ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ​នៅ​តែ​បន្ដ​ផ្ដោត​លើ​កម្ចី​ខ្នាត​តូច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នៅ​តែ​បន្ដ​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ខ្នាត​តូច ខណៈ​ដែល​អតិថិជន​ប្រើ​សេវា​ឥណទាន​ប្រភេទ​នេះ​មាន​ជិត​២​លាន​នាក់  ។ បើ​តាម​នាយក​ប្រតិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក យុន សុ​វ​ណ្ណា…

រាជធានី​ភ្នំពេញ ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នៅ​តែ​បន្ដ​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ខ្នាត​តូច ខណៈ​ដែល​អតិថិជន​ប្រើ​សេវា​ឥណទាន​ប្រភេទ​នេះ​មាន​ជិត​២​លាន​នាក់  ។

បើ​តាម​នាយក​ប្រតិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក យុន សុ​វ​ណ្ណា លើក​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​២០១៧ អតិថិជន​ដែល​បាន​ខ្ចីប្រាក់​ក្រោម​៥​ពាន់​ដុល្លារ​ចំនួន​១,៦​លាន​នាក់ និង​អតិថិជន​ខ្ចីប្រាក់​ច្រើន​ជាង​៥​ពាន់​ដុល្លារ ចំនួន​២៦​ម៉ឺន​នាក់​នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ។

ដោយ​មើលឃើញ​បែប​នេះ ជា​ទស្សនវិស័យ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​បន្ត​ផ្តោត​លើ​ការ​ផ្តល់​សេវា​ទៅ​ដល់​អតិថិជន​ខ្នាត​តូច ទាំង​កម្ចី សន្សំ ទូទាត់​និង​សេវា​ហិរញ្ញវត្ថុ ។

លោក​សុ​វ​ណ្ណា​បញ្ជាក់​ថា ៖« ឆ្នាំ​២០១៨​នេះ វិស័យ​ហិរញ្ញវត្ថុ​យើង ​គឺ​ផ្តោត​ទៅ​លើ​អតិថិជន​ខា្ន​ត​តូច ដែល​មាន​កម្ចី​ក្រោម​៥​ពាន់​ដុល្លារ ​។ អីចឹង​យើង​នូវ​តែ​បន្ត​ផ្តោត​លើ​អតិថិជន​គោលដៅ​ខ្នាត​តូច »​។ លោក​ថា ៖« គិត​ត្រឹម​ចុងឆ្នាំ​២០១៧ មាន​ទំហំ​ឥណទាន​ប្រមាណ​៤,២​ពាន់​លាន​ដុល្លារ ​ដែល​បាន​ផ្ដល់​ជូន​អតិថិជន បើ​ធៀប​នឹង​ឆ្នាំ​២០១៦ កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ » ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក គា បូរាណ ធ្លាប់​មាន​ប្រសាសន៍​ថា ៖« ក្នុង​២០១៧ អតិថិជន​ខ្ចីប្រាក់​មានការ​ថយ​ចុះ​តិច​ជាង​ឆ្នាំ​២០១៦ ​ប្រហែល​៨​ម៉ឺន​នាក់ ​។ ក្នុង​នោះ អតិថិជន​កម្ចី​ខ្នាត​តូច ដែល​ខ្ចី​តិច​ជាង​១​ពាន់​ដុល្លារ ថយ​ចុះ​ប្រហែល​២០​ម៉ឺន​នាក់​ដែល​គួរ​ឱ្យ​កត់សម្គាល់ ​សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ ប៉ុន្ដែ​បើ​យើង​មើល​ពី​សំពាធ​ឥណទាន​វិញ ចំនួន​ទឹកប្រាក់​ដែល​ផ្តល់​ឱ្យ​ប្រជាជន​ខ្ចី គឺ​កើនឡើង »​។
ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​បញ្ជាក់​ថា ការ​ផ្តល់​ឥណទាន​នៅ​ពេល​ខាង​មុខ នៅ​តែ​បន្តសកម្មភាព​ធម្មតា ហើយ​ការ​ខ្ចីប្រាក់​របស់​អតិថិជន​អាច​នឹង​មាន​ទំហំ​ធំ​ជាង​ពេល​មុន​ៗ ដោយ ផ្អែក​លើ​កត្តា​ធំ​២​គឺ​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច និង​ការ​កំណត់​ពិ​ដាន​ការ​ប្រាក់​កន្លង​មក ។

លោក​ថ្លែង​ថា ៖« ក្នុង​ឆ្នាំ​២០១៨ យើង​ព្យាករណ៍​ថា​វិស័យ​ឥណទាន​នៅ​តែ​បន្តសកម្មភាព​របស់​ខ្លួន​ជា​ធម្មតា​។ ខ្ញុំ​អាច​និយាយ​បាន​ថា វិស័យ​ឥណទាន នឹង​ចាប់ផ្តើម​កើន​កំណើន​ទៅ​លើ​អតិថិជន​ដែល​ខ្ចី​លុយ​ខ្នាត​ធំ ផ្អែក​ទៅ​លើ​កត្តាសេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចម្រើន ហើយ​ប្រជាជន​ខ្មែរ​ត្រូវការ​ដើមទុន​ច្រើន​ជាង​មុន ដើម្បី​ប្រកប​មុខរបរ និង​ការ​កំណត់​ពិ​ដាន​អត្រា​ការ​ប្រាក់​ក៏​មាន​ឥទ្ធិពល​ដែរ​សម្រាប់​ប្រជាជន ឬ​អតិថិជន​ខ្ចី​លុយ​ខ្នាត​តូច ដោយសារ​តែ​គ្រឹះស្ថាន​មិន​មាន​លទ្ធភាព ឬ​មិន​អាច​ផ្តល់​កម្ចី​នេះ​តទៅ​ទៀត​បាន ហើយ​ងាក​ទៅ​រក​ផ្តល់​កម្ចី​ធំ​ជាង​មុន »​។

លោក​បន្ត​ថា ៖« ឆ្នាំ​២០១៨​នេះ ខ្ញុំ​គិត​ថា ការ​ពង្រឹងគុណភាព​សេវាកម្ម​មីក្រូហិរញ្ញវត្ថុ​នៅ​តែ​ជា​កត្តា​ចម្បង​សម្រាប់​សមាគម​។ ការ​ពន្យល់​ណែនាំ ឬ​មួយ​បង្រៀន​ឱ្យ​ប្រជាជន​យល់​ពី​ការ​ទទួលខុសត្រូវ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ដោយសារ​ឥណទាន​វា​ជា​អាវុធ​មុខ​ពីរ ប្រ​សិន​ប្រជាជន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​យក​ទៅ​ប្រើ​ចំ​គោលដៅ នោះ​នឹង​រីក​ចម្រើន ប៉ុន្តែ​បើ​គាត់​ប្រើ​មិន​ចំ​គោលដៅ គឺ​ធ្វើ​ឱ្យ​គាត់​ជួប​ផល​លំបាក​ក្នុង​ការ​សង​ត្រឡប់​មក​វិញ ។ អីចឹង​ក្នុង​នាម​ជា​សមាគម យើង​ខំប្រឹង​ធ្វើ​យ៉ាងណា​បញ្ជ្រាប​ពី​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​នេះ​ឱ្យ​មានការ​ទទួលខុសត្រូវ​ទាំង​អ្នក​ឱ្យ​ខ្ចី និង​អ្នក​ប្រើប្រាស់​កម្ចី »​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក យុន សុ​វ​ណ្ណា គិត​មក​ដល់​សព្វ​ថ្ងៃនេះ សមាគម​មាន​សមាជិក​សរុប​៩៦ ក្នុង​នោះ​ស្ថាប័ន​ចំនួន​៧​ទទួល​បាន​អាជ្ញាប័ណ្ណ​កៀរគរ​ប្រាក់​បញ្ញើ និង​សន្សំ​ពី​សាធារណជន ។
ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting ក៏​បាន​លើក​ឡើង​ផង​ដែរ​ពី​គុណ​ស​ម្ប​តិ្ត និង​គុណវិបត្តិ​នៃ​កម្ចី​ឥណទាន ដែល​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ជីវភាព​ធូរធារ ប៉ុន្ដែ​ប្រើប្រាស់​កម្ចី​ខុស នោះ​ជីវភាព​កាន់តែ​ក្រលំបាក ។ ជាមួយ​គ្នា​នេះ ដើម្បី​ឲ្យ​សុខភាព​វិស័យ​នេះ​កាន់តែ​ល្អ សមាគម​គួរតែ​មានកម្ម​វិធី​អប់រំ​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ ដើម្បី​ជៀសវាង​មាន​បំណុល​វ័ណ្ឌក​ផង​ដែរ ។
លោក ង៉ែត ជូ ទីប្រឹក្សា​រូប​នេះ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​លោក​ថា ៖« ការ​រីក​ចម្រើន​របស់​វិស័យ​នេះ​បាន​រួមចំណែក​កសាង​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា ។ ខ្ញុំ​សូម​អបអរសាទរ​ដែល​សមាគម​កំពុង​យកចិត្តទុកដាក់​បង្កើត​កម្មវិធី​អប់រំ​ចំណេះដឹង​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​។ ខ្ញុំ​រីករាយ​នឹង​ចូលរួម​ចំណែក​កសាង​ចំណេះដឹង​ហិរញ្ញវត្ថុ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ។ ប្រសិនបើ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បែងចែក​ប្រាក់​ចំណេញ​របស់​ខ្លួន​ត្រឹមតែ​១%​សម្រាប់​កម្មវិធី​អប់រំ​ចំណេះដឹង​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ សមាគម​នឹង​មាន​ប្រាក់​រាប់​លាន​ដុល្លារ​សម្រាប់​អនុវត្ត​កម្មវិធី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ