ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើនព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព​បន្លែលើទីផ្សារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សុវត្ថិភាព​ម្ហូបអាហារ​គឺជា​ក្ដី​កង្វល់​មួយ​យ៉ាង​ធំ​ដែល​ដក់​ជាប់​ក្នុង​ក្រឳ​បេះដូង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យូរ​មក​ហើយ ដោយសារ​បន្លែ ត្រី សាច់ ដែល​លក់​នៅ​តាម​ផ្សារ​បច្ចុប្បន្ន មិន​មាន​ប្រភព​ច្បាស់លាស់ និង​ភាគច្រើន​បាន​នាំ​ចូល​ពី​ប្រទេស​ជិតខាង​រាប់រយ​តោន​ក្នុង​១​ថ្ងៃ​ៗ ខណៈ​ការ​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក​នៅ​មាន​ចំនួន​តិច…

រាជធានី​ភ្នំពេញ ៖ សុវត្ថិភាព​ម្ហូបអាហារ​គឺជា​ក្ដី​កង្វល់​មួយ​យ៉ាង​ធំ​ដែល​ដក់​ជាប់​ក្នុង​ក្រឳ​បេះដូង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យូរ​មក​ហើយ ដោយសារ​បន្លែ ត្រី សាច់ ដែល​លក់​នៅ​តាម​ផ្សារ​បច្ចុប្បន្ន មិន​មាន​ប្រភព​ច្បាស់លាស់ និង​ភាគច្រើន​បាន​នាំ​ចូល​ពី​ប្រទេស​ជិតខាង​រាប់រយ​តោន​ក្នុង​១​ថ្ងៃ​ៗ ខណៈ​ការ​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក​នៅ​មាន​ចំនួន​តិច មិន​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​។

អ្នកស្រី​ រស់ ស្រី​មុំ ​​ជាអ្នក​​​​ភ្នំពេញ​បាន​ប្រាប​់​កោះសន្តិភាព​ថា បច្ចុប្បន្ន​នេះ អ្នក​ទទួល​ទាន​អាហារ​មិន​អាច​​ជៀស​ផុត​ពី​រឿង​គីមី​នោះ​ទេ ព្រោះ​​វា​ពិបាក​សម្គាល់ថា​បន្លែ​ដែល​លក់​នៅ​តាម​ផ្សារ​មួយ​ណា​ជា​បន្លែ​សរីរាង្គ មួយ​ណា​ជា​បន្លែ​គីមី​ណាស់​ ។

អ្នក​ស្រី​និយាយ​ថា​ ៖​«​ អ្នកណា​ក៏​ចង់​មាន​សុខ​​​​ភាព​ល្អ​​ ​និង​​មិន​ចង់​បរិភោគ​អាហារ​ដែល​​​​មាន​​​ជាតិ​គីមីដែរ​ តែ​យើង​ជៀសវា​មិន​ផុត​ទេ​​ ព្រោះ​​​​បន្លែ​ដែល​លក់​នៅ​ផ្សារ​រាល់​ថ្ងៃនេះ​ភាគ​ច្រើន​​​គឺ​​សុទ​្ធតែ​នាំ​ចូល​​ពី​ប្រទេសជិត​ខាង ពិសេស​គឺ​វៀតណាម​​ ហើយ​​​យើង​​ពិបាក​​សម្គាល់​​​​ថា មួយ​ណា​ជាបន្លែ​សរីរាង្គ និង​មួយ​ណា​ជាបន្លែ​នាំ​ចូល​ណាស់ »។

អ្នក​ស្រី​បន្ដថា ៖« ​​បើ​ចង់​ទិញ​បន្លែសរីរាង្គ ភាគ​ច្រើន​គេ​ទៅ​ទិញ​​នៅ​ផ្សារ​ទំនើបៗ​ តែ​ក៏​មិន​ប្រាកដ​ថា​​​វា​ជា​បន្លែ​សរីរាង្គ​ពិត​ប្រាកដ​​ដែរ​ ដោយ​សារ​តែ​ពុំ​មាន​អ្វី​បញ្ជាក់​ពី​ប្រភព​ដើមច្បាស់ លាស់ »។ ម្ចាស់​ចម្ការ​ដាំ​បន្លែ​នៅ​ខេត្ត​កណ្តាល​ ​លោក ឆែ ប៊ុ​ន​សែ បាន​ប្រាប់​ថា ក្នុង​នាម​ជា​អ្នក​ដាំ​ គឺ​​ត្រូវ​​ដើរ​តាម​អ្នក​បរិភោគ​ ។ មាន​ន័យ​ថា បើ​អ្នក​ហូប​​ចូល​ចិត្ត​បែប​ណា​ គឺ​​ដាំ​តម្រូវ​តាម​បែប​នោះ​​​។

លោក​ថា​ ៖​« ​ពី​មុន​អ្នក​បរិភោគ​គាត់​មិនសូវ​ចាប់អារម្មណ៍​នឹង​បន្លែ​សរីរាង្គ​ទេ ឲ្យ​តែ​មើល​ទៅ​ល្អ និង​ធូរថ្លៃ ជា​ជម្រើស​របស់គាត់ ។ តែ​ឥឡូវ អ្នក​​​​ទទួល​ទាន​មាន​ការ​ប្រែប្រួល​ច្រើន ដោយ​ឃើញ​​ម្នាក់​ៗ​សួរ​រក​​​តែ​បន្លែ​​សរីរាង្គ​​ ​។ ដូច្នេះ ក្នុង​នាមយើង​​ជា​អ្នក​ដាំ គឺ​ត្រូវ​តែ​ដើរ​​តាម​អ្នកទិញ​ជា​និច្ច​ ហើយ​ការ​ដាំ​បន្លែ​សរីរាង្គ​ ក៏​លក់​បាន​ថ្លៃដែរ​​ដែល​​​ជា​កម្លាំងចិត្ត​មួយ​​សម្រាប់​កសិករ​​ផ្សេង​​​ទៀត​ ឲ្យ​ងាក​មក​រក​ដាំ​បន្លែបែបនេះ​ »​។

 

ទោះបី​បន្លែ​សរីរាង្គ​កំពុង​ទទួល​បាន​ការ​គាំ​ទ្រ ប៉ុន្តែ​បញ្ហា​ប្រឈម​នៅ​តែ​កើត​មាន​​ ហើយ​​រាជ​រដ្ឋាភិបាល​កំពុង​តែ​មាន​គម្រោង​​ជំរុញ​ និង​អនុម័ត​​បន្លែ​សរីរាង្គ​សម្រាប់​ការ​ផលិត និង​ដាក់​ក្នុង​ទីផ្សារ​បន្លែ​អនុវត្ត​​កសិកម្ម​ល្អ​ផង​ដែរ ​។ ថ្លែងប្រាប់​កោះសន្តិភាព ថ្ងៃ​ទី​១៥ មីនា កន្លង​ទៅ​​ លោកបណ្ឌិត​ ហ៊ាន​ វណ្ណហន អគ្គ​នាយក​​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​​ថា បន្លែ​ដែល​អនុវត្ត​​តាម​បែប​កសិកម្ម​គឺជា​​បន្លែ​សុវត្ថិភាព​ដែល​មាន​ស្តង់ដា​ត្រឹមត្រូវ​ទទួល​ស្គាល់​​ពី​រាជរដ្ឋាភិបាល​ ។ ក្នុង​នោះ​ បន្លែ​សរីរាង្គ​រដ្ឋាភិបាល​​កំពុង​មាន​គម្រោង​ជំរុញ​ឲ្យ​ដាក់​ក្នុង​ស្តង់​ដា​​​ជាតិ​​ ។

លោក​ថ្លែង​ថា​ ៖​«​ បន្លែ​ដែល​អនុវត្ត​​កសិកម្ម​ល្អ​​ គឺ​ស្ថិត​នៅ​ក្នុង​បន្លែ​សុវត្ថិភាព ហើយ​បន្លែ​សរីរាង្គ​​ក៏​ជា​បន្លែ​សុវត្ថិភាព​ដែរ គ្រាន់តែ​ថា​មក​ដល​់​​ពេល​នេះ បន្លែ​សរីរាង្គ​អត់​ទាន់​មាន​ស្តង់ដា​ជាតិ​​នៅឡើយ ហើយ​រាជរដ្ឋាភិបាល​កំពុង​តែ​មាន​​​​គម្រោង​ជំរុញ​ និង​អនុម័ត​បន្លែ​សរីរាង្គ​​សម្រាប់​​ការ​ផលិត និង​ដាក់​ក្នុង​ទីផ្សារ​បន្លែ​​អនុវត្ត​កសិកម្ម​​ល្អ​​ ។ តែ​យ៉ាងណា​ ក៏​ត្រូវ​មាន​ការ​នាំ​ចូល​ពី​ក្រៅ​ដែរ ដោយសារ​ផ្ទៃដី​ដែល​ដាំ​ដុះ​​មួយ​ចំនួន​ស្ថិត​​នៅ​តំបន់​ទឹក​លិច​ដែល​ធ្វើ​ឲ្យ​​បរិមាណ​នៃ​ការ​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក​មាន​កម្រិត​ »​។

« ដូច​ច្នេះ ទាំង​កសិករ និង​អ្នក​ទទួលទាន​ត្រូវ​ចូល​រួម​ទាំងអស់​គ្នា ជួយ​គាំទ្រ​ផលិតកម្ម​ក្នុង​ស្រុក និង​​ផ្ដល់​តម្លៃបន្ថែម​ដល់​បន្លែ​សុវត្ថិភាព ឬ​​សរីរាង្គ​បន្ថែម​​ទៀត ព្រោះ​បើកាលណា​ប្រជា​កសិករ​​គាត់​ខំ​ដាំ ទាំង​ដែល​ទិន្នផល​ទទួល​បាន​ទាប​ ហើយ​អ្នកទិញ​មិន​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់​ជាង​បន្លែ​​ធម្មតា អីចឹង​​ផលិតកម្ម​ក្នុងស្រុក​មិន​អាច​រីក​​លូតលាស់​បាន​ទេ​ » ។​ នេះ​បើ​តាម​លោក​អគ្គនាយកដ្ឋាន​កសិកម្ម ។

​លោក​បណ្ឌិត យ៉ង សាំងកុមារ ដែលមាន​បទ​​ពិសោធន៍​​​ខាង​​បន្លែ​តាំង​ពី​ឆ្នាំ​១៩៩៥ ​មក​ ​យល់​ឃើញ​ថា​ កម្ពុជា​អាច​មាន​លទ្ធភាព​ផលិត​​បន្លែល្អសម្រាប់​​បំពេញតម្រូវការ​ក្នុង​ស្រុក​ជំនួស​ការ​នាំ​ចូល និង​ឈាន​ទៅ​ដល់​ការ​នាំ​ចេញ​​ទៀត​ផង ​។ លោក​​បាន​ថ្លែង​បែបនេះ​នៅក្នុង​​គេហ​ទំព័រ​របស់លោក​ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី​១៧ មីនា កន្លងមក ។ ​

លោក​​បណ្ឌិត​បន្ដ​ថា ៖« បញ្ហា​សុវត្ថិភាព​​​ចំណី​អាហារ ជា​ពិសេស​បញ្ហា​ទាក់ទង​​«​បន្លែ​គីមី​»​ និង​ការ​កើនឡើង​លើ​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​​​វៀតណាម កំពុង​ក្លាយជា​ប្រធានបទ​សំខាន់​​មួយ​ក្នុង​សង្គម​ខ្មែរ​ ។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​ការ​តិះ​ទៀន និង​រអ៊ូរទាំ​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន រាជរដ្ឋាភិបាល​មាន​កាតព្វកិច្ច​ក្នុង​ការ​ដឹកនាំ​ធ្វើ​យ៉ាង​​ណា​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​អាច​ទទួល​បាន​​ចំណី​អាហារ​ប្រកបដោយ​សុវត្ថិភាព ដោយ​រាប់​​បញ្ចូល​ទាំង​បន្លែ​ផង »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ