ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​៖ សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក​នឹង​បង្ក​គ្រោះភ័យ​ដល់​សេដ្ឋកិច្ច​សកល

6 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន លោក Zhong Shan បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា រាល់​ការ​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក គឺ​មាន​តែ​បង្ក​គ្រោះភ័យ​ដល់​សេដ្ឋកិច្ច​សកល​ប៉ុណ្ណោះ ខណៈ​ប្រទេស​ចិន​បន្ត​រិះគន់​អា​មេ​រិ​ក​ដែល​បាន​ដាក់​ពន្ធ​លើ​​ផលិតផល​នាំ​ចូល…

ទីក្រុង​ប៉េ​កាំ​ង ៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន លោក Zhong Shan បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា រាល់​ការ​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក គឺ​មាន​តែ​បង្ក​គ្រោះភ័យ​ដល់​សេដ្ឋកិច្ច​សកល​ប៉ុណ្ណោះ ខណៈ​ប្រទេស​ចិន​បន្ត​រិះគន់​អា​មេ​រិ​ក​ដែល​បាន​ដាក់​ពន្ធ​លើ​​ផលិតផល​នាំ​ចូល ។

បន្ទាប់​ពី​ទទួល​បាន​សម្ពាធ​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ហើយ សហរដ្ឋអាមេរិក​បាន​បើកផ្លូវ​សម្រាប់​ការ​ចរចា​រួច​ផុត​ពី​ពន្ធ​២៥%​លើ​ដែកថែប និង​១០%​លើ​អាលុយមីញ៉ូម ដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​កាលពី​ស​ប្តា​ហ៍​មុន ។

កាលពី​ថ្ងៃ​សៅរ៍ សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន​បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​អនុញ្ញាត​ឲ្យ​ពួក​គេ​រួច​ផុត​ពី​ពន្ធ​ទាំងនេះ ។ ប៉ុន្តែ​គោលដៅ​សំខាន់​របស់​លោក​ត្រាំ គឺ​ប្រទេស​ចិន ដែល​បាន​បង្កើន​ការ​ផលិត​ដែកថែប​និង​ជំរុញ​ឲ្យ​ដែកថែប​កាន់តែ​លើសលប់​ខ្លាំង​នៅ​លើ​ទីផ្សារ​សកល ។ ម្តង​ហើយ​ម្តងទៀត​ប្រទេស​ចិន​បាន​សន្យា​ថា នឹង​ការពារ​សិទ្ធិ និង​អត្ថ​ប្រយោជន៍​របស់​ខ្លួន ប្រសិនបើ​ពួក​គេ​ស្ថិត​ក្នុង​គោលដៅ​អា​មេ​រិ​ក ។

ទោះជា​យ៉ាងណា លោក Zhong បាន​និយាយ​ថា ប្រទេស​ចិន​មិន​ចង់​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ទេ ។ លោក​ថា ៖« គ្មាន​នរណា​ឈ្នះ​ឡើយ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ។ វា​មាន​តែ​បង្ក​ឲ្យ​មាន​គ្រោះភ័យ​ដល់​ប្រទេស​ចិន សហរដ្ឋអាមេរិក និង​សកលលោក​ប៉ុណ្ណោះ »។

លោក​បន្ត​ថា ប្រទេស​ចិន​អាច​ដោះស្រាយ​រាល់​ឧបសគ្គ ហើយនឹង​ការពារ​អត្ថប្រយោជន៍
របស់​ខ្លួន ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ការ​ចរចា​ជាមួយ​គ្នា ។

ជាមួយ​គ្នា​នេះ កាលពី​ថ្ងៃ​សុក្រ​កន្លង​មក វិស័យ​លោហៈធាតុ​របស់​ចិន​បាន​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​សងសឹក​សហរដ្ឋអាមេរិក​វិញ តាម​រយៈ​ធ្យូងថ្ម ។ ផ្នែក​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​មូលដ្ឋាន​នយោបាយ​របស់​លោក​ត្រាំ ដោយ​លោក​បាន​សន្យា​កាលពី​ពេល​បោះ​ឆ្នោត​ថា នឹង​ជួយ​ឲ្យ​ឧស្សាហកម្ម​អា​មេ​រិ​ក និង​ការងារ​ក្នុង​វិស័យ​នេះ​រីក​ចម្រើន​ឡើង​វិញ ។

សហរដ្ឋអាមេរិក​ជា​ប្រទេស​នាំ​ចូល​ដែក​ថែប​ច្រើន​ជាងគេ​លើ​ពិភពលោក ដែល​បាន​ទិញ​ប្រមាណ​៣៥​លាន​តោន​នៃ​វត្ថុធាតុដើម​ក្នុង​ឆ្នាំ​២០១៧ ។

ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន បាន​កើនឡើង​តាំងពី​លោក​ត្រាំ ឡើង​កាន់​តំណែង ។ ប្រទេស​ចិន​នាំ​ចេញ​ដែកថែប​ទៅ​កាន់​សហរដ្ឋអាមេរិក​តែ​បន្តិច​ប៉ុណ្ណោះ ប៉ុន្តែ​ផលិតកម្ម​របស់​ពួក​គេ​បាន​ជំរុញ​ឲ្យ​ដែកថែប​លើ​ទីផ្សារ​មាន​ចំនួន​លើស​លប់ ហើយ​ធ្វើ​ឲ្យ​តម្លៃ​ធ្លាក់​ចុះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ