ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំរាម​ដាក់​ពន្ធ​លើ​​ចិន បង្ក​ជា​ក្ដី​បារម្ភ​នៅអាមេរិក

6 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ កំពុង​តែ​ពិចារណា​លើ​ការ​ដាក់​ពន្ធ​​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន ។ ការ​ធ្វើ​ដូច្នេះ​បាន​បង្ក​ឲ្យ​ក្រុមហ៊ុន និង​តំណាង​រាស្ត្រ​​មួយ​ចំនួន​ប្រញាប់​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អាច​នឹង​កើតឡើង ។ បណ្ដា​មន្ត្រី​កំពុង​តែ​ត្រៀមខ្លួន​សម្រាប់​ការ​ដាក់​ពន្ធ​លើ​ផលិតផល​ជា​ច្រើន​ដែល​រួម​មាន​សម្លៀក​បំពាក់…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ កំពុង​តែ​ពិចារណា​លើ​ការ​ដាក់​ពន្ធ​​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន ។ ការ​ធ្វើ​ដូច្នេះ​បាន​បង្ក​ឲ្យ​ក្រុមហ៊ុន និង​តំណាង​រាស្ត្រ​​មួយ​ចំនួន​ប្រញាប់​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អាច​នឹង​កើតឡើង ។

បណ្ដា​មន្ត្រី​កំពុង​តែ​ត្រៀមខ្លួន​សម្រាប់​ការ​ដាក់​ពន្ធ​លើ​ផលិតផល​ជា​ច្រើន​ដែល​រួម​មាន​សម្លៀក​បំពាក់ គ្រឿង​អេ​ឡិច​ត្រូ​និក និង​គ្រឿង​នាំ​ចូល​សម្រាប់​ផលិតកម្ម​ក្នុង​សហ​រដ្ឋអា​មេរិក​ថែម​ទៀត​ផង ។

សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​កំពុង​ព្រមាន​ថា ពន្ធ​ប្រចាំឆ្នាំ​លើ​ផលិតផល​ចិន​ដែល​ស្មើនឹង​ប្រមាណ​៦០​ប៊ី​លាន​ដុល្លារ នឹង​បង្ករ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​។ ការ​ដាក់​ពន្ធ​ផ្តោត​លើ​ប្រទេស​​ចិន​នេះ អាច​នឹង​បង្ក​ការ​ប៉ះពាល់​ទាំង​ក្នុងស្រុក និង​នៅ​បរទេស​ច្រើន ជាង​ការ​ដាក់​​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​ដែល​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ទៀត ។

អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋវិទូ​បាន​និយាយ​ថា ការ​ដាក់​ពន្ធ​នេះ​អាច​បង្ក​ឲ្យ​តម្លៃ​ផលិតផល​កើនឡើង​សម្រាប់​អតិថិជន និង​អាជីវកម្ម​ក្នុង​សហរដ្ឋអាមេរិក ហើយ​មិន​អាច​សម្រេច​​គោលដៅ​របស់​លោក​ត្រាំ​ក្នុង​ការ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​៥៦៦​ប៊ី​លាន​ដុល្លារ​បាន​ឡើយ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ប្រទេស​ចិន​អាច​នឹង​សងសឹក​វិញ​ដោយ​ដាក់​ពន្ធ​នាំ​ចូល​លើ​ផលិតផល​អា​មេ​រិ​ក​ជាដើម ។

លោក Claude Barfield មក​ពី​វិទ្យាស្ថាន American Enterprise Institute និង​ជា​អតីត​ទីប្រឹក្សា​របស់​អ្នកតំណាង​ផ្នែក​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​កបាន​និយាយ​ថា ៖« ពួក​គេ​បាន​ផ្តល់​មុខសញ្ញា​ថា នឹង​ដាក់​គោលដៅ​លើ​អ្វី​ដែល​ប៉ះពាល់​ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋ​កិច្ច​របស់​អា​មេ​រិ​ក »​។

លោក​បាន​បន្ត​ថា ៖« កសិករ​នៅ​ក្នុង​រដ្ឋ​ Kansas និង​រដ្ឋ Iowa អាច​នឹង​ត្រូវ​បាន​ប៉ះពាល់ ហើយ​​ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិ​ក ក៏​អាច​ប៉ះពាល​ដែរ ព្រោះ​ខ្សែ​សង្វា​ក់​ផលិតកម្ម iPhone ត្រូវ​ឆ្លងកាត់​ប្រទេស​ចិន »​។

ការ​ដាក់​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​បាន​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ឆ្លើយ​តប​កាលពី​ថ្ងៃ​សុក្រ​ជាមួយនឹង​បញ្ជី​ផលិតផល​អា​មេ​រិ​ក​ដែល​ពួក​គេ​អាច​នឹង​ដាក់​ពន្ធ​លើ ប្រសិនបើ​សហរដ្ឋអាមេរិក​ដាក់​ពន្ធ​លើ​ខ្លួន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ជប៉ុន និង​សហភាព​អឺរ៉ុប បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​អនុ​ញ្ញាត​ឲ្យ​ពួក​គេ​រួចខ្លួន​ពី​ការ​ដាក់​ពន្ធ​នេះ ដោយ​បាន​អះអាង​ថា ការ​នាំ​ចេញ​របស់​ពួក​គេ​មិន​បាន​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​អា​មេ​រិ​ក​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ