ខេត្តបន្ទាយមានជ័យ ៖ ជាងធ្វើផ្ទះចំនួន៨នាក់ខណៈដូយផ្ទះតៀមឈើ២ល្វែងជាប់គ្នា ដើម្បីតម្កល់លើសសរបេតុង ស្រាប់តែបាក់សង្កត់ស្លាប់២នាក់និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២ ខែមីនា នៅខាងលិចផ្លូវជាតិលេខ៥ ទល់មុខសាខាពន្ធដារខេត្តក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
លោកអនុសេនីយ៍ឯក ទិន សំបូរ នាយប៉ុស្តិ៍នគរបាលសង្កាត់ព្រះពន្លា បានឲ្យដឹងថា ជាងផ្ទះ២នាក់ដែលស្លាប់នេះ ម្នាក់ឈ្មោះ ខ្លូត សារួន ភេទប្រុស អាយុ៥៩ឆ្នាំ ជាមេជាង រស់នៅភូមិស្វាយដង្គត់ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ និងម្នាក់ទៀតឈ្មោះ ធុច ពិសិដ្ឋ ភេទប្រុស អាយុ៤០ឆ្នាំ ជាមេជាងដូចគ្នា រស់នៅភូមិអង្គាបុស្ប សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ។ ចំណែកអ្នករបួសធ្ងន់ឈ្មោះ ឆាវ បួត ភេទប្រុស អាយុ២៩ឆ្នាំ ជាកូនជាង រស់នៅភូមិអង្គាបុស្ប សង្កាត់កោះពងសត្វ ។
បើតាមជាងផ្ទះផ្សេងទៀតនិយាយថា នារសៀលថ្ងៃនោះ មេជាងនិងកូនជាងចំនួន៨នាក់បាននាំគ្នាដូយផ្ទះឈើ២ល្វែងជាប់គ្នាជាផ្ទះតៀមផ្ទាល់ដីនៅខាងលិចផ្លូវជាតិលេខ៥ ក្នុងចម្ការស្វាយ ក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលមានម្ចាស់ឈ្មោះ ទី ភេទប្រុស មុខរបរលក់ម៉ូតូ នៅផ្លូវលេខ១ ។ ជាងផ្ទះដែលគេចរួចពីគ្រោះថ្នាក់នេះនិយាយទៀតថា ការដូយផ្ទះតៀមនេះគឺដើម្បីរៀបចំឥដ្ឋនៅខាងក្រោម ។ ពេលដូយដាក់កំណល់ ស្រាប់តែបាក់សង្កត់មកលើមេជាងដែលនៅខាងក្រោមបណ្តាលឱ្យស្លាប់២នាក់នៅនឹងកន្លែង និងបានគាស់យកអ្នករបួសធ្ងន់ម្នាក់ នាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី ៕
ចែករំលែកព័តមាននេះ