ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ែន ចំ​រ៉ុ​ង ចង់​ជួប​កូន តែលោក​អ៊ិន សុ​ភិន ឌឺដង​វាយប្រហារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឪពុក​របស់​អ្នក​នាង​ភិន សុ​ដា​លី​ស គឺ​លោក​អ៊ិន សុ​ភិន បាន​លាត​ត្រដាង​​អំពើអាក្រក់​របស់​លោក​ប៉ែន ចំ​រ៉ុ​ង ហាក់ដូចជា​ឆ្លើយ​តប​ទៅ​លោក​ប៉ែន ចំ​រ៉ុ​ង…

រាជធានី​ភ្នំពេញ ៖ ឪពុក​របស់​អ្នក​នាង​ភិន សុ​ដា​លី​ស គឺ​លោក​អ៊ិន សុ​ភិន បាន​លាត​ត្រដាង​​អំពើអាក្រក់​របស់​លោក​ប៉ែន ចំ​រ៉ុ​ង ហាក់ដូចជា​ឆ្លើយ​តប​ទៅ​លោក​ប៉ែន ចំ​រ៉ុ​ង ដែល​​បាន​បង្ហាញ​បំណង​ចង់​ជួប​មុខ​កូនស្រី​របស់​ខ្លួន​ជាមួយ​ភិន សុ​ដា​លី​ស ។

លោក​ប៉ែន ចំ​រ៉ុ​ង ប្រាប់​អ្នក​សារព័ត៌មាន​ពី​ការ​នឹករលឹក និង​ចង់​ឃើញ​មុខ​កូនស្រី​របស់​ខ្លួន ជាមួយ​អ្នក​នាង​ភិន សុ​ដា​លី​ស ។

បើ​ទោះបីជា​ប៉ែន ចំ​រ៉ុ​ង មិន​មាន​ចេតនា​ណាមួយ​វិល​ទៅ​រស់នៅ​ជាមួយ​ភិន សុ​ដា​លី​ស ជា​ថ្មី​ក៏​ដោយ ប៉ុន្តែ​លោក​បាន​ថ្លែង​ពី​ការ​នឹករលឹក និង​ចង់​ជួប​មុខ​កូនស្រី​ដោយ​ផ្ទាល់​ម្តង ដ្បិត​​ជា​តំណក់ឈាម​របស់​លោក​ដែរ ។

ទោះជា​យ៉ាងណា​ក្តី​គោលបំណង​មួយ​នេះ​របស់​ប៉ែន ចំ​រ៉ុ​ង ទំនងជា​មិន​អាច​ទៅ​រួច​ឡើយ ខណៈ​ពេល​ដែល​លោក​អ៊ិ​ន សុ​ភិន បាន​បកអាក្រាត​រឿង​អាក្រក់​របស់​លោក ពេល​លឺ​សម្តី​ចេញពី​មាត់​របស់​លោក​ប៉ែន ចំ​រ៉ុ​ង បែប​នោះ ។

លោក​អ៊ិ​ន សុ​ភិន បាន​បង្ហោះ​សារ​រៀបរាប់​ថា «​ចៅស្រី​សំណព្វចិត្ត​របស់​តា ពេល​នេះ​ចៅ​មាន​អាយុ​១​ឆ្នាំ​៥​ខែ​ហើយ ចៅ​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ក្នុង​ជីវិត​របស់​តា ចៅ​ជា​ឱសថ​​អាច​ព្យាបាល​ជំងឺ​មួយ​រយ​មុខរប​ស់តា​ឱ្យ​ជា និង​ធ្វើ​ឱ្យ​តា​មាន​សេចក្ដីសុខ​បំផុត​ក្នុង​ជីវិត តាំងពី​ចៅ​នៅ​ក្នុង​ពោះ​ម្ដាយ​ចៅ​រហូត​ដល់​ពេល​នេះ ។ ចុះបើ​ចៅ​ធំ​ដឹងក្ដី​ឡើង​ពេល​ដែល​ចៅ​ដឹង​ថា​ឪពុក​របស់​ចៅ​ជា​ឃាតករ​ចង់​សម្លាប់​កូន​ខ្លួនឯង ដោយ​ឱ្យ​ម្ដាយ​ចៅ​ទម្លាក់​​កូន​ចោល​តាំងពី​ចៅ​អាយុ​៣​ខែ​ក្នុង​ពោះ តើ​ចៅ​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​ឪពុក​​ម្នាក់​នេះ ? ឪពុក​ចៅ​ធ្វើបាប​ម្ដាយ​ចៅ​ដោយ​រត់​ចោល​ទាំង​ចៅ​នៅ​ក្នុង​ពោះ​៣​ខែ តើ​ម្ដាយ​ចៅ​លំបាក​ប៉ុនណា ? ឪពុក​ចៅ​ដើរ​និយាយ​ប្រាប់​គេ​ថា​ពេល​ដែល​ចៅ​កើតមក​នឹង​មិន​មាន​រូប​កាយ​គ្រប់លក្ខណៈ​ទេ​ដោយ​ម្ដាយ​ចៅ​ជា​មនុស្ស​មិន​គ្រប់ទឹក ឆ្កួត​មិនដឹង​អី ។

ឪពុក​ចៅ​ប្ដឹង​ទៅ​តុលាការ​ដើម្បី​លែង​ម្ដាយ​ចៅ និង​មិន​ទទួលស្គាល់​ចៅ​នៅ​មុខ​តុលា​ការ។ ពេល​ចៅ​អាយុ​៤​ខែ​ក្នុង​ពោះ ម្ដាយ​ចៅ​ខំ​អង្វរ​យ៉ាងណា​ក៏​ឪពុក​ចៅ​មិន​ព្រម ពេល​នោះ​ចៅ​ក៏​ក្លាយជា​ទារក​កំព្រា​ឪពុក​តាំងពី​ពេល​នោះ​មក ម្ដាយ​ចៅ​ខំ​កាត់​កេរ្តិ៍ កាត់​ខ្មាស​លះបង់ អ្វី​ៗ​គ្រប់​បែប​យ៉ាង​ដើម្បី​ឪពុក​ចៅ តែ​ទីបំផុត​ម្ដាយ​ចៅ​បាន​ត្រឹមតែ​ទទួល​ភាព​អាម៉ាស់ និង​ថោកទាប​បំផុត​នៅ​នឹង​មុខ​តុលាការ និង​មុខ​មហាជន​រាប់​លាន​នាក់​។ ម្ដាយ​ចៅ​ប្រឹង​តស៊ូ​លំបាក​ទាំង​ផ្លូវ​កាយ ផ្លូវចិត្ត មក​ទល់​ពេល​នេះ​ដើម្បី​រូប​ចៅ​ដោយ​ត្រូវ​បក្សពួក​របស់​ឪពុក​ចៅ​ដើរ​និយាយ​បរិហារកេរ្តិ៍​ខុស​ពី​ការណ៍​ពិត តើ​ម្ដាយ​ចៅ​ឈឺចាប់​ប៉ុនណា ? មានរឿង​ជា​ច្រើន​ទៀត​ដែល​ឪពុក​ចៅ​បាន​ធ្វើ​មក​លើ​ម្ដាយ​ចៅ និង​រូប​ចៅ​ផ្ទាល់​។

ពេល​ដែល​ចៅ​បានដឹង​អំពើ​ដ៏​ថោកទាប​របស់​ឪពុក​ចៅ តើ​ចៅ​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​ឪពុក​របស់​ចៅ ? ពេល​នេះ​ឪពុក​ចៅ​និយាយ​ថា​គេ​ស្រលាញ់​ចៅ កូន​សំណព្វចិត្ត​ឪពុក ឪពុក​នឹក​កូន​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន តើ​ចៅ​យល់​ឃើញ​នឹង​មាន​អារម្មណ៍​យ៉ាងណា? តើ​អាច​ទទួលស្គាល់​ឪពុក​នេះ​បាន​ទេ ? តា​ម្នាក់​នេះ​នឹង​ខំ​មើល​ចៅ​ឱ្យ​បាន​ល្អ​បំផុត »​។

លោក​ប៉ែន ចំ​រ៉ុ​ង បាន​ដាក់​ពាក្យសុំ​លែងលះ​ជាមួយ​ភរិយា​អត់​ទាន់​រៀប​ការ​របស់​លោក​អ្នក​នាង ភិន សុ​ដា​លី​ស កាលពី​ថ្ងៃ​ទី​២៩ មេ​សា ឆ្នាំ​២០១៦ ។ នៅ​ក្នុង​បណ្ដឹង​លែងលះ​នោះ គឺ​លោក​លើក​ហេតុផល​ថា មិន​អាច​រស់នៅ​ចុះសម្រុង​នឹង​គ្នា ខណៈ​ពេល​ភាគី​ខាង​ស្រី​វិញ ត្រូវ​បាន​ឪពុក គឺ​លោក​អ៊ិន សុ​ភិន អះអាង​ថា កូនស្រី​លោក​ក៏​អស់ចិត្ត​នឹង​ប៉ែន ចំ​រ៉ុ​ង ដែរ ហើយ​ទីបំផុត​អ្នក​ទាំង​ពីរ​បាន​លែងលះ​គ្នា​ជា​ស្ថាពរ​តាម​ផ្លូវ​តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ