ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ជនសង្ស័យ​២​នាក់​បងប្អូន​ដែល​គប់​គ្រាប់បែក​ផាវ​ចូល​សាលា

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ចាប់​ជនសង្ស័យ​២​នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​គប់​គ្រាប់បែក​ផាវ​ចូល​ក្នុង​អនុ​វិទ្យាល័យ​អូរ​ម៉ា​ល់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​អូរ​ម៉ា​ល់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ដែល​បណ្ដាល​ឲ្យ​សិស្ស​ម្នាក់​រង​របួស​ដោយសារ​ត្រូវ​នឹង​ដុំ​ថ្ម…

ខេត្តបាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ចាប់​ជនសង្ស័យ​២​នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​គប់​គ្រាប់បែក​ផាវ​ចូល​ក្នុង​អនុ​វិទ្យាល័យ​អូរ​ម៉ា​ល់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​អូរ​ម៉ា​ល់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ដែល​បណ្ដាល​ឲ្យ​សិស្ស​ម្នាក់​រង​របួស​ដោយសារ​ត្រូវ​នឹង​ដុំ​ថ្ម ។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​លោក ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត ។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ប្រាប់ កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា នេះ​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ជិះ​ម៉ូតូ​ចូល​ទៅ​ក្នុង​អនុ​វិទ្យាល័យ អូរ​ម៉ា​ល់ ដែល​ស្ថិត​នៅ​ក្នុងភូមិ​-​សង្កាត់​ខាងលើ ហើយ​បាន​យក​ផាវ​គ្រាប់បែក​គប់​ចូល​ហ្វូង​សិស្សសាលា​រហូត​មាន​របួស​ម្នាក់​នោះ​គឺជា​បងប្អូន​បង្កើត រស់នៅ​ភូមិ​ភ្នំ​សំពៅ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ។

លោកស្នងការ​រង​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ​ម្នាក់​ឈ្មោះ ពន្លឺ និង​ម្នាក់​ទៀត​ឈ្មោះ ពន្លក ដែល​ជា​បងប្អូន​បង្កើត​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​សលាយ​ពណ៌​ខ្មៅ ។ ជន​ទាំង​២​នាក់​នេះ​បាន​គប់​ផាវ​គ្រាប់បែក​រំ​ស្គុ​ត​ពណ៌​ខ្មៅ​ខាង​មុខ​បន្ទប់​ថ្នាក់រៀន​ទី​៩A បណ្ដាល​ឱ្យ​រង​របួស​យុវ​សិស្ស​ម្នាក់​ឈ្មោះ មួន សៅ​ហឺ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​កំពង់​សីមា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ដែល​កំពុង​អង្គុយ​លេង​នៅ​មុខ​ថ្នាក់រៀន ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​ជន​ទាំង​២​នាក់​បងប្អូន​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ភ្លាម​ៗ​ដែរ ។

ជុំវិញ​ករណី​នេះ​បើ​តាម​សាក្សី​ដែល​ជា​យុវ​សិស្ស​រៀន​នៅ​សាលា​នេះ​បាន​និយាយ​ថា សង្ស័យ​ទាំង​២​នាក់​នេះ​មិន​មាន​ជម្លោះ​ជាមួយ​ជន​រង​គ្រោះ​ខាងលើ​នេះ​ទេ តែ​ពួក​គេ​ធ្លាប់​មាន​ទំនាស់​ជាមួយ​ឈ្មោះ សាន់ សិលា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​រកា សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ដែល​ជា​សិស្ស​រៀន​ថ្នាក់​ទី​9A នៅ​សាលា​នេះ​ដែរ ។ សាក្សី​បាន​បន្ត​ទៀត​ថា កាលពី​ស​ប្ដា​ហ៍​មុន​ឈ្មោះ ពន្លឺ និង ឈ្មោះ ពន្លក នេះ​បាន​ជិះ​ម៉ូតូ​ចូល​មក​បង្ករឿង​២​លើក​ហើយ​ត្រូវ​បាន​គេ​ដេញ​វាយ​ទៀត​ផង ។

លុះ​លើក​ចុង​ក្រោយ​នេះ​ជន​ទាំង​២​នាក់​បងប្អូន​នេះ​បាន​ជិះ​ម៉ូតូ​ចូល​មក​គប់​គ្រាប់បែក​ផាវ​បណ្ដាល​ឲ្យ​របួស​សិស្ស​ម្នាក់​ដែល​មិនដឹង​ខ្លួន ។ ប៉ុន្តែ​សាក្សី​បាន​បញ្ជាក់​ដែរ​ថា មុន​ពេល​គប់​គ្រាប់បែក​ផាវ ជន​ទាំង​២​នាក់​បាន​ចុះ​វាយ​ម៉ូតូ​ម៉ាក​ឃ្លី​ក​របស់​ឈ្មោះ សាន់ សិលា បែក​ខ្ទេច​ក្បាល​ម៉ូតូ លុះ​ម្ចាស់​ស្ទុះ​ចេញពី​ថ្នាក់រៀន​ក៏​ត្រូវ​ជនសង្ស័យ​គប់​គ្រាប់បែក​ផាវ​តែ​ម្ដង តែ​មិន​ត្រូវ​គួ​បដិបក្ខ​បែរជា​ត្រូវ​សិស្ស​ដែល​អង្គុយ​មិនដឹងខ្យល់​អី​សោះ ត្រូវ​ចំ​ដើមទ្រូង​ខាងស្ដាំ​រហូត​បាត់​មាត់​ឈឹង ។

លោក ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​កំណត់​មុខសញ្ញា​ជនសង្ស័យ​ទាំង​២​នាក់​កម្លាំង​ជំនាញ​ក៏​បាន​ស្ទាក់​ចាំ​ក្របួច​ដល់​លំនៅ​ឋាន​ភ្លាម​ៗ​ដែរ​តែ​ជន​ដៃដល់​បាន​ជិះ​គេចខ្លួន​បាត់​តែ​ម្ដង ។ លោកស្នងការ​រង​បាន​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨ នេះ​កម្លាំង​នៅ​តែ​ពង្រាយ​អន្ទាក់​ចាំ​ក្របួច​ជន​ដៃដល់​ខាងលើ​នេះ​ដដែល​តែ​ជន​ទាំង​២​នាក់​ហាក់​ដឹងខ្លួន​គេច​មិន​ព្រម​ចូល​ផ្ទះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ