ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​ត្រឹម​មន្ត្រី​ទទួល​បន្ទុក​ឆ្លើយ​ថា អត់​ដឹង !

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កូនភ្នំ​មួយ​កន្លែង​កំពុង​ទទួល​រង​ការ​បាត់បង់​ជា​បណ្តើរ​ៗ​ដោយ​ត្រូវ​បាន​ឈ្មួញ​ម្នាក់​នៅ​ក្នុង​ក្រុងប៉ៃលិន​ធ្វើ​សកម្មភាព​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដឹក​លក់​ចែកចាយ​តាម​ភូមិ​រាល់ថ្ងៃ ។ តែ​ពេល​ឃើញ​ខាង​សារព័ត៌មាន​ចូល​ទៅ​សួរនាំ​ស្រាប់តែ​អ្នកបើកបរ​ទាំង​រថយន្ត និង​គ្រឿងចក្រ​គេចខ្លួន​បាត់ ។ ហេតុការណ៍​ក្រុម​ឈ្មួញ​លួច​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​កូនភ្នំ​លក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែមីនា…

ខេត្ត​ប៉ៃលិន ៖ កូនភ្នំ​មួយ​កន្លែង​កំពុង​ទទួល​រង​ការ​បាត់បង់​ជា​បណ្តើរ​ៗ​ដោយ​ត្រូវ​បាន​ឈ្មួញ​ម្នាក់​នៅ​ក្នុង​ក្រុងប៉ៃលិន​ធ្វើ​សកម្មភាព​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដឹក​លក់​ចែកចាយ​តាម​ភូមិ​រាល់ថ្ងៃ ។ តែ​ពេល​ឃើញ​ខាង​សារព័ត៌មាន​ចូល​ទៅ​សួរនាំ​ស្រាប់តែ​អ្នកបើកបរ​ទាំង​រថយន្ត និង​គ្រឿងចក្រ​គេចខ្លួន​បាត់ ។ ហេតុការណ៍​ក្រុម​ឈ្មួញ​លួច​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​កូនភ្នំ​លក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ឱ្យ​ដឹង​ថា គេ​ឃើញ​ឈ្មួញ​ម្នាក់​រស់នៅ​ក្នុង​ក្រុងប៉ៃ​លិន​​បាន​ធ្វើ​សកម្មភាព​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​កូនភ្នំ​ខាងលើ​ដឹក​លក់​អស់​រយៈពេល​ជា​យូរ​​មក​ហើយដោយ​គ្មាន​ការ​ហាមឃាត់​ពី​មន្ទីរ​ពាក់ព័ន្ធ​នោះ​ទេ ។ ប្រភព​បន្ត​ទៀត​ថា ពេល​កំពុង​តែ​​ដឹក​ជញ្ជូន​នោះ​ខាង​សារព័ត៌មាន​ចំនួន​៤​ស្ថាប័ន​បាន​ចុះ​ទៅ​សួរនាំ ស្រាប់តែ​ម្ចាស់​គ្រឿងចក្រ​មិន​​បាន​និយាយ​អ្វី​ទាំងអស់​ដោយ​ប្រញាប់​បើកបរ​គ្រឿងចក្រ​ឡើង​លើ​រថយន្ត​ធំ ហើយ​ក៏​បើក​ចេញ​ពី​កន្លែង​ជីក​កកាយ​នោះ​ឆ្ពោះទៅ​ក្រុងប៉ៃលិន​បាត់​ស្រមោល​តែ​ម្តង ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​រហូត​មក​ដល់​ពេល​នេះ​កូនភ្នំ​មួយ​កន្លែង​ខាងលើ​ត្រូវ​បាន​គេ​លួច​ជីក​កកាយ​ជា​រឿយ​ៗ​ធ្វើ​ឱ្យ​ទទួល​រង​ការ​ខូចខាត និង​បាត់បង់​ស្ទើរតែ​អស់រលីង​ទៅ​ហើយដោយ​អ្នកខ្លះ​យក​ទៅ​ចាក់​ក្រាល​ធ្វើ​ផ្លូវលំ​ខ្លះ​ទៀត​ឆ្លៀតឱកាស​យក​ទៅ​លក់​នៅ​តាម​ភូមិ​ដោយ​សង្ស័យ​ថា គ្មាន​ច្បាប់ទម្លាប់​អ្វី​ត្រឹមត្រូវ​នោះ​ឡើយ ។ លើស​ពី​នេះ​ភ្នំ​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ដែល​ស្ថិត​នៅ​ក្បែរ​ផ្លូវជាតិ​គេ​សង្កេត​ឃើញ​បាត់បង់​ទំរង់​ដើម​ដោយ​ក្លាយទៅជា​ក្រហេងក្រហូង មើល​មិន​ចុះ​ភ្នែក​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​ទេ ។

ចំណែក​ភ្ញៀវ​ទេសចរ​ក៏​បាន​លើក​ឡើង​ថា មិន​គួរ​អនុញ្ញាត​ឱ្យ​ឈ្មួញ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ភ្នំ​ដែល​ជា​សម្បត្តិ​ធម្មជាតិ​នោះ​ទេ គួរតែ​ទុក​ឱ្យ​មាន​ដើមឈើ​ដុះ មាន​ទេសភាព​ល្អ​ស្រស់បំព្រង​ដូច​ប្រទេស​ជិតខាង​នោះ​ក៏​អាច​ធ្វើ​ឱ្យ​អាកាសធាតុ​មាន​លំនឹង​ផង​ដែរ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា ខាង​លោក​អត់​ដឹង​រឿង​ថា មាន​គេ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ភ្នំ​នោះ​ទេ ប្រហែលជា​គេ​លួចលាក់​ជីក​កកាយ លុះ​មាន​មន្ត្រី​បរិស្ថាន ឬ​អ្នក​សារព័ត៌មាន​ទៅ​សួរនាំ​នោះ​គេ​បញ្ឈប់​សកម្មភាព ។ លោក​បន្ត​ទៀត​ថា ភ្នំ​ខាងលើ​មើលទៅ​តូចតាច​ហើយ​នៅ​ឆ្ងាយ​ពី​ផ្លូវជាតិ​ដែរ​មិន​មាន​អ្វី​ប៉ះពាល់​ដល់​បរិស្ថាន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ