ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង ​«​រថយន្ត​ទៅ​សៀមរាប​» យក​លំនាំ​រឿង​កូរ៉េ​ «​រទេះភ្លើង​ទៅ​ប៊ូសាន​» ​ឬ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ មីនា ឆ្នាំ​២០១៨ នៅ​រោង​ភាពយន្ត​ទំនើប​សុ​វ​ណ្ណា មានកម្ម​វិធី​សម្ពោធ​ភាពយន្ត​រឿង​«​រថយន្ត​ទៅ​សៀមរាប​» ជា​វណ្ណ​កម្ម​របស់​ផលិតកម្ម​ចក្កវាឡ​ពេជ្រ និង​ជា​ស្នាដៃ​ដឹកនាំ​រឿង​របស់​តារា​សម្តែង​ស៊ឹ​ម សុ​រ៉ា​ភូមិ…

រាជធានី​ភ្នំពេញ ៖ ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ មីនា ឆ្នាំ​២០១៨ នៅ​រោង​ភាពយន្ត​ទំនើប​សុ​វ​ណ្ណា មានកម្ម​វិធី​សម្ពោធ​ភាពយន្ត​រឿង​«​រថយន្ត​ទៅ​សៀមរាប​» ជា​វណ្ណ​កម្ម​របស់​ផលិតកម្ម​ចក្កវាឡ​ពេជ្រ និង​ជា​ស្នាដៃ​ដឹកនាំ​រឿង​របស់​តារា​សម្តែង​ស៊ឹ​ម សុ​រ៉ា​ភូមិ ។ តារា​ជា​ច្រើន​បាន​បង្អួត​សម្រស់​ក្នុង​កម្មវិធី​នោះ​ធ្វើ​ឱ្យ​បរិយាកាស​កាន់តែ​អធិកអធម ។

មានការ​លើក​ឡើង​ថា​សាច់​រឿង ​«​រថយន្ត​ទៅ​សៀមរាប​» ផលិត​ឡើង​ដោយ​តារា​សម្តែង​និង​ចម្រៀង​ស៊ឹ​ម សុ​រ៉ា​ភូមិ យក​លំនាំ​តាម​រឿង​ល្បី​នៅ​កូរ៉េ តែ​សាមីខ្លួន​បាន​បដិសេធ ។

លោក​ស៊ឹ​ម សុ​រ៉ា​ម​ភូមិ និយាយ​ថា ​រឿង «​រថយន្ត​ទៅ​សៀមរាប​» ខ្ញុំ​បាន​គិត​ទុកជា​យូរ​មក​ហើយ ប៉ុន្តែ​មិន​ដែល​មានឱកាស​បាន​បញ្ចេញ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ច្រានចោល​ទាំងស្រុង​ជុំវិញ​ពាក្យ​ថា ​ភាពយន្ត​មួយ​នេះ​ចម្លង​សាច់​រឿង​ពី​រឿង «​រថភ្លើង​ទៅ​ប៊ូ​សាន​» របស់​កូរ៉េ ខណៈ​ភាពយន្ត​នេះ​គឺ​និយាយ​ពី​ដំណើរ​ដ៏​ចម្លែក​មួយ​នៅ​លើ​រថយន្តក្រុង​របស់​មនុស្ស​មួយ​ក្រុម ដែល​សាច់​រឿង​និពន្ធ​ថ្មី មាន​ទាំង​ភាព​កំប្លុកកំប្លែង ភ័យរន្ធត់ និង​ស្នេហា​រ៉ូ​មែន​ទិក ខុស​ប្លែក​ពី​រឿង​បរទេស »​។

អ្នកនិពន្ធ​វ័យក្មេង​ស៊ឹ​ម សុ​រ៉ា​ម​ភូមិ បន្ថែម​ថា លោក​នឹង​មាន​ស្នាដៃ​ច្រើន​ទៀត ត្រៀម​បង្ហាញ​​នៅ​ក្នុង​ផលិតកម្ម​ចក្រ​វា​ទ្ប​ពេជ្រ ក្នុង​ពេល​ខាង​មុខ ។ លោក​សម្រេចចិត្ត​មិន​ចេញ​បទ​ចម្រៀង​ទេ ដើម្បី​យក​ពេល​ផលិតភាព​យន្ត​ឲ្យ​បាន​ច្រើន ក្នុង​ការ​បង្កើន​សមត្ថភាព និង​​ដើម្បី​ឈាន​ទៅ​រក​ការ​ប្រកួតប្រជែង ។ ចំពោះ​ភាពយន្ត​រឿង «​រថយន្ត​ទៅ​សៀមរាប​» លោក​មិន​ទាន់​រំពឹង​ពី​ភាព​ជោគជ័យ​កម្រិត​ណា​ទេ ប៉ុន្តែ​លោក​ថា សម្រាប់​អ្នក​បាន​ទស្សនា គឺ​ពិតជា​ជក់ចិត្ត​នឹង​សាច់​រឿង​ទាំងមូល តាំងពី​ដើម​ដល់​ចប់ ។

ជាមួយនឹង​ស្នាដៃ​និពន្ធ និង​ដឹកនាំ​ខ្សែភាពយន្ត​ខ្នាត​ធំ​ជា​លើក​ដំបូង​របស់​លោក​ស៊ឹ​ម សុរ៉ា​ម​ភូមិ នេះ​ទោះ​មិន​ទាន់​ដឹង​ពី​កម្រិត​ជោគជ័យ​ក្តី ក៏​ទស្សនិកជន​មួយ​ចំនួន​អាច​ទាយ​បាន​ថា នឹង​មាន​អ្នកគាំទ្រ​ច្រើន ព្រោះ​បើ​តាម​ការ​ទស្សនា​ឈុត Trailer គឺ​មាន​មហាជន​ចាប់អារម្មណ៍​ច្រើន ។

លោកស្រី​ថុ​ង សៀវ​ទៀង ចាងហ្វាង​ផលិតកម្ម​ចក្កវាឡ​ពេជ្រ ថ្លែង​ថា​«​ខ្ញុំ​គ្មាន​អ្វី​ក្រៅពី​ទទូច​ឱ្យ​មហាជន បងប្អូន​ទស្សនិកជន​ទាំងអស់​ជួយ​គាំទ្រ​វិស័យ​ភាពយន្ត​ខ្មែរ​យើង​ឱ្យ​មានការ​លូត​ទៅ​មុខ​ទៀត ។ ខ្ញុំ​នៅ​តែ​ពេញចិត្ត​នឹង​ផលិត​កុន​ខ្មែរ​តទៅ​ទៀត​ឱ្យ​តែ​បាន​អ្នក​ស្រឡាញ់​គាំទ្រ ។ ជា​ពិសេស​សូម​ឱ្យ​ថ្នាក់លើ​ជា​មេ​ជួយ​កាត់​បន្ថយ​ព​ន្ឋ​កុន​ខ្មែរ​យើង​ផង​ព្រោះ​មានការ​កើនឡើង​ណាស់​ដែល​ធ្វើ​ឱ្យ​ផលិតករ​ថ្ងូរ​គ្រប់គ្នា »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ