ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្រេច​កំពត អាច​នឹង​មាន​ទីផ្សារ​ថ្មី​បន្ថែម​ទៀត​នៅ​ប្រទេស​ស្វ៊ី​ស

6 ឆ្នាំ មុន
  • កំពត

រាជធានី​ភ្នំពេញ ៖ សមាគម​ផលិតករ LA MAISON DU GRUYÈRE ដែល​មាន​កិត្តិនាម​ល្បីល្បាញ​ប្រកបដោយ​សក្តានុពល​ក្នុង​ការ​ផលិត​ឈី​ស (Cheese) កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​សន្យា​ពិចារណា…

រាជធានី​ភ្នំពេញ ៖ សមាគម​ផលិតករ LA MAISON DU GRUYÈRE ដែល​មាន​កិត្តិនាម​ល្បីល្បាញ​ប្រកបដោយ​សក្តានុពល​ក្នុង​ការ​ផលិត​ឈី​ស (Cheese) កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​សន្យា​ពិចារណា និង​ឆ្លៀតពេល​មក​ទស្សនា​ចម្ការ​ម្រេច​កំពត ដើម្បី​ឈ្វេងយល់​ពី​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និង​លក្ខណៈ​ពិសេស​របស់​ម្រេច​កំពត ។ ការ​សន្យា​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ប៉ាន សូរ​ស័ក្ដិ ជាមួយ​សមាគម​ផលិតករ LA MAISON DU GRUYÈRE, លោក M. Eric Thevenod ទីប្រឹក្សា​ផ្នែក​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នៃ​វិទ្យាស្ថាន​កម្មសិទ្ធិ​ប​ញ និង​លោក Georges Magnin តំណាង​ភោជនីយដ្ឋាន​នៃ​សហព័ន្ធ​ស្វ៊ី​ស ដើម្បី​ពង្រីក​ការ​ប្រើប្រាស់ និង​ស្វែងរក​ទីផ្សារ​នាំ​ចេញ​ម្រេច​កំពត ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែម​ទៀត ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួងពាណិជ្ជកម្ម ។

នេះ​ជា​សញ្ញា​វិជ្ជមាន​ក្នុង​ការ​បើក​ច្រក​ទីផ្សារ​ថ្មី​មួយទៀត​សម្រាប់​ម្រេច​កំពត ដែល​ជា​ផលិត​ផល​សម្គាល់​ភូមិសាស្ត្រ​ត្រូវ​បាន​ទទួលស្គាល់​ពី​អន្តរជាតិ និង​កំពុងធ្វើការ​នាំ​ចេញ​ទាំង​ក្នុង​តំបន់ និង​សកលលោក ។

យោង​តាម​ការ​ចេញផ្សាយ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ពិភាក្សា​ជាមួយ​អ្នក​ពាក់ព័ន្ធ​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​សមាគម​បែរមក​ប្រើប្រាស់ ម្រេច​កំពត ធ្វើ​ជា​ធាតុ​ផ្សំ​ក្នុង​ការ​ផលិត​ឈី​ស​ដែល​ទើប​រក​ឃើញ​រូបមន្ដ​ថ្មី ។ ជា​ការ​ឆ្លើយ​តប សមាគម​បាន​សន្យា​ពិចារណា និង​ឆ្លៀតពេល​មក​ទស្សនា​ចម្ការ​ម្រេច​កំពត ដើម្បី​ឈ្វេងយល់​ពី​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និង​លក្ខណៈ​ពិសេស​របស់​ម្រេច​កំពត​ផង​ដែរ ។

ប្រធាន​សមាគម​ម្រេច​កំពត លោក ងួ​ន ឡាយ បាន​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​១២ មីនា ថា វា​ជា​ឱកាសល្អ​ណាស់​សម្រាប់​សមាគម​ម្រេច​កំពត បើសិនជា​សមាគម​ខាង​ប្រទេស​ស្វ៊ី​ស​អញ្ជើញ​មក​ដល់​កន្លែង​ផ្ទាល់ ដើម្បី​ងាយស្រួល​សិក្សា​ពី​ប្រវត្តិ និង​ភូមិសាស្ត្រ​របស់​ម្រេច​កំពត ។

លោក​ថា ៖« សម្រាប់​ម្រេច​ខេត្តកំពត​យើង កន្លង​មក គឺ​មានការ​នាំ​ចេញ​តាម​រយៈ​ក្រុម​ហ៊ុន​មួយ​ទៅ​កាន់​ប្រទេស​ស្វ៊ី​សរួច​ហើយ តែ​បើសិនជា​សមាគម​របស់​ប្រទេស​ស្វ៊ី​សម​ក​ពិនិត្យ​ដល់​កន្លែង​បែប​នេះ​មែន ខាងយើង​ពិតជា​រីករាយ និង​ស្វាគមន៍​ជា​និច្ច ដើម្បី​ឲ្យ​សមាគម​នោះ​ដឹង​កាន់តែ​ច្បាស់​ពី​ម្រេច​កំពត ឈ្វេងយល់​ពី​ប្រវត្តិ និង​ភូមិសាស្ត្រ ងាយ​ស្រួល​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​របស់​គេ​បន្ថែម​ទៀត » ។

បើ​តាម​ប្រធាន​សមាគម​ម្រេច​កំពត កាលពី​ឆ្នាំ​២០១៧ ផលិតផល​ម្រេច​កំពត ផលិត​បាន​ចំនួន​១០២​តោន និង​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​ជា​ច្រើន​ប្រទេស ខណៈ​ឆ្នាំ​២០១៨​នេះ លោក​​មើលឃើញ​ថា​ទិន្នផល​ប្រហែលជា​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​បន្ដិច ដោយសារ​នៅ​តាម​កសិដ្ឋាន​នីមួយ​ៗ​ជួប​ហានិភ័យ​ច្រើន​ទាក់ទង​នឹង​អាកាសធាតុ ។

លោក​ងួ​ន ឡាយ បញ្ជាក់​ថា សម្រាប់​ឆ្នាំ​២០១៨​នេះ អាច​ថា​ផលិត​បាន​ត្រឹមតែ​៧០ ទៅ​៨០​តោន​ប៉ុណ្ណោះ ។ ចំណែក​តម្លៃ គឺ​នៅ​រក្សា​ដដែល ដោយ​ម្រេចខ្មៅ​ក្នុង​១​គីឡូក្រាម តម្លៃ​១៥​ដុល្លារ​, ក្រហម​២០​ដុល្លារ និង​ម្រេចស តម្លៃ​២៨​ដុល្លារ​ក្នុង​១​គីឡូក្រាម » ។

លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​ថា បើ​ម្រេច​កំពត​ត្រូវ​បាន​ជ្រើសរើស​ជា​ធាតុ​​ផ្សំ​ក្នុង​ការ​ផលិត​ឈី​ស​ប្រភេទ​ថ្មី​បន្ថែម​ទៀត​នោះ ទីផ្សារ​នាំ​ចេញ​ម្រេច​កំពត​នឹង​កាន់តែ​រីក​ធំ ដែល​នឹង​ចូលរួម​ចំណែក​លើក​ស្ទួយ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​កាន់តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៧ សមាគម​ម្រេច​កំពត បាន​នាំ​ចេញ​ផលិតផល​ម្រេច​ចំនួន​៦៨​តោន ហើយ​ទីផ្សារ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​បាន​ប្រហែល​៧០% រួម​មាន ទីផ្សារ​អឺរ៉ុប​, អា​មេ​រិ​ក​, កូរ៉េ​ខាងត្បូង​, តៃវ៉ាន់​, ហុងកុង និង​រុ​ស្ស៊ី ។ នៅ​ដើមឆ្នាំ​២០១៨​នេះ សមាគម​មិន​ទាន់​ចាប់ផ្ដើម​ប្រមូល​ទិន្នផល​នៅឡើយ​ទេ ប៉ុន្តែ​ទោះជា​យ៉ាងណា ក៏​មាន​ប្រទេស​ចិន ជប៉ុន និង​អូស្ត្រាលី កំពុង​ចាប់អារម្មណ៍ និង​កុម្ម​ង់​ជា​បណ្ដើរ​ៗ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ