ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភេទ​កីឡា​ក្លាយជា​ទីផ្សារ​រក​លុយ​របស់​គ្រូបង្វឹក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​សព្វថ្ងៃ​គេ​កត់​សម្គាល់ថា កីឡា​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​មហា​ជន​ចំណាយ​លុយ​ហ្វឹកហាត់ បើ​ទោះជា​អ្នក​ចូលខ្លួន​ទៅ​ហ្វឹកហាត់​ទាំងនោះ​មិន​មាន​បំណង​ក្លាយ​ខ្លួន​ជា​កីឡាករ​អាជីព ឬ​គ្រាន់តែ​ចង់​ចេះ​ចង់​ដឹង​លើ​ប្រភេទ​កីឡា​ទាំងនោះ​ក្ដី។ កីឡា​ទាំងនោះ​បាន​ក្លាយជា​ទីផ្សារ​រក​លុយ​យ៉ាង​សកម្មភាព​របស់​អ្នកជំនាញ ជា​ពិសេស​របស់​កីឡាករ​ដែល​ចេះ​ស្ទាត់​ហើយ​បាន​វិ​វត្តខ្លួន​ក្លាយជា​គ្រូបង្វឹក​ឯករាជ្យ​ដោយ​មិន​ស្ថិត​ក្រោម​សម្ពាធ​អ្នក​ណាមួយ​នោះ​ផង ។ គ្រូបង្វឹក​កីឡា​ទាំងនោះ​បាន​ប្រើ​យុទ្ធសាស្ត្រ​រាង​ខ្លួន…

រាជធានី​ភ្នំពេញ ៖ មក​ទល់​សព្វថ្ងៃ​គេ​កត់​សម្គាល់ថា កីឡា​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​មហា​ជន​ចំណាយ​លុយ​ហ្វឹកហាត់ បើ​ទោះជា​អ្នក​ចូលខ្លួន​ទៅ​ហ្វឹកហាត់​ទាំងនោះ​មិន​មាន​បំណង​ក្លាយ​ខ្លួន​ជា​កីឡាករ​អាជីព ឬ​គ្រាន់តែ​ចង់​ចេះ​ចង់​ដឹង​លើ​ប្រភេទ​កីឡា​ទាំងនោះ​ក្ដី។

កីឡា​ទាំងនោះ​បាន​ក្លាយជា​ទីផ្សារ​រក​លុយ​យ៉ាង​សកម្មភាព​របស់​អ្នកជំនាញ ជា​ពិសេស​របស់​កីឡាករ​ដែល​ចេះ​ស្ទាត់​ហើយ​បាន​វិ​វត្តខ្លួន​ក្លាយជា​គ្រូបង្វឹក​ឯករាជ្យ​ដោយ​មិន​ស្ថិត​ក្រោម​សម្ពាធ​អ្នក​ណាមួយ​នោះ​ផង ។ គ្រូបង្វឹក​កីឡា​ទាំងនោះ​បាន​ប្រើ​យុទ្ធសាស្ត្រ​រាង​ខ្លួន ទាក់ទាញ​កូនសិស្ស​ឱ្យ​ចូល​ហ្វឹកហាត់​ច្រើន​ឡើង ដោយ​ខ្លះ​ទទួល​ការ​បង់ប្រាក់​ពី​សិស្ស​​ហើយ​ក៏​ទទួល​បានការ​ឧបត្ថម្ភ​ផ្ដាច់មុខ​ពី​ក្រុមហ៊ុន ឬ​សប្បុរសជន​មួយ​ចំនួន​នៅ​ពីក្រោយ​ខ្នង​ផង​ដែរ ទើប​ធ្វើ​ឱ្យ​ក្លិប​កីឡា​ទាំងនោះ​ក្លាយជា​អាជីវកម្ម​របស់​ម្ចាស់​ក្លិប​។

+ កីឡាបាល់ទាត់ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា​កីឡាបាល់ទាត់​នា​ពេល​ចុង​ក្រោយ​បាន​ក្លាយជា​កីឡា​ដែល​ពេញ​និយម​បំផុត ដែល​អាច​រក​ចំណូល​បាន​ច្រើន​ពី​អ្នក​ចង់​ហ្វឹក​ហាត់ និង​អ្នក​ចង់​ក្លាយជា​កីឡាករ ។ បើ​ទោះជា​មិន​មានឈ្មោះ​ក្លាយជា​សមាជិក​ក្នុង​ក្លិប​បាល់ទាត់​ណាមួយ ក៏​អ្នក​ហាត់​ជាមួយ​កីឡា​នេះ​រមែង​ត្រូវការ​ចំណាយ​លុយ​ផ្ទាល់ខ្លួន​ផង​ដែរ ដើម្បី​ជួល​តារាង​ជុំ​គ្នា​ដើម្បី​ហ្វឹកហាត់ ហើយ​ក្រោយ​ពេល​បង្កើន​សមត្ថភាព​បាន​ល្អ ក៏​បង់លុយ​ចូល​ហាត់​នៅ​ក្នុង​ក្លិប​ណាមួយ ដើម្បី​បាន​ក្លាយជា​កីឡាករ​អាជីព ។

ក្លិប​បាល់ទាត់​ច្រើន​ឡើង​ដែល​សុទ្ធតែ​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​វិស័យ​បាល់ទាត់ សុទ្ធតែ​បាន​ប្រកាស​ទទួល​កូនសិស្ស​តាំងពី​អាយុ​១០​ឆ្នាំ​រហូត​១៨​ឆ្នាំ ដើម្បី​យក​មក​បង្វឹក​ដោយ​កីឡាករ​ភាគច្រើន​ត្រូវ​គេ​ឃើញ​ចុះ​ឈ្មោះ និង​ចូល​ហ្វឹកហាត់​ដោយ​ការ​យក​ចិត្ត​ទុកដាក់​នោះ​ផង បន្ថែម​ពីលើ​ការ​បង់លុយ​ជា​ប្រចាំខែ ឬ​ជា​វគ្គ ឬ​អាច​មិន​បង់​តែ​ម្ដង ប្រសិនបើ​ក្លិប​ពេញចិត្ត​សមត្ថភាព ។ កីឡាករ​ដែល​ត្រូវ​បាន​ជ្រើសរើស​ភាគច្រើន​ត្រូវ​បាន​គេ​កំណត់​លើ​កាយសម្បទា និង​សុខភាព ​ទើប​ទទួល​ជា​សិស្ស​ថ្មី ហើយ​កំណត់​ឱ្យ​បង់លុយ​ប្រចាំខែ និង​ចំណាយ​លុយ​ទិញ​សំលៀក​បំពាក់​ជា​ហូរហែ ដោយ​គេ​ឃើញ​អ្នកមាន​ជំនាញ​ច្រើន​ឡើង បាន​យកមុខ​របរ​បើក​ក្លិប​បាល់ទាត់​នេះ ធ្វើ​ជា​អាជីព ។ បើ​ទោះជា​ត្រូវ​ចំណាយ​លុយ​ជា​ប្រចាំ ប៉ុន្តែ​ក្លិប​បាល់ទាត់​នីមួយ​ៗនៅ​តែ​សំបូរ​កូនសិស្ស​ហ្វឹកហាត់​ប្រជ្រៀត​គ្នា​ព្រោះតែ​ការ​និយម​ចូល​ចិត្ត​របស់​យុវវ័យ និង​ក្មេង​ៗ​នោះ​ផង ។

មក​ទល់​សព្វថ្ងៃ មិន​មាន​ស្ថិតិ​បញ្ជាក់​ថា ក្លិប​បាល់ទាត់ និង​អ្នក​ចូល​ហ្វឹកហាត់​បាល់ទាត់​ទាំង​អាជីព និង​មិន​អាជីព​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ ដោយ​គ្រាន់តែ​គេ​មើលឃើញ​ថា​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ។ កីឡាករ​អាជីព​ច្រើន​នាក់​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​គ្រូបង្វឹក និង​ទទួល​បាន​ប្រាក់​ចំណូល​ដោយសារ​តែ​តួលេខ​អ្នក​ចង់​ហ្វឹកហាត់​កើនឡើង​ច្រើន​។

+ តេ​ក្វា​ន់​ដូ ៖ កីឡា​មួយ​នេះ​ក៏​មានការ​ពេញ​និយម​ពី​សំណាក់​ក្មេង​ៗ និង​យុវវ័យ​ច្រើន​ឡើង​ផង​ដែរ​ចូល​ចិត្ត​ហ្វឹកហាត់ ។ មិន​ថា​ប្រុស​ឬ​ស្រី ដែល​ចូល​ចិត្ត​ហ្វឹកហាត់​កីឡា​នេះ ភាគច្រើន​មិន​មាន​បំណង​ចង់​ក្លាយជា​កីឡាករ​អាជីព​នោះ​ទេ ដោយសារ​តែ​អ្នក​ហ្វឹក​ហាត់​ច្រើន​នាក់​ត្រូវ​បាន​គ្រូបង្វឹក​បញ្ជាក់​ថា មក​បង់លុយ​ហ្វឹកហាត់ ដោយសារ​តែ​ចង់​ចេះ​ក្បាច់គុន និង​ចង់ឱ្យ​មាន​សុខភាព​ល្អ ។

អ៊ីចឹង​ហើយ​ទើប​អ្នកមាន​ជំនាញ​មួយ​នេះ បើក​ជាទី​តាំង​បង្ហាត់​សិស្ស​ដើម្បី​រក​ចំណូល​ដាក់​ហោប៉ៅ​តែ​ម្ដង ព្រោះតែ​ការ​ពេញ​និយម​ពី​សំណាក់​អ្នក​ចូល​ចិត្ត​ចង់​ចេះ​ក្បាច់គុន​មួយ​នេះ ។ ក្នុង​មួយ​ខែ​ៗ​គ្រូបង្វឹក​លើ​កីឡា​ប្រភេទ​នេះ អាច​រក​ចំណូល​បាន​ខ្ពស់ ខណៈ​ដែល​ការ​បង្វឹក​តេ​ក្វា​ន់​ដូ ក៏​ត្រូវ​គេ​ឃើញ​ហ្វឹកហាត់​នៅ​លើ​សួន និង​នៅ​ទី​សាធារណៈ​ណា​ក៏​បាន ដោយ​មិន​ភ័យ​រឿង​ជួល​ទីតាំង​អស់​លុយ ក៏​មិន​ខ្វះ​សិស្ស​ហាត់​ដែរ​។

+ កា​រ៉ា​តេ​ដូ ៖ មិន​ខុស​គ្នា​ដែរ​ក្លិប​ប្រមាណ​ជាង​៣០​នៅ​ក្ន​ុង​ប្រទេស​កម្ពុជា​គឺ​បាន​ដំណើរ​ការ​យ៉ាង​រលូន ដោយសារ​តែ​ក្មេង​ៗ និង​យុវវ័យ​ភាគច្រើន​ចូល​ចិត្ត​ហ្វឹកហាត់​កីឡា​មួយ​នេះ​ដើម្បី​សុខភាព និង​ដើម្បី​បាន​ចេះ​ស្នៀត​ខ្លះ​គ្រាន់​ការពារ​ខ្លួន ។ អ្នក​បង្វឹក​កីឡា​ប្រភេទ​នេះ មិន​សំដៅ​ចង់​ក្លាយជា​កីឡាករ​អាជីព​ទេ ប៉ុន្តែ​អ្នក​ដែល​បាន​ចំណាយពេល​ហ្វឹកហាត់​ជាប់លាប់​យូរ​ឆ្នាំ និង​មាន​សមត្ថភាព ក៏​ត្រូវ​បាន​គ្រូបង្វឹក​លើកទឹកចិត្ត​ឱ្យ​ចូល​ប្រកួត​ដណ្ដើម​​មេដាយ និង​វិ​វត្ត​ខ្លួន​ក្លាយជា​កីឡាករ​អាជីព​ផង​ដែរ ។

ក្នុង​មួយ​ខែ​ចំណាយ​បង់​ការ​ហាត់រៀន​មិន​ក្រោម​១៥​ដុល្លារ ដោយ​មិន​រាប់​បញ្ចូល​ការ​ចំណាយ​លើ​សម្ភារ និង​ការ​ហូប​ចុក តែ​ក្លិប​កា​រ៉ា​តេ​ដូ​ភាគច្រើន​នៅ​តែ​សំបូរ​អ្នក​ហាត់​ដោយ​ក្នុង​មួយ​ក្លិប​មានកូន​សិស្ស​​មិន​ក្រោម​ពី​៣០​ទៅ​៥០​នាក់​នោះ​ទេ ទើប​ធ្វើ​ឱ្យ​អ្នកចេះ​កីឡា​នេះ​រក​ចំណូល​បាន​យ៉ាង​ស្រួល ដោយសារ​តែ​ការ​បើក​ក្លិប និងទទួល​បង្វឹក​សិស្ស​តាម​សាលា ឬ​ដល់​ផ្ទះ​។

យ៉ាងណា​មិ​ញ​បើ​ធៀប​នឹង​សន្ទុះ​គាំទ្រ​របស់​កីឡា​តេ​ក្វា​ន់ដូ គឺ​អ្នក​ចង់​ហ្វឹកហាត់​កីឡា​មួយ​​នេះ​ហាក់​មាន​កម្រិត​តិច​ជាង ដែល​អាច​គេ​ជឿជាក់​លើ​ភាព​ល្បីឈ្មោះ​របស់​កីឡា​តេ​ក្វា​ន់​ដូ​ច្រើន​ជាង ជា​ពិសេស​បន្ទាប់​ពី​កីឡាការិនី​ស៊ន សៀវ​ម៉ី ដណ្ដើម​បាន​មេដាយមាស​ពី​អន្តរជាតិ ហើយ​ធ្វើ​ឱ្យ​មានការ​ទទួលស្គាល់​ពី​ភាព​ល្បីល្បាញ​របស់​កីឡា​មួយ​នេះ​។

+ ហែល​ទឹក ៖ ដោយសារ​តែ​នៅ​ប្រទេស​កម្ពុជា​មិនសូវ​មាន​អាង​ហែល​ទឹក​អំណោយ​ផល ទើប​មិនសូវ​មាន​ក្លិប​ហែល​ទឹក​ច្រើន​ទេ ប៉ុន្តែ​នៅ​ក្នុង​សហព័ន្ធ​កីឡាហែលទឹក និង​ទីតាំង​ដែល​មាន​អាង​ហែល​ទឹក​សម​ស្រប គឺ​សុទ្ធតែ​មាន​បើក​បង្រៀន​ហែល​ទឹក​បើ​ទោះ​ជា​ការ​ទទួល​បង្រៀន​នោះ មិន​មានការ​ទទួលស្គាល់​នៅ​ក្នុង​សហព័ន្ធ​ក្តី ។

ជាក់ស្ដែង កីឡា​ការិនី ហែម​ថុ​ន វិ​ទិ​នី អាច​រក​ចំណូល​បាន​មិន​តិច​នោះ​ទេ ពី​ការ​ទទួល​សិស្ស​តាម​ម៉ោង​ដែល​កញ្ញា​បង្វឹក ខណៈ​ដែល​អ្នកជំនាញ​ហែល​ទឹក​ផ្សេង​ទៀត ក៏​ទទួល​បង្វឹក​សិស្ស​តាម​ម៉ោង និង​ហ្សូ​ន​របស់​ខ្លួន​រៀង​ៗ​ខ្លួន​ផង​ដែរ ដើម្បី​រក​ចំណូល​ជា​ប្រចាំ ។ មានការ​បញ្ជាក់​ថា នៅ​ក្នុង​អាង​ហែល​ទឹក​ស្ដា​ត​អូ​ឡាំ​ពិ​កមួយ មាន​អ្នក​ទទួល​បង្វឹក​សិស្ស​ឱ្យ​ហែល​ទឹក​ច្រើន​នាក់ ដោយ​គ្រូបង្វឹក​ទាំងនោះ​បាន​ទាំង​ប្រកួតប្រជែង​គ្នា​បញ្ចេញ​ស្នា​ដៃ និង​រក​ទីផ្សារ​ដែល​ជា​សិស្ស​ឱ្យ​បាន​ច្រើន ងាយ​នឹង​ទទួល​បាន​ចំណូល​ខ្ពស់​នោះ​ផង។ ប៉ុន្តែ​គេ​កត់​សម្គាល់ថា អ្នក​ចំណាយ​លុយ​ទៅ​ហាត់​ហែល​ទឹក​ភាគច្រើន មិន​ចង់​ក្លាយ​ជា​កីឡាករ​នោះ​ទេ គឺ​គ្រាន់តែ​ចង់​មាន​ជំនាញ​ហែល​ទឹក​ឱ្យ​បាន​ល្អ​ប៉ុណ្ណោះ​។

+ ល្បុក្កតោ ៖ មក​ដល់​ពេល​នេះ កីឡាករ​ល្បុក្កតោ​ស្ងប់ស្ងាត់​ជាង​មុន​បន្តិច​ហើយ ប៉ុន្តែ​គេ​នៅ​តែ​ឃើញ​កីឡា​ប្រភេទ​នេះ​រក​លុយ​បាន​ដដែល សម្រាប់​ក្លិប​ណា ឬ​គ្រូបង្វឹក​ណា​ដែល​មាន​ស្នាដៃ ។ មានការ​បញ្ជាក់​ថា អ្នក​ចង់​ហ្វឹកហាត់​កីឡា​មួយ​នេះ​ច្រើន​ចូល​តាម​ខ្សែ​បណ្ដាញ និង​ហ្វឹកហាត់​មិនសូវ​បាន​យូរ​នោះ​ទេ ដោយសារ​តែ​មាន​ក្បាច់​ច្រើន​ពិបាក​ចាំ និង​មាន​គ្រោះថ្នាក់​ខ្លះ​ដែរ​នៅ​ពេល​វាយតប់​គ្នា​ឱ្យ​ពេញ​លក្ខណៈ​មែនទែន ។ ប៉ុន្តែ​អ្នក​ដែល​តស៊ូ​បាន​ក៏​បាន​ក្លាយជា​កីឡាករ​កីឡាការិនី​អាជីព​គួរ​ឱ្យ​សរសើរ​ផង​ដែរ ។

យ៉ាងណាមិញ គេ​ឃើញ​កីឡា​នេះ​ទាក់ទាញ​ក្រុម​ផលិតករ​ភាពយន្ត​បាន​ច្រើន ដោយ​សារ​តែ​គេ​ចង់​បណ្ដុះ​តួ​ឱ្យ​ក្លាយជា​អ្នក​ក្បាច់គុន​ងាយស្រួល​ថត​រឿង​។

+ យុទ្ធ​ក្រម​ខម ៖ កាលពី​មួយ​រយៈ​មុន​កីឡា​មួយ​នេះ​ត្រូវ​គេ​ចាប់អារម្មណ៍​ហ្វឹកហាត់​គគ្រឹកគគ្រេង​ខ្លាំង​ណាស់​នៅ​តាម​បរិវេណ​វិទ្យាល័យ និង​សាលារៀន​ឯកជន ។ ប៉ុន្តែ​ក្នុង​រយៈពេល​ចុង​ក្រោយ អ្នក​បន្ត​ហ្វឹកហាត់​ច្រើន​តែ​នៅ​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​អាច​មក​ពី​ក្បាច់​សង្គ្រាម​របស់​កីឡា​នេះ​ពិបាក​ហាត់​ផង និង​ដោយសារ​តែ​យុវវ័យ​មិនសូវ​ជា​ច្រើន​ស្គាល់​ថា​យុទ្ធ​ក្រម​ខម​ជា​អ្វី ។

ប៉ុន្តែ​នៅ​តាម​បណ្ដា​ក្លិប​មួយ​ចំនួន នៅ​តែ​មាន​សិស្ស​ហាត់​ច្រើន ហើយ​ជួយ​ឱ្យ​គ្រូបង្វឹក​រក​ចំណូល​បាន​គួរសម​ដដែល បើ​ទោះជា​ខ្វះ​ការ​បំផុស ហើយ​ធ្លាក់​ការ​ចាប់អារម្មណ៍​ជាង​មុន​ក្ដី​។

+ កីឡាប្រដាល់ ៖ អ្នកជំនាញ​កីឡា​នេះ​គឺ​រឹតតែ​យក​ការ​បង្វឹក​សិស្ស​ធ្វើ​ជា​អាជីព​ច្រើន​ឡើង បើ​ទោះជា​អ្នក​ចូល​ហាត់​ភាគច្រើន​មិន​តម្រូវ​បង់លុយ​ជា​ប្រចាំ​ដូច​កីឡា​ខាងលើ ។

គ្រូបង្វឹក ឬ​ម្ចាស់​ក្លិប​ច្រើន​បើក​ក្លិប​នេះ​ដើម្បី​ទាក់ទាញ​ការ​ជ្រោមជ្រែង និង​ទទួល​បាន​ផល​​កម្រៃ​មក​វិញ​ពី​ការ​ដាក់​សិស្ស​ឱ្យ​ឡើង​រេញ ដោយ​កាត់​ពី​សិស្ស​ផង និង​ទទួល​បាន​ពី​ប៉ុស្ដិ៍​ផង ទើប​ធ្វើ​ឱ្យ​កីឡាករ​ដែល​មាន​សមត្ថភាព​ធ្វើ​គ្រូបង្វឹក និង​មាន​សមត្ថភាព​បើក​ក្លិប​រក​ចំណូល​បាន​ច្រើន​ពី​ការ​បង្វឹក​សិស្ស ។ មក​ទល់​សព្វថ្ងៃ កីឡា​នេះ មាន​ក្លិប​កាន់តែ​ច្រើន ហើយ​សកម្មភាព​ក៏​មាន​ច្រើន​ដែរ បើ​ទោះជា​ពិបាក​រឿង​ស្វែងរក​សិស្ស​មក​បង្វឹក​ក្ដី។

+ ប្រណាំង​ម៉ូតូ ៖ កីឡា​នេះ​ក៏​រក​ចំណូល​បាន​ច្រើន​ផង​ដែរ រាប់​ទាំង​ម្ចាស់​ទីលាន និង​គ្រូបង្វឹក តែ​កីឡា​មួយ​នេះ អ្នក​អាច​រក​ចំណូល​បាន​គឺ​បាន​តែ​ក្លិប​ដែល​មានការ​ទទួល​ស្គាល់​រួច​មក​ហើយ ដោយ​មិន​អាច​ចង់​បើក​ក្លិប​ហើយ​ក៏​មាន​អ្នក​ទៅ​បង្វឹក​នោះ​ទេ ។ ប៉ុន្តែ​សម្រាប់​ក្លិប​ដែល​មាន​សិស្ស និង​មាន​ម៉ូតូ​ជួល​ឱ្យ​ហ្វឹកហាត់ គឺ​សំបូរ​សិស្ស​ហាត់​រក​ចំណូល​​បាន​ខ្ពស់​មិនធម្មតា​ផង​ដែរ​។

បន្ថែម​ពីលើ​កីឡា​ទាំង​៨​ប្រភេទ​ខាងលើ កីឡា​ប្រភេទ​ផ្សេង​ក៏​ត្រូវ​គេ​កត់​សម្គាល់ថា​មាន
ការ​​ហ្វឹកហាត់​ច្រើន​ឡើង​ផង​ដែរ ដោយ​គ្រាន់តែ​មាន​ចំនួន​សិស្ស​ចុះ​ឈ្មោះ​ហ្វឹកហាត់​មិន​ច្រើន​ណាស់ណា បើ​ធៀប​នឹង​កីឡា​ទាំង​៨​ដែល​គេ​កត់​សម្គាល់ថា មានកូន​សិស្ស​ថ្មី​ៗ​ជា​ប់​រហូត ហើយ​ភាគច្រើន​គឺ​ពួក​គេ​ចង់​ហាត់​ដោយ​សុខចិត្ត​ចំណាយ​លុយ និង​ការ​តាំង​ចិត្ត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ