ពលរដ្ឋក្រូអាស៊ីប្រមាណជា១០ពាន់នាក់បាននាំគ្នាដើរហែក្បួនបាតុកម្មកាលពីថ្ងៃទី៦ មីនា ក្នុងដងវិថីទាំងឡាយនៃទីក្រុងសាគ្រែប ដើម្បីទាមទារឱ្យរដ្ឋាភិបាលក្រូអាស៊ីលាលែងពីតំណែងដោយសារអសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះឥតការងារធ្វើ ហើយធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាជនមានការធ្លាក់ចុះ ។ ពួកអ្នកតវ៉ាទាមទារឱ្យលោក JADRANKA KOSOR ដែលដឹកនាំរដ្ឋាភិបាលចាប់តាំងពីខែកក្កដា ឆ្នាំ២០០៩មក ចាកចេញពីតំណែង ។
យោងតាមការស្ទាបស្ទង់មតិមួយធ្វើឡើងដោយវិទ្យាស្ថាន HENDAL និងទូរទស្សន៍សាធារណៈថា ពលរដ្ឋក្រូអាស៊ី៧០% គាំទ្រពួកបាតុករ ហើយ៦២%ចង់ឱ្យមានការបោះឆ្នោតមុនកាលកំណត់មួយ ។ ភាពអត់ការងារធ្វើនៅ ក្រូអាស៊ីមានដល់អត្រាជិត២០%នៃចំនួនប្រជាជនសកម្ម ជាអត្រាមួយខ្ពស់បំផុតពុំធ្លាប់មានក្នុងប្រទេសនេះចាប់តាំងពី៨ឆ្នាំមកហើយ ។
ការបោះឆ្នោតសភានៅក្រូអាស៊ីតាមធម្មតាគ្រោងធ្វើនាដំណាច់ឆ្នាំ២០១១ ឬដើមឆ្នាំ២០១២ ហើយរដ្ឋាភិបាលចង់ឱ្យមានការចរចាអំពីការចូលរួមរបស់ក្រូអាស៊ីក្នុងសភាពអឺរ៉ុប ៕
ចែករំលែកព័តមាននេះ