ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធលះបង់អ្វីៗអប់រំមហាជន តែលោកមិនស្តីប្រដៅបុគ្គលពាលទេ

6 ឆ្នាំ មុន

ព្រះ​បរម​សា​ស្ថា​រមែង​ប្រមើល​មើល​នូវ​ឧបនិស្ស័យ​របស់​មនុស្ស មុន​នឹង​ព្រះ​អង្គ​យាង​ទៅ​ទេសនា​អប់រំ​។ ការ​ធ្វើ​យ៉ាងនេះ​គឺ​ដើម្បី​អនុគ្រោះ​ដល់​សត្វ​ទាំងឡាយ​ឆាប់​បាន​សម្រេចមគ្គផល​តាម​សមគួរ​ដល់​ឧបនិស្ស័យ​របស់​ខ្លួន ។ ខាងក្រោម​នេះ​ជា​ពុទ្ធឱវាទ​បី​យ៉ា​ង ដែល​ព្រះ​អង្គ​តែង​ទេសនា​អប់រំ​សព្វ​សត្វ ៖ ប្រការ​ទី​១-​ធម៌​ដែល​គួរ​ដឹង​គួរ​ឃើញ​នោះ​មាន​ច្រើន​យ៉ាង តែ​រួបរួម​ដោយ​ខ្លី​មាន​ត្រឹម​២​យ៉ាង​គឺ ធម៌​ដែល​គួរ​លះ​វៀរ​១…

ព្រះ​បរម​សា​ស្ថា​រមែង​ប្រមើល​មើល​នូវ​ឧបនិស្ស័យ​របស់​មនុស្ស មុន​នឹង​ព្រះ​អង្គ​យាង​ទៅ​ទេសនា​អប់រំ​។ ការ​ធ្វើ​យ៉ាងនេះ​គឺ​ដើម្បី​អនុគ្រោះ​ដល់​សត្វ​ទាំងឡាយ​ឆាប់​បាន​សម្រេចមគ្គផល​តាម​សមគួរ​ដល់​ឧបនិស្ស័យ​របស់​ខ្លួន ។ ខាងក្រោម​នេះ​ជា​ពុទ្ធឱវាទ​បី​យ៉ា​ង ដែល​ព្រះ​អង្គ​តែង​ទេសនា​អប់រំ​សព្វ​សត្វ ៖

ប្រការ​ទី​១-​ធម៌​ដែល​គួរ​ដឹង​គួរ​ឃើញ​នោះ​មាន​ច្រើន​យ៉ាង តែ​រួបរួម​ដោយ​ខ្លី​មាន​ត្រឹម​២​យ៉ាង​គឺ ធម៌​ដែល​គួរ​លះ​វៀរ​១ និង​ធម៌​ដែល​គួរ​ធ្វើ​ឱ្យ​កើត​មាន​១ ។ ធម៌​ដែល​គួរ​លះ​វៀរ​នោះ​គឺ​ទុច្ចរិត សេចក្តី​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ វាចា ចិត្ត ។ ទុច្ចរិត​នេះ គួរ​ដឹង​គួរ​ឃើញ​ថា ជា​អកុសលធម៌​មានទុក្ខ​ទោស ដល់​អ្នក​ប្រព្រឹត្ត​ដោយ​ចៀស​មិន​រួច អ្នកប្រាជ្ញ​មិន​សរសើរ​ឡើយ ។ បើ​អ្នក​ណា​ប្រព្រឹត្ត​ឱ្យ​ច្រើន​ហើយ ក៏​បណ្តាល​ឱ្យ​ផល​ដែល​មិនជា​ប្រយោជន៍ និង​មិនមែន​ជា​សុខ​ដល់​អ្នក​នោះ​អស់​កាល​យូរអង្វែង ។ លុះ​ដឹង​ឃើញ​ផល​ងងឹត​យ៉ាងនេះ​ហើយ បុគ្គល​គួរ​លះ​វៀរ​ចេញ​ឱ្យ​អស់ពី​ខន្ធ​សន្តាន ។ មួយទៀត ធម៌​ដែល​គួរ​ធ្វើ​ឱ្យ​កើត​មាន​នោះ​គឺ សុចរិត សេចក្តី​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្ត ។ សុចរិត​នេះ​គួរ​ដឹង គួរ​ឃើញ​ថា​ជា​កុសលធម៌​មិន​មានទុក្ខ​ទោស​ដល់​អ្នក​ប្រតិបត្តិ អ្នកប្រាជ្ញ​ទាំងឡាយ​រមែង​សរសើរ​មិន​ដាច់ ។ បើ​អ្នក​ណា​ប្រព្រឹត្ត​ឱ្យ​បរិបូរណ៍​ហើយ ក៏​ឱ្យ​កើត​ប្រយោជន៍​និង​សេចក្តីសុខ​ដល់​អ្នក​នោះ​អស់​កាល​ដ៏​យូរ ។ លុះ​បុគ្គល​ដឹង​ឃើញ​លក្ខណៈ​ល្អ​យ៉ាងនេះ​ហើយ​គួរ​ធ្វើ​ឱ្យ​កើត​មាន​ឡើងជា​និច្ច​ក្នុង​អារម្មណ៍ ។

ប្រការ​ទី​២-​ទ្រង់​ប្រដៅ​មាន​ហេតុ គឺ​ប្រដៅ​ថា សេចក្តី​ប្រព្រឹត្ត​អាក្រក់​ជា​ហេតុ​នៃ​អកុសល មាន​ឫសគល់​មក​អំពី​លោភៈ ទោសៈ មោហៈ ។ សេចក្តី​ប្រព្រឹត្ត​ល្អជា​ហេតុ​នៃ​កុសល មាន​ឫសគល់​មក​អំពី​អលោភៈ អ​ទោសៈ អមោហៈ ដូច្នេះ​ជាដើម ។

ប្រការ​ទី​៣-​ទ្រង់​ប្រដៅ​ជា​អស្ចារ្យ គឺ​ព្រះ​អង្គ​ទ្រង់​ឈ្លាសវៃ​ក្នុង​ពិធី​ប្រដៅ​មាន​គោល​គួរ​កំណត់​បាន​ងាយ​ថា ៖
១-​ព្រះ​អង្គ​ទ្រង់​កំណត់​ជ្រាប​ឆន្ទៈ (​ទ្រង់​យល់ចិត្ត​) មាន​អធ្យាស្រ័យ​ដឹង​នូវ​ឧបនិស្ស័យ​របស់​មនុស្ស​ដែល​គួរ​ប្រៀនប្រដៅ ហើយ​ក៏​ប្រដៅ​ឱ្យ​ល្មម​សមគួរ​ដល់​បុគ្គល​នោះ
២-​ទ្រង់​ប្រដៅ​ធម៌​ជា​លំដាប់​តាំង​អំពី​ភូមិ​ធម៌​ជាន់​ទាប​ឡើង​ទៅ​រហូត​ដល់​ជាន់ខ្ពស់​ដើម្បី​ប្រតិបត្តិ​ងាយស្រួល​តាម​លំដាប់
៣-​ទ្រង់​ជា​អ្នក​កាល​ញ្ញុ​តា ជ្រាប​កាល​វេលា កាន់​យក​ធម៌ ឬ​លើកយក​ធម៌​មក​អប់រំ​ដល់​បុគ្គល​នោះ​ដ៏​សមគួរ​ដល់​ឱកាស​គួរ​ប្រដៅ អប់រំ​គឺ​មិន​វែង​ពេក មិន​ខ្លី​ពេក
៤-​ទ្រង់​ប្រកប​ព្រម​ដោយ​អង្គ​៤ គឺ​អធិប្បាយ​ឱ្យ​ឃើញច្បាស់​លាស់​នូវ​អំពើ​ល្អ​, បបួល​ឱ្យ​មានចិត្ត​សមាទាន​កាន់​យក​ដោយ​មិន​ងាករេ​, ណែនាំ​ឱ្យ​កើត​ឧស្សាហ៍​អង់អាច​ដើម្បី​នឹង​ធ្វើអំពើ​ល្អ និង​លើក​ស្ទួយ​ឆន្ទៈ​ឱ្យ​រីករាយ​ក្នុង​កិរិយា​ធ្វើ​តាម ។ ព្រោះ​យ៉ាងនេះ​ហើយ​ទើប​ហៅ​ថា​ទ្រង់​ប្រដៅ​ជា​អស្ចារ្យ ។

ទោះ​ជាយ៉ា​ង​ណា​ក៏​ដោយ ចំពោះ​បុគ្គល​ពាល​(​អតិ​ពាលោ​ខោ​) ព្រះ​អង្គ​តែង​ហាម​សាវក​មិន​ឱ្យ​ស្តីប្រដៅ ។ ការ​អប់រំ​បុគ្គល​ប្រភេទ​នេះ​អត់​មានបាន​ទទួលផល​ប្រយោជន៍​អ្វី​ទេ គឺ​បាន​ត្រឹមតែ​ខាត​ពេលវេលា ទោះជា​និយាយ​យ៉ា​ង​ណា​ក៏​គង់​បុគ្គល​នោះ​មិន​ស្ថា​ប់​ដដែល ៕