ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ស្រី​អន​»​ក្នុង​វ័យ​ចំណាស់​បង្ហាញ​ភក្ត្រា​នៅ​ភ្នំពេញ​ថ្ងៃនេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាង​អន ក្នុង​ខ្សែភាពយន្ត​រឿង​ «​អន​អើយ​ស្រី​អន​» មាន​រូប​សម្រស់​ផូរផង់​ក្នុង​យុវវ័យ​របស់​ខ្លួន បច្ចុប្បន្ន​ក្នុង​វ័យ​ចំណាស់ តើ​មានមុខមាត់​បែប​ណា ? អតីត​តារាភាពយន្ត​ដ៏​ល្បីល្បាញ​តួអង្គ​នាង​អន…

រាជធានី​ភ្នំពេញ ៖ នាង​អន ក្នុង​ខ្សែភាពយន្ត​រឿង​ «​អន​អើយ​ស្រី​អន​» មាន​រូប​សម្រស់​ផូរផង់​ក្នុង​យុវវ័យ​របស់​ខ្លួន បច្ចុប្បន្ន​ក្នុង​វ័យ​ចំណាស់ តើ​មានមុខមាត់​បែប​ណា ? អតីត​តារាភាពយន្ត​ដ៏​ល្បីល្បាញ​តួអង្គ​នាង​អន គឺ​អ្នកស្រី​វី​រៈ តារា នឹង​ចាក​ចេញពី​ប្រទេស​បារាំងជា​កន្លែង​ដែល​អ្នកស្រី​រស់នៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ មក​កាន់​មាតុភូមិ​តាម​គម្រោង​ផ្ទាល់ខ្លួន​របស់​អ្នកស្រី ។ អ្នក​ស្រលាញ់ គាំទ្រ ឬ​អ្នក​ដែល​ចង់​លើកទឹកចិត្ត​អ្នកស្រី​ក្នុង​នាម​ជា​តារាភាពយន្ត​ជើង​ចាស់​បាន​រួមចំណែក​ច្រើន​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត អាច​មានឱកាស​ជួប​អ្នកស្រី​ផ្ទាល់​នៅ​អាកាសយានដ្ឋាន ។

បើ​តាម​ការ​ប្រកាស​របស់​ក្រុមព្រះ​សូ​រិ​យា ឱ្យ​ដឹង​ថា តារា​ឯក​ស្រី​ក្នុង​ខ្សែភាពយន្ត​រឿង​«អន​អើយ​ស្រី​អន​» អ្នកស្រី​វី​រៈ តារា នឹង​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ នេះ ហើយ​តាម​ការ​គ្រោងទុក​អ្នកស្រី​នឹង​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​អំឡុង​ម៉ោង​១១​ព្រឹក ។

ការ​មក​ប្រទេស​កម្ពុជា​របស់​កំពូល​តារាភាពយន្ត​អ្នកស្រី​វី​រៈ តារា បន្ទាប់​ពី​អ្នក​នាង​អម្ពរ ទេវី ទើបតែ​ត្រឡប់​ទៅ​អា​មេ​រិ​ក​វិញ ក្រោយ​ពី​បញ្ចប់​បេស​កម្ម​ថត​ខ្សែភាពយន្ត​អស់​រយៈពេល​២​ខែ​មកនេះ​នៅ​ទឹកដី​កំណើត ។

វត្តមាន​របស់​អ្នកស្រី​វី​រៈ តារា នៅ​កម្ពុជា នា​ពេល​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ពោល គឺ​អ្នកស្រី​បាន​មក​ប្រទេស​កំណើត​ជា​ច្រើន​ដង​មក​ហើយ តែ​អ្នកស្រី​មិន​ដែល​ចេញ​មុខជា​សាធារណៈ ។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមព្រះ​សូ​រិ​យា​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា អ្នកស្រី​វី​រៈ តារា គ្រោង​មក​ប្រទេស​កម្ពុជា​រយៈពេល​មួយ​ខែ​ក្នុង​ដំណើរ​កម្សាន្ត និង​ចូលរួម​ក្នុង​កម្មវិធី ផ្សេង​ៗ​មួយ​​ចំនួន​ទៀត ។

កម្មវិធី​ដែល​អ្នកស្រី​វី​រៈ តារា នឹង​ចូលរួម​នោះ​គឺ​មិន​ទាន់​អាច​និយាយ​បាន​នៅឡើយ​ទេ ពោល​គឺ​ត្រូវ​រង់ចាំ​វត្តមាន​របស់​អ្នកស្រី​មក​ដល់​មាតុភូមិ​ដោយ​សុវត្ថិភាព​សិន ទើប​មានការ​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​វិធី​ណាមួយ ។

ក្រុមព្រះ​សូ​រិ​យា​បាន​អំពាវនាវ​ចំពោះ​អ្នក​ស្រឡាញ់ និង​គាំទ្រ​សិល្បៈ​ខ្មែរ សូម​ចូលរួម​ឱ្យ​បាន​ច្រើន​កុះករ​ជាមួយ​ក្រុមព្រះ​សុរិយា ដើម្បី​ទទួល​ការ​មក​ដល់​របស់​អ្នកស្រី​នៅ​អាកាសយានដ្ឋាន ។

អ្នកស្រី​វី​រៈ តារា គឺជា​តារា​មួយ​ដួង​ក្នុង​ចំណោម​តារា​ផ្សេង​ទៀត​ដែល​មាន​ភាព​ល្បីល្បាញ​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត ។ រូប​សម្រស់​ដ៏​ស្រស់​ផូរផង់​របស់​អ្នកស្រី​វី​រៈ តារា ក៏​ទទួល​បានការ​សរសើរ​ផង​ដែរ​ពី​មហាជន ។

ខ្សែភាពយន្ត​ដែល​ល្បីល្បាញ និង​ធ្វើ​ឱ្យ​គេ​ស្គាល់​អ្នកស្រី​វី​រៈ តារា ច្បាស់​មាន​ដូច​ជា​រឿង «​អន​អើយ​ស្រី​អន​» «​ប្ញ​ទ្ធិ​សែន​នាង​ក​ង្រី​» «​សព្វ​សិទ្ធិ​» និង​រឿង​ជា​ច្រើន​ទៀត​ក្រោម​ការ​ដឹក​នាំ​ដោយ​អតីត​ស្វាមី​របស់​អ្នកស្រី​គឺ​លោក​លី ប៊ុ​ន​យី​ម ។

អ្នកស្រី​វី​រៈ តារា បាន​រៀប​ការ​ជាមួយនឹង​ផលិតករ​ភាពយន្ត​ដ៏​ល្បីល្បាញ​គឺ​លោក​លី ប៊ុ​ន​យី​ម និង​មានកូន​ចំនួន​៥​នាក់ តែ​ពួក​គាត់​បាន​លែងលះ​គ្នា​ក្នុង​អំឡុង​ឆ្នាំ​១៩៨៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ