ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​​សាស្ត្រ​ផ្សេង​ៗ​ដើម្បី​ថែ​រក្សា​ភ្នែក​​លោក​អ្នក​នៅ​មុខ​កញ្ចក់​កុំ​ព្យូទ័រ

11 ឆ្នាំ មុន

សព្វថ្ងៃនេះ​ការ​ប្រើប្រាស់​កុំព្យូទ័រ គឺ​ជា​វិធី​មួយ​​ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ងារ​បាន​​ច្រើន​​​យ៉ាង​ ​និង​កំពុង​តែពេញ​និយម​ចំពោះ​​មនុស្ស​នៅ​លើ​សាក​លលោក​យើងនេះ​ ។​ ​ថ្វីដ្បិត​តែ​កុំព្យូ​ទ័រ​មាន​សារប្រយោជន៍​ច្រើន​សម្រាប់​មនុស្ស​យើង​​ក៏ពិត​មែន ​​​តែ​វាក៏​ផ្តល់​​គុណ​វិបត្តិ​មួយ​ចំនួនធំ​​ដល់​សុខ​ភាព​ភ្នែក​របស់​​មនុស្ស​យើង​​ដែរ​។​ ខាង​ក្រោមនេះ គឺជា​​សេចក្តី​ណែនាំ​របស់​​លោក​​​វេជ្ជ​បណ្ឌិត​ ងី​

សព្វថ្ងៃនេះ​ការ​ប្រើប្រាស់​កុំព្យូទ័រ គឺ​ជា​វិធី​មួយ​​ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ងារ​បាន​​ច្រើន​​​យ៉ាង​ ​និង​កំពុង​តែពេញ​និយម​ចំពោះ​​មនុស្ស​នៅ​លើ​សាក​លលោក​យើងនេះ​ ។​ ​ថ្វីដ្បិត​តែ​កុំព្យូ​ទ័រ​មាន​សារប្រយោជន៍​ច្រើន​សម្រាប់​មនុស្ស​យើង​​ក៏ពិត​មែន ​​​តែ​វាក៏​ផ្តល់​​គុណ​វិបត្តិ​មួយ​ចំនួនធំ​​ដល់​សុខ​ភាព​ភ្នែក​របស់​​មនុស្ស​យើង​​ដែរ​។​  ខាង​ក្រោមនេះ គឺជា​​សេចក្តី​ណែនាំ​របស់​​លោក​​​វេជ្ជ​បណ្ឌិត​ ងី​ ម៉េង​ ជាប្រធាន​​កម្ម​វិធី​ជាតិ​សុខ​ភាព​ភ្នែកតាម​រយៈកោះសន្តិភាព​​អំពី​ការ​ថែ​រក្សា​​ភ្នែក​នៅពេល​ដែល​លោក​អ្នក​ប្រើ​ប្រាស់​​​កុំព្យូទ័រ ។

កត្តាដែល​នាំ​ឲ្យ​លោក​អ្នក​កើត​មាន​បញ្ហា​ចំពោះ​ភ្នែក​បណ្តាល​មក​ពីកុំព្យូទ័រ​មាន​ដូចជា​ ៖
-កុំព្យូទ័រ​គឺ​មាន​ពន្លឺ ​ដែល​ជះចេញ​ពី​អក្សរ​ឬ​រូប​ភាព​ផ្សេងៗ​​ ជួន​កាល​អក្សរ​ទាំង​នោះ​​វាមិន​សូវ​ច្បាស់​ ដូចនេះ​លោក​អ្នក​ក៏​ខំប្រឹង​សម្លឹង​មើល ​ហើយ​ពន្លឺដែល​ជះ​ចេញ​ពីកុំព្យូទ័រ​អាច​បង្កឲ្យ​មាន​បញ្ហាចំពោះភ្នែក ។
-ការ​ប្រើប្រាស់​កុំព្យូទ័រ​យូរ ​​នៅ​នឹង​មុខ​កុំព្យូទ័រ​​រហូត និង​ជា​រៀង​រាល់​ម៉ោង​ធ្វើការ​ងារ​ ​ជា​ពិសេស ​គឺអ្នកវាយអត្ថបទ ។
-ជា​ធម្មតា​ចលនា​ភ្នែក​របស់​មនុស្ស​យើង​ម្នាក់ៗ​​តែង​តែ​ធ្វើ​ចលនា​ចុះឡើងៗ​ជានិច្ច ​ដូចនេះ​នៅ​ពេល​ដែល​លោក​អ្នក​នាង​កញ្ញា​​ខំប្រឹង​សម្លឹង​​មើល​កុំព្យូទ័រ​​យូរ​អាច​ធ្វើឲ្យ​ភ្នែក​បន្ថយ​នូវ​ការ​​ធ្វើចលនា ​ដោយ​គិត​តែពី​សម្លឹង​មើល ​ហើយ​មិន​បាន​ព្រិចភ្នែក​ជាហេតុ​អាច​បង្ក​ឲ្យភ្នែក​មាន​បញ្ហា ។

លោក​វេជ្ជបណ្ឌិត ​​​ងី​ ម៉េង​​ បាន​មាន​ប្រសាសន៍​ឲ្យ​​ដឹង​ទៀត​ថា​ ​រោគ​សញ្ញា​ដែល​អាច​បញ្ជាក់ថា លោក​អ្នក​កំពុង​តែ​មាន​បញ្ហា​ភ្នែក នៅពេល​ដែល​ប្រើប្រាស់​កុំព្យូទ័រ​​ដោយ​លោក​អ្នក​អាច​វិភាគ​ដឹង​ដោយ​ខ្លួ​ន​ឯ​ង​នោះមានដូចជា ៖
-ភ្នែក​ចុក​រោយ​ ចុកគ្រាប់ភ្នែក​ ​នៅ​ពេល​ដែល​​លោក​អ្នក​សម្លឹង​មើល​កុំព្យូទ័រ​ច្រើនម៉ោង ។
-ជាធម្មតា​នៅ​ពេល​ដែល​លោក​ អ្នកនាង​កញ្ញា​​មើល​កុំព្យូទ័រ​​ច្រើន​អាចបណ្តាល​ឲ្យ​ស្ងួត​ភ្នែក​ ព្រោះ​ភ្នែក​របស់​មនុស្ស​យើង​ម្នាក់ៗ ​តែង​តែ​មាន​ទឹក​ភ្នែក​ដែល​ធ្វើឲ្យសើម ​និង​រអិល​ជាប់​ជាប្រចាំ ដូចនេះ​នៅ​ពេល​ដែល​លោក​អ្នក​ខំប្រឹង​សម្លឹង​មើល​ ហើយ​មិន​បាន​ព្រិចភ្នែក​ ​ជា​ហេតុ​​ដែល​​អាច​​​ធ្វើឲ្យ​ភ្នែក​ស្ងួត​ ​ហើយ​លោក​អ្នក​អាច​មាន​អារម្មណ៍ថា​ ភ្នែក​ស្ងួត ​​ឬក៏ក្រហាយផ្សាៗ​​ជា​ដើម ។
-កាល​ណា​​លោក​អ្នក​សម្លឹង​មើល​កុំព្យូទ័រ​យូរ​ពេក​​ក៏​អាច​ធ្វើឲ្យស្រវាំង​ភ្នែក និង​​អាច​ធ្វើឲ្យ​ឈឺ​ក្បាល ឬរោយកជាដើម ។
ដូច្នេះ​ហើយ​​ដើម្បី​ការ​ពារ​កុំឲ្យ​កើត​មាន​​បញ្ហា​ទាំងនេះ លោក​អ្នក​ត្រូវ​តែ​យក​ចិត្តទុក​ដាក់​នៅ​ក្នុង​ការ​ថែរក្សាភ្នែក​ឲ្យ​បាន​ដិត​ដល់។ ចំណែក​ឯការថែរក្សាភ្នែកនៅមុខកញ្ចក់កុំព្យូទ័រនេះវាមិន​មែន​ជា​ការ​លំបាក​ទេ​ដោយ​គ្រាន់​តែ​​លោក​​អ្នក​​អនុវត្ត​ទៅតាមវិធីខាងក្រោមដូចជា ៖
-ត្រូវ​មាន​ពេល​សម្រាក​​មិន​​ត្រូវ​​សម្លឹង​​មើល​​យូរ​ពេកទេ​ ដោយ​ត្រូវ​​មើល​១៥​​នាទី​ ២០​នាទី​​ត្រូវ​ងាក​ចេញ​ទៅ​មើល​អ្វីផ្សេង​ក្រៅ​ពី​កុំព្យូទ័រ ។
-នៅ​ពេល​មើល​កុំព្យូទ័រ​​ ត្រូវពង្រីក​​តួអក្សរ​ឲ្យធំៗ ​​និង​ច្បាស់​​ដើម្បី​កុំឲ្យ​ពិបាក​នៅ​ក្នុង​ការ​​សម្លឹង​​មើល​ ជាពិសេស​ត្រូវ​បន្ថយ​ពន្លឺ ​កុំឲ្យ​ភ្លឺខ្លាំង​ពេក​ ។
-ត្រូវ​ឧស្សាហ៍ព្រិច​ភ្នែក​កុំឲ្យភ្នែកស្ងួត ។ ​
-ត្រូវ​ដាក់​កុំព្យូទ័រ​ឲ្យ​នៅ​ឆ្ងាយ​ពី​លោក​អ្នក​យ៉ាង​តិច​ឲ្យបាន​៣០សង្ទី​មែ៉ត្រ ។
-ត្រូវ​មាន​ថ្នាំ​សម្រាប់​បន្តក់​ភ្នែក​​នៅ​ពេល​​ដែល​​លោក​អ្នក​កិតថា ភ្នែក​លោក​អ្នក​មាន​បញ្ហា ​ហើយ​ថ្នាំ​សម្រាប់​បន្តក់​ភ្នែក​នោះ​ក៏ត្រូវ​តែ​មាន​ការ​ណែ​នាំពី​គ្រូពេទ្យ​ជំនាញ​ផង​ដែរ ​ទើប​ការ​ប្រើ​ប្រាស់​មាន​ប្រសិទ្ធភាព ។
-ជាង​នេះ​ទៅ​ទៀត​នោះ​ចំពោះ​លោក​អ្នក​ដែល​ជ្រើសរើស​ប្រើប្រាស់​កញ្ចក់​វែនតា​​ជា​មួយ​​នឹង​​កុំព្យូទ័រ​ គឺត្រូវ​តែ​វាស់​ភ្នែក​ឲ្យ​បាន​ត្រឹមត្រូវ ​និង​ស្របតាម​ឌឺក្រេរបស់ភ្នែក ។
-បើសិន​ជា​កាល​ណា​លោក​អ្នក​ដែល​មាន​បញ្ហាភ្នែក​ដែល​បណ្តាល​មក​ពីកុំព្យូទ័រ​ដូច​ជា​ចុក​រោយ​ភ្នែក​ ក្រហាយភ្នែក ឬឈឺក្បាល​ នៅពេល ដែ​ល​មើល​កុំព្យូទ័រនោះ លោក​អ្នក​នាង​កញ្ញា​គួរ​តែ​ទៅពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឯក​ទេស ​ដើម្បី​ឲ្យ​គ្រូ​ពេទ្យ​ពិនិត្យ​មើល​ទើប​ជាការប្រសើរ។​ ទាំង​នោះ គឺ​ជា​​វិធីសាស្រ្ត​ដែល​អាចជួយ​ឲ្យភ្នែក​របស់​លោកអ្នកមានសុខភាពល្អ មិន​មាន​បញ្ហា​នៅ​ពេល​​ដែល​លោក​ប្រើ​ប្រាស់​កុំព្យូទ័រ ៕