ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបសង់អស់ប្រាក់១៥លានដុល្លារ ត្រូវ​បំផ្លាញខ្ទេចតែមួយ​ប៉ព្រិច​ភ្នែក​

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សាល​មហា​ស្រព​អង្គរ​ ដែល​ដំណើរការ​បាន​ទើបតែ​រយៈពេល​៤​ ទៅ​៥​ខែ​ប៉ុណ្ណោះ និង​ចំណាយ​ថវិកា​សាងសង់​អស់​ទឹកប្រាក់​ប្រមាណ​ជា​១៥​លាន​ដុល្លារ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​តែ​ក្នុង​មួយប៉ប្រិចភ្នែក​ បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ក្រុង​សៀមរាប​ទាំង​ព្រឹក ។ ទោះបីជា​បែប​នេះ​ក្តី​…

ខេត្តសៀមរាប ៖ សាល​មហា​ស្រព​អង្គរ​ ដែល​ដំណើរការ​បាន​ទើបតែ​រយៈពេល​៤​ ទៅ​៥​ខែ​ប៉ុណ្ណោះ និង​ចំណាយ​ថវិកា​សាងសង់​អស់​ទឹកប្រាក់​ប្រមាណ​ជា​១៥​លាន​ដុល្លារ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​តែ​ក្នុង​មួយប៉ប្រិចភ្នែក​ បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ក្រុង​សៀមរាប​ទាំង​ព្រឹក ។ ទោះបីជា​បែប​នេះ​ក្តី​ មិន​មាន​បុគ្គលិក​ណា​ម្នាក់​ រង​របួស​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នោះ​ទេ ។ សាល​មហោស្រព​អង្គរ​ មាន​ទី​តាំង​​ស្ថិត​នៅ​ពី​ខាងត្បូង​ផ្សារ​ប្រិ​ម​ប្រី​យ៍ ក្នុងភូមិ​ត្រពាំង​សេះសង្កាត់​គោក​ចក ក្រុង​សៀមរាប ត្រូវ​បាន​អគ្គិ​ភ័យ​​លេប​ត្របាក់​នៅ​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​១៦ មីនា ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​មាន​ភ្លើង​ឆេះ​កើតឡើង​ ពួក​គេ​បានឮ​សម្លេង​ផ្ទុះ​ឡើង​ចេញពី​ក្នុង​សាល​មហោស្រព​អង្គរ ​ដូច​ជា​សម្លេង​ផ្ទុះ​ធុង​ហ្គា​ស ព្រោះ​នៅ​ម៉ោង​នោះ​ពុំ​ទាន់​មាន​បុគ្គ​លិក​ចូល​មក​ធ្វើការ​នៅឡើយ​ទេ មាន​តែ​អ្នកតំណាង​ក្រុមហ៊ុន​និង​សន្តិសុខ​ប៉ុណ្ណោះ ។ មួយសន្ទុះ​ក្រោយមក ​ក៏​ឃើញ​មាន​ផ្សែង​ខ្មៅខ្មួល​ខ្មាញ់ និង​អណ្តាតភ្លើង​ផុស​ឡើង​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។

បើ​យោង​តាម​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក ភឹង សម្បត្តិ ស្នងការ​រង​ទទួល​បន្ទុក​ផ្នែក​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ប្រាប់​ថា សាល​មហោស្រព​អង្គរ​នេះ​ មាន​ទំហំ​៥០​ម៉ែត្រ​ គុណ​នឹង ១០០​ម៉ែត្រ ។ គិត​ត្រឹម​ម៉ោង​១១​ និង​៤០​នាទី​រថយន្ត​ពន្លត់​អគ្គិភ័យដែ ល​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​សរុប​ទាំងអស់​ចំនួន​២០​គ្រឿង ក្នុង​នោះ​រថយន្ត​នគរបាល​របស់​ស្នងការដ្ឋាន​ខេត្ត​ចំនួន​៨​គ្រឿង​,​ រថយន្ត​បេតិកភណ្ឌ​ចំនួន​១​គ្រឿង​,​ រថយន្ត​របស់​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​៤​គ្រឿង​, ​រថយន្ត​មន្ទីរ​សាធារណការ​ខេត្ត​ចំនួន​១​គ្រឿង​,​ រថយន្ត​របស់​ភូមិ​វប្បធម៌​ចំនួន​១​គ្រឿង​, ​រថយន្ត​របស់​អាជ្ញាធរ​អប្សរា​ចំនួន​២​គ្រឿង ​និង​រថយន្ត​របស់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ចំនួន​១​គ្រឿង និង​ឡាន​ស្ទូច​របស់​អគ្គិសនី​ខេត្ត​ចំនួន​២​គ្រឿង​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នេះ​ ពុំ​មាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស ឬ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ឡើយ ។លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត បាន​ប្រសាសន៍​ថា ការ​ឆេះ​សាល​មហោ​ស្រព​នោះ ​យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា​ បណ្តាល​មក​ពី​មូលហេតុ​អ្វី ។ លោក​បាន​បន្ត​ថា យើង​បាន​ប្រើប្រាស់​រថយន្ត​ដឹក​ទឹកជា​ច្រើន​គ្រឿង​ ដើម្បី​ជួយ​សង្គ្រោះ​សាល​មហោស្រព​នេះ​ តែ​មិន​បាន​ទទួល​ជោគ​ជ័យ ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ការ​ឆេះ​នេះ​មិនមែន​អស់​១០០%​ទេ គឺ​អាច​ខូចខាត​នៅ​ប៉ែក​ខាងក្នុង​ច្រើន ចំណែក​នៅ​ប៉ែក​ខាងក្រៅ ​យើង​អាច​ការពារ​បាន ។ ការ​ព្យាយាម​ពន្លត់ភ្លើង​នេះ​ គឺ​កម្លាំង​យើង​ចូល​ទៅ​ក្នុង​មិន​បាន​ដោយសារ​នៅ​ខាងក្នុង​អគារ​នោះ មាន​ប្រព័ន្ធ​បញ្ជា​ទាំងអស់ ។ ចំណែក​ជុំវិញ​សុទ្ធតែ​ពូក​អេ​ប៉ុង សម្រាប់​ខ្ទប់​សម្លេង​មិន​ឱ្យ​ចេញ​មក​ក្រៅ ។ លោក​អភិបាលខេត្ត​ ក៏​បាន​ចូលរួម​សោកស្តាយ និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​បណ្តា​ក្រុមហ៊ុន សហគ្រាស​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចៀសវាង​មាន​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សាល​មហោស្រព​អង្គរ​នេះ​ ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​វិនិយោគ​ទេស​ចរណ៍វប្ប​ធម៌​​អន្តរ​ជាតិ​ចិន ការ​ហេង ដែល​បាន​សាងសង់​ឡើង​ កាលពី​ក្នុង​អំឡុង​ឆ្នាំ​២០១៧ លើ​ផ្ទៃដី​ទំហំ​៦០០០​ម៉ែត្រ​ក្រឡា អាច​ផ្ទុក​អ្នក​ទស្សនា​បាន​១២០០​នាក់ និង​ចំណាយ​អស់​ថវិកា​ប្រមាណ​ជា១០០​លាន​យាន់ ស្មើនឹង​១៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើ​ការ​នៅ​ក្នុង​អំឡុង​ខែ​តុលា ឆ្នាំ​២០១៧​ ​កន្លង​មកនេះ ។ សាល​មហោស្រព​អង្គរ ​គឺជា​មណ្ឌល​កម្សាន្ដ​ចម្រុះ ដោយ​មានការ​សម្ដែង​ល្ខោន​ជា​ស្នូល​មាន​រោង​មហោស្រព តំបន់​ពាណិជ្ជកម្ម តំបន់​កម្សាន្ដ តំបន់​ភោជនីយដ្ឋាន ។​ល​។

រោង​មហោស្រព​អាណាចក្រ​អង្គរ គឺជា​រោង​មហោស្រព​ដែល​ទំនើប​ជាងគេ​នៅ​កម្ពុជា ក៏​ដូច​ជា​នៅ​តំបន់​អាស៊ី​-អាគ្នេយ៍​ផង​ដែរ ដោយ​មានមុខ​ងារ​ប្រមូលផ្ដុំ​ដោយ​វប្បធម៌ សិល្បៈ សៀ​ក របាំ តន្ត្រី ការ​បង្ហាញ​ម៉ូ​ដ សម្លៀក​បំពាក់ និង​ភាព​ច្នៃប្រឌិត​នៃ​សិល្បករ​ចិន និង​កម្ពុជា និង​មាន​អ្នក​សម្ដែង​ជាង​២០០​នាក់ ជា​ជនជាតិ​ខ្មែរ​ដែល​បង្ហាញ​ពី​សម័យ​អង្គរ ធម្មជាតិ​ស្រស់​ស្អាត ។ អ្វី​ដែល​ជា​ការ​កត់សម្គាល់​សាល​មហោស្រព​អង្គរ​នេះ​ក៏​បាន​នាំ​មក​នូវ​តម្លៃបន្ថែម​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ដោយ​ផ្ដល់​សេវា​កាន់តែ​ល្អ​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ផង​ដែរ ប៉ុន្តែ​ពេល​នេះ​ត្រូវ​ព្រះ​អគ្គី​បំផ្លាញ  ​គួរ​ឱ្យ​សោកស្តាយ​ណាស់ ៕ ​

អត្ថបទសរសេរ ដោយ