ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់នៅលើផ្លូវលំ ក្នុងភូមិទី៤ (ចំការចេក) ស្ថិតនៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ក្រោយពីចេញពីរោងមង្គលការបងប្អូននៅក្នុងភូមិទី៤ នោះ ហើយត្រូវបានសមត្ថកិច្ចព្រមទាំងបងប្អូននាំយកទៅធ្វើបុណ្យទាំងយប់នៅក្នុងភូមិជាមួយគ្នានោះដែរ ។ មន្ត្រីអាជ្ញាធរមូលដ្ឋាននិយាយថា ការស្លាប់នេះដោយសារការផឹកស្រវឹងជ្រុល ហើយដួលតាមដងផ្លូវពេលត្រឡប់ទៅផ្ទះវិញ។ មន្ត្រីប៉ូលិសព្រហ្មទណ្ឌស្រុកភ្នំស្រួច បានឱ្យដឹងថា ប្រជាពលរដ្ឋក្នុងភូមិទី៤ បានប្រទះឃើញស្លាប់នៅតាមផ្លូវលំក្នុងភូមិនាវេលាម៉ោងប្រមាណ១១និង៣០នាទីយប់ថ្ងៃទី១៧ មីនា ។ អ្នកស្លាប់នេះឈ្មោះម៉ែន ឆុំ អាយុ៤៤ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំខាងលើ ជាមនុស្សពិការជើងឆ្វេងម្ខាងផង។
តាមសាក្សីអះអាងថា បុរសពិការរូបនេះត្រូវប្រពន្ធលែងយូរមកហើយ ដោយហេតុតែគាត់ចេះតែឈឺ ដោយសារជំងឺតេតាណូសធ្វើការអ្វីពុំកើត និងគិតតែពីដើរផឹកស្រា។ នៅយប់កើតហេតុគាត់បានផឹកស្រារហូតស្រវឹងដាបនៅក្នុងមង្គលការបងប្អូនក្នុងភូមិ ហើយត្រឡប់មកផ្ទះវិញ ក៏ដួលស្លាប់តែម្តង ។ មន្ត្រីប៉ូលិសដែលបានធ្វើការត្រួតពិនិត្យបញ្ជាក់ថា បុរសពិការរូបនេះ ពិតជាស្លាប់ដោយសារស្រវឹងប្រាកដមែន ពុំមានអំពើឃាតកម្ម ឬមនុស្សឃាតអ្វីនោះទេ ។ សពត្រូវបានប្រពន្ធកូនដែលលែងលះជាយូរមកហើយនោះមកយកទៅធ្វើបុណ្យឱ្យផងដែរ ៕
ចែករំលែកព័តមាននេះ