ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​ប្រកាស​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នី​តី​កាល​ទី​៤​ចំនួន​២​រូប

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​ក្នុង​ការ​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ចំនួន​២​រូប ដើម្បី​ដាក់​ក្នុង​ប្រជុំ​ពេញអង្គ​រដ្ឋសភា​នៅ​ពេល​ខាង​មុខ​នេះ ។ លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា…

រាជធានី​ភ្នំពេញ ៖ គណៈ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​ក្នុង​ការ​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ចំនួន​២​រូប ដើម្បី​ដាក់​ក្នុង​ប្រជុំ​ពេញអង្គ​រដ្ឋសភា​នៅ​ពេល​ខាង​មុខ​នេះ ។

លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា បាន​ឲ្យ​ដឹង​នៅ​ក្រោយ​កិច្ចប្រជុំ​អចិន្ត្រៃយ៍​រដ្ឋសភា ក្រោម​អធិបតីភាព សម្តេច​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ ថា អចិន្ត្រៃយ៍​រដ្ឋសភា​បាន​សម្រេច​ឲ្យ​អ​គ្គេ​ល​ខា​ធិ​ការដ្ឋាន​រដ្ឋសភា​ប្រកាស​ជ្រើសរើស​បេក្ខជន ដែល​មាន​បំណង​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​រូ​ច​ហើយ ។

លោក​បញ្ជាក់​ថា «​អង្គប្រជុំ​បាន​អនុម័ត​យល់ព្រម​សំណើសុំ​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា សម្រាប់​នីតិកាល​ទី​៤ ចំនួន​២​រូប ដោយ​រដ្ឋសភា​នីតិកាល​ទី​៥ ដោយ​បាន​ប្រគល់​ភារកិច្ច​ដល់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ធ្វើ​សេចក្តីជូនដំណឹង ប្រកាស​ជ្រើសរើស​ឥស្សរជន បេក្ខជន ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​» ។

លោក ឈាង វុន ក៏​បាន​ឲ្យ​ដឹង​ការ​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​គណបក្ស​នយោបាយ​ក៏​មាន​សិទ្ធិ​ដាក់​បេក្ខជន​របស់​ខ្លួន​បាន តែ​អ្នក​នោះ​ត្រូវ​មាន​សញ្ញាប័ត្រ​តាម​កំណត់ ដោយ​មិន​អាច​ដាក់​បេ​ក្ខ​ដែល​គ្មាន​សមត្ថភាព​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​រដ្ឋសភា​រូប​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​អង្គប្រជុំ​បាន​អនុម័ត​យល់ព្រម​បញ្ចូល​ក្នុង​របៀបវារៈ នៃ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ នូវ​សេចក្តីព្រាងច្បាប់​ស្តី​ពី អាជ្ញាប័ណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ ។ និង​បាន​អនុម័ត​លើ​របាយការណ៍​ស្តី​ពី​សកម្មភាព​របស់​រដ្ឋសភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ និង​លើក​ទី​១០ នីតិកាល​ទី​៥ ដោយ​បាន​ប្រគល់​ភារកិច្ច​ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ពិនិត្យ​បញ្ចូល​បន្ថែម​ទៀត​នូវ​សកម្មភាព​របស់​រដ្ឋសភា រហូត​ដល់​ថ្ងៃ​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ នា​ពេល​ខាង​មុខ ។

សូម​ជម្រាប​ថា ការ​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ចំនួន​២​រូប របស់​រដ្ឋសភា បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា បាន​បញ្ចប់​ដោយ​រលូន ដោយ​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ បាន​ទៅ​លើក​គណបក្ស​ប្រជាជន ចំនួន​៥៨​រូប នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​សរុប​ច​៦២​រូប ។

តាម​រដ្ឋធម្មនុញ្ញ បាន​ចែង​ថា សមាជិក​ព្រឹទ្ធ​ចំនួន​ពីរ​ត្រូវ​តែង​តាំ​ដោយ ព្រះ​មហា​ក្ស​ក្រ និង​២​រូប ត្រូវ​ជ្រើស​ដោយ​រដ្ឋសភា ។ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ​តែងតាំង សម្តេច​រាជបុត្រី​ព្រះ​អនុជ នរោត្តម អរុណរស្មី និង​លោក​ជំទាវ អ៊ុំ សូ​ម៉ា​នី​ន ។

សូម​ជម្រាប​ថា បើ​តាម​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​ឲ្យ​ដឹង​ថា ការ​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នឹង​ចាប់ផ្តើម​ចាប់ពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ តទៅ ហើយ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ