ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​សន្និដ្ឋាន​ថា ក្រុម ​Hacker លួច​ទិន្នន័យ​បាន​តាម​រយៈ SMS

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បណ្តាញ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន គឺជា​ផ្នែក​មួយ​​ដ៏​សំខាន់​ដែល​ដើរតួ​នាទី​ស្នូល ធ្វើ​ជា​ឆ្អឹងខ្នង​សម្រាប់​ឲ្យ​សេវា​អន​ឡាញ​នានា​ដំណើរ​ការ​បាន​ទៅ​ដោយ​រលូន ប្រកបដោយ​សន្តិសុខ និង​សុវត្ថិភាព ។…

រាជធានី​ភ្នំពេញ ៖ បណ្តាញ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន គឺជា​ផ្នែក​មួយ​​ដ៏​សំខាន់​ដែល​ដើរតួ​នាទី​ស្នូល ធ្វើ​ជា​ឆ្អឹងខ្នង​សម្រាប់​ឲ្យ​សេវា​អន​ឡាញ​នានា​ដំណើរ​ការ​បាន​ទៅ​ដោយ​រលូន ប្រកបដោយ​សន្តិសុខ និង​សុវត្ថិភាព ។ ទោះជា​យ៉ាងនេះ​ក្ដី ក៏​ទទួល​​រង​នូវ​ហានិភ័យ​ផង​ដែរ ពិសេស​ត្រូវ​ក្រុម​Hacker លួច​ចូល​យក​ទិន្នន័យ ឬ​គ្រប់​គ្រង​គណនី​ទៅ​ប្រើប្រាស់​តែ​ម្ដង ខណៈ​ការ​យល់​ដឹង​ពី​វិស័យ​នេះ​នៅ​មាន​កម្រិត ។

ដោយសារ​តែ​មានការ​កើនឡើង​នូវ​ការ​Hack​ចូល​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ថ្នាក់ដឹកនាំ ក្រសួង​ស្ថាប័ន​រាជរដ្ឋាភិបាល និង​សាធារណជន​ទូទៅ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនា​គមន៍ បាន​រៀបចំ​កិច្ចប្រជុំ​មួយ ស្តី​ពី​ការ​ពង្រឹង​សន្តិសុខ​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​ទូរគមនា​គមន៍ និង​ព័ត៌មាន កាលពី​ថ្ងៃ​ទី​១៣ មីនា ដោយ​មានការ​ចូលរួម​ពី អគ្គស្នងការ​នគរបាល​ជាតិ ប្រតិបត្តិ​ករ និង​បុគ្គល​ពាក់ព័ន្ធ ក្នុង​គោលបំណង​ដើម្បី​ស្វែង​យល់​អំពី​ស្ថានភាព​សន្តិសុខ​(security) ក្នុង​ការ​ប្រើប្រាស់​បណ្តាញ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ។

លោក តាន់ សុ​ភ័​ក្រ អនុប្រធាន​នាយកដ្ឋាន​សន្តិសុខ​ទូ​គមនាគមន៍ និង​ព័ត៌មាន បាន​លើក​ឡើង​ថា នៅ​ក្នុង​លក្ខណៈ​បច្ចេកទេស មិន​មាន​កំណត់​ប្រព័ន្ធ​ណា​មាន​ចំណុច​ខ្សោយ​​ទេ ប៉ុន្តែ​អ្នកបច្ចេកទេស​សន្និដ្ឋាន​ថា ក្រុម​Hacker​អាច​លួច​សារ​(SMS)​ពី​ទូរស័ព្ទ​ដៃ​របស់​អ្នក​ប្រើប្រាស់​បាន​តាម​រយៈ​៤​ចំណុច​ដូច​ជា ៖

១-​លួច​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ​នៅ​ពេល​ផ្ញើ​សារ ។
២-​មាន​អ្នក​ផ្ទៃក្នុង​ផ្តល់​សារ​ទៅ​កាន់​ពួក​Hacker ។

៣- តាម​ការ​សិក្សា​ឃើញ​ថា ការ​ផ្សាយ​នូវ SS7 ( Signaling System7)​ជា​ប្រព័ន្ធ​មួយ​ដែល​ក្រុមហ៊ុនទូរស័ព្ទ​នៅ​លើ​ពិភពលោក​មួយ​ចំនួន​បាន​ប្រើប្រាស់ ដែល​អាច​ឲ្យ​ក្រុម​Hacker​លួច​សារ​ពី​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ​បាន ។

៤- អ្នក​ប្រើប្រាស់​យក​ទូរស័ព្ទ​ដៃ​ទៅ​ដំឡើង​កម្មវិធី​មួយ​ចំនួន​ដែល​មិនដឹង​ប្រភព​ច្បាស់​លាស់ ហើយ​បំពេញ​ទិន្នន័យ​ដើម្បី​ប្រើប្រាស់ ដូច្នេះ​ក្រុម​Hacker អាច​លួច​សារ​តាម​រយៈ​ការ​ចុះ​ឈ្មោះ​នោះ និង​ធ្វើការ​គ្រប់គ្រង ដោយ​ប្ដូរ​លេខ​សម្ងាត់​តែ​ម្ដង ។

លោក​បាន​បញ្ជាក់​ថា បើ​តាម​ការ​ចេញផ្សាយ​របស់ ss7map.p1sec.com ដែល​បង្ហាញ​ពី​កម្រិត​ហានិភ័យ​នៅ​លើ​ពិភពលោក ក្នុង​នោះ​ប្រទេស​កម្ពុជា​យើង​ក៏​បាន​ជួបនឹង​ss7 ដែរ ដែល​កម្រិត​របស់​វា​គឺ​មាន​ហានិភ័យ​ខ្ពស់ ដែល​អាច​ឲ្យ​ជន​អ​នា​មិ​គ​លួច​បាន​នូវ​ព័ត៌មាន​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​របស់​យើង ដូច​ជា​លេខ​ទូរស័ព្ទ ការ​ប្រើប្រាស់​អ៊ី​ន​ធើ​រ​ណេ​ត​តាម​រយៈ​ទូរស័ព្ទ​ដៃ ឬ​ការ​ហៅ​ចេញ​ហៅ​ចូល​របស់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ជាដើម ។

លោក ម៉ុ​ក ខេមរា ប្រធាន​នាយកដ្ឋាន​ទូរគមនាគមន៍ និង​ព័ត៌មាន បាន​គាំទ្រ​នឹង​ការ​លើក​​ឡើង​នេះ ដោយសារ​ថ្មី​ៗ​នេះ​លោក​បាន​ជួប​បញ្ហា​ដោយ​ផ្ទាល់ តាម​រយៈ​ការ​ភ្ជាប់​ជាមួយនឹង​លេខ​ទូរស័ព្ទ និង​Email​របស់​លោក ។

លោក​ថ្លែង​ថា ៖« ការ​Hack គឺ​មក​ពី​ការ​ដាក់​recovery password តាម​SMS អីចឹង​រាល់​ពេល​ដែល​គេ​បាន​យក​គណនី​របស់ខ្ញុំ​យក​ទៅ​គ្រប់គ្រង គឺ​មានការ​Login​តាម​ហ្នឹង​រហូត ទាល់តែ​ខ្ញុំ​ដក​SMS​ចេញ ទើប​ស្ងាត់ ហើយ​ភាគច្រើន​គេ​Hack​នៅ​ពេល​យប់ ជា​ពេល​ដែល​យើង​មិន​ចាប់អារម្មណ៍ ។ ក្រៅពី​ហ្វេ​ស​ប៊ុ​ក គឺ​យើង​អាច​មាន​ហានិភ័យ​មួយ​ផ្សេង​ទៀត តាម​រយៈ​Telegram និង​WhatsApp ជាដើម ព្រោះ​វា​ទាក់ទង​នឹង​SMS​ទាំងអស់​។ អីចឹង​ជន​អ​នា​មិ​គ អាច​ចូល​បាន ហើយ​លួច​យក​ទិន្នន័យ​របស់​យើង​ទាំងអស់ » ។

លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​លើក​ឡើង​ថា ចាប់តាំងពី​ឆ្នាំ​២០១៧​មក មានការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​កើនឡើង​យ៉ាង​ខ្លាំង ជា​ពិសេស​ក្នុង​អំឡុង​ខែកញ្ញា រហូត​ដល់​ដើមឆ្នាំ​២០១៨ គឺ​កើត​ឡើង​ដោយសារ​SMS​ទាំងអស់ ។

លោក​ថ្លែង​ថា ៖« ការ​វាយប្រហារ​ភាគច្រើន​គឺ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ព្រោះ​Link មួយ​ចំនួន​ដែល​យើង​ធ្វើការ​ប្រើប្រាស់​គឺជា​Link តាម​ហ្វេ​ស​ប៊ុ​ក ប៉ុន្តែ​នៅ​ពេល​ដែល​យើង Access​ចូល​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក គឺ​យើង​ប្រើប្រាស់​នូវ​ប្រព័ន្ធ​សន្តិសុខ​មួយ​ដែល​ហៅ​ថា ប្រព័ន្ធ​សន្តិសុខ​ពីរ​ជំហាន (2-step verification or 2-step authentication) គឺ​ការ​ប្រើប្រាស់ SMS ឬ Email ។ បើសិនជា​SMS​ទទួល​នូវ​ការ​វាយប្រហារ គឺ​យើង​អាច​ប្រើ​តាម​រយៈ Email ជំនួស​វិញ »​។

លោក​ក៏​បាន​ជំរុញ​ឲ្យ​ប្រតិបត្តិ​ករ​នាំ​គ្នា​ថែរក្សា​ទិន្នន័យ​ឯកជន ពិសេស​SMS ព្រមទាំង​ការ​ហៅ​ចេញចូល​របស់​អ្នក​ប្រើប្រាស់​ទាំងអស់ ហើយ​ត្រូវធ្វើ​របាយការណ៍​សុវត្ថិភាព​ពី​ប្រព័ន្ធ​ទាំងនេះ​ជូន​ក្រសួង ដើម្បី​ពិនិត្យ​និង​ធានា​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់ ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ដើមឆ្នាំ​២០១៨ នេះ​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​នៅ​កម្ពុជា​បាន​កើន​ឡើង​​ដល់​៦​លាន​៨​សែន​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​មាន​ចំនួន​៤​លាន​៨​សែន​នាក់ ។ ការ​​ពង្រឹង​សន្តិសុខ​ក្នុង​ការ​ប្រើប្រាស់​បណ្តាញ​ទូរគមនាគមន៍​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន គឺជា​កត្តាចាំបាច់​មួយ​ដែល​ប្រតិបត្តិ​ករ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ