ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចង់​ឃើញ​ពាណិជ្ជករ​នៃ​ប្រទេស​ទាំង​ពីរ​រួម​គ្នា​បង្កើត​រោងចក្រ​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃ កាលពី​ឆ្នាំ​២០១៧ មាន​ទឹក​ប្រាក់​​ប្រមាណ​ជាង​៦​ពាន់​ដុល្លារ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​មាន​ទឹកប្រាក់​ជិត​១​ពាន់​លាន​ដុល្លារ ។ ជាមួយ​គ្នា​នេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​បង្ហាញ​មហិច្ឆតា និង​ប្ដេជ្ញា​ចិត្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កើន​ដល់​១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​ខាង​មុខ…

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃ កាលពី​ឆ្នាំ​២០១៧ មាន​ទឹក​ប្រាក់​​ប្រមាណ​ជាង​៦​ពាន់​ដុល្លារ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​មាន​ទឹកប្រាក់​ជិត​១​ពាន់​លាន​ដុល្លារ ។ ជាមួយ​គ្នា​នេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​បង្ហាញ​មហិច្ឆតា និង​ប្ដេជ្ញា​ចិត្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កើន​ដល់​១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​ខាង​មុខ ។

ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ ថៃ​ចង់​ឃើញ​ពាណិជ្ជករ​នៃ​ព្រះរាជាណាចក្រ​ទាំង​ពីរ​សហការ​គ្នា​បង្កើត​រោងចក្រ​ផលិត​គ្រឿង​ប​ន្ថា​ស់​រថយន្ត​នៅ​កម្ពុជា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​បន្ថែម​ទៀត ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​១៤ មីនា លោក ជី​រ៉ា​វុ​ឌ្ឍ សុ​វ​ណ្ណា​អាត អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​ថៃ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ប្រទេស​ថៃ​មិន​ចង់​ត្រឹមតែ​នាំ​ចេញ​ផលិតផល​គ្រឿងបន្លាស់ ឬ​គ្រឿង​តុបតែង​រថយន្ត ចូល​មក​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ចង់​ឃើញ​កិច្ច​សហប្រតិបត្តិការ​រវាង​ពាណិជ្ជករ​ទាំង​ពីរ​ប្រទេស​បង្កើត​រោងចក្រ​នៅ​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ថៃ និង​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភព​លោក​ផង​ដែរ ។

លោក​ថ្លែង​ថា ៖« នៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ដ​នៅ​ប្រទេស​ថៃ​ខាង​មុខ​នេះ ជា​ឱកាស​​ដែល​ពាណិជ្ជករ​កម្ពុជា​-​ថៃ​ជួប​គ្នា​ពិភាក្សា​អំពី​កិច្ចការ​ពាណិជ្ជកម្ម ឬ​អាច​សហការ​បង្កើត​រោងចក្រ​ផលិត​គ្រឿងបន្លាស់​រថយន្ត​ជាមួយ​គ្នា ខណៈ​តម្លៃ​ពលកម្ម​នៅ​កម្ពុជា​នៅ​ទាប​ជាង​ប្រទេស​ថៃ និង​ម្យ៉ាងទៀត​ដោយសារ​ពលករ​កម្ពុជា​មាន​ជំនាញ និង​ស្នាដៃ​មិន​ចាញ់​ពលករ​ថៃ​ដែរ »​។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ រថយន្ត​ជា​ច្រើន​ម៉ាក​យីហោ​ទាំង​នៅ​អាស៊ី និង​អឺរ៉ុប លើក​លែងតែ​ម៉ាក​យីហោ​របស់​ចិន កំពុង​មាន​រោងចក្រ​នៅ​ប្រទេស​ថៃ​ទាំងអស់ ។ ដូចនេះ ធ្វើ​ឱ្យ​ប្រទេស​ថៃ​ក្លាយជា​មជ្ឈមណ្ឌល​ផលិត​យានយន្ត​សំខាន់​មួយ​របស់​ពិភពលោក ។

លោក​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ តម្លៃ​ពាណិជ្ជកម្ម​នាំ​ចេញ​នាំ​ចូល​គ្រឿងបន្លាស់​រថយន្ត​រវាង​កម្ពុជា​-​ថៃ មាន​ទឹកប្រាក់​រហូត​ដល់​៤៨៧,៨៩​លាន​ដុល្លារ ហើយ​រំពឹង​ថា ក្នុង​ឆ្នាំ​២០១៨​នេះ នឹង​កើន​ដល់​៥០០​លាន​ដុល្លារ ។

អគ្គ​នាយ​ក្រុមហ៊ុន RMA និង​ជា​អនុប្រធាន​សមាគម​រថយន្ត​កម្ពុជា បានឱ្យ​ដឹង​ថា ប្រ​សិន​កម្ពុជា​មាន​រោងចក្រ​ផលិត​គ្រឿងបន្លាស់ វា​ជា​រឿង​ល្អ​មួយ​ក្រៅពី​ផ្តល់​ប្រយោជន៍​ច្រើន​ដល់ ប្រជាពលរដ្ឋ​ក្នុងស្រុក និង​ជំរុញ​ការ​នាំ​ចេញ​ទៅ​បរទេស ។

លោក ងួ​ន សាំង អគ្គ​នាយ​ក្រុមហ៊ុន​RMA​មាន​ប្រសាសន៍​ថា ៖« បើ​កម្ពុជា​មាន​រោងចក្រ​ផលិត​គ្រឿងបន្លាស់​រថយន្ត​មែន វា​ពិតជា​ផ្តល់​ប្រយោជន៍​ច្រើន ហើយ​ពេល​នោះ គ្រឿង​បន្លាស់​នឹង​មាន​តម្លៃ​ថោក ហើយ​សម្បូរ​បែប ព្រោះ​សព្វថ្ងៃ ការ​នាំ​ចូល​មក​កម្ពុជា ទោះបី​ក្នុង​តំបន់​អាស៊ាន​ដូច​គ្នា​ក៏​ត្រូវ​បង់ពន្ធ​ដែរ ។ អីចឹង បើ​យើង​ផលិត​ក្នុងស្រុក នោះ​គ្រឿង​បន្លាស់​នឹង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ការ​នាំ​ចូល »​។

បើ​តាម​លោក​ជី​រ៉ា​វុ​ឌ្ឍ អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​ថៃ​នៅ​កម្ពុជា បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ថៃ​ជា​ច្រើន បាន​មក​បង្កើត​រោងចក្រ​ផលិត​គ្រឿងបន្លាស់​រថយន្ត​នៅ​កម្ពុជា ហើយ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ ដូច​ជា រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង តំបន់​សេដ្ឋកិច្ច​ប៉ោយ​ប៉ែ​ត និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ