ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ័រ​ទ្រូង ៖ វែកញែក​ស្ថានភាព​សង្គ្រោះ​បន្ទាន់ និង​ស្ថានភាព​ធម្មតា

6 ឆ្នាំ មុន

ការ​ញ័រ​ទ្រូង គឺជា​អារម្មណ៍​នៃ​ការ​លោត​ញាប់​ញ័រ និង​ដើរ​លឿន​របស់​ចង្វាក់បេះដូង ។ ការ​ញ័រ​ទ្រូង​អាច​ត្រូវ​បាន​បណ្តាល​មក​ពី​ភាព​តានតឹង​អារម្មណ៍ (stress), លំ​ហាត់ប្រាណ​, ថ្នាំ ឬ​លក្ខខណ្ឌ​នៃ​ជំងឺ​មួយ​ចំនួន ។…

ការ​ញ័រ​ទ្រូង គឺជា​អារម្មណ៍​នៃ​ការ​លោត​ញាប់​ញ័រ និង​ដើរ​លឿន​របស់​ចង្វាក់បេះដូង ។ ការ​ញ័រ​ទ្រូង​អាច​ត្រូវ​បាន​បណ្តាល​មក​ពី​ភាព​តានតឹង​អារម្មណ៍ (stress), លំ​ហាត់ប្រាណ​, ថ្នាំ ឬ​លក្ខខណ្ឌ​នៃ​ជំងឺ​មួយ​ចំនួន ។

ទោះបីជា​ការ​ញ័រ​ទ្រូង​អាច​នាំ​ឲ្យ​មាន​ជា​ទុក្ខ​ព្រួយ​ក៏​ដោយ​, ជា​ធម្មតា​ពួក​វា​មិន​មានការ​ខូច​ខាត​អ្វី​ទេ ពីព្រោះ​បេះដូង​របស់​អ្នក​នៅ​តែ​បញ្ជូន​ឈាម​ចេញ​យ៉ាង​មាន​ប្រសិទ្ធភាព ។ ក្នុង​ករណី​កម្រ​, ការ​ញ័រ​ទ្រូង​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​បេះដូង​ធ្ងន់​មួយ​ចំនួន ដូច​ជា ការ​មាន​ចង្វាក់បេះដូង​មិន​ប្រក្រតី ដែល​អាច​តម្រូវ​ឲ្យ​មានការ​ព្យាបាល ។

ញ័រ​ទ្រូង​មាន​លេច​ជា​រោគ​សញ្ញា​បែប​ណា?
រោគ​សញ្ញា​នៃ​ការ​ញ័រ​ទ្រូង​អាច​មាន​អារម្មណ៍​ដូច​ជា​៖
-​ចង្វាក់បេះដូង លោត​បាត់​ៗ
-​ចង្វាក់បេះដូង​លោត​ញាប់
-​ចង្វាក់បេះដូង​លោត​លឿន​ខ្លាំង​ពេក
-​បេះដូង​ប្រឹង​ច្របាច់​ខ្លាំង​ពេក

អ្នក​អាច​មាន​អារម្មណ៍​ថា​ញ័រ​នោះ​នៅ​បំពង់ក ឬ ក ព្រមទាំង​នៅ​ក្នុង​ទ្រូង ។ ការ​ញ័រ​ទ្រូង​អាច​កើតឡើង​មិន​ថា​អ្នកមាន​សកម្មភាព ឬ​សម្រាក និង​មិន​ថា​អ្នក​ឈរ​, អង្គុយ ឬ​គេង​ស្ងៀម​នោះ​ទេ ។

នៅ​ពេល​ណា​ដែល​អ្នក​ទៅ​ជួបនឹង​គ្រូពេទ្យ
ការ​ញ័រ​ទ្រូង​ដែល​មិនសូវ​កើតជា​ញឹកញាប់ និង​មាន​រយ​:​ពេល​តែ​ពីរ ឬ​បី​វិនាទី​, ជា​ធម្មតា​មិន​តម្រូវ​ឲ្យ​មានការ​ពិនិត្យ​អ្វី​នោះ​ទេ ។ ប្រសិនបើ​អ្នក​ធ្លាប់​មាន​ប្រវត្តិ​នៃ​ជំងឺ​បេះដូង ឬ​ញ័រ​ទ្រូង​ជា​ញឹកញាប់​, សូម​ជួប​ជាមួយ​គ្រូពេទ្យ ។ គាត់​អាច​ស្នើ​សុំ​ការ​ធ្វើតេស្ត​នៃ​ការ​វាស់​ចង្វាក់បេះដូង​ដើម្បី​មើល​ថា តើ​ការ​ញ័រ​ទ្រូង​របស់​អ្នក​ត្រូវ​បាន​បណ្តាល​ដោយ​បញ្ហា​បេះដូង​ធ្ងន់ ឬ​យ៉ាងណា ។ សូម​ស្វែងរក​ការ​សង្គ្រោះ​ជា​បន្ទាន់​ដោយ​ប្រុង​ប្រយ័ត្ន​

ប្រសិនបើ​ការ​ញ័រ​ទ្រូង​ត្រូវ​បាន​អម​ទៅ​ដោយ ៖
-​ឈឺទ្រូង
-​ខ្យល់គរ
-​ដកដង្ហើម ខ្លី​ៗ និង ញាប់​ៗ
-​វិលមុខ​ខ្លាំង

មូលហេតុ​នាំ​អោយ​ញ័រ​ទ្រូង
ជា រឿយ​ៗ, មូលហេតុ​នៃ​ការ​ញ័រ​ទ្រូង​មិន​អាច​ត្រូវ​បាន​គេ​រក​ឃើញ​នោះ​ទេ ។ មូលហេតុ​ជា​ទូទៅ​នៃ​ការ​ញ័រ​ទ្រូង​នោះ​រួម​មាន​៖

-​ការ​ឆ្លើយ​ត​ផ្នែក​អារម្មណ៍​ដូច​ជា ភាព​តានតឹង​អារម្មណ៍ ឬ​ការ​ថប់​បារម្ភ
-​លំ​ហាត់ប្រាណ​ដ៏​ខ្លាំងក្លា
-​ការ​ទទួលទាន​ជាតិ​កាហ្វេ
-​ទទួលទាន​ពពួក​នីកូទីន
-​គ្រុនក្តៅ

-​ការ​ផ្លាស់​ប្តូរ​នៃ​អរ​ម៉ូ​ន​ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​មក​រដូវ​, ការ​មាន​ផ្ទៃពោះ ឬ​ការ​អស់​រដូវ
-​លេបថ្នាំ​ផ្តាសាយ ឬ​ថ្នាំ​ក្អក​ដែល​ផ្សំ​ឡើង​ដោយ pseudoephedrine
-​ប្រើប្រាស់​ថ្នាំ​ហិត​ចំពោះ​អ្នកមាន​ជំងឺហឺត

ទោះជា​យ៉ាងណា​ក៏​ដោយ​, ការ​ញ័រ​ទ្រូង​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់​មួយ​ចំនួន​ដោយ​ចៃដន្យ​ដូច​ជា ការ​កើនឡើង​នៃ​អ៊័​រ​ម៉ូ​នទី​រ៉ូ​អ៊ី​ត ឬ​ការ​មាន​ចង្វាក់បេះដូង​មិន​ប្រក្រតី ។

ចង្វាក់បេះដូង​មិន​ប្រក្រតី​អាច​រួម​មាន​បេះដូង​លោត​ញាប់​ខ្លាំង ឬ​បេះដូង​លោត​យឺត​ពេក​ដែល​ជា​ករណី​មិនធម្មតា ឬ​ចង្វាក់បេះដូង​មិន​ស្មើគ្នា ។

កត្តា​ហានិភ័យ​អាច​នាំ​អោយ​ញ័រ​ទ្រូង
អ្នក​អាច​ញ័រ​ទ្រូង​ប្រសិនបើ​អ្នក ៖
-​មាន​ភាព​តានតឹង​អារម្មណ៍ ឬ​ស្ត្រេ​ស​ខ្លាំង
-​មានការ​ថប់​បារម្ភ ឬ​ចេះ​តែ​មានការ​ភ័យ​ខ្លាច​ជា​ទៀងទាត់
-​មាន​ផ្ទៃពោះ
-​លេបថ្នាំ​ណា​ដូច​ជា​ថ្នាំ​ផ្តាសាយ ឬ​ថ្នាំ​សម្រាប់​អ្នក​ជំងឺហឺត
-​មានការ​កើនឡើង​នៃ​អ៊័​រ​ម៉ូ​នទី​រ៉ូ​អ៊ី​ត
-​មាន​ជំងឺ​បេះដូង​ផ្សេង​ទៀត​ដូច​ជា ការ​មាន​ចង្វាក់បេះដូង​មិន​ប្រក្រតី​,

ជំងឺខ្សោយបេះដូង ឬ​មាន​ជំងឺ​គាំងបេះដូង
ញ័រ​ទ្រូង​អាច​នាំ​ឲ្យ​មាន​ផលវិបាក​យ៉ាងណា?
ប្រសិនបើ​ការ​ញ័រ​ទ្រូង​មិនមែន​ជា​រោគ​សញ្ញា​នៃ​ជំងឺ​បេះដូង​, វា​អាច​ឲ្យ​មាននូវ​ផល​លំបាក​នូវ​ថ្ងៃក្រោយ​តិចតួច​ប៉ុណ្ណោះ ។

ប្រសិនបើ​ការ​ញ័រ​ទ្រូង​របស់​អ្នកជា​សញ្ញា​នៃ​ជំងឺ​បេះដូង​, ផល​លំបាក​ដែល​អាច​ទៅ​រួច​រួម​មាន​៖

-​អស់កម្លាំង​៖ ប្រសិនបើ​បេះដូង​របស់​អ្នក​លោត​ញាប់​ពេក​, សម្ពាធ​ឈាម​របស់​អ្នក​អាច ធ្លាក់​ចុះ ដែល​បណ្តាល​ឲ្យ​អ្នក​អស់កម្លាំង ។ នេះ​អាច​មាន​ប្រសិនបើ​អ្នកមាន​បញ្ហា​បេះដូង​ដូច​ជា ជំងឺ​បេះដូង​ពី​កំណើត ឬ​ជំងឺ​លើ​ប្រឹះ​បេះដូង​មួយ​ចំនួន ។

-​ការ​ឈប់​លោត​របស់​បេះដូង (cardiac arrest) ជា​ករណី​កម្រ​, ការ​ញ័រ​ទ្រូង​អាច ត្រូវ​បាន​បណ្តាល​មក​ពី​ចង្វាក់បេះដូង​មិន​ប្រក្រតី​ដែល​គំរាមកំហែង​ដល់​ជីវិត និង​អាច​បណ្តាល​ឲ្យ​បេះដូង​របស់​អ្នក​ឈប់​លោត ភ្លាម​ៗ ។

-​ការ​ដាច់​សរសៃឈាម​ខួរក្បាល​៖​ ប្រសិនបើ​ការ​ញ័រ​ទ្រូង​ត្រូវ​បាន​បណ្តាល​មក​ពី​ការ​មាន​ចង្វាក់បេះដូង​មិន​ស្មើ​(atrial fibrillation)​ដែល​ជា​លក្ខ​ខ័​ណ្ឌ​មួយ​ដែល​ថត​ខាងលើ​នៃ​បេះដូង​ញ័រ​ហើយ​មិន​ច្របាច់​ដូច​ធម្មតា​, ឈាម​អាច​ប្រមូលផ្តុំ និង​បង្កើត​ឲ្យ​មាន​ជា​កំណក​ឈាម ។ ប្រសិនបើ​កំណក​ឈាម​នោះ​បែក​, វា​អាច​ធ្វើ​ដំនើរ និង​ទៅ​បិទ​លើ​សរសៃឈាម​អារ​ទែ​ដែល​ទៅ​ខួរក្បាល​, ដែល​នេះ​បណ្តាល​អោយ​មាន​ជា​ការ​ដាច់​សរសៃឈាម​ខួរក្បាល ។

-​ជំងឺខ្សោយបេះដូង​៖ ​នេះ​អាច​ជា​លទ្ធផល​មួយ​ប្រសិនបើ​បេះដូង​របស់​អ្នក​ច្របាច់​ដោយ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​រយ​:​ពេល​មួយ​យូរ​ដែល​បណ្តាល​មក​ពី​ការ​មាន​ចង្វាក់បេះដូង​មិន​ប្រក្រតី​ដែល​ជា​មូលហេតុ​អោយ​ជា​ការ​ញ័រ​ទ្រូង ដូច​ជា​ការ​មាន​ចង្វាក់បេះដូង​មិន​ស្មើគ្នា ។ ជួនកាល​, ការ​គ្រប់គ្រង​ចង្វាក់បេះដូង​អោយ​បាន​ល្អ​អាច​អោយ​មាន​ភាពល្អ​ប្រសើរ​​ឡើង​នូវ​មុខងារ​បេះដូង​របស់​អ្នក ។

គួរ​ត្រៀម​ណាត់ជួប​គ្រូពេទ្យ យ៉ាងដូចម្តេច?
ប្រសិនបើ​អ្នក​មានការ​ញ័រ​ទ្រូង​គួប​ផ្សំ​នឹង​មានការ​ដកដង្ហើម ខ្លី​ៗ និង​ញាប់​, ឈឺទ្រូង ឬ​ខ្យល់គរ​, អ្នក​គួរតែ​ស្វែងរក​នូវ​ការ​ព្យាបាល​បន្ទាន់​ដោយ​ប្រុង​ប្រយ័ត្ន ។ ប្រសិនបើ​ការ​ញ័រ​ទ្រូង​មាន​រយ​:​ពេល​តែ​មួយ​ភ្លែត និង​គ្មាន​រោគ​សញ្ញា​ដែល​គួរ​ឲ្យ​បារម្ភ​ទេ​នោះ​, សូម​ណាត់​ជួបនឹង​គ្រូពេទ្យ ។ គ្រូពេទ្យ​អាច​ជួយ​អ្នក​ឲ្យ​រក​ឃើញ​ថា​តើ​ការ​ញ័រ​ទ្រូង​មិន​មានការ​ប៉ះ​ពាល់ ឬ​ជា​រោគ​សញ្ញា​នៃ​ជំងឺ​បេះដូង​ធ្ងន់​មួយ​ចំនួន ។

ដោយសារ​តែ​ការ​ជួប​គ្រូពេទ្យ​មាន​រយ​:​ពេល​ខ្លី​, វា​ជា​រឿង​ល្អ​ក្នុង​ការ​រៀបចំ​នូវ​សំនួរ​ក្នុង​ការ​សួរ​ទៅ​គ្រូពេទ្យ ។ ទាំងនេះ​គឺជា​ព័ត៌មាន​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក​ត្រៀមខ្លួន​ជួប​គ្រូពេទ្យ។

តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ខ្លះ?
-​ក្នុង​ពេល​ដែល​អ្នកធ្វើការ​ណាត់ជួប​, សូម​ប្រាកដ​ក្នុង​ការ​សួរ​នូវ​អ្វី​ដែល​អ្នក​ចង់​ដឹង​ដូច​ជា​ការ​ហាម​ប្រាណ​ក្នុង​ការ​ញ៉ាំចំណីអាហារ ។

-​សរសេរ​នូវ​រោគ​សញ្ញា​នានា​ដែល​អ្នក​ធ្លាប់​មាន រួម​ទាំង​អ្វី​ដែល​មិន​ទាក់ទង ទៅ​នឹង​ការ​ញ័រ ទ្រូង​ផង​ដែរ ។

-​សរសេរ​ព័ត៌មាន​ផ្ទាល់ខ្លួន​ដែល​សំខាន់ ដូច​ជា​ប្រវត្តិ​គ្រួសារ​នៃ​ជំងឺ​បេះដូង​, មាន​ចង្វាក់​បេះដូង​មិន​ប្រក្រតី​, មាន​ដាច់​សរសៃឈាម​ខួរក្បាល​, មាន​លើសឈាម ឬ​ទឹកនោមផ្អែម និង​មាន​ស្ត្រេ​ស​ធ្ងន់ ឬ​មានការ​ផ្លាស់​ប្តូរ​នៃ​របៀប​រស់នៅ ថ្មី​ៗ ។

-​ធ្វើ​តារាង​គ្រប់​ថ្នាំ​ទាំងអស់​, មាន​ផង​ដែរ​នូវ​ថ្នាំ​វីតាមីន ឬ​ថ្នាំ​ប៉ូវ​ដែល​អ្នក​បាន​លេប ។

-​នាំ​សមាជិកគ្រួសារ ឬ​មិត្ត​ភិ​ក្ត​ទៅ​ជាមួយ ប្រសិនបើ​អាច ។ ជួនកាល​វា​អាច​មានការ​លំបាក​ក្នុង​ការ​ស្រង់​ព័ត៌មាន​ដែល​អ្នក​បាន​ផ្តល់​ឲ្យ​អំឡុង​ពេល​ជួប​គ្នា ។ អ្នក​ដែល​ទៅ​ជាមួយ​អ្នក​អាច​ចាំ​អ្វីមួយ​ដែល​អ្នក​ភ្លេច ។

-​ត្រូវ​រៀបចំ​ក្នុង​ការ​ពិភាក្សា​ទៅ​នឹង​ចំណីអាហារ និង​ទម្លាប់​នៃ​ការ​ហាត់ប្រាណ ។

ប្រសិនបើ​អ្នក​មិន​ធ្វើ​តាម​នៃ​ការ​តម ឬ​លំ​ហាត់ប្រាណ​ប្រចាំ​ថ្ងៃ​នោះ​ទេ​, គួរតែ​និយាយ​ទៅ​កាន់​គ្រូពេទ្យ​អំពី​ការ​ជំរុញ​អ្នក​ឲ្យ​មានការ​ចាប់ផ្តើម ។

-​សរសេរ​សំនួរ​ដែល​ត្រូវ​សួរ​គ្រូពេទ្យ​របស់​អ្នក ។

ពេលវេលា​របស់​អ្នក​ជាមួយនឹង​គ្រូពេទ្យ​គឺ​មាន​កំណត់​, ដូចនេះ​ចូរ​រៀបចំ​តារាង​នៃ​សំនួរ ដើម្បី​ជួយ​អ្នក​ឲ្យ​ចំណេញ​ពេល​ជាមួយនឹង​គ្រូពេទ្យ ។ តារាង​សំនួរ​គឺ​ចាប់ផ្តើម​ពី​អ្វី​ដែល​សំខាន់ ។ សំរាប់​ការ​ញ័រ​ទ្រូង​, សំនួរ​មួយ​ចំនួន​ដែល​ត្រូវ​សួរ​ទៅ​គ្រូពេទ្យ​រួម​មាន​៖

-​តើ​អ្វី​ដែល​បង្ក​អោយ​មាន​រោគ​សញ្ញា​នេះ?
-​តើ​មាន​មូលហេតុ​អ្វី​ទៀត​សម្រាប់​រោគ​សញ្ញា​នេះ?
-​តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ប្រសិនបើ​រោគ​សញ្ញា​នេះ​មាន​ត្រឡប់​មក​វិញ?
-​តើ​ប្រភេទ​នៃ​តេស្ត​អ្វី​ដែល​ខ្ញុំ​នឹង​ត្រូវធ្វើ?
-​តើ​ខ្ញុំ​ត្រូវការ​ព្យាបាល​ដែរ​ឬទេ?
-​តើ​កម្រិត​តនៃ​សកម្មភាព​រាង​កាយ​អ្វី​ដែល​សក្តិ​សម?
-​ខ្ញុំ​មាន​ជំងឺ​ដទៃ​ទៀត ។ តើ​ខ្ញុំ​គួរ​ធ្វើ​ដូច​ម្តេច?
-​តើ​មានការ​ហាម​ប្រាណ​ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ​តាម​ដែរ​ឬទេ?
-​តើ​ខ្ញុំ​គួរ​ទៅ​ជួប​អ្នកឯកទេស​ដែរ​ឬទេ?
-​តើ​ខ្ញុំ​គួរ​ប្រើ​ថ្នាំ​អ្វី? និង​មាន​អ្វី​អាច​ជំនួស​ការ​ប្រើ​ថ្នាំ​ដែរ​ឬទេ?
-​គេហទំព័រ​អ្វី​ដែល​អ្នក​ណែនាំ​ឲ្យ​ខ្ញុំ​មើល?

– បន្ថែម​លើ​សំនួរ​អ្វី​ដែល​អ្នក​បាន​រៀបចំ​សួរ​ទៅ​គ្រូពេទ្យ​, សូមកុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​សួរ​នូវ​សំនួរ​ណា​ដែល​មិន​យល់​អំឡុង​ពេល​ណាត់ជួប ។

តើ​អ្នក​រំពឹង​អ្វី​ពី​គ្រូពេទ្យ​របស់​អ្នក
គ្រូពេទ្យ​អាច​សួរ​នូវ​សំនួរ​មួយ​ចំនួន ។ រៀបចំ​អោយ​រួចរាល់​ដើម្បី​ឆ្លើយ​នូវ​សំនួរ​របស់​គាត់។ គ្រូពេទ្យ​អាច​សួរ​៖

-​នៅ​ពេល​ណា​ដែល​អ្នក​ចាប់ផ្តើម​មានការ​ញ័រ​ទ្រូង​ដំបូង?
-​រោគ​សញ្ញា​នេះ​កើតឡើង​ជាប់​រហូត ឬ​ម្តងម្កាល?
-​តើ​ការ​ញ័រ​ទ្រូង​នេះ​ចាប់ផ្តើម ភ្លាម​ៗ និង​ឈប់ ភ្លាម​ៗ​ទេ?
-​តើ​ការ​ញ័រ​ទ្រូង​នេះ​មាន​គំរូ​ដែរ ឬទេ ដូច​ជា​កើតឡើង​ក្នុង​ពេល ដដែល​ៗ​ជា​រៀងរាល់ថ្ងៃ ឬ​គ្រប់ពេល​ដែល​អ្នកមាន​សកម្មភាព​មួយ​ចំនួន?

-​តើ​បេះដូង​របស់​អ្នក​នៅ​តែ​លោត​ជា​ទៀងទាត់ ឬទេ អំឡុង​ពេល​មានការ​ញ័រ​ទ្រូង?
-​ប្រសិនបើ​មាន​, តើ​អ្វី​ដែល​ធ្វើ​អោយ​រោគ សញ្ញា របស់​អ្នកមាន ការ​ប្រសើរ ឡើង?
-​ប្រសិនបើ​មាន​, តើ​អ្វី​ដែល​ធ្វើ​ឲ្យ​រោគ​សញ្ញា​របស់​អ្នក អាក្រក់​ទៅ​ៗ​?

-​តើ​អ្នកមាន​រោគ​សញ្ញា​គួប​ផ្សំ​ដទៃ​ទៀត​ដែរ​ឬទេ​ដូច​ជា​ដកដង្ហើម ខ្លី​ៗ, ឈឺទ្រូង​, ខ្យល់គរ​ឬ​វិលមុខ​នៅ​ពេល​ដែល​អ្នក​ញ័រ​ទ្រូង?

-​តើ​អ្នកមាន​ធ្លាប់​មាន​បញ្ហា​នៃ​ចង្វាក់បេះដូង​ពី​មុន​មក​ដែរ​ឬទេ ដូច​ជា​ការ​មាន​ចង្វាក់​បេះ ដូង​មិន​ស្មើគ្នា?

តើ​អ្នក​អាច​ធ្វើ​អ្វី​មុន​នឹង​ទៅ​ជួប​គ្រូពេទ្យ?
មុន​នឹង​មានការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​,​អ្នក​អាច​ព្យាយាម​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ ឡើង​នៃ​រោគ​សញ្ញា​របស់​អ្នក​ដោយ​ចៀសវាង​នៃ​សកម្មភាព​មួយ​ចំនួន ឬ​ស្ត្រេ​ស​ដែល​អាច បណ្តាល​ឲ្យ​មានការ​ញ័រ​ទ្រូង ។ មូលហេតុ​មួយ​ចំនួន​ដូច​ជា​ការ​ថប់​បារម្ភ ឬ​ការ​ភ័យ​ខ្លាច​,​ការ​ទទួលទាន​ច្រើន​ពេក​នៃ​ជាតិ​កាហ្វេ​អ៊ី​ន ឬ​ស្រា​,​លេបថ្នាំ​មួយ​ចំនួន ឬ​សារធាតុ​បន្ថែម​ដែល​ផ្សំ​ឡើង​ដោយ​ការ​ភ្ញោ​ច​ដូច​ជា​ភេ​ស​ជ្ជះ​ប៉ូវ​កម្លាំង និង​ថ្នាំ​ផ្តាសាយ​មួយ​ចំនួន ។

ការ​ព្យាបាល និង​ថ្នាំ
ប្រសិនបើ​គ្រូពេទ្យ​មិន​បាន​រក​ឃើញ​ថា​អ្នកមាន​ជំងឺ​បេះដូង​, ការ​ញ័រ​ទ្រូង​កម្រ​តម្រូវ ឲ្យ​មានការ​ព្យាបាល​ដោយ​ការ​ប្រើ​ថ្នាំ ឬ​វះកាត់​ណាស់​។ ជំនួស​នេះ​, គ្រូពេទ្យ​អាច​ណែនាំ​អ្នក​អោយ​ចៀសវាង​នូវ​ហេតុការណ៍​មួយ​ចំនួន​ដែល​បណ្តាល​ឲ្យ​មានការ​ញ័រ​ទ្រូង​។

ប្រសិនបើ​ការ​ញ័រ​ទ្រូង​របស់​អ្នក​ត្រូវ​បាន​បណ្តាល​មក​ពី​មូលហេតុ​នៃ​ជំងឺ ដូច​ជា​ចង្វាក់​បេះដូង​មិន​ប្រក្រតី​, ការ​ព្យាបាល​នឹង​សំដៅ​ទៅ​មូលហេតុ​នៃ​ជំងឺ ។

របៀប​នៃ​ការ​រស់នៅ និង​ថ្នាំ​នៅផ្ទះ
មធ្យោបាយ​ដែល​ល្អ​បំផុត​ដើម្បី​ព្យាបាល​ការ​ញ័រ​ដើមទ្រូង​នៅ​ឯ​ផ្ទះ គឺ​ចៀសវាង​នូវ​ហេតុការណ៍​ណា​ដែល​អាច​បណ្តាល​ឲ្យ​មាន​រោគ​សញ្ញា ។ មធ្យោបាយ​មួយ​ចំនួន​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​រួម​មាន​៖

-​បន្ថយ​ស្ត្រេ​ស និង​ការ​ថប់​បារម្ភ​៖​ អ្នក​អាច​ហាក់ដូចជា​មានការ​ញ័រ​ដើមទ្រូង​ប្រសិនបើ​អ្នកមាន​ការ​ថប់​បារម្ភ ឬ​អំឡុង​ពេល​ដែល​មាន​ស្ត្រេ​ស ។ អ្នក​អាច​ព្យាយាម​បន្ថយ​នូវ​អារម្មណ៍​ទាំងនេះ ដោយ​បច្ចេកទេស​នៃ​ការ​សម្រាក​,​លំ​ហាត់ប្រាណ ឬ​ជជែក​លេង​ជាមួយ​មិត្ត​ភិ​ក្ត ឬ​សមាជិកគ្រួសារ ។

-​ចៀសវាង​នូវ​អ្វី​ដែល​ភ្ញោ​ច​៖ ការ​ភ្ញោ​ច​ដែល​អាច​ធ្វើ​ឲ្យ​ការ​លោត​របស់​បេះដូង​លឿន និង​មិន​ស្មើគ្នា​, អាច​បណ្តាល​ឲ្យ​មានការ​ញ័រ​ទ្រូង​។ ការ​ភ្ញោ​ច​នោះ​អាច​រួម​មាន ជាតិ​កាហ្វេ​អ៊ី​ន​, ពពួក​នីកូទីន​, ថ្នាំ​ផ្តាសា​y និង​អ្វី​ដទៃ​ទៀត​ដូច​ជា​ភេ​ស​ជ្ជះ​ប៉ូវ​កំលាំង ។

-​ចៀសវាង​ប្រើ​គ្រឿងញៀន​៖ ថ្នាំ​ដែល​ខុសច្បាប់​ដូច​ជា កូកាអ៊ីន អាច​នាំ​ឲ្យ​មានការ​ញ័រ
ទ្រូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ