ខេត្តកំពង់ឆ្នាំង ៖ អភិបាលស្រុកបរិបូណ៍នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ បានប្រតិកម្មជាមួយលោក គិត គន្ធា មេបញ្ជាការកងរាជអាវុធហត្ថស្រុកបរិបូណ៍យ៉ាងខ្លាំង ដែលបានលួចដោះលែងត្រាក់ទ័រពីរគ្រឿង នៅល្ងាចថ្ងៃទី១៤ ខែមីនា ដែលអាជ្ញាធរឃុំ ស្រុក និងសមត្ថកិច្ចខំចាប់បាននៅព្រឹកថ្ងៃ១៤ ខែមីនា ក្នុងពេលដែលគេបានលួចឈូសឆាយដីព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍។ ករណីខាងលើនេះលោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ដោយមានការឯកភាពពីគណៈបញ្ជាការឯកភាព ស្រុកបរិបូណ៍ ក្រុមប្រឹក្សាឃុំឆ្នុកទ្រូ បានសហការជាមួយកងរាជអាវុធហត្ថ ប្រចាំការក្នុងឃុំឆ្នុកទ្រូ ចុះទៅចាប់បានត្រាក់ទ័រពីរគ្រឿងរបស់លោក សំ ប៊ុនធឿន ដែលបានលួចឈូសឆាយដីព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រភូមិសេះស្លាប់ ឃុំឆ្នុកទ្រូអស់ប្រមាណជាងមួយហិកតា ដោយគ្មានច្បាប់អនុញ្ញាត អ្វីឡើយ ហើយការឈូសឆាយពីមុនមកមានច្រើនជាងនេះ។
នៅពេលចាប់បានត្រាក់ទ័រទាំងពីរគ្រឿង ខាងលើនេះ លោកអភិបាលស្រុកបរិបូណ៍ និងជាគណៈបញ្ជាការឯកភាពស្រុក បានបញ្ជាឲ្យយកទៅរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកបរិបូរណ៍ ដើម្បីទាក់ទងមន្ត្រីជំនាញជលផលចុះមកកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ ប៉ុន្តែនៅព្រឹកថ្ងៃទី១៥ ខែមីនានេះ លោកមេឃុំបានឃើញត្រាក់ទ័រទាំង២គ្រឿង និងចុះទៅដល់ឃុំឆ្នុកទ្រូវិញ។ ពេលនោះលោកក៏បានសួរទៅមន្ត្រីកងរាជអាវុធហត្ថស្រុកគេឆ្លើយថា គេបានបញ្ជូនត្រាក់ទ័រនោះទៅ ទីបញ្ជាការកងរាជអាវុធហត្ថខេត្តរួចហើយ។ ជាមួយនឹងការចោទប្រកាន់ខាងលើ លោក គិត គន្ធា មេបញ្ជាការកងរាជអាវុធហត្ថស្រុកបរិបូណ៍បានឲ្យដឹងថា៖ ការដោះលែងត្រាក់ទ័រនេះគឺមានបញ្ជាពីលោក មេបញ្ជាការកងរាជអាវុធខេត្តកំពង់ឆ្នាំង។ លោកអត់ដឹងទេ ព្រោះមេបញ្ជាឲ្យដោះលែង។ ជាមួយគ្នាដែរ លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា លោកបានឲ្យមន្ត្រីរបស់លោក ចុះទៅពិនិត្យមើល តែនៅព្រឹកថ្ងៃទី១៥ មីនានេះ ចុះទៅមិនទាន់ដល់ផង ស្រាប់តែឮថា គេដោះលែងបាត់ទៅហើយ។
លោកថា ការដោះលែងបែបនេះវាខុសនឹងច្បាប់។ យ៉ាងនេះក្តីលោកនឹងឲ្យមន្ត្រីរបស់លោកចុះស្រាវជ្រាវក្នុងរឿងនេះ។ ប៉ុន្តែរឿងនេះ ពិតមែនលោកនឹងសុំយោបល់ថ្នាក់លើមិនឲ្យបុគ្គលដែលបំផ្លិចបំផ្លាញព្រៃឈើលិចទឹករបស់រដ្ឋ ធ្វើព្យុះធ្វើភ្លៀងបានដោយងាយស្រួលនោះឡើយ។ ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ លោក សាក់ សារ៉ាង ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង យើងបានទំនាក់ទំនងតាមទូរស័ព្ទ សុំការបំភ្លឺដែរ តែទូរស័ព្ទមិនចូលឡើយ។ ដោយឡែក ក្នុងផេកហ្វេសប៊ុក លោក ឃួន សៅរុំ អភិបាលស្រុកបរិបូណ៍ បានឲ្យដឹងថា អាជ្ញាធរឃុំ ស្រុក ខិតខំចាប់ត្រាក់ទ័រប្រព្រឹត្តបទល្មើសនេះទាំងលំបាក បែរជាកូនអង្គភាពមួយសោះហ៊ានដោះលែងត្រាក់ទ័រល្មើសច្បាប់ដោយអត្តនោម័ត មិនសួរនាំគណៈបញ្ជាការឯកភាពស្រុកមួយម៉ាត់សោះ គឺដូចជាជ្រុលពេកហើយ គឺគេមិនមែនជាអ្នកទៅចាប់សោះ បែរជាហ៊ានដោះលែងទាំងបំពានច្បាប់ដូច្នេះ៕
ចែករំលែកព័តមាននេះ