ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លាក់​នាគ ​និង​ចម្លាក់​តោ​ទ្រុឌទ្រោមនៅ​ប្រាសាទបាយ័ន​ត្រូវ​បាន​ជួសជុល

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រុម​ជួសជុល​ដែល​ផ្តោត​សំខាន់​ទៅ​លើ​តែ​ចម្លាក់​នាគ និង​ចម្លាក់​តោ គឺ​ក្រុមគាំទ្រ​គម្រោង​សម្រាប់​កិច្ចការ​អភិរក្ស​អង្គរ និង​អភិវឌ្ឍ​សហគមន៍​របស់​ជប៉ុន ហៅ​កាត់​ថា JST ដែល​ជា​ផ្នែក​មួយ​នៃ​ស្ថាប័ន​JASA (Japan-APSARA…

ខេត្តសៀមរាប ៖ ក្រុម​ជួសជុល​ដែល​ផ្តោត​សំខាន់​ទៅ​លើ​តែ​ចម្លាក់​នាគ និង​ចម្លាក់​តោ គឺ​ក្រុមគាំទ្រ​គម្រោង​សម្រាប់​កិច្ចការ​អភិរក្ស​អង្គរ និង​អភិវឌ្ឍ​សហគមន៍​របស់​ជប៉ុន ហៅ​កាត់​ថា JST ដែល​ជា​ផ្នែក​មួយ​នៃ​ស្ថាប័ន​JASA (Japan-APSARA for Safe Guarding Angkor) បាន​ចំណាយពេល​ជាង​៥​ឆ្នាំ ជួសជុល​ចម្លាក់​នាគ​ជាង​២០ និង​ចម្លាក់​តោ​ជាង​១០​នៅ​ប្រាសាទបាយ័ន ។ រយៈពេល​ប្រមាណ​២​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ចម្លាក់​បង្កាន់ដៃ​នាគ និង ចម្លាក់​តោ ដែល​រង​ហានិភ័យ​ជា​ច្រើន​នៅ​ជុំវិញ​ប្រាសាទបាយ័ន​នឹង​ត្រូវ​ជួសជុល​រួចរាល់ ។

លោក​នៅ សុ​ភក្តិ អ្នកជំនាញ​បុរាណវិទ្យា និង​ជា​ប្រធាន​គ្រប់គ្រង​ការដ្ឋាន​បាន​រៀបរាប់​ថា គម្រោង​JST​បាន​ដំណើរ​ជួសជុល​ជា​ពិសេស​ទៅ​លើ​តែ​ចម្លាក់​បង្កាន់ដៃ​នាគ និង​ចម្លាក់​តោ នៅ​ប្រាសាទបាយ័ន ដោយ​បាន​ចាប់ផ្តើម​ដំណើរការ​តាំងពី​ឆ្នាំ​២០១២​មក ។ មក​ទល់​នឹង​ពេល​នេះ គម្រោង​ជួសជុល​សម្រេច​បាន​ចម្លាក់​តោ​បាន​ចំនួន​១១ និង​បង្កាន់ដៃ​នាគ​ចំនួន​២៨ ។

តាម​ផែនការ​គម្រោង​នេះ​អាច​នឹង​បញ្ចប់​នៅ​រយៈពេល​ប្រមាណ​២​ឆ្នាំ​ខាង​មុខ ពោល​នៅ​ឆ្នាំ​២០២០ ។ នេះ​ជា​គម្រោង​ដែល​ធ្វើ​ឡើង​ក្រោម​ជំនួយ​ឧបត្ថម្ភ​ថវិកា​ពី​អង្គការ​សហព័ន្ធ​ជាតិ​នៃ​សមាគម​យូ​ណេ​ស្កូ ជប៉ុន និង​ជំនួយ​បច្ចេកទេស​ពី​ស្ថាប័ន​JASA និង​អាជ្ញាធរ​ជាតិ​អប្សរា ។

ពាក់ព័ន្ធ​នឹង​ការ​ជួសជុល​នេះ​ដែរ លោក​សុ​ភក្តិ បាន​ពន្យល់​ថា ក្រុមការងារ​របស់​លោក​មិន​ជួសជុល​គ្រប់​ចម្លាក់​នាគ និង​តោ​នៅ​បាយ័ន​ទាំង​អស់នោះ​ទេ គឺ​សម្រេច​ជួសជុល​តែ​ចម្លាក់​ណា​ដែល​ក្រុម​អ្នកជំនាញ​ពិនិត្យ​ឃើញ​ថា បាន​ធ្លាក់​ដល់​ដី កប់​ក្នុង​ដី ឬ​មាន​ហានិ​ភ័យ​ខ្លាំង ដែល​អាច​របេះ​ធ្លាក់ ឬរ​លំនៅ​ពេល​ខាង​មុខ ។

ម្យ៉ាងទៀត​ក្រុមការងារ​ក៏​ជួសជុល​កម្រាល​ទ្រ​ចម្លាក់​ដែល​ស្រុត ដើម្បី​ឲ្យ​មាន​លំនឹង​ឡើង​វិញ​ផង​ដែរ និង​មួយ​ផ្នែក​ទៀត គឺ​ពិនិត្យ​ទៅ​លើ​ចម្លាក់​ណា​ដែល​ធ្លាប់​បាន​ទទួល​ការ​ជួស​ជុល​ក្នុង​សម័យ​បារាំង​ដើម្បី​ដោះ​ដែក​ទាម ឬ​ដែក​ស្នូល​ដែល​ច្រែះ​ពុក​ផុយ ហើយ​ជួស​ជុល​ឡើង​វិញ ។

ចំពោះ​គោលការណ៍​នៃ​ការ​ជួសជុល គឺ​គោរព​ទៅ​តាម​គោល​ការ​រួម​នៃ​ការ​ថែរក្សា​នូវ​អត្ត​សញ្ញាណ​ដើម​នៃ​ចម្លាក់​បុរាណ ពោល​គឺ​ប្រើប្រាស់​ថ្ម​ចាស់​ដែល​មាន​ស្រាប់​ដើម្បី​ជួស​ជុល លើកលែងតែ​ករណី​ចាំបាច់​ខ្លាំង​ទើប​មានការ​បន្ថែម​ថ្ម​ថ្មី​ខ្លះ ដើម្បី​ឲ្យ​ចម្លាក់​មាន​លំនឹង​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ