ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែន រ៉ា​ឌី ក្រោយ​បើកហាង​បុកល្ហុង មិនមែន​ធ្វើ​លំ​ៗណា៎

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិតដល់​ខែមីនា​នេះ ហាង​បុកល្ហុង​របស់​អតីត​កីឡាករ​ល្បីឈ្មោះ​សែន រ៉ា​ឌី មាន​រយៈពេល​ពេញ​១​ឆ្នាំ ហើយ​មុខរបរ​របស់​លោក​ក៏​ទទួល​បានការ​គាំទ្រ​ខ្លាំង ណាស់​​​ដែរ បើ​ទោះជា​មុខរបរ​នេះ​មានការ​ប្រកួត​ប្រជែង​ច្រើន​ពី​សំណាក់​អ្នកមាន​ជំនាញ និង​បើកហាង​ដូច​គ្នា​ក្ដី…

រាជធានី​ភ្នំពេញ ៖ គិតដល់​ខែមីនា​នេះ ហាង​បុកល្ហុង​របស់​អតីត​កីឡាករ​ល្បីឈ្មោះ​សែន រ៉ា​ឌី មាន​រយៈពេល​ពេញ​១​ឆ្នាំ ហើយ​មុខរបរ​របស់​លោក​ក៏​ទទួល​បានការ​គាំទ្រ​ខ្លាំង
ណាស់​​​ដែរ បើ​ទោះជា​មុខរបរ​នេះ​មានការ​ប្រកួត​ប្រជែង​ច្រើន​ពី​សំណាក់​អ្នកមាន​ជំនាញ និង​បើកហាង​ដូច​គ្នា​ក្ដី ។ លោក​បាន​បង្ហាញ​វត្តមាន​ក្នុង​ហាង​បុកល្ហុង ដែល​ដាក់​យីហោ​ថា «​សែន រ៉ា​ឌី បុកល្ហុង​» នៅ​ទល់មុខ​ផ្សារ​ស៊ី​ឡិ​ប មិន​ដែល​បាត់​មុខ​នោះ​ទេ ខណៈ​ក្រៅពី​ធ្វើ​ជា​ថៅកែ​ជាមួយ​ដៃគូ លោក​ក៏​ជា​អ្នក​ធ្វើ​ម្ហូប​ទទួលភ្ញៀវ និង​ជា​អ្នក​បុកល្ហុង​ជូន​ភ្ញៀវ​ដោយ​​ផ្ទាល់​ដៃ​ផង​ដែរ ។ លោក​បាន​បង្ហើប​ឱ្យ​ដឹង​ពី​ស្ថានភាព​ផ្ទាល់ខ្លួន​ក្រោយ​ក្លាយជា​ថៅកែ​ហាង និង​ការ​លំបាក​ជុំវិញ​ការ​កែ​ច្នៃ​រសជាតិ​ប្លែក​ៗ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឱ្យ​ជាប់ចិត្ត​នោះ​ផង​។

កីឡាករ​សាច់​សខ្ចី​មិន​សមជា​អ្នក​ប្រដាល់​យក​សាច់​ស្រស់​ទៅ​ប្ដូរ​លើ​រេញ​រូប​នេះ​និយាយ​ថា មុន​ឈាន​ដល់​ការ​បណ្ដាក់ទុន​បើកហាង​បុកល្ហុង​ជាមួយ​ដៃគូ លោក និង​ដៃគូ​មិនមែន​ដំឡូង​មូល​នោះ​ទេ គឺ​បាន​ចេញ​ទៅ​ហាត់​ជំនាញ​ធ្វើ​បុកល្ហុង និង​ជំនាញ​ធ្វើ​គ្រឿងក្លែម​ផ្សេង​ៗ​​យ៉ាង​ស្ទាត់ជំនាញ​រយៈពេល​២​ខែ​ឯណោះ ទើប​ឈាន​ដល់​ការ​ប្រមូល​លុយ​សន្សំ​ពី​ការ​ប្រដាល់ និង​ពី​ការងារ​ផ្សេង​មក​បើកហាង​បុកល្ហុង​នេះ​និង​គ្រឿង​សមុទ្រ​។

លោក​គឺជា​អ្នក​ចេញ​ម្ហូប និង​ច្នៃ​ដោយ​ខ្លួ​នឯង​ផង ដូច្នេះ​ក្រៅពី​ធ្វើ​ជា​ថៅកែ លោក​ក៏​មិន​ខុស​ពី​ចុងភៅ​ម្នាក់​ដែរ ។ លោក​ថែម​ទាំង​ចេះ​លាយ​គ្រឿង​ដែល​មានឱជារស​ដោយ​ផ្ទាល់​ដៃ​ទៀត​ផង ក្រៅពី​ចេះ​ធ្វើ​ម្ហូប​ច្រើន​មុខ​ក្នុង​នាម​ជា​ថៅកែ​នោះ ។ យ៉ាងណាមិញ លោក​បាន​បង្ហាញ​ពី​ការ​លំបាក​តាំងពី​បាន​ក្លាយជា​ថៅកែ ដោយ​ក្នុង​ពេល​ខ្លះ​ស្ទើរ​មិន​មាន​ពេល​សម្រាក និង​ពេលវេលា​ផ្ទាល់ខ្លួន ដោយសារ​តែ​មានការ​ទទួលខុសត្រូវ​កាន់តែ​ច្រើន មិន​ថា​មើល​ខុស​ត្រូវ​ហាង មិន​ថា​ចាត់ចែង​រឿងធ្វើ​គ្រឿង​ម្ហូបអាហារ និង​ចាត់ចែង​ផ្សេង​ៗទៀត ដែល​មិន​ចេះ​តែ​ប្រហែស​បាន ។

លោក​សម្ដែង​អារម្មណ៍​កាន់តែ​ឆ្ងាយ​ពី​ការ​ប្រដាល់ ដោយ​អះអាង​ថា បើ​ទោះជា​លោក​នៅ​ស្រឡាញ់​ការ​ប្រដាល់ ក៏​លែង​មាន​ពេល​ហ្វឹកហាត់​បង្កើន​សមត្ថភាព​របស់​ខ្លួន​នៅ​លើ​វិស័យ​នេះ​ដែរ ដើម្បី​កុំឱ្យ​មានការ​រិះគន់​ណាមួយ​ថា​លោក​ឡើង​ប្រកួត​ធ្លាក់ដៃ ហើយ​មិនល្អ​ដូច​មុន ។ លោក​ថា មិនមែន​ដោយសារ​តែ​ក្លាយជា​ថៅកែ​ទើប​ចង់ឈប់​​ប្រដាល់​ទាំងស្រុង​នោះ​ទេ ប៉ុន្តែ​បណ្ដាល​មក​ពី​ការ​ប្រដាល់​បើ​ខ្វះ​ការ​ហ្វឹកហាត់​ជាប់លាប់ គឺ​មិន​អាច​ទៅ​រួច និង​មិន​អាច​ប្រថុយ​យកកេរ្តិ៍ឈ្មោះ​ទៅ​ចោល​លើ​រេញ ដោយសារ​តែ​ហេតុ​ផល​ចង់​ប្រដាល់​នោះ​ទេ ទើប​ឈប់​តែ​ម្ដង​ដើម្បី​ស៊ប់​នឹង​ការងារ​បើកហាង​ឱ្យ​កាន់តែ​ល្អ ក្នុង​ពេល​ដែល​លោក​ក៏​មានការ​រវល់​កាន់តែ​ច្រើន​ក្នុង​អាជីព​បើកហាង​នោះ ។ ប៉ុន្តែ​លោក​ក៏​មិន​មាន​គម្រោង​បោះបង់​ការ​ប្រដាល់​រហូត​នោះ​ដែរ ដោយ​លោក​នៅ​តែ​ទទួលយក​ការ​ប្រកួតកីឡា​វ៉ូ​វី​ណា​ម​មិន​ចោល​នោះ​ទេ ដើម្បី​បាន​រួមចំណែក​លើក​ស្ទួយ​វិស័យ​កីឡា​មួយ​នេះ​ឱ្យ​នៅ​តែ​រឹង​មាំ​តាមតែ​អាច​ធ្វើ​ទៅ​បាន ។ លោក​និយាយ​ថា ដោយសារ​តែ​ការ​ប្រដាល់​​នោះ​ហើយ ដែល​ជួយ​ឱ្យ​លោក​អាច​បើកហាង​បាន ដោយ​អ្នក​ស្គាល់​លោក​នៅ​ក្នុង​ពិភព​ប្រដាល់​ភាគច្រើន សុទ្ធតែ​មក​គាំទ្រ​ស្នាដៃ​បុកល្ហុង​របស់​លោក ទើប​ធ្វើ​ឱ្យ​មុខរបរ​របស់​លោក​ទទួល​បាន​ភាព​រីក​ចម្រើន​មក​ទល់​ពេល​នេះ​។

លោក សែន រ៉ា​ឌី និយាយ​ថា ជា​រៀងរាល់ថ្ងៃ​តាំងពី​លោក​រៀន​ចប់​មហាវិទ្យាល័យ លោក​រវល់​រឿង​ហាង​ទាំងមូល​មិនសូវ​ទំនេរ​បាន​ដេក បាន​ដើរ​នោះ​ទេ ខណៈ​ដែល​ការ​ទៅ​ណា​មក​ណាម្ដង​ៗ​ក៏​ត្រូវ​ចាត់ចែង​ការងារ​ឱ្យ​ស្រេច​ទាំង​ការ​ផ្សំ​គ្រឿង និង​ការងារ​ផ្សេង​ទៀត​ៗ ដោយសារ​តែ​ក្នុង​ហាង​ទាំងមូល​លោក​គឺជា​អ្នក​ច្នៃ​ម្ហូប និង​គ្រឿងផ្សំ​ប្រចាំ​ហាង ។ លោក​ថា ជា​រៀងរាល់ថ្ងៃ លោក​ត្រូវ​រិះរក​មុខម្ហូប​ថ្មី ហើយ​ក្រៅពី​ផ្សំ​គ្រឿងលោក​ក៏​ស្ទាត់​នឹង​ជំនាញ​​បុកល្ហុង​បែប​ថៃ បែប​ឡាវ និង​បែប​ខ្មែរ​មាន​រសជាតិ​ប្លែក​ផង​ដែរ ទើប​ហាង​របស់​លោក​ទទួល​បានការ​គាំទ្រ ។ ក្នុង​មួយ​ថ្ងៃ​ៗ មិន​ដែល​មាន​ថ្ងៃ​ណា ដែល​លោក​មិន​ខ្វល់​ពី​ការងារ​ថ្មី​នេះ​ទេ ដោយ​លោក​យល់​ថា នេះ ជា​មុខរបរ​ដែល​ធ្វើ​ឱ្យ​លោក​កាន់តែ​យល់​ដឹង​ច្រើន តាំងពី​ការ​ធ្វើ​ម្ហូប ការ​គ្រប់គ្រង​ហាង និង​ការ​ទទួលខុសត្រូវ​លើ​បុគ្គលិក​បម្រើ ក៏​ដូច​ជា​ការ​សម្របសម្រួល​ជាមួយ​បណ្ដា​ភ្ញៀវ​នោះ​ផង​។

លោក​មាន​គម្រោង​ពង្រីក​មុខ​ជំនួញ​ឱ្យ​ធំ​ជាង​នេះ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​រហូត​ដល់​ពេល​ណា​ទើប​មាន​លទ្ធភាព​នោះ​ទេ ដោយសារ​តែ​ការ​គ្រប់គ្រង​ត្រឹម​ហាង​តូច​មួយ ក៏​លំបាក​សម្រាប់​លោក​ណាស់​ទៅ​ហើយ ។ លោក​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​ដែល​អាជីវកម្ម​របស់​ខ្លួន​កាន់តែ​ទទួល​បាន​ជោគជ័យ បើ​ទោះជា​លោក​ត្រូវ​ហត់នឿយ​បន្តិច​តាំងពី​ក្លាយ​ជា​ថៅកែ​ម្នាក់​ក្ដី ។ មិន​ខុស​ពី​ការ​លើក​ឡើង អ្នក​ប្រដាល់​ដែល​មាន​ប្រភព​មក​ពី​ខេត្ត​កោះ​កុង​រូប​នេះ​ក៏​ធ្លាប់​រៀបរាប់​ថា​៖« វា​អត់​អី​ទេ​បង​! វា​នៅ​ដំណើ​ការ​ទៅ​មួយ​ៗ​ដែរ ។ វា​ក៏​មិន​ស្ងាត់​ដែរ មាន​ភ្ញៀវ​មករ​ហូត​។

ដំបូង​ៗ​អ៊ីចឹង ចំណូល​យើង​មិន​ទាន់​ដឹង ព្រោះតែការ​ចំណាយ​នៅរ​ញ៉េ​ញ៉ៃ​បន្តិច ។ យើង​មិន​ទាន់​គ្រប់គ្រង​វា​បាន​ច្បាស់លាស់ ចំណាយ​ច្រើន​ព្រោះ​វា​នៅ​ខ្វះខាត​មិន​ទាន់​គ្រប់​ទាំងអស់​ទេ »​។

ម្ទា​ស់​មេដាយមាស​ពិភពលោក​វ៉ូ​វី​ណា​ម ឆ្នាំ​២០១៥ ដែល​មានឈ្មោះ​ដើម​ថា ទិន ភាព បន្ថែម​ថា ទុន​ដំណើរការ​ហាង​បុកល្ហុង​ថ្មី​មួយ​នេះ បានការ​ចូល​ហ៊ុន​ជាមួយ​បងធម៌​ម្នាក់​ដែល​ចំណាយ​សរុប​១​ម៉ឺន​៦​ពាន់​ដុល្លារ មិន​ទាន់​គិត​ពី​ការ​តុបតែង​បន្ថែម ។ សែន រ៉ា​ឌី បន្ត ៖«​បាទ​សម្រាប់​ការ​បើកហាង​មួយ​នេះ​ចំណាយ​លុយ​បើ​សរុប​ទៅ​ប្រហែលជា​១​ម៉ឺន​ជាង​ហើយ​បង​។ នេះ​គ្រាន់តែ​លើ​ការ​តុបតែង ហើយ​នៅ​មិន​ទាន់​តុបតែង​អស់​ទៀត គឺ​នៅ​ទៀត​» ។ គួរ​ឱ្យ​ដឹង​ដែរ​ថា ហាង​បុកល្ហុង​ដែល​មាន​ស្ថាបនិក​ជា​អ្នក​ប្រដាល់​ដ៏​ល្បី​ឈ្មោះ សែន រ៉ា​ឌី បាន​ចាប់ផ្ដើម​ដំណើ​ការ​តាំងពី​ថ្ងៃ​ទី​២៦ មីនា ២០១៧ កន្លង​មក ដែល​មាន​ទីតាំង​ស្ថិត​នៅ​មុខ​ផ្សារ​ស៊ី​ឡិ​ប រាជធានី​ភ្នំពេញ ។ ម្ចាស់​ខ្សែក្រវាត់​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ​នៃ​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​វគ្គ​១​របស់ PNN រូប​នេះ​ក៏​មាន​គម្រោង​ពង្រីក​សាខា​បន្ថែម​ប្រ​សិន​ហាង​បុកល្ហុង​របស់​ខ្លួន ដំណើរ​កាន់តែ​ល្អ​នៅ​ពេល​ខាង​មុខ ជា​ពិសេស​ប្រសិនបើ​លោក​អាច​បណ្ដុះ​បងប្អូន ឬ​អ្នក​ជំនិត​ណា​ម្នាក់​ឱ្យ​ចេះ​ដូច​លោក​ក្នុង​ការ​ច្នៃ​ម្ហូប គ្រឿងក្លែម និង​គ្រប់គ្រង​ហាង​បាន​ល្អ​ជំនួស​ដៃជើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ