ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មេដាយមាស​អា​ស៊ី ​ហេង ស៊ីវ​ឡា​ង ប្រកាស​លាឈប់​ពី​ក្រុម​ជម្រើសជាតិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហេង ស៊ី​វ​ឡា​ង កីឡាការិនី​ប្រណាំង​កង់​ដ៏​ឆ្នើម​របស់​កម្ពុជា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ក្នុង​ឱកាស​ចូលរួម​ពិធីបុណ្យ​ទន្លេ​ឯ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្ដាល កាលពី​ថ្ងៃ​ទី​១១ មីនា កន្លង​មកនេះ​ថា…

រាជធានី​ភ្នំពេញ ៖ ហេង ស៊ី​វ​ឡា​ង កីឡាការិនី​ប្រណាំង​កង់​ដ៏​ឆ្នើម​របស់​កម្ពុជា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ក្នុង​ឱកាស​ចូលរួម​ពិធីបុណ្យ​ទន្លេ​ឯ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្ដាល កាលពី​ថ្ងៃ​ទី​១១ មីនា កន្លង​មកនេះ​ថា នាង​នឹង​ប្រកាស​លាឈប់​ពី​ក្រុម​ជម្រើសជា​តិ​ហើយ ។ ការ​ប្រកាស​លាឈប់នេះ​មិនមែន​មាន​ន័យ​ថា​នាង​ចាក​ចេញពី​អាជីព​កីឡា​ប្រណាំង​កង់​ទាំងស្រុង​នោះ​ទេ គឺ​គ្រាន់តែ​ចង់​ទុក​ឱកាស​ឱ្យ​ក្មេង​ស្រករ​ក្រោយ​ជា​អ្នក​បន្តវេន ដោយ​នាង​ធ្វើ​ជា​គ្រូបង្ហាត់​វិញ​ម្ដង​។

ហេង ស៊ីវ​ឡា​ង ធ្លាប់​ដណ្ដើម​បាន​មេដាយមាស​និង​ប្រាក់​ជា​ច្រើន​គ្រឿង​ពី​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​កន្លង​មក ។ សព្វ​ថ្ងៃនេះ បទ​ពិសោធន៍​ជិះ​កង់​របស់​នាង​ពុំ​ទាន់​មាន​កីឡាការិនី​កម្ពុជា​រូប​ណា​មាន​សមត្ថភាព​បំបែក​ឯតទគ្គ​កម្ម​របស់​នាង​បាន​នៅ​ឡើយ​ទេ​។ទោះបី​នាង​ប្រកាស​លាឈប់​ពី​ក្រុម​ជម្រើសជាតិ​នា​ពេល​នេះ តែ​នាង​នៅ​តែ​បន្ត​ហ្វឹកហាត់​និង​បង្វឹក​ដល់​ក្មេង​ៗ​ស្រករ​ក្រោយ​សម្រាប់​បន្តវេន​នាង​។

ហេង ស៊ីវ​ឡា​ង ធ្លាប់​មាន​ស្នាដៃ​ធំ​ៗ​ជា​ច្រើន​ក្នុង​ការ​ដណ្ដើម​យក​មេដាយ​នៅ​លើ​ឆាក​អន្តរជាតិ ដូច​ជា​នៅ​ក្នុង​ឆ្នាំ​២០១៧​ដណ្ដើម​បានមេដាយមាស​ពី​ការ​ប្រកួត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​កាលពីដើម​ឆ្នាំ​២០១៨​កន្លង​មក ដណ្ដើម​បាន​មេដាយមាស​ពី​ការ​ប្រកួត​កម្រិត​អាស៊ី​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​។

ចំពោះ​ការ​លាឈប់​ពី​ក្រុម​ជម្រើសជាតិ​របស់​កីឡាការិនី ហេង ស៊ីវ​ឡា​ង នា​ពេល​នេះ​ផ្ដល់​ផលប្រយោជន៍​ជា​ច្រើន​ដល់​កីឡាការិនី​ក្មេង​ៗ​ជំនាន់​ក្រោយ ដូច​ជា​ផ្ដល់​ឱកាស​ឱ្យ​ពួក​គេ​ជាប់​ជា​កីឡាការិនី​ជម្រើសជាតិ​ពេញ​សិទ្ធិ កាត់​បន្ថយ​ថវិកា​មួយ​ចំនួន​សម្រាប់​ទ្រទ្រង់​ដល់​ការ​ហ្វឹកហាត់​របស់​ពួក​គេ​ថែម​ទៀត ។ សព្វ​ថ្ងៃនេះ​បើ​ទោះជា​ពុំ​ទាន់​មាន​អ្នក​ណា​មាន​សមត្ថភាព​ស្មើ​នាង​មែន ប៉ុន្តែ​ទិស​ដៅ​របស់​នាង គឺ​ចង់​ស្វែងរក​ធនធាន​កីឡា​ការិនី​ក្មេង​ៗ​ជំនាន់​ក្រោយ​ឱ្យ​បាន​ច្រើន ជាពិសេស​ក្មេង​ៗ​នៅ​តាម​សាលារៀន និង​ក្មេង​ៗ​ដទៃ​ទៀត​ដែល​មាន​បំណង​ចង់​ចូលរួម​នៅ​ក្នុង​វិស័យ​កីឡា​ប្រណាំង​កង់់ ដើម្បី​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​ពិតប្រាកដ​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ពេល​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

ជាក់ស្ដែង​នៅ​ក្នុង​ឱកាស​ប្រកួត​ជិះ​កង់​អបអរ​ថ្ងៃ​បុណ្យ​ទន្លេ​លើក​ទី​៤ នៅ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្ដាល កាលពី​ថ្ងៃអាទិត្យ ទី​១១ មីនា កន្លង​មកនេះ ហេង ស៊ីវ​ឡា​ង​បាន​ត្រឹមតែ​ចូលរួម​ក្នុង​ឋានៈ​ជា​អ្នក​ផ្ដល់​បទ​ពិសោធន៍​ដល់​អ្នក​ជិះ​កង់​ជំនាន់​ក្រោយ​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ