ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ប្រាប់​ខ្មែរ​នៅ​បរទេស ៖ រដ្ឋធម្មនុញ្ញ​កម្ពុជា​មាន​ចំណុចខ្សោយ​២ ពាក់ព័ន្ធ​រឿង​ព្រំដែន​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រាប់​បងប្អូន​ខ្មែរ​រស់នៅ​ក្រៅប្រទេស​ឲ្យ​បានដឹង​ច្បាស់​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ គឺ​មាន​ចំណុចខ្សោយ​ដល់​ទៅ២ ដែល​ធ្វើ​ឲ្យ​មានការ​ពិបាក​សម្រាប់​រដ្ឋាភិបាល​ក្នុង​កិច្ច​ការងារ​ព្រំដែន…

​រាជធានី​ភ្នំពេញ​ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រាប់​បងប្អូន​ខ្មែរ​រស់នៅ​ក្រៅប្រទេស​ឲ្យ​បានដឹង​ច្បាស់​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ គឺ​មាន​ចំណុចខ្សោយ​ដល់​ទៅ២ ដែល​ធ្វើ​ឲ្យ​មានការ​ពិបាក​សម្រាប់​រដ្ឋាភិបាល​ក្នុង​កិច្ច​ការងារ​ព្រំដែន ។

​​មាន​ប្រសាសន៍​ទៅ​កាន់​បងប្អូន​ខ្មែរ​មក​ពី​ប្រទេស​ញ៉ូ​វ​ហ្សេ​ឡែ​ន និង​ប្រទេស​អូស្ត្រាលី​ប្រមាណ​​ជាង ៦០០ នាក់ នៅ​សណ្ឋាគារ Four Season, ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី សម្តេច​តេ​ជោ ហ៊ុន សែន​ បញ្ជាក់​ប្រាប់​បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស​ឲ្យ​បានដឹង​អំពី​អធិប​តេយ្យភាព​របស់​កម្ពុជា ព្រោះ​សម័យ​ដើម​ទឹកដី​កម្ពុជា​ជា​ទឹកដី​ធំ តែ​ក្រោយមក ជា​ពិសេស​សម័យ​អាណានិគម​បារាំង​ទឹកដី​បាន​រួម​តូច​ទៅ ។

​សម្តេច​តេ​ជោ មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ «​អ្វី​ដែល​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ក៏​ដូច​រាជ​រដ្ឋា​ភិបាល​ក្រោយ​ឆ្នាំ​១៩៧៩ ប្រឹងប្រែង​ការពារ​នូវ​អ្វី​ដែល​ជា​មរតក​បន្សល់​ទុក​ដោយ​ព្រះ​ករុណា​​ព្រះ​អង្គ​ម្ចាស់ សម្តេច​ព្រះបាទ​នរោត្តម​សី​ហ​នុ​តែ​ប៉ុណ្ណោះ »​។ សម្តេច​បន្ត​ថា បញ្ហា​ព្រំដែន​ជាមួយ​បណ្តា​ប្រទេស​ជិតខាង នា​សម័យ​បច្ចុប្បន្ន​នេះ គឺ​មិនមែន​ជា​សម័យ​ប្រើ​ប្រាស់​កម្លាំង​វ៉ៃ​យក​ទឹកដី​នោះ​ទេ តែ «​យើង​ត្រូវ​ប្រើ​ផ្លូវច្បាប់ ​និង​ការ​ចរចា​ដោយ​សន្តិ​វិធី»។ មាន​ពួក​ប្រឆាំង​មួយ​ចំនួន គេ​លើក​ឡើង​ថា ​មួយ​ថ្ងៃ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​បាត់ដី ១ គីឡូ ឬ​ក៏​២០ ឬ​៣០​ម៉ែត្រ​ជាដើម ឧទាហរណ៍​បើ​គិត​ថា​បាត់ ៥ ម៉ែត្រ​ក្នុង​មួយ​ថ្ងៃ ដូច​អ្វី​ដែល​គេ​បាន​ចោទ វា​មាន​ន័យ​ថា ​គឺ​បាត់​កម្ពុជា​អស់​ហើយ។ តែ​ដើម្បី​ផលប្រយោជន៍​នយោបាយ គេ​ចោទ​ទទឹងទិស បន្ត​លាប​ពណ៌​ខ្មែរ​គ្នា​
​ឯង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ពន្យល់​ទៅ​កាន់​បងប្អូន​ខ្មែរ​ក្រៅប្រទេស​ឲ្យ​បានដឹង​ថា ៖ «​ប៉ុន្តែ​ខ្ញុំ​បញ្ជាក់​ជូន​បងប្អូន​ថា រដ្ឋធម្មនុញ្ញ​របស់​យើង​ពិតជា​មាន​ចំណុចខ្សោយ ។ មាន​ចំណុច​ខ្សោយ​រហូត​ដល់ ២ ដែល​ខ្ញុំ​មិន​គួរ​និយាយ​ទេ​។ តែ​គេ​បង្ខំចិត្ត​ឲ្យ​ខ្ញុំ​ត្រូវ​តែ​និយាយ ។ រដ្ឋ​ធម្ម​នុញ្ញ​របស់​យើង មាន​ចំណុចខ្សោយ​ពីរ »​។ ចំណុចខ្សោយ​ទី​១ ៖ ហេតុ​អ្វី​បាន​យើង ចាំ​បាច់​​ដាក់​ថា «​បោះពុម្ព​ក្នុង​ច​ម្លោះ​ឆ្នាំ ១៩៣៣ និង [១៩] ៥៣» បើ​យើង​ដាក់​ត្រឹម​ថា
«​បោះ​ពុម្ព​មុន​ឆ្នាំ​១៩៥៣» វា​អាច​ទាញ​ទៅ​ដល់​១៩០០ ឬ​ដល់​១៨៧០ ដែល​កូសាំងស៊ីន​ចាប់ផ្តើម​រៀបចំ ពង្រាយ​ព្រំដែន ។ ឥឡូវ​មាន​កន្លែង​ខ្លះ ដែល​កម្ពុជា យើង​បាន​រក​ឃើញ។ សេចក្តីសម្រេច​របស់​អគ្គទេសាភិបាល​បារាំង ដែល​ចេញ​សេចក្តីសម្រេច នៅ​ឆ្នាំ​១៩១៩​។ ឆ្នាំ​១៩១៩ អគ្គទេសាភិបាល​បារាំង ឲ្យ​ដើរ​តាម​ព្រែក​ដាក់​ដាំ តែ​អ្នក​គូ​ផែនទី គូរ​តាម​​ព្រែក​ដាក់​ហ៊ូ​វិញ ។

​សម្តេច​បន្ត​ថា ៖ «​ឥឡូវ​យើង​កំពុង​ចរចាជាមួយ​វៀតណាម​» ។ មួយ​គឺ​សេចក្តីសម្រេច​របស់​អគ្គទេសាភិបាល តែ​មួយទៀត​រវាង​អ្នក​គូរផែនទី គូរផែនទី​ខុស គឺ​ព្រែក​ដូច​គ្នា តែ​អា​មួយ​ព្រែក​ដាក់​ដាំ មួយទៀត​គឺ​ព្រែក​ដាក់​ហ៊ូ ។ នេះ​គឺជា​ចំណុច​មួយ​ដែល​យើង​ដាក់​ចង​​ខ្លួនឯង​នៅ ត្រឹម​ឆ្នាំ​១៩៥៣ ប៉ុន្តែ​យើង​កំពុង​ទាមទារ​ឲ្យ​វៀតណាម​ចរចា​ជាមួយ​យើង លើ​មុន​ឆ្នាំ​១៩២០​ទៅ​វិញ ហ្នឹង​ជា​ចំណុចខ្សោយ​ទី​១ ។ ប៉ុន្តែ​នេះ​គ្រាន់តែ​ឲ្យ​ខ្មែរ​ទាំងអស់​គ្នា​បានដឹង​រឿង​នេះ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែម​ថា​៖ «​រឿង​ទី​២ គឺ​ផែនទី​ខ្មែរ​ខ្នាត ១/១០០​ពាន់​ដែល​បោះ​ពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ប្រើ​បាន​តែ​ជាមួយ​ព្រំដែន​វៀតណាម និង​ឡាវ ប៉ុន្តែ​ព្រំ​ដែន​ជាមួយ​ថៃ គឺ​ខ្នាត ១​លើ ២០០​ពាន់ តែ​យើង​អត់​បាន​ដាក់​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​របស់​យើង​ទេ​។ ប្រៀប​ដូច​ជា​យើង​ធ្វើ​របង​ផ្ទះ​តែ​ម្ខាង កំណត់ព្រំដែន​តែ​ជាមួយ​វៀតណាម តែ​ឥត​មាន​ជាមួយ​ថៃ​»​។ ថ្នាក់ដឹកនាំ​កម្ពុជា​បាន​បន្ត​ទៀត​ថា ការ​ពិត​រឿង​ទាំង​អស់នេះ ​គឺជា​រឿង​សម្ងាត់ ប៉ុន្តែ​ក្រុមប្រឆាំង​ធ្វើ​ម្តង​ហើយ​ម្តងទៀត អ​ញ្ចឹ​ង​សម្តេច​ត្រូវ​បង្ខំចិត្ត​ត្រូវ​និយាយ ។​

​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​ឥឡូវ​យើង​កំពុង​ស្នើ​សុំ​អ្នក​ប​ចេ្ច​ក​ទេស​ផែនទី​របស់​​បារាំង មក​ជួយ​ផ្ទេរ​ផែនទី​ពី​ខ្នាត ១ លើ ១០០​ពាន់ មក​ផែនទី UTM ខ្នាត ១​លើ ៥០​ពាន់​»​។ ហើយ​ការ​ស្នើ​របស់​កម្ពុជា​ ដើម្បី​ធ្វើ​ការងារ​ព្រំដែន​ជាមួយ​វៀតណាម និង​ឡាវ ឥឡូវ​ប្រធានាធិបតី​បារាំង​បាន​យល់ព្រម​ហើយ​។

​ដើម្បី​ប​ញ្ជួ​ន​អ្នកបច្ចេកទេស​បារាំង​មក​ជួយ​ផ្ទេរ​ផែនទី ព្រោះ​អ្វី ? ផែនទី​បោ​ន​ខ្នាត ១ លើ ១០០​ពាន់​ធំ​ណាស់ បើ​ខុស​ត្រូវ​តែ​មួយ​ចុង​ប៊ិ​ច អាច​ខុស​ត្រូវ​រាប់រយ​ពាន់ ដូច្នេះ​ទាមទារ​បច្ចេកទេស​ខ្ពស់​ណាស់​ក្នុង​ការ​ផ្ទេរ​ផែនដី ដើម្បី​បោះបង្គោល​ព្រំដែន ។ បោះបង្គោល​លើក​​នេះ គឺ​ដើម្បី​ធានា​ថា ​បង្គោល​ព្រំដែន​មិន​អាច​បង្វិល​ទៅ​ណា​បាន​ទេ​ ​ឥឡូវ​​កំពុង​ដំណើរ​បោះបង្គោល​តូច​ៗ​បន្ថែម ព្រោះ​បង្គោល​ធំ​ៗ​មាន​គម្លាត ចម្ងាយ ៣ ឬ ៤ គីឡូម៉ែត្រ ដែល​ទាម​​ទារ​ឲ្យ​បោះបង្គោល​ព្រំដែន​តូច​ៗ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ