ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាពគំនរសំរាមពេញប្រឡាយ…

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រលាយ​បង្ហូរទឹក​សម្អុយ​ដ៏​ធំ​មួយ​ខ្សែ លាតសន្ធឹង​ពី​ប្រព័ន្ធ​បង្ហូរទឹក​ស្ថានីយ៍​បឹង​សាឡា​ង រហូត​ដល់​ស្ថាន​នី​យ៍​ប៊ូ​ម​ទឹក​បឹង​ទំពុន បច្ចុប្បន្ន​ត្រូវ​បាន​គេ​ស​ង្គេ​ត​ឃើញ​អ្នកស្រុក​រស់នៅ​ជុំវិញ​សងខាង​មាត់​ប្រលាយ​បាន​បោះ​សំរាម​ចូល​នៅ​ក្នុង​ប្រលាយ​គរ​កកស្ទះ​ណែនណាន់តាន់តាប់ ហើយ​គ្មាន​មន្ត្រី​ជំនាញ​ណា​ចុះ​ស្តារ ឬ​ក៏​ប្រមូល​សំរាម​ទាំងនោះ​ចោល​បាន​ទៀងទាត់​ឡើយ ។ ជាក់ស្តែង​ដូច​ជា​នៅ​ចំណុច​ស្ពាន​ទី​៣…

រាជធានី​ភ្នំពេញ ៖ ប្រលាយ​បង្ហូរទឹក​សម្អុយ​ដ៏​ធំ​មួយ​ខ្សែ លាតសន្ធឹង​ពី​ប្រព័ន្ធ​បង្ហូរទឹក​ស្ថានីយ៍​បឹង​សាឡា​ង រហូត​ដល់​ស្ថាន​នី​យ៍​ប៊ូ​ម​ទឹក​បឹង​ទំពុន បច្ចុប្បន្ន​ត្រូវ​បាន​គេ​ស​ង្គេ​ត​ឃើញ​អ្នកស្រុក​រស់នៅ​ជុំវិញ​សងខាង​មាត់​ប្រលាយ​បាន​បោះ​សំរាម​ចូល​នៅ​ក្នុង​ប្រលាយ​គរ​កកស្ទះ​ណែនណាន់តាន់តាប់ ហើយ​គ្មាន​មន្ត្រី​ជំនាញ​ណា​ចុះ​ស្តារ ឬ​ក៏​ប្រមូល​សំរាម​ទាំងនោះ​ចោល​បាន​ទៀងទាត់​ឡើយ ។

ជាក់ស្តែង​ដូច​ជា​នៅ​ចំណុច​ស្ពាន​ទី​៣ ស្ថិត​ក្នុងភូមិ​សន្សំ​កុសល​ទី​៥ សង្កាត់​បឹង​ទំពុន​១ ព្រុំប្រទល់​ជាមួយ​សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ប្រលាយ​ទាំងមូល​កំពុង​ក្លាយទៅជា​គំនរ​សំរាម​គរ​ដូច​កន្លែង​សម្រាប់​ចោល​សំរាម ដែល​ក្រឡេក​មើលទៅ​លែង​មើលឃើញ​ផ្ទៃ​ទឹក ក៏​ដូច​ជា​ផ្ទៃ​ប្រលាយ​ទាំងមូល​ទៅ​ហើយ ។ ដែល​បញ្ហា​នេះ គឺជា​កត្តា​ប្រឈម​ធ្ងន់ធ្ងរ​ដល់​ចរន្ត​ប្រព័ន្ធ​បង្ហូរទឹក​សម្អុយ​មិន​អាច​ហូរ​បាន ពិសេស​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​អនាម័យ បង្ក​ជា​ភាព​គ្មាន​សោភ័ណ​ភាពល្អ​សម្រាប់​ទីក្រុង​ភ្នំពេញ ។

លោកស្រី ខឹ​ម វ​ណ្ណី នាយករង​រដ្ឋបាល​សាល​ខណ្ឌ ទទួល​បន្ទុក​បរិស្ថាន ឲ្យ​ដឹង​ថា ការ​ស្តារ​ប្រលាយ​លូ គឺជា​តួនាទី​របស់​មន្ទីរ​សាធារណៈការ​រាជធានី​ភ្នំពេញ មិនមែន​ថ្នាក់​ខណ្ឌ ឬ​សង្កាត់​ឡើយ ។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​លោកស្រី​សោកស្តាយ​ដែល​បងប្អូន​ពលរដ្ឋ​យើង​តែង​នាំ​គ្នា​យក​សំរាម​ទៅ​ចោល​ក្នុង​ប្រ​លូ​យ​លូ​បង្ហូរទឹក​នោះ​ជា​បន្តបន្ទាប់​រហូត បើ​ទោះបីជា​អាជ្ញាធរ​ព្យ​យាម​ពន្យល់​ណែនាំ ។ ជាមួយ​គ្នា​នេះ​ដែរ អាជ្ញាធរ​ក៏​មានការ​សំណូមពរ​ទៅ​ដល់​អ្នក​រស់នៅ​ប្រប​សងខាង​មាត់​ប្រលាយ​លូ​បង្ហូរទឹក គួរតែ​នាំ​គ្នា​វេច​ខ្ចប់​សំរាម​គរ​ទុក​ដើម្បី​ក្រុមហ៊ុន​ប្រមូល​សំរាម​យក​ទៅ​ចោល​ទៅ​តាម​ជើង​ប្រមូលរបស់​រថយន្ត​ប្រមូល​សំរាម​ឲ្យ​បាន​ទៀងទាត់ ចៀសវាង​ការ​បោះចោល​លើ​ផ្ទៃ​ប្រលាយ​ធ្វើ​ឲ្យ​កកស្ទះ​ទឹក​សម្អុយ​ដែល​ហូរ​ចេញពី​លំនៅ​ឋាន​របស់​បងប្អូន បង្ក​ឲ្យ​មានការ​ជន់​លិច​ជា​អន្លើ​ៗ​នៅ​តំបន់​ជាយក្រុង ពិសេស​ភូមិសាស្ត្រ​តំបន់​សង្កាត់​បឹង​ទំពុន និង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​ខាងលើ​ផង​ដែរ ។

សូម​បញ្ជាក់​ថា កាលពី​ពេល​កន្លង​ទៅ គេ​ក៏​ធ្លាប់​សង្កេត​ឃើញ​មាន​ក្រុម​មន្ត្រី​ជំនាញ​ចុះ​ស្ដារ​សំរាម​ចេញពី​តំបន់​ខាងលើ​ដែរ ប៉ុន្តែ​ស្ដារ​មិន​បាន​ស្រួលបួល​ប៉ុន្មាន​ផង ទីតាំង​ផ្ទៃ​ប្រលាយ​ទាំង​ក៏​ប្រែក្លាយ​មក​ជា​គំនរ​សំរាម​ដូច​ដើម​វិញ​ទៅ​ហើយ​ដែរ ជាក់ស្ដែង​ដូចដែល​រូបភាព​បាន​បង្ហាញ​ជូន ។ ជុំវិញ​បាតុភាព​ខាងលើ​នេះ មជ្ឈដ្ឋាន​ទូទៅ​ក៏​សុំ​សំណូមពរ​ដល់​សាលា​រាជធានី​ភ្នំពេញ ពិសេស​មន្ទីរ​សារ​ធា​រណៈការ​រាជធានី​ភ្នំពេញ មេត្តា​ចុះ​មក​ពិនិត្យ និង​ស្តារ​សម្រាម​ដ៏​ស្អុយរលួយ​ខួបប្រាំងខួបវស្សា​នេះ ចេញពី​ប្រលាយ​ខាងលើ​ឲ្យ​បាន​ស្អាត​ល្អ​ផង ដើម្បី​ប្រព័ន្ធ​ចរន្ត​បង្ហូរទឹក​អាច​ហូរ​កាត់​បាន​ស្រួល​ពេល​មាន​ភ្លៀង​ធ្លាក់ ឬ​ជន់​លិច​ម្តង​ៗ ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​ដើម្បី​ធានា​រក្សា​បាន​នូវ​បញ្ហា​អនាម័យ​ល្អ សម្រាប់​ទីក្រុង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ