូលរួម​សម្តែង​ក្នុង​កម្មវិធី ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ